×

តើការហូបគ្រាប់ម្រុំអាចជួយអ្វីខ្លះ?

TRAVEL & LIVING 1 week ago
 
 

          លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ស្គាល់ ធ្លាប់​ឮ​ពី​ស្លឹក​ម្រុំ​ និង​អារហារ​បំប៉ន​ឬ​ថ្នាំ​ដែល​គេ​អះអាង​ថា​បាន​ចម្រាញ់​ពី​រុក្ខជាតិ​ម្រុំ​នេះ​។ ជា​ការ​ពិត​ណាស់​ដែល​ថា រុក្ខជាតិ​ម្រុំ​នេះ​ទាំង​ស្លឹក ផ្កា​និង​គ្រាប់​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​និង​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​យើង​។ ​ គ្រាប់​ម្រុំ​ក៏​ជា​ឱសថ​និង​ជា​គ្រាប់​ធញ្ញជាតិ​ដែល​ជួយ​ឲ្យ​សុខភាព​យើង​មាំ​មួន ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​ផ្សេងៗ​បាន​ផង​ដែរ​។  តើ​ការ​ពិសា​គ្រាប់​ម្រុំ​អាច​ជួយ ​សុខភាព​របស់​យើង​បាន​យ៉ាងម្តេច​?

          1. គ្រាប់​ម្រុំ មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីត​កម្ម​កម្រិត​ខ្ពស់ ដែល​សារធាតុ​អុកស៊ីតកម្ម​នេះ​មាន​ប្រភព​ចេញ​ពី​ខ្យល់​បំពុល​ដែល​មាន​នៅ​ក្នុង​បរិយាកាស​ចេញ​ពី ផ្សែង​ឡាន ម៉ូតូ និង​ផ្សែង​បារី ដែល​យើង​តែង​តែ​ស្រូប​ជា​ប្រយោល​តាម​ដង​ផ្លូវ​ជា​រៀងរាល់​ថ្ងៃ ហើយ​វា​ជា​ភ្នាក់ងារ​មួយ​ដ៏​សាហាវ​ដែល​បង្ករ​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ជា​ទម្ងន់។ ក្នុង​ន័យ​នេះ យើង​ក៏​អាច​និយាយ​បាន​ថា ពិសា​គ្រាប់​ម្រុំ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យក្នុង​ការ​កើត​ជំងឺ​មហារីក​បាន​មួយ​ភាគ​ធំ​ផង​ដែរ​។ ម្យ៉ាង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​នៅ​ក្នុង​គ្រាប់​ម្រុំ​នេះ​ក៏​អាច​ជួយ​ពន្យឺត​ដំណើរ​ការ​វិវឌ្ឍ​នៃ​កោសិការ​មហារីក​កុំ​ឲ្យ​រីករាលដាល​បាន​ឆាប់​រហ័ស​ពេក ​សម្រាប់​អ្នក​ដែល​មាន​ជំងឺមហារីក​រួច​ហើយ​បាន​ថែម​ទៀត​ផង​។

          2. គ្រាប់​ម្រុំ​មាន​វីតាមីន ​A, C, B ដែល​សុទ្ធ​សឹង​តែ​ជា​វីតាមីន​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ​។ ដោយ​វីតាមីន C ជួយ​ទ្រទ្រង់​និង​ពង្រឹង​ប្រពន្ធ័​ភាពស៊ាំ​ ដែល​ជា​កង​សន្តិសុខ​ដ៏​ពិសេស​ក្នុង​ការ​ការពារ​សារពាង្គ​ការ​បស់​យើង​ពី​បាក់តេរី​និង​មេរោគ​ផ្សេងៗ​ពី​ខាង​ក្រៅ ខណៈ​ដែល​វីតាមីន A ជំនួយ​ដល់​ចក្ខុ​ប្រសាទ​ដែល​ជួយ​ឲ្យ​ភ្នែក​ភ្លឺថ្លា​។ យ៉ាង​ណា​មិញ​ វីតាមីនB ​មាន​សារៈ​សំខាន់​ចំពោះ​មុខងារ​ខួរក្បាល​ បង្កើត​គ្រាប់​ឈាម​ក្រហម និង​សាង​សង់​ប្រពន្ធ័ ADN (ហ្សែន) ឲ្យ​មាន​ភាព​រឹងមាំ​បាន​ទៀត​ផង​។

          3. ជាង​នេះ​ទៅ​ទៀត គ្រាប់​ម្រុំ​ក៏​មាន​ផ្ទុក​ជាតិស័ង្កសី​ឬ​រ៉ែ​ខនិជ​ និង​កាល់ស្យូម​ ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​និង​ថែទាំ​សុខភាព​សក់ មាន​ន័យថា ជាតិ​ស័ង្កសី​របស់​គ្រាប់​ម្រុំ​ជួយ​ការពារ​កុំ​ឲ្យ​សក់​ជ្រុះ​ក៏​ដូចជា​មិន​ឲ្យ​សក់​ស្កូវ​ដូច្នោះ​ដែរ​។ មួយ​វិញ​ទៀត​វា​ក៏​មាន​តួនាទី​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​ព្រម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​ផង​ដែរ។ បន្ថែម​ពី​នេះ​ទៅ​ទៀត​គ្រាប់​ម្រុំ​អាច​ជួយ​សម្រួល​ដល់​អ្នក​ដែល​មាន​សុខភា​ពផ្លូវ​ភេទ​ខ្សោយ ព្រោះ​ជាតិ​ស័ង្កសី​ក៏​ជា​សារធាតុ​ម្យ៉ាង​ដែល​មេជីវិត​ត្រូវ​ការ​ក្នុង​ការ​វិវឌ្ឍសរីរាង្គ​បន្ត​ពូជ ឲ្យ​មាន​ថាមពល​ខ្លាំងក្លា​បាន​មួយ​កម្រិត​ដែរ។​

          4. គ្រាប់​ម្រុំ​អាច​ជួយ​ការពារ​ការ​រលាក​សម្រាប់​អ្នក​ដែល​មាន​សាច់​ឆាប់​ក្លាយ ព្រោះ​នៅ​ក្នុង​គ្រាប់​ម្រុំ​មាន​សារ​ធាតុ​ម្យ៉ាង​ដែល​ហៅ​ថា isothiocyanates ដែល​ប្រតិកម្ម​ខ្លាំង​ក្នុង​ការ​រលាក ដូចនេះ​ពិសា​គ្រាប់​ម្រុំ​ជា​ប្រចាំ​អាច​ជួយ​ព្យាបាល​ការ​រលាក​លើ​ស្បែក​បាន​យ៉ាង​ឆាប់រហ័ស មិន​ឲ្យ​សាច់​ក្លាយ​និង​មិន​មាន​ស្លាក​ស្នាម​ធំ​ដុំ​ឡើយ​។

          5. កូឡេស្តេរ៉ុល​អាក្រក់ (LDL) មាន​ប្រភព​ចេញ​ពី​ខ្លាញ់​នៅ​ក្នុង​សាច់​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​ក្នុង​បេះដូង​និង​ខួរក្បាល​។ គ្រាប់​ម្រុំ​គឺ​ជា​គ្រាប់​ធញ្ញជាតិ ដែល​អាច​ផលិត​ជាតិ​កូឡេស្តេរ៉ុល​ល្អ ​(HDL) ដែល​អាច​សម្អាត​នូវ​ពពួក​កូឡេស្តេរ៉ុល​ដែល​អាក្រក់​និង​ជួយ​ឲ្យ​មាន​លំនឹង​ជាតិ​កូឡេស្តេរ៉ុល​នៅ​ក្នុង​សារពាង្គកាយ ជួយ​សម្រក​ទម្ងន់​សម្រាប់​អ្នក​ធាត់ៗ​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ទម្ងន់​របស់​យើង​មាន​ភាព​សមតុល្យ​ផង​ដែរ​៕

Article by KEO SONG



SUGGESTIONS