×

“ចេកអាំង​កាកដូង” អាហារ​ល្បី​ប្រចាំ​ក្រុង​កំពង់ឆ្នាំង​ទាក់ចិត្ត​អ្នកដំណើរ​គ្រប់​ទិសទី

TRAVEL & LIVING 2 weeks ago
 
 

           អ្នក​ណា​ក៏​ស្គាល់​ចេកអាំង​ដែល​ជា​ចំណី​បុរាណខ្មែរ​តាំង​ពី​យូរលង់​ណាស់​មក​ហើយ​ដែរ ហើយ​វា​ត្រូវបាន​ប្រជាជន​ខ្មែរ​ធ្វើ​លក់​តាម​ផ្លូវ តាម​ភូមិស្រុក ខេត្តក្រុង​នានា​ស្ទើរ​គ្រប់​ច្រកល្ហក។ ឥឡូវនេះ គេហទំព័រ សូវរីន បាន​ស្រាវជ្រាវ​រក​ឃើញ​ចេកអាំង​មួយ​បែប​ផ្សេង​ទៀត​ដែល​ប្លែក​ខុស​ពី​ចេកអាំង​ប្រលាក់​ទឹកអំបិល​ធម្មតា​ដែល​លោក​អ្នក​ធ្លាប់​បាន​ទទួលទាន​នា​ពេល​កន្លង​មក​នោះ​គឺ​ចេកអាំង​កាកដូង​ដែល​ល្បីល្បាញ​ពេញ​ទីរួមខេត្ត​កំពង់ឆ្នាំង​ជា​យូរឆ្នាំ​ណាស់​មក​ហើយ។ អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ចុះ​ឡើង​តាម​ផ្លូវជាតិ​លេខ៥ ទិសដៅ ភ្នំពេញ-កំពង់ឆ្នាំង-បាត់ដំបង​តែងតែ​និយម​ឈប់​ឡាន​ឈានចូល​ទិញ​តិច​ឬ​ច្រើន​មិន​សូវខាន ប៉ុន្តែ​អ្នក​ខ្លះ​ក៏​មិន​ដឹង​ដែរ​ថា​ជា​ប្រភេទ​ចេកអាំង​ពិសេស​បើ​ពុំ​បាន​ចាប់​ភ្លឹក​សង្កេត​មើល ស្មានតែ​ចេកអាំង​ធម្មតា​ដូច​កន្លែង ផ្សេងៗ​ដែរ។ តោះ​មក​ស្គាល់​ថា​តើ​ចេកអាំង​កាកដូង​ពិសេស​នេះ​មាន​លក់​នៅ​ម្តុំ​ណា​ឲ្យ​ប្រាកដ? វា​មាន​រសជាតិ​ឆ្ងាញ់​ដល់​កម្រិតណា?

          បើយើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ដល់​ត្រង់​ចំណុច​សួនច្បារ​ទីរួមខេត្ត​កំពង់ឆ្នាំង ហើយ​បន្តដំណើរ​ទៅ​មុខត្រង់​បន្តិច​ហួស​ធនាគារ​អេស៊ីលីដា​សាខា​ខេត្ត​កំពង់ឆ្នាំង លោកអ្នក​នឹង​បាន​ឃើញ​ស្ថានីយ៍សាំង​តេលា​មួយ​នៅ​ខាង​ឆ្វេងដៃ។ បន្ទាប់​មក លោកអ្នក​ត្រូវ​បត់​តាម​ផ្លូវ​ចំហៀង​ខាង​ស្តាំ​ជាប់​ការ៉ាស់សាំង​នោះ (ទិសដៅ​ទៅ ខេត្ត​បាត់ដំបង) តែ​បន្តិច​ប៉ុណ្ណោះ លោកអ្នក​នឹង​បាន​ឃើញ​មាន​អ្នក​លក់​ចេកអាំង​ក្រោម​ឆ័ត្រ​លើ​ចិញ្ចើមថ្នល់ ជា​ហូរហែ​នៅ​ខាង​ស្តាំដៃ​ប្រហែល​ប្រាំពីរ​តូប។ ចេកអាំង​ហុយៗ​ក្តៅៗ​តម្រៀប​ដោត​ជា​ចង្កាក់ៗ​កំពុង​បង្ហួត កាយ​សម្ងំ​លើ​រងើកធ្យូង​នៃ​ចន្ទាសអាំង​បែប​បុរាណ​ដែល​មាន​អ្នកស្រុក​កំពង់ឆ្នាំង​ជា​អ្នក​ចម្អិន​ផ្ទាល់ដៃ។

          អ្នកមីង ធី វ័យខ្ទង់​៥០ឆ្នាំ អ្នកលក់​ចេកអាំង​កាកដូង​ម្នាក់​ដ៏​ល្បី​ឈ្មោះ​នៅ​ម្តុំនោះ បាន​និយាយ​ប្រាប់ថា គាត់​ប្រកប​មុខរបរ​នេះ​អស់រយៈ​ពេល​ជាង​១០ឆ្នាំ​ហើយ។ ចេកអាំង​គាត់​លក់ដាច់​ណាស់ ពោល​គឺ​មួយថ្ងៃ គាត់​អាច​លក់​បាន​ចេកអាំង​ជា​មធ្យម​២០០ចង្កាក់ បើ​គិត​ជា​ចំនួន​ចេក​គឺ​១០០ស្និត​ឯណោះ។ ដោយ​ឡែក បើ​ក្នុង​រដូវ​កាល​បុណ្យទាន​ឬ​ថ្ងៃឈប់​សម្រាកធំៗ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ជិតឆ្ងាយ​ឆ្លងកាត់​ទៅ​តាម​បណ្តា ខេត្ត​នានាច្រើន​នោះ គាត់​អាច​លក់​ចេក​អាំង​ដាច់​ច្រើន​ជាង​នេះ​ទៅ​ទៀត​ ព្រោះ​គេ​ឈប់​ទិញ​ច្រើន​ជាង​ថ្ងៃធម្មតា។ ចេកអាំង​ដែល​គាត់​លក់​មាន​ពីរ​ប្រភេទគឺ​ប្រភេទ​ប្រលាក់​ទឹកអំបិល​ធម្មតា និងប្រភេទ​ប្រលាក់​កាកដូង​លាបល្ង​ពីលើ។ ប៉ុន្តែ​ចេកអាំង​កាកដូង​ដែល​ជា​ប្រភេទ​ចំណី​ពិសេស​ប្រចាំ​តំបន់​គឺ​ត្រូវ​បាន​លក់​ដាច់​ជាង​ព្រោះ​ភ្ញៀវ​ចង់សាក​ចង់ដឹង​ថា​រសជាតិ​ឆ្ងាញ់​ដូច​ដែល​គេ​ល្បីៗ​តៗ​គ្នា​មែន​ឬ​អត់។

          អតិថិជន​ចេកអាំង​កាកដូង​ម្នាក់​ឈ្មោះ ដាលីន មក​ពី​ខេត្ត​ពោធិ៍សាត់ បាន​អះអាង​ពី​គុណភាព​រសជាតិ ចេកអាំង​បែប​កំពង់ឆ្នាំង​នេះ​ថា «ចា៎!​ឆ្ងាញ់​មែន​តើហ៍! បង​មិន​ដែល​ឲ្យ​ហួស​ទេ ញ៉ាំ​ចេកអាំង​ហ្នឹង​ជាង​១០ឆ្នាំ ហើយ​តាំង​ពី (តម្លៃ) ៥០០(រៀល) រហូត​១៥០០(រៀល) ហើយ! ។» បងស្រី​ម្នាក់​ទៀត​ (សុំ​មិន​បញ្ចេញ​ឈ្មោះ) ជា​អ្នក​ដំណើរ​មក​ពី​ក្រុងភ្នំពេញ ក៏​បាន​ស្ញើច​សរសើរ​ពី​អាហារ​ប្រភេទ​នេះ​ដែរ​ថា «ចេកអាំង​កំពង់ឆ្នាំង ឆ្ងាញ់! ត្រឹម​ម៉ោង​៣រសៀល​លក់អស់​ហើយ!!! ធ្លាប់​បាន​ញ៉ាំ​ចេកអាំង​រូបមន្ត​បែបនេះ​តាំង​ពី​ទសវត្សរ៍​ទី៨០ និង៩០ តែបច្ចុប្បន្ន​អ្នក​លក់​បាត់​ភាព​ឧស្សាហ៍​បែបនេះ​អស់​ហើយ (កិនចេក​ឲ្យ​សំប៉ែត ហើយ​រោយ​កាកដូង និង​ល្ង​ឲ្យ ឈ្ងុយឆ្ងាញ់​ជាប់​មាត់)។»

          ដោយសារ​តែ​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​គេ​នៃ​ចេកអាំង​កំពង់ឆ្នាំង ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​តាម​ចិញ្ចើម​ផ្លូវ​នេះ ចេះ​តែ​រីក​ចម្រើន​អាច​ឈរជើង​ជាប់​រហូត​ជាង​១០ឆ្នាំ ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ទាំង​ពី​អ្នក​ដំណើរ​ប្រុសស្រី និង​ទាំង​ប្រជាជន​ដែល​រស់នៅ​ទីរួមខេត្ត​កំពង់ឆ្នាំង​ផងដែរ។ បើ​ចង់​បាន​រសជាតិ​ដើម សូម​មក​ទទួលទាន ដោយ​ផ្ទាល់​នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ព្រោះ​នៅ​កន្លែង​ផ្សេង រសជាតិ​មិន​ដូច​ម្ចាស់ដើម​នោះ​ទេ! តម្លៃ​ត្រឹម តែ​១៥០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ចង្កាក់! តម្លៃ​សមរម្យ​ហើយ រសជាតិ​ពិសេស​ទៀត រក​ឯណា​បាន!

Article by SRIN SOKMEAN



SUGGESTIONS