×

ម្ហូប​ប្រាំ​មុខ​ចម្អិន​ពី​ម្រះ ដែល​អ្នក​គួរ​តែ​សាក​ល្បង

TRAVEL & LIVING 1 month ago
 
 

          បើ​ទោះ​បី​ជា​ដឹង​ថា​ម្រះ​ជា​ប្រភេទ​បន្លែ​ដែល​មាន​រសជាតិ​ល្វីង​ក៏​ពិតមែន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធំ​នៅ​តែ​ចូលចិត្ត​ទទួលទាន​វា ព្រោះ​តែ​គុណ​ប្រយោជន៍​ដ៏​លើសលប់​របស់​ផ្លែម្រះ​បាន​ជះឥទ្ធិពល​យ៉ាង​លើសលប់​ចំពោះ​សុខភាព​រាងកាយ​របស់​អ្នក។ ជាតិ​ល្វីង​របស់​ម្រះ​អាច​ជំនួយ​ដល់​ចក្ខុប្រសាទ ដែល​មាន​ន័យ​ថា​ជួយ​ឲ្យ​ភ្នែក​ភ្លឺថ្លា និង​មាន​សុខភាព​ល្អ​ផងដែរ។ សម្រាប់​មិត្តនារី​យើង​វិញ ម្រះ​ក៏​អាច​ដោះស្រាយ​បញ្ហា​វដ្តរដូវ​មិន​ទៀងទាត់​ទៀត​ផង។ ជា​ការ​ពិត​ណាស់ ម្រះ​ត្រូវ​បាន​ប្រជាជន​ទូទៅ​នៅ​ទូទាំង​ពិភពលោក ច្រើន​និយម​យក​ទៅ​ធ្វើ​ជា​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា។ បើ​ទោះបី​ជា​រសជាតិ​ល្វីង​របស់​វា​ធ្វើ​ឱ្យ​មនុស្ស​មួយភាគ​តូច​មិន​ចូលចិត្ត​ក្នុង​ការ​ទទួលទាន​ក៏​ដោយ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ភ្លេច​ទេ​ថា​រសជាតិ​ល្វីង​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​រួម​ជា​មួយ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​នោះ​បាន​ក្លាយ​ទៅ​ជា​គ្រឿងផ្សំ​ដ៏​ចាំបាច់​មួយ និង​ជា​ជំនួយ​ការ​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ម្ហូប​ទទួលទាន​ជា​ប្រចាំ​ថ្ងៃ​នោះ។ សូវរីន សូម​បង្ហាញ​ពី​វិធី​ចម្អិន មុខម្ហូប​ម្រះ​ទាំងប្រាំ ដូច​ខាង​ក្រោម៖

ជ្រក់ម្រះ

គ្រឿងផ្សំ៖​ ផ្លែម្រះ​ស្រស់ ៥០០ក្រាម, ការ៉ុត ២០០ក្រាម, ម្ទេសខៀវ និង​ម្ទេសក្រហម​ (កាត់កង់ៗ), ខឹ្ទមស​ (ហាន់ស្តើងៗ), ខឹ្ទមក្រហម, ក្រូចឆ្មារ, អំបិល និង ស្ករស

របៀបធ្វើ៖ដំបូង​យើង​ត្រូវ​ហាន់ម្រះ​ឲ្យ​ស្តើងៗ​រួច​យកម្រះ​ដែល​ហាន់​រួច​មក​ច្របល់​ជាមួយ​អំបិល​បនិ្តច​ដើម្បី​ឲ្យ​ម្រះ​កាត់​ជាតិ​ល្វីង។ បន្ទាប់​មក យើង​ត្រូវ​លាយ​គ្រឿង​ដូចជា ក្រូចឆ្មារ អំបិល ស្ករស ម្ទេស ខ្ទឹមស និងខ្ទឹមក្រហម ចាក់​លាយ​បញ្ចូលគ្នា ហើយ​កូរ​វា​ឲ្យ​សព្វ រួច​ទុក​ក្នុង​ចាន​ចង្កឹះ​មួយ​អន្លើ​សិន។ ក្រោយ​មក​ទៀត​យើង​យក​ការ៉ុត​ទៅ​ឈូស​ហើយ​ច្របល់​ជា​មួយ​ម្រះ​ដែល​បាន​ហាន់​រួច​នោះ​ទុក​ក្នុង​ចាន​គោម​ធំមួយ បន្ទាប់​មក​ទើប​យើង​ចាក់​ទឹក​គ្រឿងផ្សំ​ដែល​បាន​ផ្សំរួច​ហើយ​នោះ​ចូល​ទៅ​ហើយ​ច្របល់​បញ្ចូល​គ្នា​ឲ្យ​រៀង​ស្រគាំ​បន្តិច ចាំ​យើង​ចាក់​ជ្រក់​នោះ​ដាក់​ក្នុង​ក្រទ្ប​ជា​ការ​ស្រេច៕​ (បញ្ជាក់៖ ជ្រក់ភ្លាម​យើង​អាច​ញុំា​បាន​ភ្លាម​តែម្តង)


 

ចំណិតម្រះចៀន

គ្រឿងផ្សំ៖ ផ្លែម្រះ, ម្សៅអង្ករ​ ៤​ស្លាបព្រា​បាយ, ម្សៅពោត​ ២​ស្លាប​ព្រា​បាយ, ម្ទេសម៉ត់​ (Chili Powder) ២​ស្លាបព្រា​កាហេ្វ, ម្សៅរមៀត​ ១/៤​​ស្លាបព្រា​កាហេ្វ, អំ​បិល ១ចុង​ស្លាបព្រា​កាហ្វេ, ប្រេងឆា និង ជីរវ៉ាន់ស៊ុយ

របៀបធើ្វ៖ ដំបូង​យើង​ត្រូវ​កាត់​ម្រះ​ជា​ចំណិត​ស្តើងៗ បន្ទាប់​មក​យើង​ត្រូវ​យក​វា​ទៅ​ត្រាំ​ទឹកអំបិល​ប្រមាណ​ប្រាំនាទី ក្រោយ​មក​ទើប​យើង​យក​វា​ទៅ​លាង​ទឹកស្អាត​ចេញ​រួច​ទុក​មួយ​អន្លើ។ ជំហាន​បន្ទាប់​យើង​ចាប់​ផ្តើម​យក​ម្សៅអង្ករ ម្សៅពោត ម្ទេសម៉ត់ ម្សៅរមៀត អំបិល រួច​បន្ថែម​ទឹក​បនិ្ដច​ឲ្យ​សមាមាត្រ​ទៅ​នឹង​ម្សៅ​យើង​ហើយ​កូរ​ច្របល់​ចូល​គ្នា​ឲ្យ​បាន​សព្វ​ល្អ។ បន្ទាប់​មក​ទៀត​យើង​អាច​យក​ម្រះ​ដែល​បាន​លាង​ទឹកស្អាត​នោះ​ទៅ​ប្រឡាក់​ម្សៅ​ដែល​យើង​បាន​លាយ​គ្រឿងផ្សំ​រសជាតិ​ស្រាប់ ហើយ​ទើប​យើង​អាច​ដាក់​ចៀន​ក្នុង​ប្រេងឆា​ដែល​ក្តៅខ្លាំង​នោះ។ ក៏​ប៉ុនែ្ត​សូម​បើក​ភ្លើង​តិចៗ​ទើប​អាច​ធ្វើ​ឲ្យ​វា​ឆ្អិន​ដល់​ខាង​ក្នុង​បាន​ល្អ៕


 

ការីម្រះ

គ្រឿងផ្សំ​៖ ផ្លែម្រះ​ ២ផ្លែ, ម្សៅម្ទេសម៉ត់​ ២​-៣​ស្លាបព្រា​កាហេ្វ, ម្សៅរមៀត​ ២​ស្លាបព្រា​កាហេ្វ, យ៉ាអួ (Yogurt) មួយ​កំប៉ុង​តូច, អំបិល ១​ចុង​ស្លាបព្រា​កាហ្វេ, ប្រេងដូង​ ៤​ស្លាបព្រា​បាយ, ម្សៅ​ Chickpea ១​ស្លាបព្រា​បាយ, ខ្ទឹមបារាំង​ (ហាន់​ជា​ដុំ​តូចៗ), មេ្ទស​​ (ហាន់​ជា​កង់ៗ​តូចៗ), ខឹ្ទមស​ (៣កំពឹស), ស្លឹក​ក្រូចសើច, ក្រូចឆ្មា និង មេ្ទសឆ្អើរ​

របៀបធ្វើ​៖ ដំបូង​យើង​ត្រូវ​យក​ម្រះ​មក​ហាន់​ចំណិតៗ​មិន​ស្ដើង​ពេក​ក៏​មិន​ក្រាស់ពេក រួច​យក​ទៅ​ត្រាំទឹក​អំបិល​ប្រហែល​ជា​៣នាទី​សិន។ បន្ទាប់មក​ទៀត យើង​ត្រូវ​ដាក់​ប្រេងដូង​ទៅ​ក្នុង​ឆ្នាំង​តូចល្មម​មួយ​ហើយ​កម្តៅ​វា​ឲ្យ​ក្តៅ។ ក្រោយ​មក​ទៀត យើង​ចាប់​ផ្តើម​ដាក់​គ្រឿង​ចូល​គ្នា​មាន​ដូច​ជាខឹ្ទមស​(ចិញ្រ្ជាំ) ម្សៅ Chickpea ម្សៅ​រមៀត ម្ទេសម៉ត់ និងម្ទេសឆ្អើរ​ចាក់ចូល​ក្នុង​ឆ្នាំង ហើយ​ទុក​វា​ឲ្យ​រៀង​ឈ្ងុយ​បនិ្តច សឹម​ដាក់​ខឹ្ទមបារាំង​ និង​ស្លឹក​ក្រូច​សើច​ចូល។ បន្ទាប់​មក​ទៀត​យើង​ត្រូវ​កូរច្របល់​វា​បញ្ជូល​គ្នា​រហូត​ដល់​ស្លឹក​ក្រូចសើច​ក្រៀម​បនិ្តច ​ទើប​យើង​អាច​បង់​ម្រះ និង​មេ្ទស​ស្រស់​ចូល ហើយ​បនែ្ថម​អំបិល​បន្តិច និង Yogurt មួយ​កំប៉ុង​តូច​រួច​កូរ​ឲ្យ​បាន​សព្វ​គ្រឿង​រហូត​ដល់​គោកទឹក​ជា​ការ​ស្រេច៕


 

ម្រះដុត

គ្រឿងផ្សំ៖ ផ្លែ​ម្រះ​​ស្រស់ ៦០០ក្រាម, សាច់ជ្រូក​​ (ចិញ្រ្ជាំ) ៣០០ក្រាម, ខឹ្ទមស ៣កំពឹស, ខឹ្ទមក្រហម ៣កំពឹស, ម្រេច (តាម​ចំណូល​ចិត្ត), ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​កាហ្វេ, ស្ករស ១​ស្លាបព្រា​កាហ្វេ, ម្សៅស៊ុប ១​ស្លាបព្រា​កាហ្វេ, ស្លឹកជីរវ៉ាន់ស៊ុយ និង ស្លឹកខឹ្ទម

របៀបធ្វើ៖ ដំបូង​យើង​ត្រូវ​យក​ម្រះ​ទាំង​មូល​មក​វះ​រួច​ឆ្កឹះ​យក​គ្រាប់​ចេញ​បន្ទាប់​មក​យើង​យក​អំបិល​មក​ច្របាច់​ជា​មួយ​ម្រះ​ឲ្យ​បាន​សព្វ រួច​ហើយ​យក​ទៅ​ស្រុះ​ទឹកក្តៅ​ចោល​មួយសន្ទុះ​សិន​ដើម្បី​ឲ្យ​ម្រះ​របស់​យើង​កាត់​ជាតិ​ល្វីង និង​ផ្តល់​ភាព​ងាយ​នៅ​ពេល​ដែល​យើង​ញាត់​សាច់​ចូល​ផង​ដែរ។ បន្ទាប់​មក​យើង ចាប់​ផ្តើម​ចិញ្រ្ចាំ​សាច់​ជ្រូក រួច​យក​មក​ផ្សំ​គ្រឿង​ដូច​ជា ខ្ទឹមស ខ្ទឹមក្រហម ទឹកស៊ីអ៊ីវ អំបិលស៊ុប ស្ករស ម្រេច ស្លឹកខ្ទឹម ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ​គ្រឿង​រួច​សឹម​យើង​យក​សាច់ជ្រូក​ទៅ​ញាត់​ក្នុង​ម្រះ ហើយ​យើង​អាច​យក​ម្រះ​នោះ​ទៅ​ដុត​ដោយ​ប្រើ​រយៈ​ពេល​៣០-៤៥នាទី​រហូត​ដល់​ម្រះ​នោះ​ឆ្អិន​ជា​ការ​ស្រេច។ សម្រាប់​ជីរ​វ៉ាន់ស៊ុយ​វិញ​យើង​អាច​ដាក់​ដើម្បី​បន្ថែម​កិ្លន​ឈ្ងុយ​ពី​លើ​ម្រះដុត​នោះ​នៅ​ពេល​ដែល​អ្នក​ទទួលទាន​៕


 

ខម្រះ

គ្រឿងផ្សំ៖ ឆ្អឹងជំនីរជ្រូក ៤០០ក្រាម, ផ្លែម្រះស្រស់ ៣០០ក្រាម, ខឹ្ទមស​ ៣កំពឹស, ម្រេច, ស្ករត្នោត, អំបិលស៊ុប, ទឹកត្រី, ស្លឹកខឹ្ទម និង ប្រេងឆា

របៀបធ្វើ៖ ដំបូង​យើង​ត្រូវ​យក​ម្រះ​កាត់​ដុំតូចៗ​រួច​យក​ច្របាច់​អំបិល (ប្រសិន​បើ​អ្នក​មិន​ចូលចិត្ត​លី្វង) បន្ទាប់​មក​យក​ប្រេងឆា​ទៅ​កម្តៅ​ឲ្យ​ក្តៅ​សិន ទើប​យើង​អាច​ដាក់​ខឹ្ទមស​ចូល​រំលីង​ឲ្យ​ឈ្ងុយ ហើយ​សឹម​ដាក់​ស្ករត្នោត​ចូល រួច​កូរ​វា​ឲ្យ​រៀង​ក្រហម​បន្តិច រួច​យើង​ចាក់​ឆ្អឹងជំនីរ​ជ្រូក​ចូល ហើយ​យើង​ចាប់​ផ្តើម​ផ្សំគ្រឿង​មាន​ដូច​ជា ទឹកត្រី អំបិលស៊ុប ម្រេច រួច​បន្ថែម​ទឹក​បនិ្តច​រំងាស់​ឆ្អឹងជំនីរ​ឲ្យ​ឆិ្អន សឹម​ដាក់​ម្រះ​ចូល​បន្ត​បន្ទាប់។ នៅ​ពេល​ដែល​ម្រះ​យើង​ឆិ្អន​ហើយ បង់​ស្លឹកខឹ្ទម​ពី​លើ​ជា​ការ​ស្រេច៕



SUGGESTIONS