×

ផ្ទះ​បុរាណ​ខ្មែរ​អាយុ​ជាង​១០០ឆ្នាំ​បង្កប់​ខ្លួន​ផ្សារ​ភ្ជាប់​រឿងរ៉ាវ​ដ៏អស្ចារ្យ​ពី​អតីតកាល​

TRAVEL & LIVING 2 months ago
 
 

          មហាជន​ភាគច្រើន​ច្បាស់​ជាយល់​ច្រលំថា​ ផ្ទះ​បុរាណ​នេះ​ប្រហែល​ជា​ស្ថិតនៅ​ទឹកដី​ខេត្ត​បាត់ដំបង​ ខេត្តកំពង់ចាម​ ឬ ខេត្តសៀមរាប​ ដែល​ជា​តំបន់​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ខ្លាំង​ខាង​ផ្នែក​សំណង់​បេតិកភ័ណ្ឌ​ឬ ​ស្ថាបត្យកម្ម​ផ្ទះ​បុរាណខ្មែរ​។ ប៉ុន្តែ​ក្នុង​អត្ថបទនេះ​ សូវរីន​នឹង​ណែនាំ​មហាជន​ទាំង​ឡាយ​ ជាពិសេស​និស្សិត​ ផ្នែក​ស្ថាបត្យកម្ម​ដែល​មាន​បំណង​ស្វែង​រក​ទីតាំង​លំ​នៅដ្ឋាន​បែប​ប្រពៃណី​ខ្មែរ​សម្រាប់​ចុះ​ធ្វើ​សម្រង់​ឲ្យបាន​ស្គាល់​ទីតាំង​ផ្ទះបុរាណ​មួយ​កន្លែង​ដែល​លាក់ខ្លួន​នៅ​ជិត​បង្កើយ​ក្រុង​ភ្នំពេញ​ងាយស្រួល​ក្នុង​ការ​ទៅ​ទស្សនា​ ឬស្រាវជ្រាវ​ ព្រោះ​វា​ពិត​ជា​មាន​រចនាបថ​ស្រស់​ស្អាត​មិនចាញ់​ផ្ទះបុរាណ​នៅ​ខេត្ត​បាត់ដំបង​ប៉ុន្មាន​ឡើយ​។​

          ផ្ទះបុរាណ​មួយនេះ​ជា​ប្រភេទ​ផ្ទះ​ដំបូល​ប៉ិត​ពីរខ្នង​ប្រក់​ក្បឿង​ស្រកាលេញ​ ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​លើ ត្រូវ​បាន​សាង​សង់​បែរ​មុខ​ទៅ​ទិស​ខាងលិច​ ខុស​ប្លែក​ពី​ផ្ទះ​បុរាណ​ខ្មែរ​ភាគ​ច្រើន​ដែល​សង់​បែរមុខ​ទៅ​ទិស​ខាងកើត​។ វា​មាន​ទីតាំង​ស្ថិត​នៅ​ព្រំប្រទល់​ជាប់​ផ្លូវ​ភូមិ​តូច​មួយ​ជាប់​របង​វត្ត​ពិជ័យរង្សី​ ហៅ ​វត្តអញ្ចែង​ ដែល​ស្ថិត​នៅ​ក្នុង​ ភូមិសាស្រ្ត​ ភូមិ​អញ្ចែង​លើ​ ឃុំ​ពុកប្ញស្សី​ ស្រុក​ខ្សាច់កណ្តាល​ ខេត្ត​កណ្តាល​ ជាប់​ព្រំប្រទល់​ ភូមិ​ស្វាយអាត់​ ឃុំ​ព្រែក​តាមាក់​ ចម្ងាយ​ប្រមាណ​ ៣០​ គីឡូ​ម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ ឬ ប្រមាណ​៣គីឡូ​ម៉ែត្រ​ពី​រង្វង់មូល​គល់​ស្ពាន​ព្រែក​តាមាក់​ត្រើយ​ខាងកើត​។

          បើ​មើល​ពី​បរិវេណ​ខាង​ក្រៅ​ ផ្ទះ​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​បែកបាក់​ដោយ​អន្លើ​ជាពិសេស​ផ្នែក ​ខាងមុខ​ដែល​សង់​អំពី​ស៊ីម៉ង់ត៍​ ប៉ុន្តែ​វា​នៅ​តែ​ជា​ភូមិគ្រឹះ​ពី​អតីតកាល​ដ៏អស្ចារ្យ​មហិមា​ដែល​នៅ​តែឈរ​សង្គ្រឹង​ កណ្តាល​វាលស្មៅ​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​តូចធំ​ដែលដុះ​នៅជុំវិញ​។ លក្ខណៈ​ពិសេស​នៃ​ផ្ទះបុរាណនេះ​គឺ​វា​ជា ​ផល​សំយោគ​នៃសិល្បៈ​ស្ថាបត្យកម្ម​បីសាសន៍​ បារាំង​ ចិន​ ខ្មែរ​ ដែល​ពិត​ជា​កម្រ​រក​បាន​ណាស់​នៅ​ក្នុង​ស្រុក ​យើង​សព្វ​ថ្ងៃនេះ​។ ក្រឡេក​មើល​ឲ្យចំ​ពីខាងមុខ​ ផ្ទះនេះ​ពិត​ជា​ចម្លែក​ព្រោះ​ផ្នែក​ខាង​មុខ​ត្រូវ​បាន​សាងសង់​ រាង​ទ្រវែង​បួន​ជ្រុង​ស្រដៀង​នឹង​ផ្នែក​ខាង​មុខ​នៃ​រោង​ភាពយន្ត​ពី​សម័យមុន​។ នៅមុខ​មាត់ទ្វារ​ចូលផ្ទះ​ មានរាន​ ហាល​តូច​មួយ​ដែល​មាន​ជើង​ទៀន​បង្កាន់​ដៃ​ប្រកប​ដោយ​ក្បូរក្បាច់​តាម​បែប​រចនា​បថ​សម័យ​អាណានិគម​និយម​បារាំង​។ រានហាល​នោះស្ថិត​នៅ​ចំកណ្តាល​ជណ្តើរ​ពីរ​សង​ខាង​ដែល​មាន​រាង​កោង​ ហើយ​មាន​កាំ​ចំនួន​១៥​ ក្នុង​ ជណ្តើរ​ម្ខាង​សម្រាប់​ឡើង​ទៅ​កាន់​ទ្វារ​ច្រកចូល​។

          នៅ​លើ​មាត់​ទ្វារធំ​មាន​តុបតែង​លម្អ​ដោយ​អក្សរចិន​ដែលមាន​ន័យ​ជា​ឈ្មោះថា​ ម៉ា ​តុង​ម៉េង​ ព្រម​ទាំង​ មាន​ការ​រំលេច​អក្សរចិន​ផ្សេងៗ​ទៀត​នៅតាម​ស៊ុមទ្វារ​ផងដែរ​ រីឯ​ស៊ុមបង្អួច​ក៏ត្រូវ​បាន​តុបតែង​ក្បូរក្បាច់​តាម ​លំនាំ​ដែល​ទទួល​ឥទ្ធិពល​ពី​បស្ចឹម​ប្រទេស​។ ផ្នែកខាង​ក្នុងនៃ​ល្វែង​ខាង​មុខ​មាន​ពិតាន​ស៊ីម៉ង់ត៍​ (​មាន​ស្នាម​ធ្លុះ ​និង របក​ជាច្រើន​អន្លើ​) និង កម្រាល​ក្រាល​ដោយ​ឥដ្ឋ​ការ៉ូ​ដែល​នៅ​សេស​សល់​តាំង​ពី​ជំនាន់​នោះម្ល៉េះ​។

          ក្រៅពី​ នេះ​ គ្រឿង​ទព្វសម្ភារៈ​ផ្សេងៗ​សុទ្ធសឹង​តែ​ធ្វើ​អំពី​ឈើ​ និង​ ក្រាល​រនាប​ឈើតាម​បែប​ប្រពៃណី​តពីដូនតា​។ ផ្នែក​ខាង​ក្រោយ​មាន​រាន​ហាល​ថ្ម និង​ ផ្ទះ​បាយ​ធ្វើ​អំពី​ឈើ​ដំបូល​ប៉ិតប្រក់​ក្បឿង​ស្រកា​លេញ​សង់​បន្ត​ពី​ផ្ទះធំ​។ ទាក់ទង​នឹង​អាយុកាល​ផ្ទះនេះ​ ពុំ​មាន​ឯកសារ​ណា​ត្រូវ​បាន​សរសេរ​កត់ត្រា​ទុក​នោះ​ឡើយ​ ប៉ុន្តែ​បើផ្អែក​ តាម​រចនាបថ​ស្ថាបត្យកម្ម​ ព្រម​ទាំង​ការ​អះអាង​របស់​ម្ចាស់​ផ្ទះ​បច្ចុប្បន្ន​ដែល​ត្រូវ​ជា​ចៅ​បង្កើត​អ្នក​កសាងផ្ទះ​ នេះ​ ផ្ទះ​នេះ​ពិត​ជា​ត្រូវ​ស្ថាបនា​ឡើង​ក្នុង​ដើម​សតវត្សរ៍ទី២០​ ក្នុង​សម័យ​អាណានិគម​បារាំង​  គ្រាន់​តែ​ពុំ​ដឹង​ កាល​បរិច្ឆេទ​ជាក់លាក់​ បើ​គិត​មក​ដល់​សព្វថ្ងៃ​ (ឆ្នាំ២០១៨)​ មាន​វ័យជាង​១០០ឆ្នាំ​ហើយ​។ លោក​យាយ​ នៅ អាយុ ៦៥ ឆ្នាំ ម្ចាស់ផ្ទះ​ជំនាន់ទី៣​ បាន​តំណាល​ពីប្រវត្តិ​ផ្ទះនេះថា​ “​ផ្ទះនេះ​ជាផ្ទះ​របស់​កុងខ្ញុំ​ ឈ្មោះកុង​ម៉េង។ គាត់ជា​ជនជាតិចិន​ ពីសង្គម​គាត់រកស៊ី​ជ្រលក់​(ក្រណាត់)​ព្រែ​ជាមួយ​ប្រពន្ធ​គាត់ មានអ្នក​នៅ​ជាមួយ​ច្រើន ណាស់​ តែមក​ដល់​ជំនាន់ឪពុក​ម្តាយខ្ញុំ គាត់​ធ្វើស្រែ​ចំការ​ធម្មតា មិនមែន​រកស៊ីអីទេ​។ ពេលកុង​របស់ខ្ញុំ​ស្លាប់ គាត់​អាយុ ៩១ឆ្នាំ  ពេលនោះ​ខ្ញុំអាយុ​ទើបតែ១០-១១ឆ្នាំ ក្នុង​សម័យ​សង្គម​រាស្រ្តនិយម​។”

          លោក​យាយ​បាន​បង្ហើប​ពី​រឿងរ៉ាវ​អតីតកាល​ពី​៤០ឆ្នាំ​ប្លាយ​មុនថា​ កាល​ពីសម័យ​ លន់ នល់ (១៩៧០-១៩៧៥) ផ្ទះនេះ​រងការ​ខូចខាត​ដោយ​សារ​គ្រាប់ផ្លោង​ធ្វើ​ឲ្យ​ធ្លុះធ្លាយ​បាក់បែក​ផ្នែកថ្ម​ខាងមុខ​ជាច្រើន​កន្លែង​។ លុះដល់​ជំនាន់​ប៉ុលពត គ្រួសារ​នេះត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ផ្ទះ​នេះ​ត្រូវ​បានកាន់​កាប់ដោយ​កម្មាភិបាល​ ខ្មែរក្រហម​។ ដោយសារ​ផ្ទះ​នេះ​មាន​ទំហំធំ​ទូលាយ​ វាត្រូវ​បាន​គេ​បែងចែក​សម្រាប់​ប្រើប្រាស់​ច្រើន​មុខ​ងារ​ក្នុង​សម័យ​ខ្មែរក្រហម​។ គេ​ប្រើប្រាស់​ផ្នែក​ខាង​ក្រោម​ជា​ឃ្លាំង​ផ្ទុក​សម្ភារៈ​ម៉ាស៊ីនផ្សេងៗ​ និង​ជា​រោង​តម្បាញ​ ឯខាង​លើផ្ទះ​ជា​កន្លែង​កុមារ​ស្នាក់នៅ​។

          “គេ (ខ្មែរក្រហម) អត់ហ៊ាន​រុះ​ ព្រោះ​កាល​ណា​ចាប់ផ្តើម​រុះ ចេះតែ​មាន​បញ្ហា យល់សប្តិ (ព្រលឹង)ដូនតា កាន់ គឺកុងហ្នឹងឯងកាន់!” លោក​យាយ​បន្តប្រាប់​ថា “តាម​អ្នក​នៅទីនេះ​ (ក្នុងសម័យប៉ុលពត) ពូមួយនោះ អាយុ​៩០​ឆ្នាំ​ហើយ​ស្គាល់​កុងខ្ញុំ ​និយាយ​ប្រាប់ថា​ កុង​ខ្ញុំ​ត្រូវ​ការ​ស្អាត​ ក្នុង​ជំនាន់​ប៉ុលពត​ គាត់​មកចងគោ​ចង ក្របី​នៅក្រោម​ផ្ទះ  ​យប់ឡើង​កុងខ្ញុំ​ក៏មកពន្យល់សប្តិ​ថា​ នែ! អ្ហែង​ម៉េច​យក​គោ​មក​ចង​ក្រោម​ផ្ទះអញ​?” តាំង​ពី​ពេល​នោះ​មក​ គ្មាន​នរណា​ហ៊ាន​ប៉ះ​ពាល់​ផ្ទះ​ចាស់​នេះ​ឡើយ ​សូម្បី​យោធា​ខ្មែរក្រហម​ក៏​បាក់​បបខ្លបខ្លាច​មិនហ៊ាន​ប្រមាថ​បារមី​នៅ​លើ​ផ្ទះ​នេះ​ដែរ​ ដោយ​សារ​ពួក​គេ​តែង​ជួប​ហេតុភេទ​ចម្លែកៗ​ពាក់ព័ន្ធ​នឹង​អប្បិយជំនឿ​។

          ក្រោយ​ឆ្នាំ​១៩៧៩​ ក្រុម​គ្រួសារ​លោក​យាយ​ នៅ ក៏បាន​វិល​ត្រលប់​មក​រស់​នៅ​ជុំគ្នា​នៅ​ផ្ទះ​កេរដូនតា​ នេះវិញ​ ប៉ុន្តែ​ដោយ​សារ​ជីវភាព​កាន់​តែ​ធូរធារ​ សមាជិក​គ្រួសារ​ជាច្រើន​បាន​បែកផ្ទះ​ទៅ​សង់ផ្ទះ​ថ្មី​នៅ​ជិត​នោះ ​និង​ខ្លះ​ចេញ​មក​រស់​នៅ​ទី​ក្រុងភ្នំពេញ​។ សព្វថ្ងៃ លោក​យាយ​និង​ចៅ​ប្រុស​ក្មេង​ម្នាក់​កំពុង​ស្នាក់​នៅ​បន្ត​វេន ថែ​រក្សា​ផ្ទះនោះ ​ហើយ​ជារឿយៗ​តែងតែ​មាន​ក្រុមនិស្សិត​ពី​សាកលវិទ្យាល័យ​នានា​ពី​ភ្នំពេញ​ចុះ​មក​វាស់វែង ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថាបត្យកម្ម​ផ្ទះ​បុរាណខ្មែរ​មួយ​នេះ​មិន​សូវ​ដាច់​ ហើយថ្មីៗ​នេះ​ក៏មាន​អ្នក​មក​សុំ​ថតរូប​ថត ​ត្រៀម​អាពាហ៍ពិពាហ៍​ (pre-wedding)  បែប​បុរាណ​នៅ​ទី​នេះ​ថែម​ទៀតផង​៕

Article by SRIN SOKMEAN



SUGGESTIONS