×

ប្ដូរ​បរិយាកាស​តាម​បែប​ផ្សង​ព្រេង និង​បោះ​ជំរំ​ក្នុង​ព្រៃ នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ ជាមួយ​នឹង Cardamom Tented Camp

TRAVEL & LIVING 1 month ago
 
 

          ការ​ស្វែង​រក​រមណីយដ្ឋាន ឬ​ទី​កន្លែង​កម្សាន្ត​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​ព្រះរាជាណាចក្រ កម្ពុជា ហាក់​មិន​សូវ​មាន​ការ​លំបាក​ឡើយ ដោយ​ទី​កន្លែង​កម្សាន្ត​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​រមណីយដ្ឋាន​កែច្នៃ ដោយ​មាន​ការ​កាប់បំផ្លាញ​ព្រៃ​ឈើ​ជា​អន្លើ ឬ​ចាក់​ដី​ដើម្បី​បំពេញ​និង​ពង្រីក​ទី​លាន​កំសាន្ត​បន្ថែម​ទៀត ក្នុង​ការ​បំពេញ​តម្រូវ​ការ​ភ្ញៀវ​ទេសចរ​ដែល​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​។ ទាំង​អស់​នេះ​ហាក់​បាន​កំពុង​តែ​បំផ្លាញ​នូវ​សម្រស់​ធម្មជាតិ និង​ជីវិត​សត្វ​ព្រៃ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​សិក្សា​ស្វែង​យល់ និង​ជំនួស​មក​វិញ​នូវ​របស់​សិប្បនិម្មិត​ជា​មួយ​នឹង​ការ​កម្សាន្ត​ដោយ​មាន​ការ​បំពុល​ពី​មជ្ឈដ្ឋាន​ដែល​នៅ​ជុំ​វិញ​ខ្លួន។ ដោយ​ឡែក​រមណីយដ្ឋាន​​ដែល​មាន​ទម្រង់​ជា​លក្ខណៈ​អេកូ​ទេសចរ​ហាក់​មាន​ចំនួន​តិច​តួច​នៅ​ឡើយ ដែល​ក្នុង​នោះ​យើង​បាន​ទើប​ប្រទះ​មាន​រមណីយដ្ឋាន​មួយ​កន្លែង​ដែល​មាន​ឈ្មោះ​ថា Cardamom Tented Camp ស្ថាបនា​ឡើង​តាម​បែប​ជំរំ​តង់​ក្នុង​ព្រៃ​ដែល​អាច​ឲ្យ​យើង​រស់​នៅ​ជាមួយ​នឹង​បែប​ផែន​នៃ​ជីវិត​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​។ មាន​ទី​តាំង​ស្ថិត​ក្នុង​ស្រុក​បទុមសាគរ ជ្រុង​តូច​មួយ​នៃ​ឧទ្យាន​ជាតិ​បទុមសាគរ នៃ​ខេត្ត​កោះកុង ក្នុង​ដី​សម្បទាន​ទំហំ 18,073​ហិកតា (180 km2) Cardamom Tented Camp កសាង​ឡើង​ក្រោម​គម្រោង​អភិរក្ស​និង​ការពារ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​ការ​ប្រមាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​។ វា​ហាក់​ដូចជា​បន្ទាយ​មួយ​ដ៏​សែន​ស្ងប់ស្ងាត់​នៅ​កណ្តាល​ព្រៃ​ដែល​ហ៊ុំ​ពទ្ធ័​ទៅ​ដោយ ព្រឹក្សា​ដែល​ជា​ទី​ជម្រក​របស់​សត្វ​ព្រៃ​ទាំង​ពួង ជាមួយ​នឹង​បរិយាកាស​ស្រស់ស្រាយ និង​មិន​មាន​ការ​បំពុល​ណា​មួយ​ពី​ទី​ប្រជុំ​ជន​ឡើយ។

Image courtesy: Cardamom Tented Camp

          ជំរំ​តង់​នេះ​​បាន​ចាប់​ផ្តើម​បើក​ទ្វារ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ តាំង​ពី​​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ជា​ពិសេស​គឺ​ភ្ញៀវ​អន្តរជាតិ (ភាគ​ច្រើន​ជា​ជនជាតិ​អ៊ឺរ៉ុប​) និង​ជា​អ្នក​ស្រលាញ់​បរិស្ថាន ​និង​ព្រៃឈើ។​ ជាមួយ​នឹង​ជំរំ​ដែល​ប្រក់​ដោយ​តង់​កៅស៊ូ ​និង​កម្រាល​ឈើ ខ្ពស់​ពី​ដី​កន្លះ​ម៉ែត្រ និង​មាន​ទំហំ ១២,៦ម៉ែត្រ​ការ៉េ​យ៉ាង​ធំ​ទូលាយ អាច​ឲ្យ​យើង​សម្រាន្ត​បាន​គ្នា​ជា​ច្រើន​នាក់​ទៅ​តាម​ប្រភេទ​នៃ​បន្ទប់​នី​មួយ​ៗ​។ ដើម្បី​ឲ្យ​យើង​អាច​ស្វែង​យល់​ពីរ​បៀប​របប​នៃ​ជីវិត​ធម្មជាតិ អម​ដោយ​ផា​សុកភាព ក្នុង​ជំរំ​តង់​នីមួយៗ​បំពាក់​គ្រឿង​បរិក្ខារ​ងាយ​ៗ ប៉ុន្ដែ​សម​ប្រកប​តាម​របៀប​ស្ដង់​ដា​សណ្ឋាគារ​ផ្កាយ​បី​។ ការ​រចនា​និង​រៀប​ចំ​ជំរំ​តង់​ក្នុង​ទំហំ​ដី ៣២,៦ម៉ែត្រ​ការ៉េ ពិត​ជា​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​មួយ​គួរ​ឲ្យ​ចង់​រស់​នៅ​ជាមួយ​នឹង​ការ​ធានា​សន្តិសុខ ២៤​ម៉ោង ក៏​ដូច​ជា​ការ​ផ្តល់​ជូន​នូវ​ចរន្ត​អគ្គិសនី ទឹក​ស្អាត និង​សេវា Free Wifi គ្រប់​ពេល​វេលា​ទៀត​ផង​។​

Image courtesy: Cardamom Tented Camp

          មិន​ត្រឹម​តែ​សម្រាក​លម្ហែកាយ​តែ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​អាច​កម្សាន្ត​ជាមួយ​នឹង​សកម្មភាព​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបចំ​ដោយ ​Cardamom tented camp នេះ ជាមួយ​នឹង​បុគ្គលិក​រួស​រាយ​រាក់​ទាក់​ក៏​ដូច​ជា​ផ្តល់​ជា​ចំណេះ​ដឹង​ជា​ច្រើន​ទៀត​ផង​ដែរ​។ ដំណើរ​លុក​ព្រៃ​ពេញ​មួយ​ថ្ងៃ ​នេះ​ជា​ឱកាស​ដ៏​ពិសេស​បំផុត​សម្រាប់​យើង​ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​របៀប​ដើរ​ព្រៃ ការ​យល់​ដឹង​ពី​ជីវភាព​រស់​នៅ​ក្នុង​ព្រៃ និង​ស្គាល់​នូវ​ប្រភេទ​រុក្ខជាតិ​នានា ដោយ​មគ្គទេស​ក៍​ដ៏​ឆ្នើម​ដែល​ជា​អ្នក​ដើរ​ល្បាត​ព្រៃ​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​មក​ហើយ ដោយ​នឹង​បង្ហាញ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​គុណ​ប្រយោជន៍​របស់​ព្រៃ​ឈើ និង​ញ៉ាំង​ឲ្យ​យើង​ចេះ​វាយ​តម្លៃ​អំពី​បរិមាណ​និង​ការ​គ្រប់គ្រង​ព្រៃ​ឈើ​ថែម​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត យើង​នឹង​អាច​ស្វែង​យល់​ពី​ឧបករណ៍​កាប់​ព្រៃ អន្ទាក់ និង​គ្រឿង​ប្រើប្រាស់​នានា​ទៀត​នៅ​ឯ​ស្ថានីយ​គាំ​ពារ​ព្រៃ។ ដំណើរ​ស្វែង​យល់​អំពី​ព្រៃឈើ​នេះ​ហាក់​បាន​នាំ​យើង​ឲ្យ​មក​ទទួល​នូវ​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ដែល​យើង​មិន​ធ្លាប់​បាន​លុក​លុយ​ និង​ផ្សង​ព្រេងដែល​កន្លង​មក​យើង​ធ្លាប់​តែ​មើល​តែ​តាម​រយៈ​ភាពយន្ត​ឯកសារ ​និង​វីដេអូ​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​ការ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ក្នុង​ព្រៃ យើង​ក៏​អាច​ជួយ​ដល់​មគ្គទេស​ក៍​តាម​រយៈ​ការ​ទិញ​ដូង​ស្រស់​ និង​ភេសជ្ជៈ​ដទៃ​ទៀត​ពី​ពួក​គាត់​មុន​ពេល​យើង​ត្រលប់​មក​ជំរំ​វិញ​ទៀត​ផង​។

Image courtesy: Cardamom Tented Camp

          ព្រឹក​ព្រលឹម​ស្រាង​ៗ ព្រះ​សុរិយា​បញ្ចេញ​រស្មី​ពណ៌​មាស​ជះ​ពេញ​ផ្ទៃ​ពសុធា ចោល​ជា​ស្រមោល​ចាំង​ឆ្លុះ​តាម​ប្រលោះ​ស្លឹក​ឈើ ជាមួយ​នឹង​សម្លេង​បក្សា​បក្សី​ស្រែក​កង​រំពង​ពេញ​ព្រៃ​ព្រឹក្សា បើ​ទោះ​បី​វា​ជា​ជំរំ​នៅ​ក្នុង​ព្រៃ​ក៏​ពិត​មែន តែ​យើង​បាន​ពើប​ប្រទះ​នឹង​អាហារ​ដ្ឋាន​មួយ​កន្លែង​ដែល​អាច​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាមួយ​នឹង​ចុងភៅ​ខ្មែរ​ដ៏​ចំណាន នៅ​រង់​ចាំ​ចម្អិន​អាហារ​ពេល​ព្រឹក​សម្រាប់​យើង​ផង​ដែរ​។ វា​ជា​អាហារ​ដ្ឋាន​នៅ​ពេល​ថ្ងៃ តែ​វា​ជា​បារ​រាត្រី​ដែល​សម្បូរ​ទៅ​ដោយ​ភេសជ្ជៈ​ឆ្ងាញ់​ពិសា ពិសេស​គឺ​ស្រាបៀរ​ និង​ភេសជ្ជៈ​ប្រភេទ Cocktail ជា​ច្រើន​មុខ​ទៀត​ផង។ ក្រោយ​ពី​អាហារ​ពេល​ព្រឹក​រួច​យើង​ក៏​អាច​ជិះ​ទូក​កៃ​យ៉ាក់ (Kayaking) លេង​កម្សាន្ត​នៅ​តាម​ដង​ព្រែក​តាចាន់​ដែល​មាន​ប្រវែង ៤​គីឡូម៉ែត្រ ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​ទិដ្ឋភាព​នៅ​តាម​ដង​ព្រែក​អម​ទៅ​ដោយ​រុក្ខជាតិ​បៃតង​និង​ខ្យល់​ត្រជាក់​មក​ប៉ះ​កាយា ហើយ​និង​អាច​ទស្សនា​សត្វ​ព្រៃ​ដ៏​កម្រ​ថែម​ទៀត​ផង។ ការ​អុំ​ទូក​កៃយ៉ាក់​លេង​តាម​ដង​ព្រែក​នេះ​គឺ​ជា​សកម្មភាព​មួយ​ដែល​ភ្ញៀវទេសចរ​ចូលចិត្ត​និយម​ជាង​គេ​បំផុត ក្នុង​ដំណើរ​ផ្សង​ព្រេង​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត​ដិត​អារម្មណ៍​ជា​ទី​បំផុត ហើយ​វា​ក៏​ជា​ឱកាស​ក្នុង​ការ​ផ្តិត​យក​រូបភាព​សត្វ​ស្លាប​កម្រៗ​ជា​ច្រើន​ប្រភេទ​ផង​ដែរ​។ រយៈ​ពេល​ពីរ​ម៉ោង​ជិះ​ទូក​លេង​តាម​ដង​ព្រែក យើង​ក៏​អាច​សម្រាក​នៅ​លើ​ផែ​ទូក​មាត់​ព្រែក​ដែល​គេ​បាន​រៀប​ចំ​យ៉ាង​ស្អាត​។

Image courtesy: Cardamom Tented Camp

          Cardamom Tented Camp ក៏​កំពុង​សិក្សា​បន្ថែម​សកម្មភាព​នានា​ទៀត ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​កាន់​តែ​ច្រើន ដូច​ជា​ការ​បង្កើត​ជា​ខ្សែ​រ៉ត និង​ប៉ម​ទស្សនា​ទេសភាព​ព្រៃ​ឈើ​​ពី​លើ។​ល។ ក្រុម​ជំនាញ​ក៏​ខិតខំ​តាម​ដាន​ទៅ​លើ​វត្ត​មាន​ប្រភេទ​សត្វ​ស្លាប​និង​ថនិក​សត្វ​នានា ដើម្បី​កត់​សម្គាល់​នូវ​ទី​តាំង​បង្ហាញ​ខ្លួន​របស់​សត្វ​ទាំង​នោះ និង​ស្វែង​យល់​ពី​ប្រភេទ​សត្វ​ដទៃ​ទៀត​។​ ក្រុម​ការងារ Cardamom Tented Camp ក៏​មិន​ភ្លេច​ឡើយ​អំពី​ការ​ការពារ​បរិសា្ថន​ដើម្បី​រក្សា​ស្ថេរភាព​ព្រៃឈើ ដោយ​រៀប​ចំ​គ្រប់គ្រង​កាក​សំណល់​យ៉ាង​ល្អ និង​ធ្វើ​ការ​កែ​ច្នៃ​កាក​សំណល់​នានា​ឲ្យ​អស់​លទ្ធភាព​។

          វា​ហាក់​ដូច​ជា​ដំណើរ​ផ្សង​ព្រេង​មួយ​ដ៏​អស្ចារ្យ​ក្នុង​រយៈ​ពេល​សម្រាក​លម្ហែ​កាយ​នៅ​ក្នុង​ជំរំ​តង់ Cardamom Tented Camp ដែល​ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បទុមសាគរ នា​ឯ​ខេត្ត​កោះកុង ដែល​ជា​រមណីយដ្ឋាន​អេកូទេសចរ​ដ៏​ពិសេស​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​នានា​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ចំណាយ​ពេល​ប្រមាណ​៣​ទៅ​៤​ថ្ងៃ ធ្វើ​ដំណើរ​កំសាន្ត​មួយ​ប្រកប​ដោយ​អត្ថន័យ​និង​អត្ថ​រស​ជាទី​បំផុត ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​សិក្សា​ស្វែង​យល់​អំពី​ជីវិត​សត្វ​ព្រៃ ​និង​គុណ​ប្រយោជន៏​នៃ​ព្រៃឈើ​ដ៏​មហិមា ពិត​បទ​ពិសោធន៍​ដ៏​កម្រ​៕

Article by KEO SONG & LENG CHANREASEY

Image courtesy: Cardamom Tented Camp



SUGGESTIONS