×

អប្សរ​វល្លិ៍មាស ម៉ូត​សម្លៀកបំពាក់​ច្នៃ​ចេញ​ពី​គំនូរ​របស់​វិចិត្រករ​ សេក វិសាល

FASHION & BEAUTY 6 years ago
 
 

          នា​ពេល​បច្ចុប្បន្ន​នេះ វិចិត្រករ​មាន​ច្រើន​នៅ​កម្ពុជា ប៉ុន្តែ​វិចិត្រករ​ដែល​បាន​កែ​ច្នៃ​ផ្ទាំង​គំនូរ​ទៅ​ជា​សម្លៀកបំពាក់​ប្រហែល​មាន​មិន​ច្រើន​ទេ, ម្នាក់​ក្នុង​ចំណោម​នោះ គឺ​លោក​ សេក វិសាល។ ឈុត​ថ្មី​ដែល​វិសាល​ទើប​បាន​ផលិត​រួចរាល់​នោះ​មាន​ឈ្មោះ​ថា អប្សរវល្លិ៍មាស។

          ឈុត អប្សរវល្លិ៍មាស គ្រង​ដោយ​កញ្ញា វណ្ណៈ បូរមី​ នៅ​ពេល​នេះ បាន​ច្នៃ​ដោយ​យោង​ទៅ​លើ​គ្រឿង​អលង្កា​របស់​ទេពអប្សរ​នានា​ដែល​មាន​ឆ្លាក់​លើ​ផ្ទាំង​ចម្លាក់​ប្រាសាទ​រាប់ពាន់​ឆ្នាំ​របស់​ខ្មែរ ​យក​មក​ច្នៃ​បញ្ចូលគ្នា​ជាមួយ​ក្បាច់​តុបតែង​លម្អ​ក្នុង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ “ភ្ញីវល្លិ៍” ដោយ​ប្រើប្រាស់​ពណ៌មាស និង​ពណ៌បៃតង, ជា​ពណ៌​តំណាង​ឱ្យ​ភាព​សម្បូរ​បែប និង​ធម្មជាតិ​ដ៏​សាកសម​បំផុត​សម្រាប់​ឈុត អប្សរវល្លិ៍មាស។ នៅ​ក្នុង​ឈុត​នេះ វិសាល បាន​ប្រើប្រាស់​បច្ចេកទេស​គំនូរ​ថ្មី​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ប្រើប្រាស់​មក​ពី​មុន​នោះ​ទេ គឺ​ប្រភេទ​គំនូរ​កម្ទេចមាស (បារត)។ ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ដូចជា​ក្រណាត់​ស (ក្រណាត់​សម្រាប់​គូរ​គំនូរ​) ថ្នាំពណ៌ ក្រដាសខ្មុក កាវ ដែកលួស វិសាល​បាន​ប្រើប្រាស់​ពេល​គូរ​ម៉ូត​រយៈ​ពេល​បី​ថ្ងៃ ផលិតគ្រឿង​អលង្កា​ចំនួន​ប្រាំ​មួយ​ថ្ងៃ ដេរ និង​តម្លើង​ជា​ឈុត​ពេញ​លេញ​ប្រហែល​បី​ថ្ងៃ​ទៀត សរុប​ទៅ​ចំនួន​១៥​ថ្ងៃ ក្នុង​ខ្ទង់​ចំណាយ​ជិត​មួយ​លានរៀល ដោយ​វិសាល​ម្នាក់​ឯង​ជា​អ្នក​ផលិត​ឈុត​នោះ​ទាំង​ស្រុង។

          ចំណាយ​ប្រាក់ និងកម្លាំង​ខ្លួនឯង តើ​អ្វី​គឺ​ជា​អត្ថប្រយោជន៍​ដែល​វិសាល​នឹង​ទទួល​បាន​?

          ស្នាម​ញញឹម​តិច​ៗ ជា​មួយ​នឹង​ទឹក​មុខ​ពោរពេញ​ដោយ​ភាព​ជឿជាក់​ វិសាលថា “ខ្ញុំ​បាន​ប្រើប្រាស់​ជំនាញ​ដែល​ខ្ញុំ​រៀន​ពី​សាលា​បម្រើ​ដល់​សេចក្តី​ត្រូវ​ការ​នៃ​បេះដូង​ខ្ញុំ និង​បាន​រំលឹក​ពី​មរតក​សិល្បៈ​ដូនតា​ខ្មែរ​ឡើង​វិញ​ផង​ដែរ​។ ម្យ៉ាង​ទៀត សម្រាប់​ខ្ញុំ សម័យ​នេះ គំនូរ​មិន​សម្រាប់​តែ​តាំង​លើ​ជញ្ជាំង ឬ​លើ​តុ​តែ​ប៉ុណ្ណោះ​ទេ តែ​គំនូរ​ក៏​អាច​ពាក់​លើ​រាង​កាយ​បាន​ដែរ។ ខ្ញុំ​គិត​ថា ​នោះ​គឺជា​សិល្បៈ​នៃ​ការ​ស្លៀកពាក់​មួយ​បែប ហើយ​ខ្ញុំ​ស្វែង​រកវិធីសាស្ត្រ​ដើម្បី​ឱ្យ​គំនិត​ចុងក្រោយនេះ សាយភាយ​ទូលំទូលាយ​ថែម​ទៀត។”

          អប្សរ​វល្លិ៍​មាស​ដែល​ជា​ឈុត​ទី​បី របស់​វិសាល​នៅ​ក្នុង​ឆ្នាំ​២០១៨ និង​ជា​ឈុត​ទី​ប្រាំបី​ដែល​គាត់​បាន​ផលិត​តាំង​ពី​ដើម​មក​នេះ​ គឺ​ជា​ឈុត​បុរាណ​កែ​ច្នៃ​ពណ៌​បៃតង លម្អ​ដោយ​ក្បាច់​ភ្ញី​វល្លិ៍ពណ៌មាស និង​មកុដទេព​អប្សរ ក្រវិល​អប្សរា សុរងក ស្នាប់ទ្រូង ខ្សែក្រវ៉ាត់ និង ណា។

លោក សេក វិសាល

          គួរ​ដឹង​ថា សេក វិសាល គឺ​ជា​វិចិត្រករ និងអ្នក​ច្នៃ​ម៉ូត​ម្នាក់​។ វិសាល​ត្រូវ​បាន​មហាជន​ស្គាល់​តាម​ការ​បំលែង​ផ្ទាំង​គំនូរ​ទៅ​ជា​សម្លៀកបំពាក់​បុរាណ​ខ្មែរ​។ រហូត​មក​ដល់​ពេល​នេះ ​វិសាល ​ផលិត​សម្លៀកបំពាក់​បុរាណ​ខ្មែរ​បាន​០៨​ឈុត​ហើយ​។​ ឈុត​ខ្លះ​ត្រូវ​បាន​យក​ទៅ​បង្ហាញ​ក្នុង​វេទិកា​សម្លៀក​បំពាក់​ក្រៅ​ប្រទេស​ដែល​ទទួល​បាន​ការ​កោតសរសើរ​គួរ​ឱ្យ​កត់​សម្គាល់។​ វិសាល​មាន​សុទិដ្ឋិនិយម​ថា នា​ពេល​អនាគត ខ្លួន​នឹង​អាច​ពង្រីក​ការងារ​របស់​ខ្លួន​លើ​ផ្នែក​គំនូរ​និង​សម្លៀកបំពាក់​នេះ​ឱ្យ​ដើរ​ទៅ​ទន្ទឹម​គ្នា ដោយ​បើក​ហាង​ផ្ទាល់​ខ្លួន​មួយ​។ ជា​រៀងរាល់​ថ្ងៃ វិសាល​ទទួល​បាន​ការងារ​គូរ​រូប​មួយ​ចំនួន​និង​ការច្នៃ​សម្លៀកបំពាក់បុរាណ​ខ្លះៗ​ដែរ។​ ឆាប់ៗ​នេះ ​វិសាល​នឹង​ប្រើប្រាស់​បច្ចេកទេស​គូរ​គំនូរ​របស់​គាត់​នៅ​លើ​សម្លៀកបំពាក់​សម័យ​ថ្មី​បន្ថែមទៀត​។ តើបច្ចេកទេស​ថ្មី​នោះ​នឹង​មាន​រូបរាង​យ៉ាង​ណា?

          មាន​តែ​ការ​រង់​ចាំ​ទាំង​អស់គ្នា​!

Article by SVAY LEEMENG


SUGGESTIONS