មិត្តយុវវ័យប្រុសស្រីទូទាំងប្រទេសដែលនិយមស្តាប់បទចម្រៀងក្នុងស្រុកបែបមនោសញ្ចេតនា មិត្តច្បាស់ជាស្គាល់បទចម្រៀងពីរបទដែលកំពុងមានប្រជាប្រិយភាពនោះគឺបទ “ពាក្យថាសង្សារចាស់” និងបទ “មនុស្សប្រុសម្នាក់នេះសំខាន់នៅពេលណា?” ជាក់ជាមិនខាន។ បទចម្រៀងដ៏ល្បីលំដាប់ផ្ទៃប្រទេសទាំងពីរបទនេះត្រូវបានកើតចេញពីទឹកដៃសិល្បៈតែងនិពន្ធរបស់ក្រុមតារាចម្រៀងវ័យក្មេងដែលមានឈ្មោះបែបបរទេសថា “Mustache Band”។ តើក្រុមតន្រ្តីដែលកំពុងទទួលបានភាពជោគជ័យខ្លាំងពីសំណាក់មិត្តៗយុវវ័យមួយនេះមានប្រវត្តិនិងការតស៊ូអ្វីខ្លះក្នុងវិស័យសិល្បៈទម្រាំបានដើរដល់ចំណុចនេះ? តើពួកគេមានគម្រោងបែបណាដើម្បីអភិវឌ្ឍសមត្ថភាពក្នុងអាជីព?
ក្រុមតន្រ្តី “Mustache Band” មានសមាជិកសុទ្ធតែប្រុសទាំងអស់ សរុបចំនួនប្រាំនាក់ដែលកាន់តួនាទីផ្សេងៗគ្នា ក្នុងនោះរួមមាន ជេនជាតារាចម្រៀង ប៉ាវជាអ្នកកាន់ហ្គីតាសូឡូ ម៉ានុតជាអ្នកវាយស្គរ ប៊ីលីជាអ្នកកាន់ហ្គីតាបាស និង តាប់ជាអ្នកលេងអ័ក។ ជួបជាមួយសមាជិកទាំងប្រាំរូបនៃក្រុមតន្រ្តីនេះនៅស្ទូឌីយ៉ូទស្សនាវដ្តីសូវរីន ពួកយើងបានដឹងថា ក្រុមនេះបង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ប៉ុន្តែកាលនោះពួកគេមិនមែនមានសមាជិក៥នាក់ដូចសព្វថ្ងៃនេះទេ។ ចេនដែលជាស្ថាបនិកក្រុមបានរៀបរាប់ថារូបគេស្រឡាញ់សិល្បៈចម្រៀងយ៉ាងខ្លាំង ហើយគេបានចាកចេញពីខេត្តកោះកុងដែលជាស្រុកកំណើត មកបង្កើតជាក្រុមតន្រ្តីជាមួយមិត្តភក្តិដែលមកពីខេត្តជាមួយគ្នា។“ខ្ញុំចង់ឲ្យទស្សនិកជនខ្មែរស្គាល់ពីក្រុមតន្រ្តីឲ្យបានច្បាស់ ចង់ឲ្យពួកគាត់យល់ពីឧបករណ៍នីមួយៗឲ្យបានច្បាស់ ដូចជាហ្គីតាបាសដែលមានខ្សែ៤ជាដើម ហើយនេះជាក្តីស្រមៃរបស់ខ្ញុំ!” ប៉ុន្តែការបង្កើតក្រុមលើកទីមួយជួបប្រទះនូវការបរាជ័យដោយសារបញ្ហាមិនចុះសម្រុងគ្នារហូតឈានដល់ដំណាក់កាលផ្អាកការផលិតបទចម្រៀងមួយរយៈធំ ទម្រាំតែនឹងបានរើសសមាជិកថ្មីៗដែលមានឆន្ទៈតស៊ូដើរលើផ្លូវតែមួយ ចាប់ដៃគ្នាសហការផលិតបទចម្រៀងរួមគ្នាជាប់រហូតដល់សព្វថ្ងៃ។ អ្វីដែលគួរឲ្យកោតសរសើរនោះគឺជេនដែលជាប្រធានក្រុមមិនដែលមានគំនិតបញ្ឈប់មហិច្ឆតារបស់ខ្លួនម្តងណាទេ ទោះបីជាមានការបែកបាក់សមាជិកក្រុមជាច្រើនដងក៏ដោយ។
ជេនប៉ាវម៉ានុតប៊ីលីតាប់
“ក្រោយការបែកបាក់លើកទី១ យើងមានបទពិសោធន៍មួយហើយថាមិនមែនចេះតែចាប់ដាក់ៗទេ យើងត្រូវស្វែងយល់ពីគ្នាសិនមិនមែនងាយស្រួលទេ។ ត្រូវមើលឆន្ទៈ (របស់សមាជិកក្រុម) ព្រោះឆន្ទៈជារឿងសំខាន់បំផុត! ” ប្រធានក្រុមបានលើកឡើង។ លោកបានបន្តទៀតថា “សមត្ថភាពឬភាពខ្លាំងមិនមានប្រយោជន៍ទេ ប្រសិនបើអត្តចរិតមនុស្សមានភាពឆ្មើងឆ្មៃឬអំណួត។ យើងត្រូវការមនុស្សចិត្តដូចគ្នាអាចតស៊ូជាមួយគ្នាពីចំណុចសូន្យ។” បន្ទាប់ពីការបែកបាក់ក្រុមនោះមក ជេនបានចាប់ផ្តើមរួមការងារជាមួយម៉ានុតនិងប៉ាវដែលជាតន្រ្តីករធ្លាប់ស្គាល់គ្នាពីមុនមកដែរ។ រីឯប៊ីលីទើបក្លាយជាសមាជិកកាលពីខែកុម្ភៈឆ្នាំ២០១៧ ដែលគេមានអតីតភាពជាកូនសិស្សរបស់ជេនផ្ទាល់។ សមាជិកថ្មីចុងក្រោយគេគឺតាប់ដែលជាអ្នកលេងអ័ក ទើបនឹងបានចូលកាលពីខែមេសាឆ្នាំ២០១៧ក្រោយប៊ីលីបន្តិច។
បទដែលល្បីដំបូងរបស់ក្រុមនេះគឺបទដែលមានចំណងជើងថា “ប្រុសម្នាក់នេះសំខាន់នៅពេលណា?” ដែលត្រូវបានបង្ហោះជាផ្លូវការនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ក្រុម Mustache Band កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។ បើតាមការអះអាងរបស់ជេនដែលជាអ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេងនៃបទនេះផ្ទាល់បានបង្ហាញថា ចំពោះបទនេះត្រូវបានសរសេរក្នុងរយៈពេលដ៏ខ្លី ហើយស្របពេលដែលលោកទើបបង្កើតក្រុមដែលមានសមាជិកថ្មី“ខ្ញុំបានក្រុមភ្លាមសរសេរភ្លាម! ខ្ញុំមានអារម្មណ៍ថាលឿនមែនទែនសរសេរ(ទំនុកច្រៀង) ត្រឹម៥-១០នាទីប៉ុនហ្នឹងដោយសារចិត្តខ្ញុំចង់បាន!”។ ជាលទ្ធផលគ្រាន់តែចេញផ្សាយភ្លាម បទនេះទទួលបានការចាប់អារម្មណ៍ពីមិត្តអ្នកស្តាប់ច្រើនមែនទែន ហើយក្រោយមករឹតតែល្បីខ្លាំងនៅពេលផលិតជាវីដេអូចម្រៀងដែលមានអ្នកចូលស្តាប់និងទស្សនាតាមរយៈបណ្តាញសង្គម បន្តបន្ទាប់រហូតជាង១លានដង។ វីដេអូបទនេះត្រូវបានថតនៅលើកំពូលភ្នំបូកគោពោរពេញដោយទេសភាពយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញគួបផ្សំនឹងការសម្តែងយ៉ាងរស់រវើកអង្រួនដួងចិត្តយុវវ័យសម័យថ្មី ហើយក្រុមនេះក៏ធ្លាប់យកបទនេះទៅចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំមួយនៅភ្នំបូកគោ កាលពីខែតុលា ឆ្នាំ២០១៧ដែរ។ បន្ទាប់ពីបទនេះ ក្រុមនេះក៏ល្បីតាមរយៈបទ “ពាក្យថាសង្សារចាស់” ដែលបានចេញផ្សាយដំបូងកាលពីចុងខែកក្កដាឆ្នាំ២០១៧។ បទទីពីរនេះពិតជាមិនធម្មតាទេ ព្រោះវាធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមកំពូលបទចម្រៀងល្បីៗទាំង២០បទប្រចាំខែកញ្ញាឆ្នាំ២០១៧ ដែលត្រូវបានបង្ហោះក្នុងកម្មវិធីទូរសព្ទដៃ SMART MUSIC App របស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ SMART ដែលឈានមុខគេមួយនៅកម្ពុជាផងដែរ។ ក្រៅពីបទទាំងពីរនេះ ក្រុមតន្រ្តីនេះបានចេញផ្សាយបទចម្រៀងជាច្រើនទៀតដូចជា សម្បថនិស្ស័យ ស្នេហ៍គ្មានអាយុ មិនអាចទៅរួច និងអាក្របី ជាដើម។
ទាក់ទងនឹងការតែងនិពន្ធបទថ្មី ជេនបានពន្យល់ប្រាប់ថា“ខ្ញុំផលិតបទផ្តើមចេញពីចំណងជើងដែលខ្ញុំចង់បាន។ បើសិនជាខ្ញុំមានចំណងជើងដែលខ្ញុំចង់បានហើយ ខួរក្បាលខ្ញុំពេលទៅណាតែងតែនឹកទៅដល់មេឡូឌីជានិច្ច។ ពេលដែលនឹកឃើញមេឡូឌីដែលចង់បានហើយ ត្រូវsaveទុកភ្លាម។ ពេលសរសេរមិនចេញត្រូវទុកសិនមិនអាចបង្ខំបានឡើយ។”
ជាមួយគ្នានេះដែរម៉ានុតអ្នកវាយស្គរក្នុងក្រុមបាននិយាយអំពីចំណុចល្អៗនៃទំនាក់ទំនងការងារក្រុមថា “ពេលពួកគាត់មានបញ្ហា ពួកគាត់ចេះពិភាក្សាគ្នា។ ពេលមានកំហុសគឺប្រាប់ត្រង់ៗមិនលាក់គ្នាទេ។ យើងជាក្រុមតែមួយដូចគ្រួសារអ៊ីចឹងសព្វថ្ងៃនេះ!”
ដោយឡែក ប៊ីលីដែលជាសិស្សប្អូនបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំចង់ឲ្យក្រុមខ្ញុំអភិវឌ្ឍមួយចំណែកទៀតដែលមិនមែនត្រឹមតែចំណុចនេះឡើយ។ ពួកខ្ញុំនឹងព្យាយាមធ្វើវាឲ្យកាន់តែល្អប្រសើរឈានទៅកាន់ឆាកអន្តរជាតិ! តែវាអាស្រ័យទៅលើឆន្ទៈ ការតស៊ូ និងភាពអត់ធ្មត់របស់យើងម្នាក់ៗ។”
ដើម្បីជំនះរាល់ឧបសគ្គលើវិថីសិល្បៈ ក្រុមតន្រ្តីយុវវ័យ Mustache Band បានបង្កើតជាពាក្យស្លោកលើកទឹកចិត្តសិល្បករជាសកលថា “ទឹកភ្នែកដែលហូរកាត់ថ្ពាល់ឲ្យស្គាល់ភាពបរាជ័យ ចាប់ផ្តើមថ្ងៃស្អែកជាថ្មីឲ្យមានន័យមានតម្លៃជាងមុន”។ ពួកគេចង់និយាយប្រាប់អ្នកសិល្បៈទាំងអស់ មិនថាសិល្បៈអ្វីក៏ដោយគឺត្រូវតែតស៊ូពុះពារ កុំបោះបង់ក្តីស្រមៃដោយសារតែឧបសគ្គខ្លះៗដែលរាំងស្ទះ៕
Article by SRIN SOKMEAN