×

«យូហ្គា» ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​មក

TRAVEL & LIVING 6 years ago
 
 

          ការ​ធ្វើ​លំហាត់​ប្រាណ គឺ​ជា​កត្តា​មួយ​ដែល​ចាំ​បាច់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​ទូទាំង​សកលលោក​ ដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន​នេះ​សន្ទុះ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​បាន​កើន​ឡើង​ជា​លំដាប់​។ ជាក់​ស្តែង​មនុស្ស​មួយ​ចំនួន ទោះ​បី​ជា​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ជា​មួយ​ការ​សិក្សា ការងារ ឬ​ការ​ប្រកប​មុខ​របរ​ផ្សេងៗ​ទៀត​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​គេ​តែង​តែ​បែង​ចែក​ពេល​វេលា​ដ៏​មាន​តម្លៃ​នោះ​មក​ធ្វើ​លំហាត់​ប្រាណ ឬ​សកម្មភាព​ផ្សេង​ៗទៀត​មាន​ដូចជា៖ ការ​លើក​ដុំ​ដែក(Gym) ការ​ជិះ​កង់ ការ​ដើរ ​ឬ​ការ​រត់ និង​ការ​លេង​កីឡា​ជា​ដើម។ ក្នុង​នោះ​ផង​ដែរ​ គេ​សង្កេត​ឃើញ​ថា «យូហ្គា» គឺ​ជា​វិធី​សាស្ត្រ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​មាន​ភាព​ងាយ​ស្រួល​បំ​​ផុត​​សម្រាប់​​មនុស្ស​ទូទៅ និង​ផ្តល់​នូ​វ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​។

Image Courtesy: Bopha Seng

              យោង​តាម​កញ្ញា សេង បុប្ផា ជា​គ្រូ​បង្ហាត់​បង្រៀន យូហ្គា (Yoga)ម្នាក់ បាន​លើក​ឡើង​ថា «ប្រសិន​បើ​អ្នក​មាន​ពេល​វេលា​គ្រប់គ្រាន់​គួរ​តែ​ហាត់​យូហ្គា​នៅ​ពេល​ព្រឹក ទោះ​បី​ជា​ហាត់​បាន​បន្តិច​ក៏​ដោយ​ឲ្យ​តែ​បាន​ហាត់ ព្រោះ​ការ​ហាត់​ពេល​ព្រឹក​ធ្វើ​ឲ្យ​អារម្មណ៏​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​តែ​ម្តង​ ម៉្យាង​វិញ​ទៀត​មិត្ត​នារីៗ​ពេល​ដែល​គាត់​កំពុង​តែ​មាន​វដ្តរដូវ​គឺ​អាច​ហាត់​បាន​ដូច​គ្នា​ណា​មួយ​ព្រោះ​អំឡុង​ពេល​ដែល​យើង​ហាត់​អាច​ធ្វើ​ឲ្យ​យឺត​សរសៃ ​ហើយ​អាច​បន្ថយ​នូវ​ការ​ឈឺ​ចុកចាប់​ថែម​ទៀត​ផង»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ហាត់ «យូហ្គា (Yoga)» បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៏​ជា​ច្រើន​ដូច​ជា៖ បន្ថយ​នូវ​ការ​រង​សម្ពាធ (សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត) កំចាត់​នូវ​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន ការពារ​ពី​ការ​រលាក​សន្លាក់ (សម្រាប់​មនុស្ស​វ័យ​ចំណាស់) ធ្វើ​ឲ្យ​រាង​កាយ​រឹងមាំ​ កាត់​បន្ថយ​នូវ​ភាព​តាន​តឹង រំលាយ​ជាតិ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​បេះដូង សម្រក​ខ្លាញ់​ក្បាល​ពោះ ​ធ្វើ​ឲ្យ​សម្រស់​កាន់​តែ​ស្អាត ជា​ពិសេស​នោះ​ជួយ​ដល់​ខ្យល់​ដង្ហើម​ចេញ​ចូល​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យូហ្គា​អាច ផ្តល់​នូវ​បរិយាកាស​សប្បាយ​រីករាយ​ដល់​អ្នក​បន្ថែម​ទៀត​ ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភក្តិ​ដែល​កំពុង​តែ​ហាត់​ជាមួយ​គ្នា។

Image Courtesy: Bopha Seng

          ដោយ​ឡែក​ការ​ហាត់ «យូហ្គា (Yoga)» ហួស​កម្រិត​ក៏​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​ ប៉ុន្តែ​វិធីសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​សម្រួល​នូវ​ស្ថានភាព​នោះ​អ្នក​គួរ​តែ​ពិសារ​ទឹក​ រួច​សម្រាក​ប្រហែល​ជាង​១០នាទី​ ទៅ ​២០​នាទី បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​នូវ​ភាព​ធូរ​ស្បើយ​ជា​មុន។ កញ្ញា សេង បុប្ផា​បាន​បន្ត​ថា «អ្នក​លេង​កីឡា​ អ្នក​ហាត់​យូហ្គា(Yoga) ទាំង​អស់​សូម​កុំ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​គ្នា ហើយ​សូម​កុំ​ព្យាយាម​ធ្វើ​បាប​ខ្លួន​ឯង ត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​ថា​ហាត់​បាន​ប៉ុណ្ណា​ក្នុង​មួយ​ថ្ងៃ»។ ការ​ហាត់«យូហ្គា (Yoga)» លើក​ដំបូង​មាន​ភាព​ពិបាក​ជា​ច្រើន​ដែល​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖ មាន​ការ​ឈឺ​ចាប់​លើ​រាង​កាយ មិន​ទម្លាប់​ក្នុង​ការ​ហាត់ អារម្មណ៏​មិន​ល្អ និង​បាក់​ទឹក​ចិត្ត​ជា​ដើម ដោយសារ​តែ​មូល​ហេតុ​ទាំងអស់​នេះ​ហើយ​ទើប «យូហ្គា (Yoga)» ទាមទារ​ឲ្យ​អ្នក​ចាប់​ផ្តើម​ហាត់​លើក​ដំបូង​ត្រូវ​មាន​ភាព​អត់​ធ្មត់​ខ្លាំង​។ ដោយសារ​តែ​សព្វ​ថ្ងៃ​នេះ​សន្ទុះ​នៃ​មនុស្ស​ស្រី មួយ​ចំនួន​ស្រលាញ់​ការ​ថែ​ទាំ​រាងកាយ​ខ្លួន​ និង​សម្រស់​ខ្លាំង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​ហាត់ «យូហ្គា (Yoga)» គឺ​សម្រាប់​តែ​មនុស្ស​ស្រី​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ជាក់​ស្តែង​ទាំង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​អាច​ហាត់ «យូហ្គា (Yoga)» ដូច​គ្នា​ទាំង​វ័យ​ចំណាស់ ឬ​វ័យ​ក្មេង។

          ក្នុង​ពេល​បច្ចុប្បន្ន​នេះ អ្នក​បាន​ដឹង​ហើយ​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹង​ជំងឺ​ដ៏​កាច​សាហាវ។ ដូច្នេះ​ដើម្បី​បញ្ជៀស​នូវ​បញ្ហា​ទាំងអស់​នេះ​អ្នក​គួរ​តែ​ធ្វើ​លំហាត់​ប្រាណ​ ឬ​យូហ្គា រាល់​ពេល​ដែល​អ្នក​ទំនេរ​ពី​ការងារ ការ​សិក្សា ឬ​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ផ្សេងៗ​ទៀត​នោះ ​កុំ​ភ្លេច​ណា​ឆ្លៀត​ពេល​១​ម៉ោង ឬ​២ម៉ោង​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ​ទាំងអស់​គ្នា៕

Article by PAN SIVLY


SUGGESTIONS