គ្រាន់តែដាក់កាន់ចូលមាត់អ្នកនឹងមានអារម្មណ៍ថា សាច់នំទន់ល្មើយស្អិតរមួតហើយក្លិនដ៏ប្រហើរនៃគ្រឿងផ្សំដែលមាននៅក្នុងនំកាន់តែរុញច្រានអារម្មណ៍អ្នកឱ្យជាប់ចិត្តជាមួយនំខ្មែរមួយប្រភេទនេះ ដែលស្ទើតែគ្មានអ្នកស្គាល់ឈ្មោះ។ មានសណ្ឋានរាងមូលប៉ុនគ្រាប់ប៉េងប៉ុង នំក្រឡោជីហាក់មិនសូវមានអ្នកស្គាល់ប៉ុន្មានឡើយ ខណៈដែលនៅតាមជើងភ្នំព្រះរាជទ្រព្យត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតជាមួយនឹងនំខ្មែរជាច្រើនទៀតដូចជា នំលម្អងចេក នំខ្មួស នំម្រាមដៃ-ល-។ កាលបើអ្នកបានធ្វើដំណើរកម្សាន្តទៅកាន់ជើងភ្នំព្រះរាជទ្រព្យហើយនោះអ្នកនឹងប្រទះឃើញនំជាច្រើនប្រភេទតម្រៀបត្រៀបត្រាតាំងបង្ហាញរាងបង្អួតសម្រស់ឱ្យទេសចរគ្រប់រូបនឹកភ្នកចង់ភ្លក់គ្រប់គ្នាកាលបើបានឃើញហើយនោះ។
ថ្ងៃនេះ សូវរីន សុំបង្ហាញពីនំក្រឡោជីដែលធ្វើឡើងពីម្សៅដំណើប ស្វិតដូចនំគមនិងមានស្នូលផ្សំពីទឹកដោះគោ លាយបញ្ជូលគ្នាជាមួយនឹងល្ងស ដូង និង សណ្តែកដី មានរសជាតិផ្អែមត្រូវបានអ្នកលក់នំនៅឯភ្នំព្រះរាជទ្រព្យហៅ ភ្នំឧដុង្គនេះ វេចខ្ចប់យ៉ាងមានអនាម័យបំផុតដោយមានគ្របប្លាស្ទិកថ្លា ការពារធូលីដីបានយ៉ាងល្អ និងរៀបយ៉ាងមានសណ្តាប់ធ្នាប់នៅលើចានស្នោរដែលមាននំចំនួន៩គ្រាប់ លក់ក្នុងតម្លៃចាប់ពី៣ពាន់រៀលរហូតដល់ប្រាំពាន់រៀលទៅតាមថ្ងៃធម្មតានិងថ្ងៃបុណ្យទានដែលមានភ្ញៀវទេសចរមកលេងតិចឬច្រើន។ គួរបញ្ជាក់ផងដែរថានំក្រឡោជីនេះអាចរក្សាទុកបានតែមួយថ្ងៃប៉ុណ្ណោះបើគិតចាប់ពីពេលចាប់ផ្តើមធ្វើដំបូង ប្រសិនបើទុកយូរពេកនោះ វាអាចនឹងធ្វើឲ្យនំមានសភាពរឹងស្ងួតនិងខូចគុណភាពមិនអាចបរិភោគបានឡើយ។
ជាទូទៅនំប្រភេទនេះគេត្រូវងើបពីព្រលឹមធ្វើ ព្រោះមិនអាចធ្វើវាទុកសម្រាប់លក់ដូចនំមួយចំនួនដែលអាចធ្វើនិងចៀននៅកន្លែងលក់ផ្ទាល់បាននៅឯរមណីយដ្ឋានឧដុង្គនេះឡើយ។ បើតាមការឱ្យដឹងពីបងស្រី មុំ ឃី អ្នកលក់នំនៅឧត្ដុងបានឱ្យដឹងថា ជាទូទៅគាត់លក់នំបានប្រមាណជា១០ទៅ២០កញ្ចប់សម្រាប់ថ្ងៃធម្មតាដោយឡែកសម្រាប់ថ្ងៃចុងសប្ដាហ៍ឬថ្ងៃបុណ្យទានវិញគាត់លក់បានរហូតដល់ទៅ១០០ ឬ ២០០កញ្ចប់ឯណោះ។ បងស្រីក៏បានបញ្ជាក់ផងដែរថាគាត់រួមទាំងអ្នកលក់មួយដទៃទៀតមិនបានធ្វើសម្រាប់បោះទៅចែកចាយលក់នៅភ្នំពេញ ឬ ខេត្តដទៃនោះឡើយ ដោយគាត់ និងអ្នកលក់ជាច្រើនទៀត ធ្វើលក់តែនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះតែប៉ុណ្ណោះ។ អីចឹងបើចង់ញាំនំក្រឡោជីរសជាតិដើមកុំភ្លេចមកលេងភ្នំព្រះរាជទ្រព្យណា!
Article by KEO SONG