×

វិចិត្រករ​ស្រី​ដំបូង​គេ​នៅ​កម្ពុជា បង្ហាញ​ស្នាដៃ​គំនូរ​ឈូសឈើ​ដ៏​លំបាក​បំផុត

NEWS 1 month ago
 
 

            សិល្បៈ​គំនូរ មាន​ច្រើន​ប្រភេទ​ទៅ​តាម​ការ​ច្នៃប្រឌិត​ចេញ​ពី​ការ​ស្រមើស្រមៃ និង​ភាព​ប៉ិនប្រសប់​នៃ​វិចិត្រករ​នីមួយៗ។ គំនូរ​មួយ​ចំនួន ដែល​ត្រូវ​បាន​គូរ​ឡើង គឺ​ភាគច្រើន នៅ​លើ​ផ្ទាំង​ក្រដាស់ ជញ្ជាំង ឬ ការ​យក​ទៅ​បោះពុម្ព​នៅ​លើ​សាច់ក្រណាត់​ជាដើម។ មាន​មនុស្ស​មិន​ច្រើននាក់​ទេ ដែល​ចូលចិត្ត​ការ​គូររូប ហើយ​ក្នុង​ចំណោម​នោះ បុរស​ត្រូវ​បាន​ក្លាយ​ជា​ជាង​គំនូរ ច្រើន​ជាង​ស្ត្រី។ យ៉ាង​ណាមិញ សិល្បៈ​នៃ​ការ​គូរ មាន​របៀប​ផ្សេងៗ​ពី​គ្នា ហើយ​ក្នុង​នោះ គំនូរ​ដែល​ពិបាក​ជាង​គេ គឺ​គំនូរ​ឈើ ។ ទោះ​ជា​ការងារ​នេះ វា​ផ្តល់​នូវ​ឧបសគ្គ​ច្រើន​ជំពូក​យ៉ាង​ណាក្តី ក៏​ខ្មែរ នៅ​តែ​មាន​ធនធានមនុស្ស​ដ៏​ល្អ​មួយ ដែល​អាច​បង្កើត​ស្នាដៃ​គំនូរ​ឈើ​នេះ​មុន​គេ​បង្អស់​ផងដែរ នោះ​គឺ អ្នកនាង ឃុន ហ្គេចស៊ូន ។

អ្នកនាង ឃុន ហ្គេចស៊ូន

          មាន​ស្រុក​ដើម​កំណើត​ចេញ​ពី​ទឹកដី​ខេត្តកំពត ដែល​ជា​ទឹកដី​នៃ​តំបន់​ទេចរណ៍​បែប​ធម្មជាតិ​នោះ ស្ថិត​ក្នុង​វ័យ​៣៣ឆ្នាំ វិចិត្រករ​ស្រីរូប​នេះ បាន​បង្កើត​ស្នាដៃ​របស់​ខ្លួន​ជា​មួយ​នឹង​គំនូរ​ឈើ យ៉ាង​រាប់រយ​ផ្ទាំង​ឆ្លុះ​បញ្ជាំង​ពី​ការ​រស់​នៅ​របស់​ប្រជាជន​ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន។ ជា​ឧបសគ្គ​បន្តិចបន្តួច មុន​នឹង​បោះជំហាន​មក​ដល់​ពេល​នេះ អ្នកនាង​ទទួល​នូវ​ឥទ្ធពល​រារាំង និង​ការ​មិន​ពេញចិត្ត​ពី​គ្រួសារ​យ៉ាងខ្លាំង ប៉ុន្តែ​វា​មិនមែន​ជា​រនាំង​ឃាំង​ឲ្យ​នារី​ឆ្នើម​វិចិត្រករ​ម្នាក់​នេះ រុញរា​នឹង​បោះបង់​ចោល​ក្តីស្រម៉ៃ​របស់​ខ្លួន​ទេ។ ដោយ​ឡែក​ការងារ​គំនូរ​នេះ​ទៀតសោត ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​តាំងចិត្ត និង​យក​ចិត្ត​ទុកដាក់​គួបផ្សំ​នឹង​ការ​សិក្សា​រៀនសូត្រ​ពី​សំណាក់​គ្រូ​បង្រៀន​ជនជាតិ ម៉ាឡេ ម្នាក់។ «ខ្ញុំ​ចូលចិត្ត​អ្វី​ដែល​ប្លែក​ពី​គេ មិន​ទាន់​មាន និង​អ្វី​ដែល​ផ្តល់​ជា​ប្រយោជន៍​រួម​ដល់​ប្រជាជាតិ» សម្តី​មួយ​ឃ្លា​នេះ បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ស្រឡាញ់​របស់​វិចិត្រករ​ស្រី​ម្នាក់​នេះ បើ​ទោះបី​ជា​ការងារ​ដែល​មាន​ការ​លំបាក​យ៉ាងណាក៏​ដោយ។ ជា​ការ​ពិត​ណាស់ អ្នកនាង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គំនូរ​ឈូសឈើ​នេះ វា​មាន​ភាព​ខុស​ប្លែក​ពី​គំនូរ​ដទៃ និង​ពិបាក​ជាង​គំនូរ​ដែល​គូរ​លើ​ក្រដាស់ ឬ​ជញ្ជាំង។ ហេតុ​ថា វា​ត្រូវ​ឆ្លងកាត់​ដំណាក់​ជា​ច្រើន ដោយ​ដំបូង យើង​ត្រូវ​យក​ក្តាស មក​លាប​វា​ឲ្យ​ប្រែ​ជា​ពណ៌ខ្មៅ បន្ទាប់​មក​ទុក​ឲ្យ​ស្ងួត ហើយ​យក​វា​ទៅ​គូស​ចេញ​ជា​រូបរាង​ដែល​ចង់​បាន។ ក្រោយ​ពី​ទទួល​បាន​រូបគំនូរ​នៅ​លើ​បន្ទះក្តារ​នោះ​ហើយ គឺ​ត្រូវ​យក​កាំបិត​មក​ឈូស​ទៅ​តាម​រាង​នៃ​គំនូរ​នោះ​ឲ្យ​ឃើញ​មើល​ទៅ​ហាក់​ដូច​ជា​ផុស ឬ​អណ្តែត​យ៉ាង​ដូច្នោះ​ដែរ។

មក​ដល់​ដំណាក់​កាល​នេះ ជា​ដំណាក់​កាល​មួយ​ដែល​ពិបាក​បំផុត ព្រោះ​ត្រូវ​ប្រើ​កាំបិត​មក​ឈូស ដែល​ពេល​ខ្លះ ដៃ​ទាំងពីរ​របស់​អ្នកនាងត្រូវ​រលាត់ ឬ​មុត​ទៀត​ផង។ រូបភាព​មួយ​ផ្ទាំង ត្រូវ​បាន​ឈូស​រួច អ្នកនាង​ក៏​យក​ថ្នាំ​មក​រុញ​ពី​លើ ដើម្បី​បង្កើត​ឲ្យ​រូបភាព​មាន​សភាព​រស់រវើក​មួយ​កម្រិត។ ចុង​ក្រោយ យើង​ក៏​អាច​យក​គំនូរ​ឈូសឈើ​នោះ ទៅ​សង្កត់​លើ​ក្រដាស់ ឬ​ក្រណាត់ ដែល​ការ​សង្កត់​នេះ គឺ​ត្រូវ​ប្រើ​កម្លាំង​ជើង​ទាំងពីរ​ជាន់​តែ​ម្តង ក៏​ដោយ​សារ​តែ​យើង​ពុំទាន់​មាន​សម្ភារ និង​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ធ្វើ​វា។ ជុំវិញ​នឹង​ការ​បង្កើត​រូបគំនូរ​ឈើ​នេះ​ឡើង គឺ​អ្នកនាង​បាន​ផ្តិត​យក​រូបភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​ស្រុក​កំណើត​ផ្ទាល់ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ប្រកប​មុខរបរ​ចិញ្ជឹម​ជីវិត និយាយ​រួម​គឺ​សំដៅ​ដល់​អត្ត​សញ្ញាណ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​តែម្តង។ ការ​ធ្វើ​បែប​នេះ គឺ​អ្នកនាង ចង់​បង្ហាញ​ដល់​ភ្ញៀវ​បរទេស​ឲ្យ​ស្គាល់​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​ខ្មែរ​ជាពិសេស ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ ទៅ​ដល់​ប្រទេស​ជិត​ខាង ក្នុង​ការ​ចូលមក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​គំាទ្រ​រាល់​ផលិតផល​របស់​ខ្មែរ។ ក្នុង​នោះ​ដែរ ផ្ទាំង​គំនូរ​ឈើ​របស់​អ្នកនាង ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៌​ជា​លក្ខណៈ Art Gallery ដល់​ភ្ញៀវជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​ស្គាល់​ទៀត​ផង។

          មួយ​វិញ​ទៀត អ្នកនាង បាន​ផ្តល់​ឱកាស​ដល់​ស្ត្រីៗ ​ដែល​មាន​បំណង​ចង់​រៀនសូត្រ​ពី​ជំនាញ​គូរ​រូបនោះ​នឹង​មាន​ការ​បង្រៀន​ជូន​ដោយ​ឥត​គិតថ្លៃ ដើម្បី​យក​ជា​ចំណេះដឹងប្រើប្រាស់​សម្រាប់​ជីវិត​នាថ្ងៃ​អនាគត​ទៀត​ផង។ វា​ជា​ការ​ចែក​រំលែក និង​ទឹកចិត្តប្រកប​ដោយ​គុណធម៌​មួយ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​វិចិត្រករ​ស្រីម្នាក់​នេះ ដែល​បាន​លះបង់​ពេលវេលា ក៏​ដូច​ជា​ពុទ្ធិ​របស់​ខ្លួន​មួយ​ចំណែក​ទៅ​កាន់​មនុស្ស​មួយ​ចំនួន។ ជា​ចុង​ក្រោយ ក្នុង​នាម​អ្នកនាងជា​វិចិត្រករ​គំនូរ​ឈូសឈើ​ដំបូង​គេ​នៅ​កម្ពុជា និង​ជា​ធនធានមនុស្ស​ដ៏កម្រ អ្នកនាង​ក៏​សំណូមពរ​ទៅ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់ សូម​ជួយ​គំាទ្រ​ស្នាដៃ​ខ្មែរ គំនូរខ្មែរ ដើម្បី​ជា​ភាព​ទាក់ទាញ​កំណើន​សេដ្ឋកិច្ច​មួយ ដល់​សង្គម​ជាតិ​យើង៕

Article by CHAN SEREYRATH



SUGGESTIONS