×

តើ​ការ​ចម្លង​ស្នាដៃ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​ពីម្ចាស់​ដើម​អាច​ជះ​ឥទ្ធពល​បែប​ណាខ្លះ?

NEWS 6 years ago
 
 

          ចាប់​តាំង​ពី​មាន​ការ​ហូរចូល​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មក​ យើង​ឃើញ​ថា​ មនុស្ស​ជាច្រើន​តែងនិយម​ប្រាស្រ័យ​ទាក់ទង​ ចែករំលែក​ព័ត៌មាន​ទៅឲ្យ​គ្នា​ទៅវិញ​ទៅមក​ តាមរយៈ​ប្រព័ន្ធ​សង្គម​មួយ​នេះ​ខ្លាំង​ណាស់​។ ស្រប​ពេល​នឹង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​បើក​ចំហរ​បែបនេះ​ មាន​បុគ្គល​មួយ​ចំនួន​ ក៏​ដូច​ជា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បាន​ប្រើប្រាស់​ រូបភាព វីដេអូ និង​អត្ថបទ​ពី​គណនី​ហ្វេសប៊ុក​ ឬស្ថាប័ន​ព័ត៍មាន​ផ្សេង​ យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​ពុំ​បាន​សុំ​សិទ្ធិ​ និង​ការ​អនុញ្ញាតិ​ពីម្ចាស់​ដើមឡើយ​។ ការ​លួច​រូបថត​របស់​គេ ការ​បង្ហោះ​វីដេអូ​ និង​ការ​លួចចម្លង​អត្ថបទ​ដើម​ទាំង​ស្រុង​របស់​ម្ចាស់​ដើម​ គឺ​សុទ្ធសឹង​តែ​ជា​ទង្វើ​អសីលធម៌​និង​គួរ​ឲ្យស្អប់​ខ្ពើម​ជា​ទីបំផុត​ ពី​សំណាក់​និង​ប្រភព​ព័ត៍មាន​ម្ចាស់ដើម​។ ទន្ទឹម​នឹង​ការ​ផ្តល់​ព័ត៌មាន​ និង​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ​បែបនេះ​ ក្នុងនោះ​ ក៏​បាន​ចោទ​ជា​ប្រធានបទ​ដែល​ពិបាក​ក្នុង​ការ​ថ្លឹងថ្លែង​ ថា​តើ ​គួរចាត់​វិធានការ​បែបណា​ ទៅ​លើការ​បង្ហោះ​ ស្នាដៃ ឬព័ត៌មាន​កម្មសិទ្ធ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពីសាមីខ្លួន​?

            រាល់​ស្នាដៃ​ ឬ​ព័ត៌មាន​ដែល​បង្កើត​ឡើង​ ភាគច្រើន​ អ្នក​ដែល​និយម​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ តែងតែ​នាំគ្នា​ចែកចាយ​ ឬ​បង្ហោះ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ផ្ទាល់​ ដោយ​អ្នកខ្លះ​ មិន​បាន​បញ្ជាក់​ពី​ប្រភព​ច្បាស់​លាស់​ ពីម្ចាស់​ដើម​នោះទេ​។ រូបភាព​នេះ​ កើត​ឡើង​ជា​បន្តបន្ទាប់​ ហើយ​ពុំទាន់​មាន​ច្បាប់​ណា​មួយ​ចែង​យ៉ាង​ច្បាស់​ពី​ការ​កំណត់​ ឬការ​ហាម​ប្រាម​ទៅ​លើ​សិទ្ធ​ក្នុង​ការ​ចែករំលែក​ស្នាដៃ​ ដោយ​បើក​ចំហរ​ឡើយ​។ ពាក់ព័ន្ធ​នឹង​ការ​បកស្រាយ​នូវ​ចំណោទ​ខាង​លើ​នេះ​ សូវរីន បាន​ពាំនាំ​ប្រសាសន៍​ខ្លះៗ​ ក៏​ដូច​ជា ​មតិយោបល់​ជុំវិញ​បញ្ហា ​ការ​លួច​ចម្លង​ស្នាដៃ​របស់​អ្នក​ដទៃ​ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ពី​សំណាក់​លោក​ ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន​។ ក្នុង​នោះ ​លោក​បាន​លើកឡើង​ថា​ «វា​ជា​តម្លៃ​មួយ​ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ដឹង​ ព្រោះ​ការ​យក​ស្នាដៃ​អ្នកដទៃ​ យក​មក​បង្ហោះ​ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ម្ចាស់​កម្មសិទ្ធ​នោះ​ គឺ​ផ្តល់នូវ​គុណវិបិត្ត​ជា​ច្រើន​ ដូចជា​ ខ្លួនឯង​ត្រូវ​រង​នូវ​ភាព​អាម៉ាស​  មិន​មាន​សីលធម៌​ ខ្វះ​ការ​យល់ដឹង​ និង​លើស​ពី​នេះ​ទៀត​ អាច​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ម្ចាស់​ដើម​ ក្នុង​ករណី​ដែល​មាន​ការ​ប្តឹង​ផ្តល់​ក៏​ថាបាន​ ។» ដោយ​សារតែ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ នៅ​មិន​ទាន់​មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​នៅឡើយ​ ដូចនេះ​ជា​ហេតុ​នាំឲ្យ​អ្នក​ប្រើប្រាស់​ នៅ​តែ​បន្ត​ការ​ចែក​រំលែក​ស្នាដៃ​បង្ហោះ ​ដោយ​មិន​បញ្ជាក់​ពីប្រភព​ដើម​ដដែល។​ ជាមួយ​គ្នានេះ​ដែរ​ លោក ក៏​បាន​បញ្ជាក់​លម្អិត​បន្ថែម​ទៀតថា​ «បើ​ទោះ​បី​ជា​ កម្ពុជា​ នៅ​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏​ពិត​មែន​ ប៉ុន្តែ​ក៏​មិនមែន​មាន​ន័យ​ថា ​បុគ្គល​នោះ​ ចេះតែ​អាច​ចម្លង​ស្នាដៃ ឬ​ព័ត៌មាន​របស់​អ្នក​ដទៃ​មក​ធ្វើ​ជា​កម្មសិទ្ធ​របស់​ខ្លួន​បាន​ដោយ​សេរី ​និង​ទូលំ​ទូលាយ​នោះទេ​។ ផ្ទុយ​ទៅ​វិញ ​ពួកគេ​ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ឈរ​លើ​ច្បាប់​កម្មសិទ្ធ​បញ្ញា​ បើ​ក្នុង​ករណី​ដែល​ស្នាដៃ ​ឬព័ត៌មាន​នោះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្ទាល់​ពី​ម្ចាស់​ដើម​។» ​ជា​ចុង​ក្រោយ​ ដើម្បី​រក្សា​តម្លៃ​សីលធម៌​បុគ្គល​ ក៏​ដូចជា​ វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ លោក​សាស្រាចារ្យ​ ឆាយ សុផល ក៏​បាន​សំណូម​ពរ​ទៅ​ដល់​សាធារណៈ​ជន​ទាំង​ឡាយ​ អាច​ចែកចាយ​ ឬ​ប្រើប្រាស់​ស្នាដៃ​ ព័ត៌មាន​ក្នុង​កម្រិត​ណា​មួយ​ដែល​ម្ចាស់​ដើម​បាន​ផ្តល់ឲ្យ​។សាធារណៈជន​ឬស្ថាប័ន​សារព័ត៍មាន​ទាំង​ឡាយ​ក៏​គួរ​តែ​សុំ​សិទ្ធិ​និង​ការអនុញាតិ​ពី​សំណាក់​ម្ចាស់​ដើម​នៃ​ រូបថត វីដេអូ ឬ​អត្ថបទ​ជា​មុន​សិន​មុន​នឹង​ធ្វើការ​ផ្សព្វផ្សាយបន្ត​  ជៀស​វាង​ករណី​លួចចម្លង​ស្នាដៃ​ ដែល​នាំឲ្យ​កើត​មាន​ជា​បញ្ហា​ទៅវិញ​ទៅមក​៕

Article by CHAN SEREYRATH


SUGGESTIONS