×

ស្នា​ដៃ​ថ្មី​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខេត្ត​បាត់ដំបង​បង្កើត​ដោយ និស្សិត​ឆ្នើម​នៃ​សាលា​ហ្វារ​មួយ​រូប​

FASHION & BEAUTY 6 years ago
 
 

          ជាមួយ​នឹង​ទឹក​មុខ​ញញឹម​ស្រស់ រួសរាយ​រាក់ទាក់ កញ្ញា រី មុនីសុវណ្ណយ៉ា បាន​រៀប​រាប់​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ ដែល​ខ្លួន​បាន​បង្កើត​ឡើង​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា ជំនាញ​រចនា ក្រាហ្វិច  ក្រោម​ប្រធានបទ​៖ ការ​ចងចាំ​។ មាន​ដើម​កំណើត​ជា​អ្នក​ខេត្ត​បាត់ដំបង និង​ដោយ​សារ​តែ​ស្រលាញ់​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ស្រុក​កំណើត​របស់​ខ្លួន​នោះ ​និសិត្ស​ស្រី វ័យក្មេង រូប​នេះ​ បាន​រចនា​ម៉ូដ​សម្លៀកបំពាក់​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ខេត្តបាត់ដំបង ផ្ទាល់​តែ​ម្តង។​ ដោយ​ឆ្លង​កាត់​ការ​សិក្សារ​អស់​រយៈ​ពេល ៤​ឆ្នាំ គួប​ផ្សំ​នឹង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ ប្លែក​ពី​មនុស្ស​គ្រប់​គ្នា​ស្មាន​មិន​ដល់ ​គឺ​កញ្ញ​បាន​រៀប​ចំនូវ​គម្រោង​ផលិត​ស្នាដៃ​របស់​ខ្លួន​មួយ​ ហើយ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កោតសរសើរ​ថែម​ទៀត​ផង​។

កញ្ញា រី មុនីសុវណ្ណយ៉ា / Photo by CHUNKEAT

          កញ្ញា បាន​លើក​ឡើង​ពី​ខេត្តបាត់ដំបង​ដែល​ជា​ខេត្ត​ប្រជាប្រិយ​ភាព​មួយ ដែល​ល្បី​ទាំង​អាហារ​ហូប​ចុក ក៏​ដូចជា​ផ្លែឈើ រួម​ទាំង​ប្រមូល​ផ្តុំ​ទៅ​ដោយ​សិល្បៈករ​ដែល​មាន​ប្រភព មក​ពី​ខេត្ត​នេះ​ច្រើន​ជាង​។ ដោយ​ឡែក សម្រាប់​ កញ្ញា មុនីសុវណ្ណយ៉ា​នេះ​វិញ គឺ​កញ្ញា បាន​បង្កើត ជា​កម្រង​វីដេអូ​មួយ​បង្ហាញ​ពី​ធនធាន​ដែល​ខេត្តបាត់ដំបង​មាន ដែល​អ្នក​គ្រប់​គ្នា​មិន​សូវ​បាន​ចាប់​អារម្មណ៍​នោះ​គឺ ស្រូវ។ ជា​ការ​ពិតណាស់​ ខេត្ត​បាត់ដំបង គឺ​ជា​ជម្រុក​ស្រូវ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ដំណាំ​ពូជ​ស្រូវ​គ្រប់​ប្រភេទ​។ ដូចនេះ ហើយ​ទើប​កញ្ញា សម្រេច​ចិត្ត បង្កើត​ដោយ​ការ​ច្នៃ​ប្រឌិត​រចនាម៉ូដ​សម្លៀកបំពាក់​មួយ​ដែល​ទាក់ទង​នឹង​ដំណាំ​ស្រូវ​នេះ។ សម្លៀក​បំពាក់​បី​ឈុត ដែល​រៀបរាប់​ពី​ការ​វិវត្តន៍​របស់ ​ដើម​ស្រូវ ​តាំង​ពី​ដំណាក់​កាល​ដំបូង រហូត​បាន​ក្លាយ​ជា​គ្រប់​អង្ករ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​។ ជាមួយ​នឹង​ ការ​រចនា​ម៉ូដ​សម្លៀកបំពាក់​ទាំងបី​នេះ​ វា​មិនមែន​ជា​លក្ខណៈ​ងាយ​ស្រួល​នោះ​ឡើយ​ ដោយ​ក្នុង​នោះ កញ្ញា បាន​ចំណាយ​ពេល​ដេរ​ឈុត​ទាំងនេះ អស់​រយៈ​ពេល ៣​ខែ​ទើប​រួចរាល់ រួមមាន៖ ទី​មួយ គឺ​ជា​ឈុត​ទីង​មោង ទី​ពីរ ឈុត​គ្រាប់​ស្រូវ​ទុំ និង​ទីបី គឺឈុត​គ្រាប់​អង្ករ។ សម្រាប់​ឈុត​ទាំង​បី​នេះ កញ្ញា បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​រចនា​ម៉ូដ​របស់​វា ដែល​យើង​ចំណាយ​ត្រឹមតែ​វត្ថុ និង​ធនធាន​ដែល​គេ​ប្រើប្រាស់​រួច​។

          ជាក់​ស្តែង ដូច​ជា ឈុត​ទី​មួយ គឺ​ជា​ឈុត​ដែល​ពិបាក​ធ្វើ​ជាង​គេ ព្រោះ​តម្រូវ​ឲ្យ​កញ្ញា​ត្រូវ​ស្វែង​រក​បាវ​ក្រាស់ៗ​ និង​ក្រចៅ ​ដើម្បី​យក​មក​ដេរ​ច្នៃ​ចេញ​ជា​រូប​ទីង​មោង។ ជាមួយ​នឹង​ការ​ដេរ​ឈុត​ទី​មួយ​នេះ គឺ​ត្រូវ​ប្រើ​ម្ជុល​ធំៗ និង​កម្លាំង​ខ្លាំង​ក្នុង​ការ​ទាញ​ដេរ​ឲ្យ​វា​ចេញ​ជា​ម៉ូដ ហើយ​ក្នុង​នោះ​ដែរ​ កញ្ញា បាន​ដេរ​វា​ចេញ​ជា​ម៉ូដ​វាល​ស្រែ ដែល​មាន​ក្រឡា​តូច​ធំ មើល​ទៅ​ដូច​ជា​លក្ខណៈ​ធម្មជាតិ ។ ដោយ​ឡែក មើល​ទៅ​ពណ៌​នៃ​ខ្សែ​ក្រចៅ​ ដែល​យក​មក​ដេរ​នោះ​វិញ​ គឺ​កញ្ញា រំ​លេច​ជា​ពណ៌​បៃតង​ចាស់ ឲ្យ​ដូច​ជា​នឹង​ភ្លឺ​ស្រែ​យ៉ាង​ដូច្នោះ​ដែរ​។ បន្ថែម​ពី​នេះ​ទៀត​ នៅ​ផ្នែក​ខាង​លើ កញ្ញា​តុប​តែង​ជា​កំទេច​ចំ​ប៉ើង ដោយ​បញ្ជាក់​ថា រូប​ទីង​មោង​ដែល​គេ​ធ្វើ​ឲ្យ​ចាំ​ចាប​នៅ​វាល​ស្រែ​នោះ​ គឺ​ភាគ​ច្រើន​គេ​ញាត់​ចំប៉ើង​ចូល​ទៅ​ខាង​ក្នុង ទៅ​តាម​រាង​ដែល​គេ​ដេរ​ជា​រូប មនុស្ស​។ យ៉ាង​ណា​មិញ​ ក្នុង​អត្ថន័យ​នៃ​ឈុត​ទី​មួយ​នេះ គឺ​ចង់​បញ្ជាក់​ឲ្យ​ឃើញ​ពី​ដំណាក់កាល លូត​លាស់​ដើម​ស្រូវ​ជា​លើក​ដំបូង​ ដែល​ប្រជា​កសិករ​តែង​និយម​ធ្វើ​រូប​ទីង​មោង​ឲ្យ​ចាំ​ផល​ដំណាំ​ស្រូវ​របស់​ពួក​គេ ជៀស​វាង​មាន​ហ្វូង​ចាប​មក​ចឹក កំទេច​ស្រូវ​ទាំង​អស់​នោះ​។

កញ្ញា វី / Photo by DIRECT_Photography

          ដោយ​ឡែក ​ឈុត​ទី​ពីរ​វិញ​ គឺ​ឈុត​ស្រូវ​ទុំ មាន​ការ​រចនា​ទៅ​ដោយ​កំទេច​ក្រណាត់​ពណ៌​លឿង​ទុំ ស្រាល​ និង​លាយ​បៃតង​ដោយ​មាន​ទ្រាប់​ជាមួយ​នឹង​ស្រទាប់​ក្រមា​នៅ​ផ្ទៃ​ខាង​ក្រោម​ផង​ដែរ ហើយ​ត្រូវ​ដេរ​យ៉ាង​ច្រើន​ជាន់​ឲ្យ​មាន​សភាព​ក្រាស់ ដូច​ជា​ដើម​ស្រូវ​ដែល​មាន​គ្រាប់​យ៉ាង​ច្រើន​ស្អេក​ស្កះ។ សម្រាប់​ឈុត​ស្រូវ​ទុំ​នេះ គឺ​បង្កប់​ទៅ​ដោយ​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ ក្រោម​គំនិត​ច្នៃ​ប្រឌិត យក​ក្រមា​ដែល​ជា​អត្តសញ្ញាណ​របស់​កម្ពុជា ជា​ពិសេស ក្រមា​ត្រូវ​បាន​គេ​យក​ទៅ​រុំ​ក្បាល​ការពារ​កម្តៅ​ថ្ងៃ ពេល​ប្រមូល​ផល​ស្រូវ​ម្តង​។

​កញ្ញា គង់ ស្រីលីន / Photo by DIRECT_Photography

          មួយ​វិញ​ទៀត សម្រាប់​ឈុត​ទី​បី គឺ​ឈុត​គ្រាប់​អង្ករ​ ច្នៃ​ពី​ការ៉ុង​អង្ករ​ផ្ទាល់​តែ​ម្តង​។ ក្នុង​ឈុត​នេះ កញ្ញា បាន​ធ្វើការ​កាត់​ការ៉ុង​ជា​ចំណែក មាន​រាង​ទ្រវែង​ ខ្លី​ផង វែង​ផង ដូច​ជា​រាង​គ្រាប់​អង្ករ ហើយ​សម្រាប់​ដែល​ការ​យក​ការ៉ុង​មក​ធ្វើ​ជា​ឈុត​សម្លៀក​បំពាក់​នេះ គឺ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា មក​ដល់​សម័យកាល​នេះ គេ​និយម​ភាគ​ច្រើន​ប្រើ​ការ៉ុង សម្រាប់​ច្រក​អង្ករ​ផងដែរ​។

កញ្ញា ​លឿន ច័ន្ទនិមល / Photo by DIRECT_Photography

          លើស​ពី​នេះ​ទៀត​ ឆ្លៀត​ពេល​ក្នុង​ការ​រៀបរាប់​ង្ហាញ​ពីរ​បៀប​នៃ​ការ​រចនា​ម៉ូដ​ហ្វេសហ្សិន​ស្រូវ​នេះ​ដែរ កញ្ញាសុ វណ្ណយ៉ា ក៏​បាន​ច្បិច​យក​នូវ​គន្លឹះ ក៏​ដូច​ជា​វិធីសាស្រ្ត​ល្អ​ៗ​ សម្រាប់​ដល់​ប្អូន​ៗ​និស្សិត​ជំនាន់​ក្រោយ ដែល​មាន​បំណង​ចង់​ចាប់​យក​ជំនាញ រចនាក្រាហ្វិច​នេះ។​ សំខាន់ យើង​ត្រូវ​ប្រាកដ​ថា ​វា​ចេញ​ពី​ចំណង់​ចំណូល​ចិត្ត ធ្វើ​វា​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ដោយ​មិនមែន​គ្រាន់​តែ​បង្កើត​ឡើង​សម្រាប់​ការ​កម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះ​ទេ​។ មិន​តែ​ប៉ុណ្ណោះ ត្រូវ​តាំង​ចិត្ត​សិក្សា​លើ​គ្រប់​មុខ​វិជ្ជា​ដែល​ទាក់ទង​នឹង​មុខ​ជំនាញ​នេះ​ និង​ស្រាវជ្រាវ​ពី​អ្វី​ដែល​ពិភពលោក​កំពុង​តែ​ដើរ ស្រប​ពេល​ដែល យើង​គ្រប់​គ្នា​ក៏​ត្រូវ​ចូលរួម​ថែរក្សារ​វប្បធម៌ អរិយធម៌​របស់​ជាតិ​ផង​ដែរ។ ដោយសារ​តែ​មុខ​ជំនាញ​ក្រាហ្វិច​នេះ ជា​មុខ​ជំនាញ​ដែល​មាន​សារៈ​សំខាន់ សម្រាប់​កូន​ខ្មែរ​គ្រប់​រូប ​ពីព្រោះ​យើង​មាន​ធនធាន​មនុស្ស ស្រាប់ សម្រាប់​ប្រមូល​ផ្តុំ​គំនិត​ច្នៃ ប្រឌិត​ឲ្យ​មាន​ភាព​ទាក់ទាញ និង​រស​និយម​៕

Article by CHAN SEREYRATH


SUGGESTIONS