តើការចម្លងស្នាដៃបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយគ្មានការអនុញ្ញាតិពីម្ចាស់ដើមអាចជះឥទ្ធពលបែបណាខ្លះ?
NEWS 6 years agoចាប់តាំងពីមានការហូរចូលនៃបណ្ដាញសង្គមហ្វេសប៊ុកមក យើងឃើញថា មនុស្សជាច្រើនតែងនិយមប្រាស្រ័យទាក់ទង ចែករំលែកព័ត៌មានទៅឲ្យគ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធសង្គមមួយនេះខ្លាំងណាស់។ ស្របពេលនឹងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានបើកចំហរបែបនេះ មានបុគ្គលមួយចំនួន ក៏ដូចជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយខ្លះបានប្រើប្រាស់ រូបភាព វីដេអូ និងអត្ថបទពីគណនីហ្វេសប៊ុក ឬស្ថាប័នព័ត៍មានផ្សេង យកទៅផ្សព្វផ្សាយបន្តដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនដោយពុំបានសុំសិទ្ធិ និងការអនុញ្ញាតិពីម្ចាស់ដើមឡើយ។ ការលួចរូបថតរបស់គេ ការបង្ហោះវីដេអូ និងការលួចចម្លងអត្ថបទដើមទាំងស្រុងរបស់ម្ចាស់ដើម គឺសុទ្ធសឹងតែជាទង្វើអសីលធម៌និងគួរឲ្យស្អប់ខ្ពើមជាទីបំផុត ពីសំណាក់និងប្រភពព័ត៍មានម្ចាស់ដើម។ ទន្ទឹមនឹងការផ្តល់ព័ត៌មាន និងចែករំលែកយ៉ាងទូលំទូលាយបែបនេះ ក្នុងនោះ ក៏បានចោទជាប្រធានបទដែលពិបាកក្នុងការថ្លឹងថ្លែង ថាតើ គួរចាត់វិធានការបែបណា ទៅលើការបង្ហោះ ស្នាដៃ ឬព័ត៌មានកម្មសិទ្ធដោយមិនមានការអនុញ្ញាតពីសាមីខ្លួន?
រាល់ស្នាដៃ ឬព័ត៌មានដែលបង្កើតឡើង ភាគច្រើន អ្នកដែលនិយមប្រើបណ្តាញសង្គមហ្វេសប៊ុក តែងតែនាំគ្នាចែកចាយ ឬបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ ដោយអ្នកខ្លះ មិនបានបញ្ជាក់ពីប្រភពច្បាស់លាស់ ពីម្ចាស់ដើមនោះទេ។ រូបភាពនេះ កើតឡើងជាបន្តបន្ទាប់ ហើយពុំទាន់មានច្បាប់ណាមួយចែងយ៉ាងច្បាស់ពីការកំណត់ ឬការហាមប្រាមទៅលើសិទ្ធក្នុងការចែករំលែកស្នាដៃ ដោយបើកចំហរឡើយ។ ពាក់ព័ន្ធនឹងការបកស្រាយនូវចំណោទខាងលើនេះ សូវរីន បានពាំនាំប្រសាសន៍ខ្លះៗ ក៏ដូចជា មតិយោបល់ជុំវិញបញ្ហា ការលួចចម្លងស្នាដៃរបស់អ្នកដទៃ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ពីសំណាក់លោក ឆាយ សុផល សាស្ត្រាចារ្យសារព័ត៌មាន។ ក្នុងនោះ លោកបានលើកឡើងថា «វាជាតម្លៃមួយ ដែលមនុស្សគ្រប់រូបត្រូវដឹង ព្រោះការយកស្នាដៃអ្នកដទៃ យកមកបង្ហោះ ឬចែកចាយដោយគ្មានការយល់ព្រមពីបុគ្គលម្ចាស់កម្មសិទ្ធនោះ គឺផ្តល់នូវគុណវិបិត្តជាច្រើន ដូចជា ខ្លួនឯងត្រូវរងនូវភាពអាម៉ាស មិនមានសីលធម៌ ខ្វះការយល់ដឹង និងលើសពីនេះទៀត អាចនឹងទទួលខុសត្រូវចំពោះម្ចាស់ដើម ក្នុងករណីដែលមានការប្តឹងផ្តល់ក៏ថាបាន ។» ដោយសារតែ ប្រព័ន្ធផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅមិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយ ដូចនេះជាហេតុនាំឲ្យអ្នកប្រើប្រាស់ នៅតែបន្តការចែករំលែកស្នាដៃបង្ហោះ ដោយមិនបញ្ជាក់ពីប្រភពដើមដដែល។ ជាមួយគ្នានេះដែរ លោក ក៏បានបញ្ជាក់លម្អិតបន្ថែមទៀតថា «បើទោះបីជា កម្ពុជា នៅមិនទាន់មានច្បាប់គ្រប់គ្រងព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកក៏ពិតមែន ប៉ុន្តែក៏មិនមែនមានន័យថា បុគ្គលនោះ ចេះតែអាចចម្លងស្នាដៃ ឬព័ត៌មានរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធរបស់ខ្លួនបានដោយសេរី និងទូលំទូលាយនោះទេ។ ផ្ទុយទៅវិញ ពួកគេ អាចនឹងប្រឈមមុខនឹងការដោះស្រាយបញ្ហាដោយឈរលើច្បាប់កម្មសិទ្ធបញ្ញា បើក្នុងករណីដែលស្នាដៃ ឬព័ត៌មាននោះត្រូវបានផលិតឡើងដោយផ្ទាល់ពីម្ចាស់ដើម។» ជាចុងក្រោយ ដើម្បីរក្សាតម្លៃសីលធម៌បុគ្គល ក៏ដូចជា វិជ្ជាជីវៈអ្នកសារព័ត៌មាន លោកសាស្រាចារ្យ ឆាយ សុផល ក៏បានសំណូមពរទៅដល់សាធារណៈជនទាំងឡាយ អាចចែកចាយ ឬប្រើប្រាស់ស្នាដៃ ព័ត៌មានក្នុងកម្រិតណាមួយដែលម្ចាស់ដើមបានផ្តល់ឲ្យ។សាធារណៈជនឬស្ថាប័នសារព័ត៍មានទាំងឡាយក៏គួរតែសុំសិទ្ធិនិងការអនុញាតិពីសំណាក់ម្ចាស់ដើមនៃ រូបថត វីដេអូ ឬអត្ថបទជាមុនសិនមុននឹងធ្វើការផ្សព្វផ្សាយបន្ត ជៀសវាងករណីលួចចម្លងស្នាដៃ ដែលនាំឲ្យកើតមានជាបញ្ហាទៅវិញទៅមក៕
Article by CHAN SEREYRATH