×

«ស្នាម»​គំនូរ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទុក​លំបាក​របស់​អ្នក​ដែល​មាន​ស្លាក​ស្នាម​លើ​ដង​ខ្លួន​របស់​ទីលកន​

NEWS 2 months ago
 
 

​          សិល្បៈ​គឺ​ជា​ឧគ្ឃោសនា​សព្ទ​​​ដ៏​វិសេស​មួយ​ ដើម្បី​បញ្ចេញ​សារ​ទៅ​កាន់​មហាជន​តាម​រូបភាព​ច្នៃ​ប្រឌិត​ប្លែកៗ អន្ទង​ចិត្ត​មនុស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​សារ​ទាំងនោះ។ ហេតុ​ដូច​នេះ​ទើប​សិល្បករ​ តែង​តែ​ប្រើប្រាស់គំនិត​និង​ទេពកោសល្យ​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​សារ​​ដែល​ខ្លួន​ចង់​ចែក​រំលែក​។ ប្លែក​ពី​អ្នក​គំនូរ​ដទៃ​បន្តិច អ្នក​គំនូរ​ជា​ស្រ្តី​ជំនាន់​ថ្មី​ វ័យ​ក្មេង​ កន សិរីសុភ័គ ឬ​ហៅ​ថា​ ទីល​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិល្បករ​ដែល​ចូល​ចិត្ត​គូរ​គំនូរស្ទើរ​តែ​អាក្រាត​ បាន​​បង្ហាញ​ស្នាដៃ​គំនូរ​ និយាយ​ពី "ស្នាម" ដែល​និយាយ​ពី​​កង្វល់​ផ្លូវ​ចិត្ត​របស់​អ្នក​ដែល​មាន​ស្លាក​ស្នាម​នៅ​លើ​ដង​ខ្លួន ដូច​ជា​សង្វារ​ ស្លាក​ស្នាម​ពី​ការ​វះកាត់ ផ្ទៃ​មុខ​​មាន​ស្នាម​ ឬ​រូបរាង​មិន​ស្អាត​ជា​ដើម​។ វិចិត្រករ​គំនូរ​វ័យ​២២​ឆ្នាំ​រូប​នេះ ​និយាយ​ថា​ ​មូល​ហេតុ​នៃ​ចំណូល​ចិត្ត​ក្នុង​ការ​គូរ​គំនូរ​ដែល​ស្ទើរ​តែ​អាក្រាត​នេះ​ ​គឺ​គ្រាន់​តែ​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ជា​ខ្លួន​ឯង​ លើក​កម្ពស់​ស្រ្តីភេទ​ និង​ទម្លាប់​ក្នុង​​សង្គម​ដែល​ឃាត់ឃាំង​ស្រ្តី​មិន​ឲ្យ​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​របស់​នាង​ជាដើម។ ​​ តាម​រយៈ​គំនូរ​ក្នុង​ការ​តាំង​ពិពរណ៌​ ម្ចាស់​គំនូរ​នេះ​​បាន​ពន្យល់​​ថា ​«យើង​ធ្វើ​ការ​តាំង​ពិព័រណ៍​នេះ គឺ​ដើម្បី​ឲ្យ​​ពួក​គាត់​ដឹង​ថា​ នរណា​ក៏​អាច​មាន​បញ្ហា​ទាំងអស់​នេះ​ដែរ​ ដូច្នេះ​ពួក​គាត់​មិន​គួរ​យក​ចំនុចទាំង​នេះ​មក​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ ឲ្យ​កាន់​តែ​បាក់ទឹកចិត្ត​នោះ​ទេ។» ទម្រាំ​បានចេញ​ជា​​រូប​គំនូរ​ធំៗ​ទាំង​ ៧​ ផ្ទាំង​ ទីល​ត្រូវ​​​ចំណាយ​ពេល​យូរ ដើម្បី​គិត​រក​គន្លឹះ​ច្នៃ​ប្រឌិត​ដើម្បី​ឲ្យ​ប្លែក​ពី​គំនូរ​ពី​ស្នាម​ ដែល​សិល្បករ​មុនៗ​ធ្លាប់​បង្ហាញ​រួច​មក​ហើយ។ ទីល​និយាយ​ថា​ «ខ្ញុំ​ឃើញ​ថា​នៅ​ប្រទេស​កម្ពុជា មាន​និយាយ​ពី​ ​ស្នាម​ ដែរ​ ប៉ុន្តែ​ភាគ​ច្រើន​ជា​រូប​ថត​។ ស្នាម​ របស់​ខ្ញុំ​ជា​គំនូរ ដែល​វា​ខុស​ប្លែក​ពី​គេ​មួយ​ចំណុច​ ហើយ​មួយ​ចំណុច​ទៀត​ គឺ​ខ្ញុំ​​មិន​បង្ហាញ​មុខ​នរណា​ម្នាក់​ទេ​ ដោយ​បង្ហាញ​តែ​ស្នាម​ និង​ការ​បិទបាំង​តិចតួច។»

          រំឭក​ពី​ដំណើរ​ដើម​ទង​នៃ​ការ​ចាប់​អាជីព​ជា​អ្នក​គំនូរ​ កញ្ញា ទីល បាន​ព្យាយាម​អភិវឌ្ឍ​ស្នាដៃ​គំនូរ​របស់​ខ្លួន​ចាប់​តាំង​ពី​ធំ​ពេញ​វ័យ​ និង​បាន​ចាប់​ផ្តើម​ការងារ​សិល្បៈ​​ជា​អ្នក​គំនូរ​តាំង​ពី​ចុង​ឆ្នាំ ២០១៦ ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​គ្រួសារខ្លះ​​ផង​​ ដោយ​សារ​ការ​ជំទាស់​ពី​អាណាព្យាបាល។ ត្បិត​តែ​​ព្យាយាម​បន្ត​​យក​បរិញ្ញាបត្រ​ផ្នែក​ធុរកិច្ច​ ដូច​បំណង​របស់​អ្នក​មាន​គុណ ប៉ុន្តែ​ទីល​នៅ​តែ​មិន​ព្រម​បោះបង់​​ក្តី​ស្រលាញ់​របស់​ខ្លួន​ឡើយ រហូត​អាច​បន្ទន់​ចិត្ត​គ្រួសារ​ឲ្យ​​ទទួល​យក​ការងារ​ជា​អ្នក​គំនូរ​របស់​ខ្លួន​​។ ជា​យូរ​មក​ហើយ​ ដែល​ទីល​ព្យាយាម​បង្ហាញ​ស្នាដៃ​របស់​ខ្លួន តាម​រយៈ​ការ​គូរ​គំនូរ​តូចៗ​ជា​ច្រើន​និង​ចែកចាយ​លើ​បណ្តាញ​សង្គម ក៏​ដូច​ជា​ការ​ចូល​រួម​គូរ​គំនូរ​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ក្នុង​កម្មវិធី​​វប្បធម៌​​មួយ​ចំនួន​។ ដូច​នឹង​អ្នក​គំនូរ​មួយ​ចំនួន​ដែរ​ ទីល​មិន​បាន​សិក្សា​ផ្នែក​គំនូរ​នៅ​បណ្តា​សាលា​នោះ​ទេ ប៉ុន្តែ​បាន​ចំណាយ​ពេល​ជា​ច្រើន​រៀនសូត្រ​ពី​បច្ចេកទេស​គូរ​គំនូរ​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ។ ទីល​​និយាយ​ថា​ មិន​មែន​ដោយ​សារ​សាលា​នៅ​ក្នុង​ស្រុក​​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការ​រៀនសូត្រ​បច្ចេកទេស​គំនូរ​នោះ​ទេ ប៉ុន្តែ​បញ្ហា​ដែល​កើត​ឡើង​លើ​អ្នក​គំនូរ​មួយ​ចំនួន​គឺ​ការ​ជំទាស់​ពី​អាណាព្យាបាល​ ដែល​បណ្តាល​ឲ្យ​អ្នក​គំនូរ​ជំនាន់​ថ្មី​ជាច្រើន​សុទ្ធ​សឹង​តែ​មិន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​សាលា​គំនូរ។

Image Courtesy: TYL KAN 

          ដូច​យើង​បាន​ដឹង​មក​ហើយ​ថា ការងារ​ជា​អ្នក​គំនូរ​​គឺ​សុទ្ធ​តែ​កើត​ឡើង​ដោយ​ទេពកោសល្យ​ពី​កំណើត​​ ហើយ​ទេពកោសល្យ​ទាំង​នោះ​អាច​យក​មក​ច្នៃ​ជា​អាជីព​ដើម្បី​រក​ចំណូល​បាន​តិច​ឬ​ច្រើន​អាស្រ័យ​លើ​​បច្ចេកទេស​ និង​ការ​គ្រប់គ្រង​ស្នាដៃ​ របស់​អ្នក​គំនូរ​រៀងៗ​ខ្លួន។ ជាក់​ស្តែង​ នៅ​ក្នុង​​ទីផ្សារ​ការងារ​ដែល​សំបូរ​ការ​ប្រកួត​ប្រជែង ទីល​  កំពុង​ព្យាយាម​កាន់​តែ​ខ្លាំង​ដើម្បី​ស្វែង​រក​ទីផ្សារ​ការងារ​ជាក់លាក់ ខណៈ​ដែល​ទើប​នឹង​បញ្ចប់​ការ​តាំងពិព័រណ៍​ទោល​ របស់​ខ្លួន​លើក​ដំបូង​ កាល​ពី​ពេល​ថ្មីៗ​នេះ។ ការ​ងារ​ជា​អ្នក​គូរគំនូរ​មាន​ការ​ពិបាក​ឬ​ស្រួល​ អាស្រ័យ​ទៅ​តាម​ប្រធានបទ​នីមួយៗ និង​តម្រូវ​ការ​របស់​អតិថិជន។ ខណៈ​ពេល​ដែល​ចាប់​ផ្តើម​អាជីព​ជា​អ្នក​គូរ​គំនូរ​​ម្ដង​បន្តិចៗកាល​ពី​២​ឆ្នាំ​មុន​ អ្នក​គំនូរ​ជើង​ថ្មី​នេះ​​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​ខ្លួន​​អាច​ផ្តល់​ឲ្យ​អតិថិជន​ឡើយ​​។ «ពេល​ដំបូង​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​អ្វី​ដែល​យើង​​អាច​ផ្តល់​ឲ្យ​គេ​ ណាមួយ​នៅ​ក្មេង​ ខ្លាច​គេ​គ្រាន់​តែ​ប្រើប្រាស់​យើង​ជាដើម។»

Image Courtesy: TYL KAN

          ទីល ដែល​ជា​អ្នក​គំនូរ​​​​​សម្រាប់​ការ​បោះផ្សាយ គំនូរ​Portrait​ និង​គំនូរ​សម្រាប់​បោះពុម្ព​ក្នុង​សៀវភៅ​រូប​នេះ​ យល់​ឃើញ​ថា​ចំណុច​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ស្នាដៃ​គំនូរ​​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ គឺ​ធ្វើ​យ៉ាង​ណា​អ្នក​គំនូរ​ត្រូវ​ចេះ​លក់​សេវាកម្ម​របស់​​ខ្លួន​​ទៅ​កាន់​អតិថិជន​​​ និង​អាច​និយាយ​តម្លៃ​យ៉ាង​ណា​ឲ្យ​សាកសម​នឹង​ស្នាដៃ​គំនូរ​។ ទីល​អះអាង​ថា​ «អ្វី​គ្រប់​យ៉ាង​គឺ​ទាក់ទង​នឹង​​មុខ​ជំនួញ ទោះ​បី​ជា​អ្នក​សិល្បៈ​ក៏​ត្រូវ​ការ​ទាក់ទង​នឹង​មុខ​ជំនួញ​ដែរ​។ គេ​និយាយ​ថា​ យើង​ធ្វើ​អី​ដែល​យើង​ស្រលាញ់​ ហើយ​លុយ​រត់​រក​យើង​។ ប៉ុន្តែ​សម័យ​នេះ ទាល់​តែ​យើង​ចេះ​បត់បែន​បន្តិច ហើយ​អាច​មាន​ជំនាញ​គ្រប់គ្រង​​មុខ​ជំនួញ​ខ្លួន​ឯង​។» មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ ទីល​កំពុង​រៀប​ចំ​គម្រោង​អនាគត​របស់​ខ្លួន​តាម​រយៈ​ការ​ប្រែ​ក្លាយ​ជំនាញ​និង​ចំណេះ​ដឹង​ផ្នែក​ធុរកិច្ច​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ជំនួញ​ផ្ទាល់​ខ្លួន​មួយ។ អរគុណ​ដល់​ការ​ណែនាំ​ផ្លូវ​របស់​អាណាព្យាបាល​របស់​ទីល មក​ដល់​ពេល​នេះ កញ្ញា​ទីល​បាន​ដឹង​ថា​ចំណេះ​ដឹង​ក្នុង​ការ​គូរ​គំនូរ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​បង្កើត​អាជីព​ចិញ្ចឹម​ជីវិត​នោះ​ទេ​ ព្រោះ​ជាក់​ស្តែង​វា​ត្រូវ​ការ​​ការ​បណ្តុះ​គំនិត​ក្នុង​មុខ​ជំនួញ​បន្ថែម​ទៀត​ទើប​ប្រសើរ។ «មក​ដល់​ពេល​នេះ​​ ខ្ញុំ​អរគុណ​ប៉ា​ម៉ាក់​ខ្ញុំ​ទៅ​វិញ​ទេ ព្រោះ​បើ​ខ្ញុំ​មិន​រៀន​Business ក៏​ប្រហែល​ជា​ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយ​ភ្ញៀវ​ មិន​ហ៊ាន​និយាយ​ជាមួយ​គេ​នោះ​ទេ​។» ទីល​បាន​បន្ថែម​ថា​ «អ្វី​ដែល​ជា​គម្រោង​ខ្ញុំ​ចង់​បាន​ គឺ​ប្រឡូក​នឹង​ការងារ​​មួយ​ដែល​ទាក់ទង​នឹង​​ការងារ​ច្នៃ​ប្រឌិត​ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​របទ​នៃ​មុខ​ជំនួញ​វិញ​ម្ដង។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ខ្ញុំ​ត្រូវ​ការ​រៀន​​បន្ថែម​​ឲ្យ​បាន​ច្រើន​ជាងមុន​សិន។ ខ្ញុំ​គិត​ថា​ នៅថ្ងៃខាងមុខ​ទៅ បើ​ខ្ញុំ​អាច​អភិវឌ្ឍ​ជំនាញ​របស់​ខ្ញុំ​បន្ថែម​ទៀត​បាន​ ខ្ញុំ​នឹង​ផ្តល់​នូវ​សេវាកម្ម​ប្លែក​ពី​គេ​ដូច​ជា​ការ​គូរ​រូប 2D animation ជាដើម។»

          ក្នុង​នាម​ជា​អ្នក​គំនូរ​ឯករាជ្យ​ ទីល​តែង​តែ​ទទួល​​ភ្ញៀវ​ទាក់ទង​​​រហូត​មក​ មាន​អតិថិជន​ច្រើន​​បាន​ស្គាល់​ស្នាដៃ​របស់​ទីល​ជា​ហូរហែរ​​ ដែល​អតិថិជន​គោលដៅ​ទាំង​នោះ​ភាគ​ច្រើន​មាន​វ័យ​ក្រោម​៣០​ឆ្នាំ ដែល​ចូល​ចិត្ត​គំនូរ​ឌីជីថល​ និង​គំនូរ​សម្រាប់​​ការ​ផ្សាយ​ពាណិជ្ជកម្ម​។ ខណៈ​ដែល​ទីល​អះអាង​ថា​ អតិថិជន​គោល​ដៅ​របស់​អ្នក​គំនូរ​បែប​ប្រពៃណី​​​ច្រើន​តែ​មនុស្ស​វ័យ​ចំណាស់​ ​និង​បរទេស​ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​គំនូរ​របស់​អ្នក​គំនូរ​ជំនាន់​ថ្មី​និង​អ្នក​គំនូរ​ប្រពៃណី​មាន​ទីផ្សារ​ប្រហាក់ប្រហែល​គ្នា​។ មួយ​វិញ​ទៀត​ ស្នាដៃ​គំនូរ​របស់​សិល្បករ​បច្ចុប្បន្ន​​អាច​ប្រៀប​ធៀប​ជាមួយ​នឹង​សិល្បករ​បរទេស​បាន ដោយ​សារ​គំនិត​បច្ចេកទេស​​ស៊ី​ជម្រៅ​​​អាច​ផ្តល់​សារ​តាម​រយៈ​គំនូរ​​ដល់​មនុស្ស​ទូទៅ​៕

Image Courtesy: TYL KAN

Article by Nyka



SUGGESTIONS