ភ្នំពេញ៖ ”ក្រមាវែងជាងគេនៅលើពិភលោក” ដែលទទួលបានឯតទគ្គកម្មពិភពលោក កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានក្រុមចលនា GoGo Cambodia សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងស្ថាប័នជាតិ អង្គការ ចលនាយុវជនផ្សេងៗ ទូទាំងប្រទេស យកមកតម្កល់នៅក្នុងសារមន្ទីរជាតិ។ ការតម្កល់ ”ក្រមាវែងជាងគេនៅលើពិភលោក” នេះក្នុងគោលបំណងបង្ហាញអំពីសាមគ្គីភាព មរតក វប្បធម៌ ប្រពៃណីរបស់ប្រទេសកម្ពុជាទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនា។
ជាពិសេសការតម្កល់ ”ក្រមាវែងជាងគេនៅលើពិភលោក” គឺបានផ្តោតសំខាន់ទៅលើ មោទនភាពជាតិរបស់ប្រជាជនខ្មែរទាំងមូលក្នុងគោលជំហរ <<ជឿថាខ្មែរធ្វើបាន>> នៅឆាកអន្តរជាតិទៀតផង។ គួរបញ្ជាក់ផងដែរថាក្រមាដែលមានប្រវែង ១,១៤៩.៨ ម៉ែត្រ ទទឹង ០.៨៨ ម៉ែត្រ នោះបានចាប់ផ្តើមត្បាញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានអ្នកចូលរួមត្បាញចំនួន ២២,៣១៥ នាក់ គិតពីអាយុ៤ឆ្នាំ ដល់៨៨ឆ្នាំ ។ ”ក្រមាវែងជាងគេនៅលើពិភលោក” នេះបានបង្កប់នូវស្មាមញញឹម ការខិតខំប្រឹងប្រែងដែលពោរពេញទៅដោយក្តីស្រឡាញ់ និងការជឿជាក់លើមាតុភូមិខ្មែរថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ <<ជឿថាខ្មែរធ្វើបាន>> ជឿជាក់ថាប្រជាជាតិខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចគោលដៅជោគជ័យ ស្នាដៃ និងសមិទ្ធិផលផ្សេងៗទៀតទុកជាកេរ្តិ៍ដំណែល មរតក កិត្តិយស និងមោទនភាពសម្រាប់ប្រទេស។
Article by PAN SIVLY