×

វិចិត្រករ ឈើន ចាន់នី កែ​ប្រែ​វិប្បដិសារី​ចំពោះ​កំហុស​ឆ្គង​លើ​ធម្មជាតិ​មក​ជា​ស្នាដៃ​សិល្បៈ​គំនូរ​ដ៏​អស្ចារ្យ

NEWS 2 months ago
 
 

          គំនូរ​ជា​ច្រើន​ផ្ទាំង​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ភាព​អស្ចារ្យ​នៃ​សម្រស់​បរិស្ថាន​ធម្មជាតិ​បែប​ព្រៃភ្នំ និង​សត្វព្រៃ បានចាប់​បដិសន្ធិ​ឡើង​ដោយ​ទឹកដៃ​របស់​វិចិត្រករ​វ័យ​៣០ឆ្នាំ​ម្នាក់​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ ការ​ជ្រើសរើស​ប្រធានបទ​គំនូរ​បែប​នេះ​មក​ធ្វើ​ជា​អត្តសញ្ញាណ​ស្នាដៃ​របស់​ខ្លួន​មិនមែន​ជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​តាម​ការពិត​ទៅ​វា​មាន​រឿងរ៉ាវ​ពាក់ព័ន្ធ​ពី​ក្រោយ​គំនិត​ក្នុង​ការ​បង្កើត​ស្នាដៃ​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ​ទាំង​នេះ ដែល​លោកអ្នក​មិន​អាច​ដឹង​ដោយ​ភ្នែក​ទទេ​បាន​ឡើយ។ តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​បណ្តាល​ឲ្យ​បុរស​ម្នាក់​នេះ​ជក់​ចិត្ត​ដិត​អារម្មណ៍​ហ៊ាន​លះបង់​ពេលវេលា​ជា​ច្រើន​ដើម្បី​បង្កើត​ស្នាដៃ​គំនូរ​ប្រភេទ​នេះ? តើ​លោក​បាន​រៀន​សូត្រ​ជំនាញ​នេះ​ត​ពី​ក្រុម​គ្រួសារ ឬ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជា​ផ្លូវ​ការ​ពី​ស្ថាប័ន​ណា​មួយ?

            តាមរយៈ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយលោក ឈើន ចាន់នី ដែល​ជា​ម្ចាស់​ស្នាដៃ​ពិត ដែល​សព្វថ្ងៃ​លោក​កំពុង​រស់​នៅ និង​បំពេញ​ការងារ​លើ​ទឹកដី​ខេត្ត​សៀមរាប។ លោក​បាន​រៀបរាប់​អំពី​ប្រវត្តិ​អតីតកាល​របស់​លោក​មុន​បាន​ក្លាយ​ជា​ជាង​គំនូរ​មាន​ឈ្មោះ​បោះសម្លេង​ដូច​សព្វថ្ងៃ​ថា លោក​បាន​កើត​ក្នុង​គ្រួសារ​មួយ​ដែល​រស់​នៅ​ជាយក្រុង​បាត់ដំបង​កាល​ពី​ឆ្នាំ១៩៨៨។ ជា​អកុសល ដោយ​សារ​បញ្ហា​កង្វះខាត​ផ្នែក​ជីវភាព​ក្នុង​ក្រុម​គ្រួសារ គ្រួសារ​លោក​ទាំង​មូល​ត្រូវ​ភៀស​ខ្លួន​ទៅ​រស់​នៅ​តំបន់​ព្រៃភ្នំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​បាត់ដំបង​ដដែល។ ជីវិត​កុមារភាព​របស់​លោក ពុំ​បាន​ភ្លឺស្វាង​ស្រណុក​សុខស្រួល​ដូច​កុមារ​ដទៃ​ដែល​រស់​នៅ​ក្នុង​ក្រុង ឬ​តាម​ទីប្រជុំជន​នោះ​ទេ ពោល​គឺ​លោក​ធ្លាប់​ហែល​ឆ្លង​ការ​លំបាក​រហូត​ស្នាក់​នៅ​ក្រោម​ដើម​ឈើ និងទី​វត្តអារាម ជាពិសេស​គឺ​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ចោល​ការ​សិក្សា ត្រឹម​ថ្នាក់​ទី៧ ព្រោះ​សាលារៀន​ស្ថិត​នៅ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ​ពេក។

Image Courtesy ឈើន ចាន់នី

            លោក​នៅ​ចងចាំ​បាន​ថា កាល​ពី​តូច លោក​ហាក់បី​ដូច​ជា​មាន​ឧបនិស្ស័យ​ខាង​ផ្នែក​គំនូរ​ទៅ​ហើយ​តាម​រយៈ​ការ​គូរ​រូបភាព​ផ្សេងៗ​តាំង​ពី​ក្នុង​សៀវភៅ​រៀន​រហូត​ដល់​គូរ​លើ​ដី និង​គូរ​លើ​ដើម​ឈើ​ក៏​មាន​ដែរ។ ក្រោយ​មក​ក្នុង​ឆ្នាំ២០០៦ ឪពុក​បង្កើត​របស់​លោក​បាន​ទទួល​ដំណឹង​តាម​ទូរទស្សន៍​ស្តី​ពី​កម្មវិធី​សិក្សា​ផ្នែក​គំនូរ​នៃ​សមាគម​ហ្វារពន្លឺ  សិល្បៈ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ដែល​ពី​មុន​មក​លោក​ពុំ​ដែល​បាន​ស្គាល់​ទាល់​តែ​សោះ។ លោក​បាន​បញ្ជាក់​ថា កាល​ចូល​រៀន​នៅ​ទីនោះ​ដំបូង លោក​រៀន​គំនូរ​ផង រៀន​ភ្លេងផង ប៉ុន្តែ​ដោយ​សារ​លោក​មាន​ចំណង់​ចំណូល​ចិត្ត​ផ្នែក​គំនូរ​ខ្លាំង​ជាង​ទើប​លោក​សម្រេច​ចិត្ត​ចាប់​យក​តែ​ជំនាញ​នេះ​រហូត​ដល់​បញ្ចប់​ការ​សិក្សា​ជា​ស្ថាពរ​នៅ​ឆ្នាំ២០១៣។ ក្នុង​កំឡុង​ពេល​រៀន លោក​បាន​ចេះ​របៀប​គូរ​ដោយ​ប្រើ​វត្ថុ​ធាតុដើម​ពណ៌​ជា​ច្រើន​ប្រភេទ​គួរ​ឲ្យ​កត់​សម្គាល់ ដូច​ជា ពណ៌​អាក្រូលិក ពណ៌​ពីធ្យូង ពណ៌​ធម្មជាតិ​ពី​ដីភក់ ស្លឹកឈើ ជាដើម ពី​គ្រូ​ជំនាញ​មក​ពី​ប្រទេស​បារាំង។

            ក្នុង​នាម​ជា​វិចិត្រករ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ លោក​បាន​អះអាង​ថា ទោះ​បី​ជា​លោក​ធ្លាប់​បាន​សាកសល្បង​ពី​របៀប​គូរ​ដោយ​ប្រើ​បច្ចេកទេស​ពណ៌​ជា​ច្រើន​ប្រភេទ​ក៏​ដោយ ក៏​ក្នុង​អាជីព​ការងារ​ជាក់ស្តែង លោក​ពុំ​អាច​ប្រើប្រាស់​ប្រភេទ​ពណ៌​ទាំង​អស់​នោះ​ក្នុង​ស្នាដៃ​គំនូរ​របស់​លោក​ឡើយ។ តើ​មក​ពី​មូល​ហេតុ​អ្វី? លោក​បាន​ឆ្លើយ​ថា គឺ​ដោយ​សារ​តែ​បច្ចេកទេស​ពណ៌​ខ្លះ​មិន​អំណោយ​ផល​ក្នុង​ការ​អនុវត្ត​នៅ​លើ​ស្នាដៃ​ការងារ​ឡើយ តួយ៉ាង ខ្លះ​មិន​អាច​រក្សាទុក​បាន​យូរ​ឆាប់ខូច មិន​សមស្រប​តាម​បរិយាកាស​ស្រុក​ខ្មែរ។ ហេតុ​នេះ​ហើយ​ទើប​លោក​តែងតែ​និយម​ប្រើ​ពណ៌​ប្រេង​ក្នុង​ការ​គូរ​ជា​ប្រចាំ តែ​ក៏​ធ្លាប់​គូរ​ពណ៌​ទឹក​សម្រាប់​តម្រូវ​ការ​ទីផ្សារ​ពី​មុន​មក​ដែរ។ គំនូរ​ដែល​លេច​ធ្លោ​ហើយ​មាន​ទំហំធំ​ជាង​គេ​ក្នុង​ការ​តាំង​ថត​ពិព័រណ៍​ស្នាដៃ​សិល្បៈ​បែប​ទោល (solo) គឺ​ជា​គំនូរ​ដែល​មាន​ទំហំ​រហូត​ដល់​២ម៉ែត្រ​គុណ​នឹង​៥.២០ម៉ែត្រ ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​សណ្ឋាគារ​ដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាប។ កាល​នោះ​លោក​បាន​ដាក់​តាំង​គំនូរ​ស្នាដៃ​ផ្ទាល់​ខ្លួន​រហូត​៩ផ្ទាំង ដែល​ក្នុង​មួយ​ផ្ទាំងៗ​បង្កប់​រូប​ចំនួន ៥ប្លង់​ទៀត។

            ក្រៅពី​ជោគជ័យ​ខាង​លើ លោក​ក៏​ធ្លាប់​បាន​ចូលរួម​ដាក់​តាំង​ស្នាដៃ​នៅ​ក្នុង​ពិព័រណ៍​ជា​ច្រើន​បន្ត​បន្ទាប់​ទៀត ទាំង​ពិព័រណ៍​ទោល និងពិព័រណ៍​លក្ខណៈ​ក្រុម​នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប​ និង​ទីក្រុង​ភ្នំពេញ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ធ្លាប់​បង្ហាញ​ស្នាដៃ​ជា​សាធារណៈ​នៅ​ក្នុង​ពិព័រណ៍​នៃ​ស្ថានទូត​បារាំង​ថែម​ទៀត​ផង។

Image Courtesy ឈើន ចាន់នី

            រូប​ដែល​លោក​ដាក់តាំង​ពិព័រណ៍​សុទ្ធសឹង​តែ​ទាក់ទង​នឹង​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ផ្សេងៗ។ ត្រង់​ចំណុច​នេះ លោក​បាន​លើក​ឡើង​អំពី​មូល​ហេតុ​ចម្បង​ថា “ខ្ញុំ​ចូលចិត្ត​គូរ​រូប​ព្រៃឈើ​ជាង​គេ ព្រោះ​ខ្ញុំ​រស់​នៅ​ក្នុង ព្រៃ​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ដិតដាម​ជា​មួយ​នឹង​រុក្ខជាតិ​ដក់ជាប់​ក្នុង​បេះដូង។ ម្យ៉ាង យើង​រស់​នៅ​ជា​មួយ​ព្រៃឈើ យើង​មាន​កំហុស​ជា​មួយ​ធម្មជាតិ​ច្រើន ដូច​ជា​ការ​កាប់​ព្រៃឈើ និង​ការ​សម្លាប់​សត្វព្រៃ​ធ្វើ​ជា​អាហារ។ ខ្ញុំ​មាន​វិប្បដិសារី ទើប​ខ្ញុំ​បែរ​មក​ធ្វើ​ការ​ទាក់ទង​នឹង​ព្រៃឈើ និងសត្វព្រៃ​វិញ។” នេះ​ជា​កត្តា​ជំរុញ​ឲ្យ​វិចិត្រករ​សម័យ​ថ្មី​រូប​នេះ​តែងតែ ព្យាយាម​បង្កើត​ស្នាដៃ​គំនូរ​អំពី​ប្រធានបទ​ធម្មជាតិ​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​តបស្នង​សងគុណ​ធម្មជាតិ​ដែល​នាំ​ឲ្យ​រូប​លោក​មាន​ថ្ងៃ​នេះ។ លើសពី​នេះ​ទៅ​ទៀត លោក​ក៏​ធ្លាប់​ស្ម័គ្រចិត្ត​ចំណាយ​ពេល​មួយឆ្នាំ​ក្នុង​ការ​បំពេញ​តួនាទី​ជា​បុគ្គលិក​ផ្នែក​សេវាកម្ម​ព្យាបាល​ស្មារតី​តាម​រយៈ​សិល្បៈ (Art Therapy) កាល​នៅ​សិក្សា​នៅ​សមាគម​ហ្វារពន្លឺសិល្បៈ ក្នុង​គោល​ដៅ​ជួយ​ជន​រងគ្រោះ​ដោយ​សារ​ការ​ប្រើប្រាស់​គ្រឿងញៀន។

            ចំពោះ​គោល​បំណង​សម្រាប់​ថ្ងៃ​អនាគត លោក​ចង់​ឲ្យ​សិល្បៈ​ក្នុង​ស្រុក​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំង​ជាង​សិល្បៈ​បរទេស ព្រោះ​លោក​យល់​ថា សិល្បៈ​ជា​ឱសថ​ព្យាបាល​សង្គម អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​មនុស្ស​បាន​យ៉ាង​ប្រសើរ៕

Article by SRIN SOKMEAN



SUGGESTIONS