×

នាឡិ លាត​ត្រដាង​មុខ​មាត់​នំ​ខ្មែ​រ​បែប​ប្រពៃណី ក្រោម​រចនាបទ​នៃ​មូល​ដ្ឋាន​ដើម

NEWS 6 years ago
 
 

          នាឡិ គឺ​ជា​ពាក្យ​មួយ​សំគាល់​ដល់​ខ្នាត​រង្វាស់​រង្វាល់​ខ្មែរ​ ដែល​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​ ខ្នាត​សម្គាល់​របស់​ខ្មែរ​មួយ​នេះ​កំពុង​តែ​បាត់​រូបភាព​ទៅ​បន្តិចម្តងៗ​ ហាក់​ដូចជា​មិន​សូវ​មាន​អ្នក​លើក​យក​មក​ប្រើប្រាស់​ទៀត​ឡើយ​។ ​ទន្ទឹម​នឹង​ការ​ច្បិច​យក​ខ្នាត​រង្វាស់​នាឡិ​មក​បង្ហាញ​នេះដែរ​  នាឡិ​ ក៏​ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​មួយ​រូប​ចាប់​អារម្មណ៍​ យក​មក​បង្កើត​ជា​ឈ្មោះ​ហាង​នំ​ខ្មែរ​ដោយ​ឈរ​លើ​មូលដ្ឋាន​ថែ​រក្សា​និង​អភិរក្ស​នំ​បែប​ប្រពៃណី​។ គ្រាន់​តែ​បើក​ទ្វារ​ឈាន​ជើង​ចូល​ក្នុង​សិប្បកម្ម​ផលិត​នំ​ភ្លាម​ក្លិន​ចំហាយ​នៃ​អង្ករ​ដំណើប​លាយ​ខ្ទិះដូង​បាន​ជះក្លិន​​ឈ្ងុយ​ព្រម​ជា​មួយ​ក្លិន​ដ៏​ពិដោរ​នៃ​ស្លឹក​ចេក​ផង​នោះ​ធ្វើឱ្យ​យើង​នឹក​ភ្នក​ទៅ​ដល់​វេលា​មួយ​ដែល​​យើង​តែងតែ​វេច​នំអន្សម​ជា​មួយ​គ្រួសារ​នា​រដូវ​បុណ្យ​ភ្ជុំ​យ៉ាង​ដូច្នោះ​ដែរ​។ បើ​និយាយ​ពី​នំ​បែប​ប្រពៃណី​យើង​កម្រ​នឹង​ឃើញ​បង្ហាញ​វត្ត​មាន​លក់​ព្រោងព្រាត​នៅ​លើ​ទីផ្សារ​ណាស់​ ហើយ​នំ​ជា​ច្រើន​ប្រភេទ​ស្ទើតែ​បាត់​វត្តមាន​និង​មិន​សូវ​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ឡើយ​។ ទាំង​នេះក៏​​ជា​កត្តា​មួយ​ជំរុញ​ចិត្ត​ឱ្យ​លោក​ អ៊ិន ច័ន្ទធារ៉ា​បង្កើត នាឡិ ​ឡើងមក​។

          លោក អ៊ិន ច័ន្ទ​ធារ៉ា ម្ចាស់​សិប្បកម្ម​ នាឡិ បាន​សម្តែង​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ ដែល​ស្នាដៃ​នំខ្មែរ​របស់​លោក​ត្រូវ​បាន​បង្ហាញ​ និង​បញ្ច្រៀត​ខ្លួន​ទៅ​ក្នុង​ទីផ្សារ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ជា​មួយ​នឹង​ការ​បង្កើត​ឲ្យ​លេច​រួបរាង​នៃ​សិប្បកម្ម​នំខ្មែរ​នេះ​ឡើង​ គឺ​មិនមែន​ជា​ការ​ងាយ​ស្រួល​នោះឡើយ​សម្រាប់​រូប​លោក​ផ្ទាល់​។ ដោយ​ហេតុ​ថា​ ក្តីស្រឡាញ់​ និង​ឆន្ទៈ​យ៉ាង​មុត​មាំ​ក្នុង​ការ​ថែរក្សា​ អភិរក្ស​ អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ​នោះ​ លោក​ក៏​បាន​បង្កើត​នូវ​គំនិត​ធ្វើ​នំខ្មែរ​ ដែល​មាន​លក្ខណៈ​ស្តង់​ដារ​មិន​ចាញ់​នំ​បរទេស​ប៉ុន្មានទេ​ ប៉ុន្តែ​ក្នុង​ន័យនេះ​ លោក​ក៏​មិន​មែន​សម្ដៅ​ដល់​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​នំ​ជាតិ​សាសន៍​ដទៃ​ណា​ទាំងអស់​។ សំខាន់​ការ​បើក​ជា​សិប្បកម្ម​នំ​មួយ​នេះ​ គឺ​ក្នុង​ន័យ​សម្ដៅ​ដល់​ការ​សាប​ព្រោះ​ផ្នត់​គំនិត​ចាស់​ចូល​ទៅ​ក្នុង​ក្រអៅ​បេះដូង​ប្រជាជន​ខ្មែរ​ទាំងអស់​ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​ពីអ្វី​ដែល​ជា​របស់ខ្លួន​ ។ ​បើ​យើង​ចូល​ទៅ​កាន់​សិប្បកម្ម​នំខ្មែរ​នេះ​ឡើង​ យើង​ច្បាស់​ជា​ទប់​ច្រមុះ​មិន​បាន​នឹង​ក្លិន​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ប្រហើរ​ចេញ​ពី​អង្ករ​ដំណើប​ ដែល​អប់​ជាមួយ​នឹង​ស្លឹក​ចេក​ជាក់​ជា​មិនខាន​។ ជា​ការ​ពិត​ណាស់ ​ហាង​នំខ្មែរ​មាន​មិន​តិច​ទេ​ នៅ​ក្នុង​ស្រុក​យើង​ ប៉ុន្តែ​ដោយ​ឡែក​ សម្រាប់​នាឡិ​ គឺ​មាន​លក្ខណៈ​ពិសេស​ ទាំង​ការ​ចម្អិន​ ទាំង​ការ​វេចខ្ចប់​ និង​ការ​រចនា​ឡើង​ គឺ​មាន​សភាព​ខុស​ពីគេ​។ ​ដោយ​ហេតុថា​ គោលជំហ​រ ដែលនាឡិ​ បាន​កំណត់​យក​យ៉ាង​ជាក់​លាក់​ក្នុង​ការ​ធ្វើ​ឲ្យនំ​ខ្មែរ​ជា​នំជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​ទីផ្សារ​នោះ​ គឺ​មាន​ធាតុ​៣​សំខាន់​រួមមាន​៖ ទី១​ ធានា​ជូន​នូវ​គុណ​ភាព​នំ​ទៅ​ដល់​ដៃ​អ្នក​ទទួល​ទាន​ ទី២​ ប្រាកដឲ្យ​ច្បាស់​នូវ​សុវត្ថិភាព​ អនាម័យ​ល្អ និង​ចុង​ក្រោយ​ គឺ​ប្រកាន់​ខ្ជាប់​នូវ​មូល​ដ្ឋាន​ចាស់​នៃការ​ធ្វើ​នំ​ដូច​ដើម​។ ទាំងបី​ ចំណុច​គោល​ធំៗ​នេះ​ហើយ​ ដែល​ជួយ​រុញ​ច្រាន​ឲ្យ នាឡិ អាច​រីក​មុខមាត់​បាន​យ៉ាង​ធំ​ និង​មាន​វិសាល​ភាព​ទៅ​អតិថិជន​គ្រប់​លំដាប់​ថ្នាក់​។

          នាឡិ បាន​ចង​ក្រង​ប្រភេទ​នំបែប​ប្រពៃណី​និង​នំ​ជា​ច្រើន​ប្រភេទ​ទៀត​ប្រហែល​៧០ប្រភេទ​។ ដោយ​ឡែក​សម្រាប់​ការ​ផលិត​ទុក​នៅ​ក្នុង​ស្តុក​មាន​ ១២​ប្រភេទ សម្រាប់​ដាក់​លក់​ជា​ប្រចាំថ្ងៃ​។ ចំពោះ​នំ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​នាឡិ  ជាទូទៅ ច្រើន​តែ​ប្រភេទ​នំខ្មែរ​ ដែល​កំពុង​តែ​ពេញនិយម​នៅ​ក្នុង​កម្មវិធី​បុណ្យទាន​ ក៏​ដូច​ជា​ពិធី​អាពាហ៍ពិពាហ៍​ ដែល​មាន​ទៅដល់​ ១២ ប្រភេទ ដូចជា៖ នំអន្សម( ជ្រូក ចេក និងត្រាវ) នំគម នំបត់ នំអន្សមខ្នុរ នំស្លឹកស្រស់ ត្រៀបបាយ និង​នំកន្សែងស្រស់​ ចាហួយដូង​ជាដើម។

          វា​ជួប​នូវ​ការ​លំបាក​ច្រើន​ នៅ​ពេល​ដែល​នាឡិ​ទើប​នឹង​កកើត​ គឺ​ហាក់​ដូច​ជា​ ពុំទាន់​អាចបោះ​ជំហ៊ាន​នៅ​លើ​ទីផ្សារ​បាន​ឡើយ​ ក៏ព្រោះ​តែ​ផ្នត់គំនិត​ប្រជាពល​រដ្ឋខ្មែរ​ខ្លះ​ ពុំសូវ​ឲ្យ​តម្លៃទៅ​លើ​ការ​ធ្វើ​នំនេះ​ទេ​ ហើយ​គិត​ថា​ មិន​ចាំ​បាច់​ទិញ គ្រាន់តែ​ធ្វើងាយៗ​នៅផ្ទះ​ក៏បាន​ មិន​ដូច​ជានំ​បរទេស​ដែល​តម្រូវ​ឲ្យ​ទៅ​ដល់​កន្លែង​។ នៅ​ពេល​ដែល​លោក​គិត​ពីអំពី​រូបភាព​នេះ​ឡើង​ លោក​ក៏បាន​ទាញ​ទស្សនៈ​មួយ​មក​វិញ​ថា​ នេះ​វា​គ្រាន់​តែជា​ការ​មើល​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​សម្រាប់​ថ្ងៃអនាគត​ ខ្មែរអាច​នឹង​ទទួល​ស្គាល់​ពី​ស្នាដៃ​ធ្វើ​នំខ្មែរ​នេះ​ ហើយ​នាំគ្នា​គាំទ្រ​ យ៉ាង​ពេញ​ទំហឹង​។ ជាក់ស្តែង​ លោក​ក៏​បាន​លើក​ឡើង​ពី​ជនជាតិ​​​​​​​​បរទេស​ភាគ​ច្រើន​ ដែល​បាន​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​យើង​ ហើយ​ពួក​គេ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ពី​រសជាតិ​ និង​រូបរាង​នំខ្មែរ​ ហើយ​បាន​នំា​គ្នា​គាំទ្រ​ ដោយ​ក្តី​ស្រឡាញ់​ទៀតផង​។តាមរយៈ​ការ​បំផុស​គំនិត​ឲ្យ​ប្រជាជន​បង្វែរ​មក​ចាប់ចិត្ត​នឹង​នំខ្មែរ​នេះ​ ម្ចាស់​សិប្បកម្ម​នាឡិ​ លោក​ក៏បាន​រិះរក​គំនិតថ្មីៗ​ ធ្វើ​យ៉ាង​ណា ​ឲ្យ​គេ​ស្គាល់​ស្នាដៃនំ​ខ្មែរ​ឲ្យបាន​ច្រើន​ ដោយ​បង្កើត​ជា​រូបភាព​ ឬវីដេអូ​ បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ ទាំង​របៀប​នៃ​ការ​ធ្វើ​ទាំង​រូបមន្ត​ ដោយ​មិន​មាន​ការ​លាក់​បាំង​អ្វីឡើយ​។ សូម្បី​តែនំ​ដែល​បាន​ធ្វើ​ឡើង​នី​មួយៗ​ សុទ្ធ​តែ​មាន​ការ​ថ្លឹង​ទម្ងន់​ម្សៅ ​និង​គ្រឿង​ផ្សំ​បាន​យ៉ាង​ត្រឹម​ត្រូវ​ ដោយ​ជាក់​លាក់​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាទី​បំផុត​។  ជា​ចុង​ក្រោយ ​ក្នុង​នាម​លោក​ជា​ប្រជា​ជនខ្មែរ​មួយរូប​ និង​ជា​ពាណិជ្ជករ​នៃ​សិប្បកម្ម​ផ្ទាល់​ លោក​ក៏​សំណូមពរ​ទៅ​ដល់​កូន​ខ្មែរ​ ក៏​ដូច​ជា​ប្រជាជាតិ​ទាំងមូល​ សូម​ចូល​រួម​ស្រឡាញ់​ និង​ការពារ​នំខ្មែរ​កុំឲ្យ​បាត់បង់​ ហើយ​មិន​ត្រូវ​ឲ្យអ្វី​ដែល​ជា​អត្តសញ្ញាណ​បរទេស​ចូល​មក​បំភាន់​ ឬ​លុបចោល​ទាំង​ស្រុង​នៃ​វប្បធម៌​ខ្មែរ​បាន​ជា​ដាច់​ខាត​ ដោយ​ផ្តល់​ក្តី​ស្រឡាញ់​ តាមរយៈ​ការ​គាំទ្រ​ផលិតផល​នំ​ខ្មែរ​របស់​នាឡិ​ឲ្យ​បាន​ច្រើន​៕

Article by HENG CHANMAKARA


SUGGESTIONS