×

«Be Wild Be Free» Wild Bar បង្កើត Cocktail រូបមន្ត​​ផ្ទាល់​ខ្លួន​​ក្នុង​​បរិយាកាស​​ធម្មជាតិ​​ដ៏​​ស្រស់​ស្រាយ​

TRAVEL & LIVING 6 years ago
 
 

Read in English

          នៅ​ក្នុង​បរិវេណ​ទី​ធ្លា​ខាង​មុខ​ផ្ទះ​មួយ​ដែល​ក្រាល​ដោយ​ស្មៅ​ខៀវ​ខ្ចី​ អម​ជា​មួយ​នឹង​ពន្លឺ​ភ្លើង​ពណ៌​ទឹក​ក្រូច​ដ៏​ស្រទន់​លាយឡំ​នឹង​ភ្លេង​រណ្តំរហឹមៗ​ ជា​មួយ​នឹង​ការ​តុបតែង​តាម​បែប​ធម្មជាតិ​គួរ​ឲ្យ​ស្រស់​ស្រាយ​នាក្រុង​សៀមរាប​នោះ​គឺ​ជា​ បាថ្មី​មួយ​ដ៏រ៉ូមែនទិក​ដែល​ទើប​តែ​ចាប់​បដិសន្ធិ​ឡើង​ដោយ​ជន​បរទេស​ពីររូប​។ Wild Bar​ ទើប​តែ​បង្កើត​ឡើង​នៅ​ក្នុង​ខែ​ ឧសភាឆ្នាំ​ ២០១៨ ​នេះ​តែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​បា​នេះ​គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ចេញចូល​ឥត​ដាច់​ ជា​រៀងរាល់​ថ្ងៃ​ ជា​ពិសេស​គឺ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​កំពុងតែ​ស្នាក់​នៅ​និង​ទស្សនា​ទីក្រុង​ប្រវត្តិសាស្រ្ត​នៃ​ទឹក​ដីអង្គរ​។ ទាំង​ការ​រៀបចំ​ ភេសជ្ជៈ អារហារ តម្លៃ និង​សេវាកម្ម​ សុទ្ធតែ​ជាអ្វី​ដែល​អតិថិជន​ទូទៅ​ភាគ​ច្រើន​ពេញ​ចិត្ត​ និង​តែងតែ​និយម​នាំ​គ្នា​មកម្តង​ហើយ​មកម្តងទៀត​ដើម្បី​ពិភាក្សា​ និង​ជជែក​កំសាន្ត​ក្រោម​បរិយាកាស​ដ៏​រីករាយ​ជា​ទីបំផុត​។

          ​នរណា​ក៏​ដោយ​គ្រាន់​តែ​ឆ្លង​កាត់​បា​មួយ​នេះ​តែងតែ​នាំ​គ្នា​ងាក​មើល​និង​ក្រឡេក​មិន​ដាក់​ភ្នែក​ឡើយ​ពីការ​រៀបចំ​បរិយាកាស​តាម​បែប​ធម្មជាតិ​គួ​រឲ្យ​ចង់​រស់​នៅ​ជា​ទី​បំផុត​របស់ Wild Bar។ មាន​តុ​និង​កៅអី​តូចៗ​ជាច្រើន​ត្រូវ​បាន​គេ​រៀប​ដាក់​នៅ​លើ​ស្មៅ​ខ្ចីសម្រាប់​ពិសាភេសជ្ជៈ​និង​អាហារ​យ៉ាង​មាន​សណ្តាប់ធ្នាប់​។

          Wild bar ​បង្កើត​ឡើង​ដោយ​ប្តីប្រពន្ធ​ជនជាតិ​បារាំង​ពីររូប​ដែល​បាន​ចាប់​ចិត្ត​ប្រតិព័ទ្ធ​ជាមួយ​នឹង​វប្បធម៌​ ប្រពៃណី​ និង​ប្រជាជន​កម្ពុជា​ពី​យូរ​ណាស់​មកហើយ​។ ដោយសារ​តែ​ការ​ស្រលាញ់​ធម្មជាតិ​និង​បរិស្ថាន​បានធ្វើ​ឲ្យ​ប្តីប្រពន្ធ​ជនជាតិ​បារាំង​ទាំងពីរ​មាន​គំនិត​ចាប់​ផ្តើម​អាជីវកម្ម​នឹង​ការ​បង្កើត​បាដ៏ផ្អែមល្ហែម​នេះឡើង​។ លើស​ពី​ការ​រចនា​និង​ការ​រៀបចំ​ហាក់​ដូច​ជា​សហគមន៍​បរិស្ថាន​បែប​នេះ ​ម្ចាស់​ហាង​ទាំង​ពីរក៏បាន​បង្កើត​រូប​មន្ត​ភេសជ្ជៈ​ដោយខ្លួន​ឯង​ជា​មួយ​នឹង​ក្លិន​និង​រសជាតិ​ធម្មជាតិ​ដែល​ពួក​គេ​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​ដាំ​ដោយខ្លួន​ឯង​នៅ​ក្នុង​សួន​បន្លែ​ដ៏តូច​មួយ​នៅ​ក្នុង​បរិវេណ​ទី​ធ្លាបា​និង​ខ្លះ​ទៀត​បាន​ទិញ​ពី​ឈ្មួញ​ដែល​បាន​បោះដុំ​ផ្ទាល់តែ​ម្តង​។ ភេសជ្ជៈ​ជា​ច្រើន​ដូចជា​ Cocktail គឺ​សុទ្ធសឹង​តែ​មាន​រសជាតិ​ឆ្ងាញ់​ខុសប្លែក​ពី​បាផ្សេងៗ​ទៀត ដែលភ្ញៀវ​ណា​ក៏ដោយ​ដែល​បាន​មកភ្លក់​នៅ​ទី​នេះ​លាន់​មាត់​ថា​ឆ្ងាញ់​និង​ជាប់​ចិត្តគ្រប់ៗ​គ្នា​ ។ Wild Bar មាន Cocktail ​ជា​ច្រើន​ដែល​មាន​ឱជា​រសជាតិ​ឈ្ងុយឆ្ងាញ់​និង​មាន​ក្លិន​ជា​ច្រើន​ប្រភេទ​ដែល​ម្ចាស់​ហាង​ផ្ទាល់​បាន​ផលិត​ឡើង​ដោយ​ខ្លួនឯង​ផ្ទាល់​តួយ៉ាង​ដូចជា​៖ ក្លិនផ្កា Rossel, ក្លិនវ៉ាន់នីឡា ក្លិនម្រេចកំពត ជាដើម ។

          Tamara Venn គឺជា​ឈ្មោះ​របស់​សិល្បៈករ​គំនូរ​មួយ​រូប​ដែល​បាន​គូស​វាស​អក្សរគំនូរ​ Wild នៅ​លើ​ជញ្ជាំង​បា​ប្រកប​ដោយ​សិល្បៈ​​និយម​​ និង​ស្រស់​ស្អាត​ជា​ទីបំផុត​ ត្រូវ​បាន​ម្ចាស់ហាង​ទាំង​ពីររូប​បាន​យក​មក​បញ្ចូល​ជា​ឈ្មោះ ​Cocktail មួយ​ដែល​លក់​ដាច់​ជាង​គេ​បំផុត​របស់​បា​មួយនេះ​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ Caipirinha ក៏ជា​ភេសជ្ជៈ​Cocktail ​មួយទៀត​ ដែល​មាន​ឱជារស​ឈ្ងុយឆ្ងាញ់​ពិសេស​ដែល​មាន​ការ​ពេញនិយម​ពី​អតិថិជន​និង​ភ្ញៀវទេសចរ​បរទេស​ជា​ច្រើន​ទៀត​ផងដែរ​។ ជាង​នេះ​ទៅ​ទៀត​ Wild Bar ក៏​មាន​បម្រើ​ជូន​នូវ​មុខ​ម្ហូបអ៊ឺរ៉ុប​និង​ខ្មែរ​ជាច្រើន​មុខ​ដែលមាន​ឱជារស​ឈ្ងុយឆ្ងាញ់​ពិសា​ជា​ទីបំផុត​ចម្អិន​ដោយ​ចុងភៅ​ចំណាន​របស់​ Bar ថែម​ទៀត​ផង។  Wild Bar ​ចាប់ផ្តើម​បើកទ្វា​ទទួលស្វាគមន៍​ភ្ញៀវជាតិ​និង​អន្តរជាតិ​ជារៀង​រាល់ថ្ងៃ​ចាប់ពីម៉ោង​ ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ជា​មួយ​នឹង​ការ​បម្រើជូន​ដោយ​ម្ចាស់​បា​ផ្ទាល់​តែម្តង​៕ Read in English

Article by KEO SONG


SUGGESTIONS