×

ដំណើរ​ទៅ​កាន់​ទី​ស្ថាន​ដ៏​ស្ងប់​ស្ងាត់​នៃ​ដែន​ដី​កោះ​ថ្មី

TRAVEL & LIVING 6 years ago
 
 

            វា​ហាក់​ដូច​ជា​ដំណើរ​កំសាន្ត​មួយ​ដ៏​គួរ​ឲ្យ​ស្រស់​ស្រាយ ​និង​ភ្ញាក់​ផ្អើល​ជាទី​បំផុត​នៅ​ពេល​ដែល​យើង​បាន​មក​ដល់​ដែន​ដី​កោះ​ថ្មី​ដែល​ជា​ដែន​កោះ​ដ៏​សែន​ស្ងប់ស្ងាត់​បំផុត​ សម្បូរ​ទៅ​ដោយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល និង​ជា​កោះ​មួយ​ឆ្ងាយ​ពី​កោះ​ទេសចរណ៍​នានា​ដែល​ហាក់​ដូច​នាំ​យើង​ទៅ​កាន់​ពិភព​មួយ​ដាច់​ស្រយាល​ពី​មនុស្ស​ម្នា ហើយ​សម្រាក​លំហែ​កាយ​ប្រកប​ដោយ​សេចក្តី​សុខ និង​សន្តិភាព ព្រម​ទាំង​មាន​សមាធិ​ក្នុង​ចិត្ត​និង​មិន​មាន​ការ​បំពុល​ពី​ទី​ប្រជុំ​ជន​នោះ​ឡើយ​។ ស្ថិត​នៅ​ក្បែរ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទឹក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម និង​ឋិត​ក្នុង​ឈូង​សមុទ្រ​ថៃ កោះ​ថ្មី​ជា​ដែន​កោះ​ដ៏​ធំ​មួយ​ពោរពេញ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា និង​ឆ្នេរ​ខ្សាច់​ដែល​អាច​ឲ្យ​យើង​រីករាយ​ជាមួយ​នឹង​ជីវិត​តាម​បែប​ធម្មជាតិ​ដ៏​ផូរផង់​។

            យើង​ផ្តើម​ដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​បួន​សម្តៅ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ក៏​ប៉ុន្តែ​គោលដៅ​របស់​យើង​មិន​បាន​ទៅ​ដល់​ក្រុង​ព្រះសីហនុ​ឡើយ​ ដោយ​យើង​បាន​ប្រាប់​តៃ​កុង​ឡាន​ឲ្យ​ឈប់​សំ​ចត​ត្រឹម​ផ្លូវ​បំបែក អូរ​ចំណារ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃ​នប់​នៃ​ខេត្ត​ព្រះសីហនុ​តែ​ប៉ុណ្ណោះ។ រយៈ​ពេលប្រមាណ ៣​ម៉ោង​នៅ​លើ​រថយន្ត យើង​ក៏​បាន​មក​ដល់​ផ្លូវ​បំបែក​អូរ​ចំណារ​ ដែល​ជា​គោល​ដៅ​ទី​មួយ​របស់​ពួក​យើង និង​ជា​ចំណត​ឡាន​មួយ​ក្នុង​ចំណោម​ទី​តាំង​ចំណត​ឡាន​ផ្សេង​ៗទៀត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​បួន​នេះ​ផង​ដែរ។ មិន​បង្អង់​យូរ​នាំ​ខាត​ពេល​ យើង​ក៏​បាន​បន្ត​ដំណើរ​ជា​មួយ​នឹង​ម៉ូតូ​ឌុប​ឆ្ពោះ​ទៅ​កាន់​ភូមិ​កោះ​ខ្យង តាម​ផ្លូវ​បេតុង ដែល​ទើប​តែ​ស្ថាបនា​រួច​ប្រមាណ ៧​គ.ម ដោយ​បាន​ឆ្លង​កាត់​ឃុំ​អូរ​ជ្រៅ​ផង​ដែរ​។ នៅ​តាម​ផ្លូវ​នោះ​ហើយ​ដែល​យើង​បាន​ប្រទះ​ឃើញ​បង​ប្អូន​ខ្មែរ​ឥស្លាម​រាប់​រយ​នាក់​ហាក់​មមាញឹក​ក្នុង​ការ​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ ដោយ​ភាគ​ច្រើន​គេ​ប្រកប​មុខ​របរ​លក់​ត្រី ដែល​ទំនង​ជា​ត្រី​ទឹក​ប្រៃ​នៅ​ផ្សារ​កោះ​ខ្យង​នេះ​តែ​ម្ដង​។ ក្រោយ​ពី​បាន​ទស្សនា​ទិដ្ឋ​ភាព​តាម​ដង​ផ្លូវ​រួច​ លោក​ពូ​ម៉ូតូ​ឌុប​ក៏​បាន​ជូន​យើង​មក​ដល់​កំពង់​ផែ​ទេសចរ​រ​បស់​រីហ្សត​កោះថ្មី​ដែល​គេ​មាន​ដាក់​ក្តារ​តូច​ល្មម​ពណ៌​ខៀវ​ រួច​សរសេរ​អក្សរ ពណ៌​ស ថា “Koh Thmei Resort” ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​យើង​បាន​មក​ដល់ កំពង់​ផែ​ឯក​ជន​ឆ្ពោះ​ទៅ​កាន់ ​Koh Thmei Resort ហើយ។ នេះ​គឺ​ជា​មធ្យោបាយ​ទី​បី​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ថ្មី​ តាម​រយៈ​ទូក​ឈើ​របស់​រីហ្សត​ដែល​កំពុង​តែ​បណ្តែត​ខ្លួន​នៅ​លើ​ព្រែក​ទឹកសាប​ដែល​ហាក់​កំពុង​តែ​រង់​ចាំ​ពួក​យើង​ជា​យូរ​ណាស់មក​ហើយ​ដែរ​។ ធ្វើ​ដំណើរ​ចេញ​ពី​កំពង់​ផែ​តាម​ដង​ព្រែក​ទឹកសាប​ អម​ទៅ​ដោយ​ដើម​កោង​កាង​រាប់ពាន់​ដើម ​ហាក់​ដូច​គេ​រៀប​ជា​ជួរ​យ៉ាង​មាន​សណ្តាប់ធ្នាប់ ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយ​ភាព​មួយ​បែប​ ហើយ​គួប​ផ្សំ​ជាមួយ​នឹង​ទូក​នេសាទ​ចរាចរណ៍​ចេញ​ចូល​ឥត​ដាច់​ទៀត​នោះ បាន​ផ្សារ​ភ្ជាប់​សកម្មភាព​មនុស្ស​ជាមួយ​នឹង​ធម្មជាតិ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​បន្ថែម​ទៀត​ផង។ មិន​យូរ​ប៉ុន្មាន​យើង​ក៏​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រែក​ទឹកសាប  ហើយ​ក៏​បាន​ឈាន​ចូល​មក​ដល់​ក្នុង​ដែន​សមុទ្រ​ដែល​ម្ខាង​ជា​ដែន​ដី​កោះថ្មី​ និង​ម្ខាង​ទៀត​ជា​វាល​សមុទ្រ​ធំ​ល្វឹង​ល្វើយ ​គ្មាន​កោះ​ត្រើយ។ ក្រឡេក​មក​មើល​ទិដ្ឋភាព​ឯនាយ​កោះ​ថ្មី​វិញ​យើង​បាន​សង្កេត​ឃើញ​មាន​ការ​ចាប់​ផ្តើម​អភិវឌ្ឍន៍​បន្តិច​បន្តួច​ជា​មួយ​នឹង​ការដ្ឋាន​សាងសង់​ខ្លះ​ជា​អន្លើ និង​ប្រទះ​ឃើញ​មាន​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ចំនួន​ដែល​ជាទី​សំចត​របស់​អ្នក​នេសាទ ក៏​ប៉ុន្តែ​យើង​ហាក់​មិន​បាន​ឃើញ​មាន​ភូមិ​អ្នក​ស្រុក​និង​ប្រជាពលរដ្ឋ​រស់​នៅ​ទី​នោះ​ទេ។

            រយៈ​ពេល ៤៥ នាទី​ធ្វើ​ដំណើរ​តាម​រយៈ​ទូក​ឈើ ​នៅ​ទីបំផុត យើង​ក៏​បាន​មក​ដល់​ Koh Thmei Resort ដែល​ជា​ទី​សម្រាក​លម្ហែ​កាយ​តែ​មួយ​គត់​នៅ​លើ​កោះ​នេះ​។​ វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មើល​ពី​ចម្ងាយ យើង​មិន​បាន​ចាប់​អារម្មណ៍​ថា​នឹង​មាន​រីហ្សត​ទាល់​តែ​សោះ ​ព្រោះ​ពេល​យើង​ក្រឡេក​ទៅ​ឃើញ​មាន​តែ​ដើម​ឈើ​និង​ឆ្នេរ​ខ្សាច់​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​អ្វីៗ​ប្រែ​ជា​ខុស​ប្លែក​នៅ​ពេល​ដែល​យើង​ទៅ​កាន់​តែកៀក​ទៅៗ​ដោយ​មាន​បឹង​ហ្កាឡូ​និង​ភោជនីយដ្ឋាន​ហាក់​កំពុង​តែ​បង្ហាញ​ខ្លួន​បន្តិច​ម្តងៗ។​ នេះ​ពិត​ជា​បាន​ស​បញ្ជាក់​ថា កោះ​ថ្មី​រីហ្សត​សាងសង់​និង​អភិវឌ្ឍន៍​ឡើង​ក្រោម​ទម្រង់​ការពារ​និង​អភិរក្ស​ព្រៃឈើ​និង​បរិស្ថាន​យ៉ាង​ល្អ​បំផុត។ គ្រាន់​តែ​ឃើញ​ទូក​មក​ដល់​ភ្លាម​ ម្ចាស់​ស្រី​របស់​រីហ្សត​ក៏​ស្ទុះ​មក​ភ្លែត​ដើម្បី​មក​ទទួល​ស្វាគមន៍​ភ្ញៀវ​ថ្មី​យ៉ាង​កក់​ក្តៅ​និង​រួសរាយ​រាក់ទាក់​ជា​ទី​បំផុត។ «Hello, Welcome to KohThmei Resort and​ your house is number 3» នេះ​ជា​សម្តី​ដ៏​ផ្អែម​ល្ហែម​របស់​ម្ចាស់​រីហ្សត​និយាយ​មក​កាន់​ពួក​យើង ហើយ​ថែម​ទាំង​នាំ​យើង​ទៅ​ដល់​បឹង​ហ្កាឡូ ជា​មួយ​នឹង​ស្នាម​ញញឹម​ជាប់​ជានិច្ច។

            Koh Thmei Resort បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១១ ដោយ​ប្តី​ប្រពន្ធ​ជនជាតិ ​អាឡឺម៉ង់ ពីរ​រូប​ដែល​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​យូរ​ណាស់​មក​ហើយ​។ ដោយ​មើល​ឃើញ​សក្តានុពល​ទេសចរ​នៃ​ដែនដី​កោះថ្មី ក៏​ដូច​ជា​ស្រលាញ់​នូវ​ភាព​ស្ងប់ស្ងាត់​តាម​បែប​ធម្មជាតិ​ ពួក​គេ​ក៏​សម្រេច​ចិត្ត​បង្កើត​រីហ្សត​មួយ​នេះ​ឡើង ​និង​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​នឹង​បឹង​ហ្កាឡូ​ជា​លក្ខណៈ​ឯកជន​ចំនួន​ប្រាំពីរ​ និង​ លក្ខណៈគ្រួសារ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ចំនួន​មួយ។ យ៉ាង​ណា​មិញ គ្រប់​បឹង​ហ្កាឡូ​ទាំងអស់​សុទ្ធ​សឹង​តែ​សាងសង់​ឡើង​ទៅ​តាម​បែប​ផែន​ជីវិត​ធម្មជាតិ ដោយ​មិន​បាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ទំនើបៗ ​ដូចជា​ម៉ាស៊ីន​ត្រជាក់​ ឬ​ទូរ​ទឹកកក​អ្វី​ឡើយ ​ប៉ុន្តែ​វា​ជំនួស​មក​វិញ​ជាមួយ​នឹង​កង្ហារ​មួយ និង​មុង​ទុក​សម្រាប់​ការពារ​សត្វ​ល្អិត​នៅ​ពេល​ដែល​ភ្ញៀវ​សម្រាក​នា​ពេល​រាត្រី​ប៉ុណ្ណោះ ហើយ​បឹង​ហ្កាឡូ​ទៀត​សោត​ក៏​សាងសង់​អំពី​ឈើ ​ដែល​នេះ​ហាក់​នាំ​អារម្មណ៍​ភ្ញៀវ​ទាំងឡាយ​ឲ្យ​ស្គាល់​នូវ​ជីវភាព​ដ៏​សាមញ្ញ​តាម​បែប​ធម្មជាតិ​នៅ​លើ​ដែន​កោះ​នេះ។​ ជា​ទូទៅ​ភ្ញៀវ​ដែល​បាន​មក​លេង​នៅ​ទី​នេះ ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​ជនបរទេស ដើម​កំណើត​អ៊ឺរ៉ុប ដែល​បាន​សម្រាក​ពី​ការងារ​ជា​លក្ខណៈ​វិស្សមកាល ​ក៏​ដូច​ជា​ចូល​និវត្តន៍​ជាដើម។​ល។ បើ​ទោះ​បី​ម្ចាស់ និង​ភ្ញៀវ​ជា​ជនបរទេស​មែន​ពិត​ ត្បិត​មុខ​ម្ហូប​គឺ​ជា​ម្ហូប​ខ្មែរ​កាត់​អ៊ឺរ៉ុប​ជា​មួយ​នឹង​ចុងភៅ​សុទ្ធសឹង​តែ​ជា​ជនជាតិ​ខ្មែរ​ ដែល​អ្នក​អាច​ស្វែង​រក​នូវ​មុខ​ម្ហូប​ខ្មែរ និង​បាយ​បាន​ផង​ដែរ។

            ថ្ងៃ​ក៏​កាន់​តែ​ជ្រេ ព្រះ​សុរិយា​ក៏​រៀប​នឹង​អស្ដង្គត ទឹក​សមុទ្រ​ក៏​កាន់​តែ​ជោរ​ វា​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ក្នុង​ការ​ផ្តិត​យក​រូបភាព​ស្អាតៗ​នៅ​ជុំវិញ​កោះ​ដែល​សម្បូរ​ទៅ​ដោយ​ទេសភាព​ល្អៗ​ ដោយ​ម្ខាង​គឺ​ជា​កោះ​សេះ​ដែល​មាន​សណ្ឋាន​ដូច​ជា​កូន​ភ្នំ​មួយ​ ហើយ​ម្ខាង​ទៀត​គឺ​ជាម​ហាសាគរ​ដ៏​ធំ​ល្វឹងល្វើយ​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែក គួប​ផ្សំ​ជាមួយ​នឹង​ទិដ្ឋភាព​ថ្ងៃ​រៀប​លិច​នៅ​ឯ​ម្ខាង​ទៀត​ ចោល​ជា​រស្មី​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​លើ​ផ្ទៃ​សមុទ្រ​ហាក់​ដូច​ជា​គ្រាប់​គ្រីស្តាល់​ចាំង​ពន្លឺ​ផ្លឹបផ្លេត​ និង​ស្រមោល​កោះសេះ​ដូច​តារា​មួយ​ដួង​ដែល​កំពុង​តែ​ឈរ​យ៉ាង​សង្ហា បង្កើត​បាន​ជា​ចំណីចក្ខុ​មួយ​ទៀត​ដែល​យើង​គយគន់​មើល​មិន​ចេះ​ជិន​ណាយ​ឡើយ។ មិន​យូរ​ប៉ុន្មាន រស្មី​ព្រះសុរិយា​ក៏​ឃ្លាត​ឆ្ងាយ​បាត់​ទៅ ​ជំនួស​មក​វិញ​នូវ​ស្បៃ​រាត្រី​អន្ធកា ហើយ​នេះ​ជា​ភ័ព្វ​សំណាង​ដែល​យើង​អាច​ដេក​គយ​គន់​មើល​ទេពច្យុត​ហោះ​កាត់​ផ្ទៃ​វេហា​ជាមួយ​នឹង​ដួង​តារា​រាប់ពាន់​រះ​ពេញ​មេឃនា​រាត្រី​ខែ​មាឃ រហូត​ដល់​ម៉ោង​ដប់​យប់​នៅ​លើ​ឆ្នេរ​ខ្សាច់។

            ព្រឹក​ព្រលឹម​ស្រាងៗ​ ដំណើរ​កំសាន្ត​ថ្ងៃ​ទី​ពីរ​របស់​យើង​ក៏​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​អាហារ​បែប​អ៊ឺរ៉ុប (Omelets Bread Meat) ដែល​មាន​នំប៉័ង​ជ្រុង​ហាន់​ជា​ចំណិត​ៗជាមួយ​នឹង​ពង​ទា​និង​សាច់​ចំណិត ​នេះ​គឺ​ជា​អាហារ​ដែល​ភ្ញៀវ​បរទេស​និយម​បរិភោគ​ជាង​គេ​បំផុត​។ ​អាហារ​ពេល​ព្រឹក​រួច​យើង​ក៏​បាន​បន្ត​កំសាន្តនៅ​​លើ​កោះ​ថ្មី​រីហ្សត​ដដែល​ ជា​មួយ​នឹង​ការ​ជិះទូក​កៃយ៉ាក (Kayak) ដែល​ផ្តល់​ដោយ​ខាង​រីហ្សត​ផ្ទាល់​តែ​ម្តង​។ វា​ពិត​ជា​ប្លែក​និង​ថ្មី​សម្រាប់​យើង​ដែល​បាន​សាក​ទូក​កៃយ៉ាក​នៅ​លើ​សមុទ្រ​ ដែល​កន្លង​មក​យើង​ធ្លាប់​តែ​បាន​អុំ​នៅ​តាម​ដងព្រែក អូរ ឬ​បឹង​ជា​ដើម។ អុំ​ទូក​លេង​បណ្តើរ ទស្សនា​តាម​មាត់​សមុទ្រ​បណ្តើរ​ ភ្នែក​បាន​ប្រទះ​ឃើញ​សេះ​ពីរ​ក្បាល​កំពុង​ដើរ​លេង​តាម​មាត់​ឆ្នេរ​ បាន​ទាញ​អារម្មណ៍​របស់​យើង​ឲ្យ​សំឡឹង​មើល​ ព្រម​ទាំង​បន្ថែម​ភាព​ស្រស់​ស្រាយ​សប្បាយ​អារម្មណ៍​ថែម​មួយ​កម្រិត​ទៀត​។ដូច​ដែល​បាន​រៀប​រាប់​ពី​ខាង​លើហើយ​ថា កោះ​ថ្មី​ជា​ដែន​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា ​ហើយ​សម្បូរ​ទៅ​ដោយ​សត្វ​ស្លាប​ សត្វ​ស្វា ​និង​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​យើង​មិន​អាច​លុក​លុយ​ចូល​ទៅ​មើល​បាន។​ យ៉ាង​ណា​ក៏​ដោយ​ Koh Thmei Resort ​ក៏​មាន​នូវ​ឆ្នេរ​ខ្សាច់​ធំ​ទូលាយ​មាន​សណ្ឋាន​លយ​ចេញ​ទៅ​ផ្ទៃ​សមុទ្រ ​ដែល​អាច​ឲ្យ​ភ្ញៀវ​បរទេស​សម្រាក​អាំង​ថ្ងៃ​បណ្ដើរ​អាន​សៀវភៅ​បណ្តើរ​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​បំផុត ​និង​មិន​មាន​ការ​រំខាន​ពី​អ្នក​ដទៃ​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ឆ្នេរ​ខ្សាច់​ដ៏​ធំ​ទូលាយ​មួយ​នេះ​ក៏​អាច​ឲ្យ​យើង​សប្បាយ​រីករាយ​ជា​មួយ​នឹង​សកម្មភាព​ផ្សេង​ៗ​ទៀត ដូច​ជា ​វាយ​សី លេង​បាល់​ ឬ​រត់​ប្រឡែង​គ្នា​លេង​បណ្តើរ​ ចុះ​ហែល​ទឹក​សមុទ្រ​បណ្តើរ​បាន​ថែម​ទៀត​ផង។

            ទាំង​អស់​នេះ​ហាក់​បាន​ធ្វើ​ឲ្យ​ដំណើរ​កំសាន្ត​មួយ​នេះ​នាំ​យើង​មក​ទទួល​នូវ​ភាព​ស្ងប់ស្ងាត់​ស្រស់ស្រាយ ​ជាមួយ​នឹង​សម្រស់​ធម្មជាតិ​យ៉ាង​ស្រស់​បំព្រង​តាម​បែប​អ្នក​នៅ​សមុទ្រ​ និង​គេច​ចេញ​ពី​អារម្មណ៍​តប់​ប្រមល់​នៃ​សម្ពាធ​ការងារ និង​រឿងរ៉ាវ​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ក្នុង​ឆាក​ជីវិត​ និង​គេច​ពី​មនុស្ស​ម្នា​យ៉ាង​ច្រើន​កុះករ ដើរ​ស្អេក​ស្កះ ពាស​ពេញ​ប្រអប់​ទី​ក្រុង​ដែល​ហ៊ុំព័ទ្ធ​ទៅ​ដោយ​អគារ​ខ្ពស់ៗ​គួរ​ឲ្យ​ធុញ​ធប់​៕

Article by KEO SONG


SUGGESTIONS