Cosplay គឺជាការតុបតែងខ្លួនតាមវីរបុរស វីរនារី ឬតួអង្គណាមួយនៅក្នុងភាពយន្ត ឬគំនូរជីវចលល្បីៗ របស់យុវវ័យ។ Cosplay ត្រូវបានយុវជនក្មេងៗនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើននិយមតែងខ្លួននិងធ្វើត្រាប់តាម ជាពិសេសគឺយុវវ័យនៅប្រទេសជប៉ុនដែលសម្បូរ អ្នកតែងខ្លួន Cosplay និងគំនូរជីវចល Manga Anime ច្រើនជាងគេបំផុតលើពិភពលោក។ វប្បធម៌នៃការតែងខ្លួនតាមបែប Cosplay នេះបានរីករាលដាលពាសពេញពិភពលោក រហូតដល់មានអ្នកតែងខ្លួន Cosplay ខ្លះអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗដោយគ្រាន់តែលក់សំបុត្រដើម្បីឲ្យគេចូលថតរូបជាមួយតែប៉ុណ្ណោះ។ ដោយឡែកនៅប្រទេសកម្ពុជាវិញ យុវជនក្មេងៗ និងជំទង់ជំនាន់ក្រោយក៏ហាក់កំពុងតែមានការពេញនិយមក្នុងការតុបតែងខ្លួននិងធ្វើត្រាប់តាមតួអង្គ Cosplay ជប៉ុនណាមួយនៅក្នុងគំនូរជីវចលផងដែរបើទោះបីជានៅក្នុងកម្រិតទាបនៅឡើយ។
ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីបញ្ឆិតនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ Kurate Gakuen Phnom Penh គឺជាទីកន្លែងមួយដែលមានបម្រើសេវាកម្មជួលសម្លៀកបំពាក់ និងថតរូប Cosplay សម្រាប់អ្នកដែលចូលចិត្ត និងស្រលាញ់ការតុបតែងខ្លួនដូចនៅក្នុងរឿងតុក្កតាជប៉ុន (Anime)។គួរបញ្ជាក់ផងដែរថា Kurate Gakuen Phnom Penh គឺជាកន្លែងតែង Cosplay តាមបែប Manga របស់ជប៉ុនតែមួយគត់នៅកម្ពុជា។ លោកអ្នកគ្រាន់តែចំណាយត្រឹមតែ ១ដុល្លារនោះអ្នកនឹងអាចបានស្លៀកសម្លៀកបំពាក់ Cosplay ជប៉ុនយ៉ាងស្រស់ស្អាត និងអាចថតរូប Cosplay Costume ជាមួយនឹងស្ទូឌីយោថតរួបយ៉ាងរីករាយ ដោយគ្រាន់តែចំណាយ ១ដុល្លារទៀតក្នុងការជួលកន្លែងថតរូបទៀតផង។
Photo by CHUNKEAT
លោក Ryohei Fukunaga ជាអ្នកគ្រប់គ្រងទូទៅរបស់ Kurate Gakeun បានប្រាប់ឲ្យដឹងថា ចាប់តាំងពីបើកដំណើរការប្រមាណជាបីខែមកនេះ Kurate មានអ្នកមកតែងខ្លួនតាមបែប Cosplay ជប៉ុននេះ ជាងមួយរយនាក់មកហើយ។ លោកក៏បានបន្តទៀតថា “បច្ចុប្បន្ននៅកម្ពុជា ខ្ញុំមើលឃើញថា ការនិយមតែងខ្លួនបែប Cosplay នេះគឺនៅមានកម្រិតទាបនៅឡើយ ក៏ប៉ុន្តែខ្ញុំជឿជាក់ថាទំនោរ Cosplay នេះនឹងមានការកើនឡើងនៅថ្ងៃអនាគត”។
កន្លងមកគេសង្កេតឃើញថា មានក្រុមនិស្សិត និងយុវជនមួយចំនួនបានរៀបចំកម្មវិធី Cosplay ដោយបង្កើតជាការសម្តែងនូវផ្ទាំងទស្សនីយភាពប្លែកៗ ដើម្បីរៃអង្គាសថវិការជួយដល់ជនទីទាល់ក្រ សាលារៀន និងអង្គការមួយចំនូនផង។ តួរយ៉ាងដូចជា និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានប្រារព្ធកម្មវិធីសម្តែង cosplay កាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ ដើម្បីរៃអង្គាសថវិការជួយដល់អង្គការវិចិត្រករខ្មែរដើម្បីកុមារ ដែលមានការចូលរួមពីសំណាក់យុវវ័យយ៉ាងច្រើនកុះករ។ ដោយឡែក ក្រុម Narutail ដែលជាក្រុម Cosplay ដ៏ល្បីមួយនៅកម្ពុជានឹងប្រារព្ធកម្មវិធី Cosplay Season 5 របស់ខ្លួននៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៨ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ខាងមុខនេះផងដែរ៕
Article by PAN SIVLY