×

ល្ខោនស្បែក​បង្ហាញ​វត្តមាន​ជា​មួយ​តំណក់​អម​ដោយ​ការ​រចនា​យ៉ាង​ប្រណីត

TRAVEL & LIVING 2 months ago
 
 

          សម្លៀកបំពាក់ កាបូប សុទ្ធតែ​ជា​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​រាល់ថ្ងៃ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ខ្វះ​បាន។ យ៉ាង​ណា​មិញ​ក្នុង​នោះ​អាវយឺត កាបូប នីមួយៗ​សុទ្ធសឹង​តែ​បង្កប់​នូវ​អត្ថន័យ​ដែល​បាន​បញ្ជាក់​អំពី​កម្មសិទ្ធិ​របស់​បុគ្គល​ណាម្នាក់ អត្តសញ្ញាណ​ជាតិសាសន៍ ឬ​ការ​បោះពុម្ព​ផ្សេងៗ​ដែល​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ជំនាន់ថ្មី​នាពេល​បច្ចុប្បន្ន​នេះ​ជា​ដើម។ ហេតុដូច​នេះ​ហើយ​ទើប​មាន​ស្ថាបនិក​ខ្មែរ​ពីរ​រូប​បាន​ផ្លាស់​ប្តូរ​អាវយឺត​ធម្មតា​ប្រែក្លាយ​ទៅ​ជា​អាវយឺត​មួយ​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិខ្មែរ​តាមរយៈ​ការ​ជ្រើសរើស​យក​តួអង្គ​នៅ​ក្នុង​ល្ខោនស្បែកធំ​មក​បោះពុម្ព​លើ​អាវយឺត។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​ស្ថាបនិក​ខ្មែរ​ទាំងពីរ​រូបនេះ​បំផុស​គំនិត​យ៉ាង​ត្រចះត្រចង់​នេះ​ឡើង?

          លោក កឹម រដ្ឋបូណ៌មី និងលោក វន់ វរៈ គឺ​ជា​ស្ថាបនិក​ខ្មែរ​ពីររូប​ដែល​បាន​ជ្រើសរើស​ល្ខោនស្បែកធំ តួអង្គ​ហនុមាន​នៅ​ក្នុង​រឿង​រាមកេរ្តិ៍​ជា​គំនិត​ដំបូងគេ​បង្អស់​នៅ​លើ​អាវយឺត​ដោយ​មាន​ការ​រចនា​យ៉ាងស្អាត​រួម​ជាមួយ​នឹង​ការ​រំលេច​ពណ៌​ដែល​ពេញនិយម​យ៉ាង​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។ លោក កឹម រដ្ឋបូណ៌មី លើក​ឡើង​ថា “មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំនិត​បង្កើត​ឡើង​អាវយឺត​អមជាមួយ​ការ​រចនា​ជាមួយ និង​សិល្បៈ​ផង​នោះ គឺ​ដោយ​សារ​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​មួយរយៈ​មុន​មាន​ការ​ធ្លាក់ចុះ​លើ​ការ​គាំទ្រ​ល្ខោនស្បែកធំ​ជា​ខ្លាំង​ទើប​ខ្ញុំ​មាន​គំនិត​ថា​សាកល្បង​យក​ល្ខោនស្បែកធំ​មករចនា​លើ​អាវយឺត​ដើម្បី​ស្ទង់មតិ​ថា​មាន​ការ​គាំទ្រ​យ៉ាងម៉េច​ដែរ”។

លោក វន់ វរៈ និង លោក កឹម រដ្ឋបូណ៌មី

          “តំណក់” បាន​បង្ហាញ​ពី​ការ​ចាប់ផ្តើម​ការងារ​របស់​ស្ថាបនិក​ទាំងពីរ​នេះ​បន្តិចម្តងៗ​នៃ​ការ​រចនា​រូប​ហនុមាន នៅ​លើ​អាវយឺត​នេះ​រហូត​ឈាន​ទៅ​ដល់​ការ​ជោគជ័យ​មួយ​នាពេល​អនាគត​ក្នុង​ការ​លើកស្ទួយ​សិល្បៈ​របស់ខ្មែរ ជាពិសេស​ការ​បង្ហាញ​នូវ​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ​ទៅ​កាន់​ជនបរទេស និង​ជាតិសាសន៍​ដទៃ​ផ្សេង​ទៀត។ អ្វី​ដែល​គួរ​ឲ្យ​មាន​ការ​កត់​សម្គាល់​នោះ​គឺ​ស្ថាបនិក​ទាំងពីររូប​នេះ​បាន​លើក​ទឹកចិត្ត​ចំពោះ​ស្ត្រី​ ជនពិការ នៅក្នុងសមាគមមួយ​ឲ្យ​ពួកគាត់​មាន​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​គ្រួសារ ដោយ​តំណក់​បាន​ផ្ដល់​ជា​ការងារ​ដល់​ពួកគាត់​រួម​មាន៖ ការ​កាត់​ជា​កាបូបស្ពាយ​ កាបូប​ដាក់​លិខិត​ឆ្លងដែន​ជាដើម និង​ខាង​សមាគម​ជួយ​ក្មេង​ខ្សោយបញ្ញា​ តំណក់ ក៏​បាន​ផ្ដល់​ការងារ​ជូន​ពួកគាត់​ផង​ដែរ​​គឺ​តាម​រយៈ​ឱ្យ​ពួកគាត់​ផលិត​ជា​ថង់​សម្រាប់​ដាក់​ផលិតផល​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អាវយឺត​ដែល​បង្កើត​ចេញ​មក​នោះ​សុទ្ធ​តែ​មាន​ការ​បែងចែក​តាម​រដូវកាល​នីមួយៗ​ទៀត​ផង​មាន​ដូច​ជា៖ ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​ដើម។ ដើម្បី​ឲ្យ​ស្រប​ទៅ និង​បរិយាកាស​ដ៏​សែន​មនោរម្យ​នេះ ស្ថាបនិក​ខ្មែរ​ទាំងពីររូប​នេះ​បាន​រចនា​ល្ខោនស្បែកធំ​ឲ្យ​ទៅ​ជា​លក្ខណៈ​បែប​ត្លុកវិញ​ដើម្បី​បង្កើន​ភាព​ឲ្យ​មាន​ភាពទាក់ទាញ និង​ត្រូវ​តាម​កាលៈទេសៈ​ជាមួយ​នឹង​បទពិសោធន៏​ថ្មី​ហើយ​ប្លែក។ ដោយ​ឡែក​អាវយឺត​តែ​ម៉្យាង​មិន​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​អ្នក​ប្រើប្រាស់ និង​អ្នកគាំទ្រ​ទេ ស្ថាបនិក​ទាំងពីររូប​នេះ​បាន​នាំយក​នូវ​ការ​ច្នៃម៉ូដ​ថ្មី​ផ្សេង​ទៀត​មាន​ដូច​ជា កាបូប​សម្រាប់​ដាក់​កុំព្យូរទ័រ កាបូប​សម្រាប់​ដាក់​លិខិត​ឆ្លងដែន​ដែល​មាន​ការ​រួមបញ្ចូល​ជា​មួយ​ក្រមា​ ហើយ​រក្សាលក្ខណៈ​របស់​ល្ខោនស្បែកធំ​ដដែល។ លក្ខណៈ​ដែល​ពិសេស​នោះ​គឺ​កាបូប​សម្រាប់​ដាក់​កុំព្យូរទ័រ កាបូប​សម្រាប់​ដាក់​លិខិត​ឆ្លងដែន​មាន​គុណភាព​រឹងមាំ រួម​ជាមួយ​នឹង​ពណ៌​ដ៏​ស្រស់បំព្រង ដែល​ប្រកប​ទៅ​ដោយ​ភាព​លេច​ធ្លោ​បន្ថែម​ទៀត។ តោះ​យើង​នាំគ្នា​ទៅ​កាន់ “តំណក់” ទាំង​អស់គ្នា​ដើម្បី​ទទួល​បាន​បទពិសោធន៏​ថ្មីៗ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​បាន​គាំទ្រ​សិល្បៈ​ខ្មែរ​ថែម​ទៀត​ផង៕

Article by HENG CHANMAKARA & PAN SIVLY



SUGGESTIONS