×

គួន មាឃ រចនាម៉ូដ​សម្លៀក​ពី​​ក្បាច់​ចម្លាក់ និង​​គំនូរ​នៅ​​តាម​​សំណង់​ និង​​ប្រាសាទ​​ខ្មែរ​​ល្បីៗ​

FASHION & BEAUTY 2 months ago
 
 

​          ជា​រៀង​រាល់​ឆ្នាំ សម្លៀកបំពាក់​រាប់​ម៉ឺន​ឈុត​ទាំង​បុរាណ​និង​សម័យ​ត្រូវ​បាន​កែ​ច្នៃ​និង​ផលិត​ឡើង​នៅ​ទូទាំង​ពិភពលោក។ ធ្លាប់​ឆ្ងល់​ទេ តើ​គំនិត​ក្នុង​ការ​រចនា​ឈុត​ទាំង​នោះ​បាន​មក​ដោយ​របៀប​ណា? បានពី​ចម្លាក់​ថ្ម ផ្កា សត្វ​ពាហនៈ ឬ​ក៏​បន្លែ​ផ្លែឈើ​?

​          ដូច្នេះ​ សូម​ស្វែង​យល់​ពី​ប្រធានបទ​នេះ​​ពី​លោក គួន មាឃ ដែល​ជា​អ្នក​ចម្លាក់ គូរ​រូប និង​គូរ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទេព​កោសល្យ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក្នុង​ជំនាន់​របស់​គាត់។

លោក គួន មាឃ

​          លោក គួន មាឃ លើក​ឡើង​ថា៖ <<ដំបូង​ត្រូវ​ស្វែង​យល់​ពី​ប្រធានបទ​នៃ​សម្លៀក​បំពាក់​នោះ​ឱ្យ​បាន​ច្បាស់ ដែល​គំនិត​ទាំង​នោះ​អាច​រក​បាន​តាម​រយៈ​ការ​អាន​សៀវភៅ ចុះ​ស្រាវជ្រាវ​ដល់​ទី​កន្លែង ទៅ​មើល​គំនូរ​ចម្លាក់​នៅ​តាម​ជញ្ចាំង​ប្រាសាទ និង​គ្រឿង​តុប​តែង​កាយ​ផ្សេងៗ ជា​ដើម ដើម្បី​ប្រមូល​យក​ព័ត៌មាន​ទាំង​នោះ​មក​បញ្ចូល​គ្នា និង​ច្នៃ​ឲ្យ​ចេញ​ជា​សម្លៀកបំពាក់​ថ្មី​មួយ​ដែល​គ្រប់​ក្បាច់ គ្រប់​ម៉ូត​មើល​ទៅ​មាន​អត្តសញ្ញាណ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​។ បន្ទាប់​មក​ទៀត ចាប់​ផ្តើម​គូរ​ម៉ូត​ទាំង​នោះ​ឡើង​ និង​ចុង​ក្រោយ​កុំ​ភ្លេច​ប្រើប្រាស់​ភាព​ច្នៃ​ប្រឌិត​និង​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ក្នុង​ម៉ូត​ទាំងនោះ​ឱ្យ​កាន់​តែ​ស្រស់ស្អាត​ទ្វេ​ឡើង​>>។

​          នេះ​គឺ​ជា​អំណះអំនាន​លោក មាឃ បាន​លើក​ឧទាហរណ៍​ពី​ឈុត​០២របស់​គាត់​ដូច​ខាង​ក្រោម ៖

​          ឈុត ចតុម្មុខមង្គលវិបុលសំហារៈ​ដែល​មាន៖

១. ណាមុខ (លម្អ​ដោយ​សត្វនាគ​ពី​តូច​ទៅ​ធំ ហើយ​ពី​ធំ​ទៅ​តូច​វិញ)។ វា​មាន​អត្ថន័យ​ទាក់ទង​ពី​ស្ថានភាព​វប្បធម៌​ខ្មែរ​ក្នុង​០៣សម័យកាល​ធំ​ៗគឺ មុន​អង្គរ អង្គរ និង​ក្រោយ​អង្គរ។

២. ស្បៃ​ភ្លោះ​ដ៏​វែង​ស្ថិត​នៅ​ខាង​ក្រោយ ដែល​បាន​បង្ហាញ​ពី​ខឿន​នៃ​វប្បធម៌​ខ្មែរ​តាំង​ពី​ការ​ចាប់កំណើត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​តែង​តែ​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ចជាតិ​​ជានិច្ច​។

៣. ផ្កា​ឈូក​ដែល​តំណាង​ឲ្យ​ឋាន​ទេវលោក និង​ឋានសួគ៌(ភាព​បរិសុទ្ធ)។

៤. ម្កុដ បាន​ចម្លង​ពី​កំពូល​ព្រះបរមរាជវាំង​ចតុម្មុខ​មង្គល ដែល​តួ​តំណាង​ឲ្យ​ភ្នំ​កៃលាស​ឬ​ភ្នំ​ព្រះសុមេរុ, មុខ​ព្រហ្ម​តំណាង​ឲ្យ​សាសនា​ទាំង​០២ (ព្រះ​ព្រហ្មញ្ញ និង​ព្រះពុទ្ធ) និង​ប្រាសាទ​បាយ័ន ព្រម​ទាំង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។

៥. ឆព្វណ្ណរង្សី ដែល​តំណាង​ឱ្យ​និមិត្ត​រូប​នៃ​ការ​សាយ​ភាយ​វប្បធម៌ អរិយធម៌ និង​សាសនា ទៅ​កាន់ប្រជាជន​លើ​ផែនដី​នេះ។

ឈុត ចតុម្មុខមង្គលវិបុលសំហារៈ​

​          ចំណែក​ឯ​ឈុត សេការីស្វារៈ វិញ បាន​ច្នៃ​ចេញ​ពី​ការ​រចនាបទ​របស់​ស្ថាបត្យកម្ម​ខ្មែរ​ពីរ​សម័យកាល គឺ អង្គរ និង​បាខែង ព្រោះ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​កសាង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​០៨​ព្រះអង្គ​បន្ត​បន្ទាប់​គ្នា ដែល​ក្នុង​ចំណោម​នោះ គឺ​ជា​ព្រះមហាក្សត្រ​ដែល​បាន​កសាង​ប្រាសាទ​អង្គរវត្ត និងប្រាសាទ​ភ្នំ​បាខែង​។ ដូច​បាន​ឃើញ​ស្រាប់​ ម្កុដ​ផ្នែក​ខាង​លើ គឺ​ជា​ហោជាង​នៃ​ប្រាសាទ​ព្រះវិហារ ហើយ​ក្បាំង​មុខ និង​កៀវ ព្រម​ទាំង​ស្នៀត​សក់ និង​រំយោល គឺ​ជា​រូបរាង​ថ្មី​ដែល​បាន​មក​ពី​ការ​ច្នៃ​នៃ​រចនាបថ​ទាំង​នោះ។ ឯ​ក្បាច់​ភ្ញី​ទេស​ខាង​ក្រោម​វិញ​បាន​មក​ពី​ការ​តំណាង​ឲ្យ​ធម្មជាតិ​ដ៏​ស្រស់​បំ​ព្រង​របស់​ខ្មែរ​ដែល​សន្ធឹង​ខ្លួន​យ៉ាង​បៃតង​ស្រស់​នៅ​លើ​ជួរ​ភ្នំ​ដង​រែក។

ឈុត សេការីស្វារៈ

          គេច​មិន​ផុត​ពី​ឧបសគ្គ មាឃ ថា៖ <<ខ្ញុំ​លំបាក​ស្វែង​រក​ឯកសារ​ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​ទាក់ទង​នឹងតំបន់​មួយ ឬ​រឿង​មួយ ជា​ពិសេស គឺ​ឯកសារ​ទាក់ទង​នឹង​ចម្លាក់​លើ​ប្រាសាទ​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មក​ហើយ​នោះ​។ លើស​នោះ​ទៀត ថវិកា​ក៏​ចោទ​សម្រាប់​ខ្ញុំ​ដែរ។ ហេតុ​ចុង​ក្រោយ នេះ​ហើយ​ ដែល​ខ្ញុំ​មិន​អាច​ផលិត​ឈុត​ទាំងនោះ​ឱ្យ​លេច​ជា​រូបរាង​បាន​>>។

​          សូម​រំលឹក​ថា លោក គួន មាឃ រស់​នៅ​ខេត្ត​សៀមរាប​។ ថ្វី​ត្បិត​តែ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ​និង​ទេសចរណ៏ តែ​ដោយសារ​ទេពកោសល្យ និង​ចំ​ណង់​ចំណូល​ចិត្ត លោក មាឃ គឺ​ជា​វិចិត្រករ​ ជាង​ចម្លាក់ និង​អាច​គូរ​ម៉ូត​ខោអាវ បាន​យ៉ាងស្រស់​ស្អាត។

​          ដោយ​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការ​កែច្នៃ​ឈុត​បុរាណ​ខ្មែរ​មាន​ការ​កើន​ឡើង លោក​ មាឃ ក៏បានសាក​ល្បង​បញ្ចេញ​ចំណេះ​ដឹង​ដែល​ខ្លួន​មាន​លើ​ផ្នែក​ចម្លាក់​និង​គំនូរ ប្លែង​ទៅ​ជា​សម្លៀក​បំពាក់​រួម​ទាំង​ទទួល​បាន​លទ្ធផល​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន។ ឈុត​ប្រហែល​ជា​១០​ឈុត​នោះ​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន​ពី​មហាជន​។ ដើម្បី​ជា​កិច្ច​តប​ស្នង​ដល់​ការ​គាំទ្រ មាឃ នឹង​គូរ​ម៉ូត​ឈុត​ថ្មីៗ​បន្ត​ទៀតដោយ​យោង​លើ​ចម្លាក់​តាម​ប្រាសាទ​ឬ​គំនូរ ហើយ មាឃ សង្ឃឹម​ថា ​ខ្លួន​នឹង​មាន​លទ្ធភាព​អាច​ផលិត​ឈុត​ទាំង​នោះ​ឡើង ឱ្យ​ដូច​ទៅ​នឹង​គំនិត​ក្នុង​រូប​ម៉ូត​ទាំងនោះ​ ដើម្បី​បំពេញ​ចំណង់ចំណូល​ចិត្ត និង​ការ​រួម​ចំណែក​លើក​ស្ទួយ​សិល្បៈ​ជាតិ ក្នុង​នាម​ជា​វិចិត្រករ និង​អ្នក​ចម្លាក់ ម្នាក់​នា​សម័យ​កាល​នេះ។

​          កាល​ពី​ឆ្នាំ​២០១៥ គំនូរ​លើ​ប្រធាន​បទ​ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង​ របស់​មាឃ​ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ១ពី​ការ​ប្រកួត​របស់​អង្គការ​មួយ​នៅ​កម្ពុជា, អបអរសាទរ មាឃ!

Article by SVAY LEEMENG



SUGGESTIONS