វាហាក់ដូចជាដំណើរកំសាន្តមួយដ៏គួរឲ្យស្រស់ស្រាយ និងភ្ញាក់ផ្អើលជាទីបំផុតនៅពេលដែលយើងបានមកដល់ដែនដីកោះថ្មីដែលជាដែនកោះដ៏សែនស្ងប់ស្ងាត់បំផុត សម្បូរទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងជាកោះមួយឆ្ងាយពីកោះទេសចរណ៍នានាដែលហាក់ដូចនាំយើងទៅកាន់ពិភពមួយដាច់ស្រយាលពីមនុស្សម្នា ហើយសម្រាកលំហែកាយប្រកបដោយសេចក្តីសុខ និងសន្តិភាព ព្រមទាំងមានសមាធិក្នុងចិត្តនិងមិនមានការបំពុលពីទីប្រជុំជននោះឡើយ។ ស្ថិតនៅក្បែរខ្សែបន្ទាត់ព្រំដែនទឹករវាងប្រទេសកម្ពុជា និងវៀតណាម និងឋិតក្នុងឈូងសមុទ្រថៃ កោះថ្មីជាដែនកោះដ៏ធំមួយពោរពេញទៅដោយព្រៃព្រឹក្សា និងឆ្នេរខ្សាច់ដែលអាចឲ្យយើងរីករាយជាមួយនឹងជីវិតតាមបែបធម្មជាតិដ៏ផូរផង់។
យើងផ្តើមដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខបួនសម្តៅឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ក៏ប៉ុន្តែគោលដៅរបស់យើងមិនបានទៅដល់ក្រុងព្រះសីហនុឡើយ ដោយយើងបានប្រាប់តៃកុងឡានឲ្យឈប់សំចតត្រឹមផ្លូវបំបែក អូរចំណារ ដែលស្ថិតនៅក្នុងស្រុកព្រៃនប់នៃខេត្តព្រះសីហនុតែប៉ុណ្ណោះ។ រយៈពេលប្រមាណ ៣ម៉ោងនៅលើរថយន្ត យើងក៏បានមកដល់ផ្លូវបំបែកអូរចំណារ ដែលជាគោលដៅទីមួយរបស់ពួកយើង និងជាចំណតឡានមួយក្នុងចំណោមទីតាំងចំណតឡានផ្សេងៗទៀតនៅតាមបណ្តោយផ្លូវជាតិលេខបួននេះផងដែរ។ មិនបង្អង់យូរនាំខាតពេល យើងក៏បានបន្តដំណើរជាមួយនឹងម៉ូតូឌុបឆ្ពោះទៅកាន់ភូមិកោះខ្យង តាមផ្លូវបេតុង ដែលទើបតែស្ថាបនារួចប្រមាណ ៧គ.ម ដោយបានឆ្លងកាត់ឃុំអូរជ្រៅផងដែរ។ នៅតាមផ្លូវនោះហើយដែលយើងបានប្រទះឃើញបងប្អូនខ្មែរឥស្លាមរាប់រយនាក់ហាក់មមាញឹកក្នុងការលក់ដូរតាមចិញ្ចើមផ្លូវ ដោយភាគច្រើនគេប្រកបមុខរបរលក់ត្រី ដែលទំនងជាត្រីទឹកប្រៃនៅផ្សារកោះខ្យងនេះតែម្ដង។ ក្រោយពីបានទស្សនាទិដ្ឋភាពតាមដងផ្លូវរួច លោកពូម៉ូតូឌុបក៏បានជូនយើងមកដល់កំពង់ផែទេសចររបស់រីហ្សតកោះថ្មីដែលគេមានដាក់ក្តារតូចល្មមពណ៌ខៀវ រួចសរសេរអក្សរ ពណ៌ស ថា “Koh Thmei Resort” ដែលនេះជាសញ្ញាបញ្ជាក់ថាយើងបានមកដល់ កំពង់ផែឯកជនឆ្ពោះទៅកាន់ Koh Thmei Resort ហើយ។ នេះគឺជាមធ្យោបាយទីបីរបស់យើងក្នុងការធ្វើដំណើរទៅកាន់កោះថ្មី តាមរយៈទូកឈើរបស់រីហ្សតដែលកំពុងតែបណ្តែតខ្លួននៅលើព្រែកទឹកសាបដែលហាក់កំពុងតែរង់ចាំពួកយើងជាយូរណាស់មកហើយដែរ។ ធ្វើដំណើរចេញពីកំពង់ផែតាមដងព្រែកទឹកសាប អមទៅដោយដើមកោងកាងរាប់ពាន់ដើម ហាក់ដូចគេរៀបជាជួរយ៉ាងមានសណ្តាប់ធ្នាប់ បង្កើតបានជាផ្ទាំងទស្សនីយភាពមួយបែប ហើយគួបផ្សំជាមួយនឹងទូកនេសាទចរាចរណ៍ចេញចូលឥតដាច់ទៀតនោះ បានផ្សារភ្ជាប់សកម្មភាពមនុស្សជាមួយនឹងធម្មជាតិឲ្យកាន់តែមានភាពជិតស្និទ្ធនឹងគ្នាបន្ថែមទៀតផង។ មិនយូរប៉ុន្មានយើងក៏បានឃ្លាតឆ្ងាយពីព្រែកទឹកសាប ហើយក៏បានឈានចូលមកដល់ក្នុងដែនសមុទ្រដែលម្ខាងជាដែនដីកោះថ្មី និងម្ខាងទៀតជាវាលសមុទ្រធំល្វឹងល្វើយ គ្មានកោះត្រើយ។ ក្រឡេកមកមើលទិដ្ឋភាពឯនាយកោះថ្មីវិញយើងបានសង្កេតឃើញមានការចាប់ផ្តើមអភិវឌ្ឍន៍បន្តិចបន្តួចជាមួយនឹងការដ្ឋានសាងសង់ខ្លះជាអន្លើ និងប្រទះឃើញមានផ្ទះឈើប្រក់ស័ង្កសីមួយចំនួនដែលជាទីសំចតរបស់អ្នកនេសាទ ក៏ប៉ុន្តែយើងហាក់មិនបានឃើញមានភូមិអ្នកស្រុកនិងប្រជាពលរដ្ឋរស់នៅទីនោះទេ។
រយៈពេល ៤៥ នាទីធ្វើដំណើរតាមរយៈទូកឈើ នៅទីបំផុត យើងក៏បានមកដល់ Koh Thmei Resort ដែលជាទីសម្រាកលម្ហែកាយតែមួយគត់នៅលើកោះនេះ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមើលពីចម្ងាយ យើងមិនបានចាប់អារម្មណ៍ថានឹងមានរីហ្សតទាល់តែសោះ ព្រោះពេលយើងក្រឡេកទៅឃើញមានតែដើមឈើនិងឆ្នេរខ្សាច់តែប៉ុណ្ណោះ ប៉ុន្តែអ្វីៗប្រែជាខុសប្លែកនៅពេលដែលយើងទៅកាន់តែកៀកទៅៗដោយមានបឹងហ្កាឡូនិងភោជនីយដ្ឋានហាក់កំពុងតែបង្ហាញខ្លួនបន្តិចម្តងៗ។ នេះពិតជាបានសបញ្ជាក់ថា កោះថ្មីរីហ្សតសាងសង់និងអភិវឌ្ឍន៍ឡើងក្រោមទម្រង់ការពារនិងអភិរក្សព្រៃឈើនិងបរិស្ថានយ៉ាងល្អបំផុត។ គ្រាន់តែឃើញទូកមកដល់ភ្លាម ម្ចាស់ស្រីរបស់រីហ្សតក៏ស្ទុះមកភ្លែតដើម្បីមកទទួលស្វាគមន៍ភ្ញៀវថ្មីយ៉ាងកក់ក្តៅនិងរួសរាយរាក់ទាក់ជាទីបំផុត។ «Hello, Welcome to KohThmei Resort and your house is number 3» នេះជាសម្តីដ៏ផ្អែមល្ហែមរបស់ម្ចាស់រីហ្សតនិយាយមកកាន់ពួកយើង ហើយថែមទាំងនាំយើងទៅដល់បឹងហ្កាឡូ ជាមួយនឹងស្នាមញញឹមជាប់ជានិច្ច។
Koh Thmei Resort បង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយប្តីប្រពន្ធជនជាតិ អាឡឺម៉ង់ ពីររូបដែលបានមកទស្សនាប្រទេសកម្ពុជាជាយូរណាស់មកហើយ។ ដោយមើលឃើញសក្តានុពលទេសចរនៃដែនដីកោះថ្មី ក៏ដូចជាស្រលាញ់នូវភាពស្ងប់ស្ងាត់តាមបែបធម្មជាតិ ពួកគេក៏សម្រេចចិត្តបង្កើតរីហ្សតមួយនេះឡើង និងស្នាក់នៅទីនោះជាមួយនឹងបឹងហ្កាឡូជាលក្ខណៈឯកជនចំនួនប្រាំពីរ និង លក្ខណៈគ្រួសារដែលមានទំហំធំជាងគេចំនួនមួយ។ យ៉ាងណាមិញ គ្រប់បឹងហ្កាឡូទាំងអស់សុទ្ធសឹងតែសាងសង់ឡើងទៅតាមបែបផែនជីវិតធម្មជាតិ ដោយមិនបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីនត្រជាក់ ឬទូរទឹកកកអ្វីឡើយ ប៉ុន្តែវាជំនួសមកវិញជាមួយនឹងកង្ហារមួយ និងមុងទុកសម្រាប់ការពារសត្វល្អិតនៅពេលដែលភ្ញៀវសម្រាកនាពេលរាត្រីប៉ុណ្ណោះ ហើយបឹងហ្កាឡូទៀតសោតក៏សាងសង់អំពីឈើ ដែលនេះហាក់នាំអារម្មណ៍ភ្ញៀវទាំងឡាយឲ្យស្គាល់នូវជីវភាពដ៏សាមញ្ញតាមបែបធម្មជាតិនៅលើដែនកោះនេះ។ ជាទូទៅភ្ញៀវដែលបានមកលេងនៅទីនេះ ភាគច្រើនសុទ្ធសឹងតែជាជនបរទេស ដើមកំណើតអ៊ឺរ៉ុប ដែលបានសម្រាកពីការងារជាលក្ខណៈវិស្សមកាល ក៏ដូចជាចូលនិវត្តន៍ជាដើម។ល។ បើទោះបីម្ចាស់ និងភ្ញៀវជាជនបរទេសមែនពិត ត្បិតមុខម្ហូបគឺជាម្ហូបខ្មែរកាត់អ៊ឺរ៉ុបជាមួយនឹងចុងភៅសុទ្ធសឹងតែជាជនជាតិខ្មែរ ដែលអ្នកអាចស្វែងរកនូវមុខម្ហូបខ្មែរ និងបាយបានផងដែរ។
ថ្ងៃក៏កាន់តែជ្រេ ព្រះសុរិយាក៏រៀបនឹងអស្ដង្គត ទឹកសមុទ្រក៏កាន់តែជោរ វាគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើងក្នុងការផ្តិតយករូបភាពស្អាតៗនៅជុំវិញកោះដែលសម្បូរទៅដោយទេសភាពល្អៗ ដោយម្ខាងគឺជាកោះសេះដែលមានសណ្ឋានដូចជាកូនភ្នំមួយ ហើយម្ខាងទៀតគឺជាមហាសាគរដ៏ធំល្វឹងល្វើយលាតសន្ធឹងដាច់កន្ទុយភ្នែក គួបផ្សំជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចនៅឯម្ខាងទៀត ចោលជារស្មីពណ៌ក្រហមឆ្អិនឆ្អៅលើផ្ទៃសមុទ្រហាក់ដូចជាគ្រាប់គ្រីស្តាល់ចាំងពន្លឺផ្លឹបផ្លេត និងស្រមោលកោះសេះដូចតារាមួយដួងដែលកំពុងតែឈរយ៉ាងសង្ហា បង្កើតបានជាចំណីចក្ខុមួយទៀតដែលយើងគយគន់មើលមិនចេះជិនណាយឡើយ។ មិនយូរប៉ុន្មាន រស្មីព្រះសុរិយាក៏ឃ្លាតឆ្ងាយបាត់ទៅ ជំនួសមកវិញនូវស្បៃរាត្រីអន្ធកា ហើយនេះជាភ័ព្វសំណាងដែលយើងអាចដេកគយគន់មើលទេពច្យុតហោះកាត់ផ្ទៃវេហាជាមួយនឹងដួងតារារាប់ពាន់រះពេញមេឃនារាត្រីខែមាឃ រហូតដល់ម៉ោងដប់យប់នៅលើឆ្នេរខ្សាច់។
ព្រឹកព្រលឹមស្រាងៗ ដំណើរកំសាន្តថ្ងៃទីពីររបស់យើងក៏បានចាប់ផ្តើមជាមួយនឹងអាហារបែបអ៊ឺរ៉ុប (Omelets Bread Meat) ដែលមាននំប៉័ងជ្រុងហាន់ជាចំណិតៗជាមួយនឹងពងទានិងសាច់ចំណិត នេះគឺជាអាហារដែលភ្ញៀវបរទេសនិយមបរិភោគជាងគេបំផុត។ អាហារពេលព្រឹករួចយើងក៏បានបន្តកំសាន្តនៅលើកោះថ្មីរីហ្សតដដែល ជាមួយនឹងការជិះទូកកៃយ៉ាក (Kayak) ដែលផ្តល់ដោយខាងរីហ្សតផ្ទាល់តែម្តង។ វាពិតជាប្លែកនិងថ្មីសម្រាប់យើងដែលបានសាកទូកកៃយ៉ាកនៅលើសមុទ្រ ដែលកន្លងមកយើងធ្លាប់តែបានអុំនៅតាមដងព្រែក អូរ ឬបឹងជាដើម។ អុំទូកលេងបណ្តើរ ទស្សនាតាមមាត់សមុទ្របណ្តើរ ភ្នែកបានប្រទះឃើញសេះពីរក្បាលកំពុងដើរលេងតាមមាត់ឆ្នេរ បានទាញអារម្មណ៍របស់យើងឲ្យសំឡឹងមើល ព្រមទាំងបន្ថែមភាពស្រស់ស្រាយសប្បាយអារម្មណ៍ថែមមួយកម្រិតទៀត។ដូចដែលបានរៀបរាប់ពីខាងលើហើយថា កោះថ្មីជាដែនដីដែលពោរពេញទៅដោយព្រៃព្រឹក្សា ហើយសម្បូរទៅដោយសត្វស្លាប សត្វស្វា និងសត្វព្រៃជាច្រើនប្រភេទទៀតដែលយើងមិនអាចលុកលុយចូលទៅមើលបាន។ យ៉ាងណាក៏ដោយ Koh Thmei Resort ក៏មាននូវឆ្នេរខ្សាច់ធំទូលាយមានសណ្ឋានលយចេញទៅផ្ទៃសមុទ្រ ដែលអាចឲ្យភ្ញៀវបរទេសសម្រាកអាំងថ្ងៃបណ្ដើរអានសៀវភៅបណ្តើរប្រកបដោយភាពស្ងប់ស្ងាត់បំផុត និងមិនមានការរំខានពីអ្នកដទៃឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ឆ្នេរខ្សាច់ដ៏ធំទូលាយមួយនេះក៏អាចឲ្យយើងសប្បាយរីករាយជាមួយនឹងសកម្មភាពផ្សេងៗទៀត ដូចជា វាយសី លេងបាល់ ឬរត់ប្រឡែងគ្នាលេងបណ្តើរ ចុះហែលទឹកសមុទ្របណ្តើរបានថែមទៀតផង។
ទាំងអស់នេះហាក់បានធ្វើឲ្យដំណើរកំសាន្តមួយនេះនាំយើងមកទទួលនូវភាពស្ងប់ស្ងាត់ស្រស់ស្រាយ ជាមួយនឹងសម្រស់ធម្មជាតិយ៉ាងស្រស់បំព្រងតាមបែបអ្នកនៅសមុទ្រ និងគេចចេញពីអារម្មណ៍តប់ប្រមល់នៃសម្ពាធការងារ និងរឿងរ៉ាវដែលពោរពេញទៅដោយបញ្ហាស្មុគស្មាញជាច្រើនក្នុងឆាកជីវិត និងគេចពីមនុស្សម្នាយ៉ាងច្រើនកុះករ ដើរស្អេកស្កះ ពាសពេញប្រអប់ទីក្រុងដែលហ៊ុំព័ទ្ធទៅដោយអគារខ្ពស់ៗគួរឲ្យធុញធប់៕
Article by KEO SONG