×

ជម្រើស​វត្ត​ចំនួន​០៥​នៅ​ជិតៗ​ភ្នំពេញ​ដែល​អាច​ជា​គោល​ដៅ​ពិសេស​សម្រាប់​រដូវ​បុណ្យ​ភ្ជុំ​

TRAVEL & LIVING 6 years ago
 
 

ជាទូទៅ​ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​តែង​ត្រលប់​ទៅ​ស្រុក​កំណើត​ជួបជុំ​ក្រុម​ គ្រួសារ​នៅ​តាម​បណ្តា​ខេត្ត​នានា​។ ប៉ុន្តែ​ក៏មាន​អ្នក​ដែល​មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ​តែម្តង​ ឬ អ្នក​ដែល​មមាញឹក​ការងារ​របរ​រកស៊ី​ដែល​មិន​អាច​ឆ្លៀត​ពេល​ទៅ​ស្រុក​បាន​ នោះ​ពួក​គេ​ប្រាកដ​ជា​ចង់​ធ្វើ​ដំណើរ​ទៅ​ធ្វើបុណ្យ​ និង ដើរ​កំសាន្ត​ជា​មួយ​មិត្តភក្តិ​ មិត្ត​រួម​ការងារ​ ឬ ក្រុម​គ្រួសារ​នៅ​វត្ត​ដែល​ស្ថិត​នៅជិតៗ​រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ សូវរីន​សូម​ណែនាំ​ទី​អារាម​ទាក់ទាញ​ខ្លះៗ​ដែល​លោកអ្នក​ គប្បី​កុំ​មើល​រំលង​៖

១ វត្តស្អាងភ្នំៈ ស្ថិតនៅ​ភូមិ​ពាមសាលា​ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ៣០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ តាម​ផ្លូវ​ជាតិលេខ២១​។ ពេល​ទៅ​ដល់​ផ្សារ​ទីរួមស្រុក​ស្អាង​ ត្រូវ​បត់ស្តាំ​តាម​ ស្ថានីយប្រេងឥន្ទនៈ​រហូត​ចម្ងាយ​២គីឡូម៉ែត្រ​ទើប​ឃើញ​ខ្លោងទ្វារវត្ត​។ ស្អាងភ្នំ​ជា​រមណីយដ្ឋាន​បែប​វប្បធម៌​និង​ ធម្មជាតិ​ដ៏ស្រស់​ត្រកាល​ប្រៀប​ដូច​កោះព័ទ្ធ​ដោយផ្ទៃ​ទឹក​បឹង​ធំ​ល្វឹងល្វើយ​នៅ​រដូវវស្សា​។ នៅ​លើ​កំពូល​ភ្នំ​ មាន​ព្រះវិហារ​ សាលា​ប្រាំបីជ្រុង​ អា​ស្រម​ព្រះអង្គ​ចេក​ព្រះអង្គចម​ និង អាស្រម​ព្រះគោព្រះកែវ​ សម្រាប់​សាសនិកជន​គោរពបូជា​។  រីឯ​នៅ​ជើងភ្នំ​មាន​ដុំថ្មធំៗ​ដុះ​រកេតរកូត​គួរ​ឲ្យ​ចង់​ថត​រូប​កម្សាន្ត​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ ក៏​មានរោង​លក់​ម្ហូបអាហារ​បែប​ជនបទ​ជា​ច្រើន​សម្រាប់​រង់ចាំ​ស្វាគមន៍​ទទួល​ភ្ញៀវទេសចរ​ជិតឆ្ងាយ​ទាំងឡាយ​ផងដែរ​។

២ វត្តអង្គរជ័យៈ ស្ថិត​នៅ​ភូមិ​អង្គរជ័យ​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ចម្ងាយ​ជាង​៣០គីឡូ​ម៉ែត្រ ពីភ្នំពេញ តាមផ្លូវជាតិលេខ១។ វត្តនេះ​ក៏ជា​រមណីយដ្ឋាន​ដ៏ល្បី​ប្រចាំ​តំបន់​ ជាទី​ពេញនិយម​សម្រាប់​រដូវបុណ្យ​ទានដែរ​ ព្រោះវត្ត​នេះ​មាន​សំណង់​អគារ​ដែល​មាន​លក្ខណៈ​ស្ថាបត្យកម្ម​ប្លែកៗ​ខុស​ពី​វត្ត​ដទៃ​ ព្រម​ទាំង​មាន​បរិស្ថាន​ស្រស់បំព្រង​ មាន​ស្រះឈូក​ មាន​ស្រះ​ចិញ្ចឹមត្រី​ ផ្ទះទឹក​អង្គុយ​សម្រាក​លេង​ ឬ ឲ្យ​ចំណីត្រី​ជា​ការ​កំសាន្ត​សប្បាយ​។ ក្រៅពីនេះ វត្តក៏​នៅ​មាន​កន្លែង​បារមី​សក្តិសិទ្ធិ​មួយ​ទៀត​ដែល​អ្នក​ស្រុក​ហៅថា​ ទួលដំបូកខ្មៅ​។​ នៅ​លើ​ទួល​ដែល​ប្រកប​ដោយ​អប្បិយជំនឿ​នោះ​ មាន​ការ​សាងសង់​នូវ​អាស្រម​រូប​សំណាក់​តូចធំ​ ជា​ច្រើន​សម្រាប់​អ្នក​ដំណើរ​ និង អ្នក​ស្រុក​គោរព​ប្រតិបត្តិ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​។​ វត្ត​កំពុង​មមាញឹក​រៀបចំ​កែតុបតែង​សួនច្បារ​ថ្មី​មុខ​មហាកុដិ​សម្រាប់​ត្រៀម​ប្រារព្ធពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ​។

៣ វត្តជ្រោយអំពិលៈ ​មនុស្ស​ភាគ​ច្រើន​ស្គាល់​ឈ្មោះ​វត្ត​នេះ​ សូម្បី​តែ​យុវវ័យ​សព្វថ្ងៃ​ក៏​និយាយ​រត់មាត់​ដែរ​ ព្រោះ​វត្តនេះ​ធ្លាប់​ត្រូវ​បាន​គេ​ជ្រើសរើស​ជាទី​តាំង​ប្រារព្ធ​ពិធីបុណ្យ​ភូមិ​ដ៏​ធំ​សម្បើម​កាល​ពី​ឆ្នាំ២០១៦​។ វត្តនេះ​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។ ទីនោះ​មាន​សោភ័ណភាព​និង​ សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​ព្រោះ​វា​ជា​វត្ត​របស់​ព្រះ​សពសម្តេច​ព្រះឧត្តមមុនី ​យឿង យ៉ាត់ អតីត​សមាជិក​ ថេរសភាសង្ឃ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង ជាអតីត​ព្រះមេគណ​ខេត្តកណ្តាល​។ ទីធ្លា​វត្តចាក់​បេតុង​មាន​ ភាព​ធំទូលាយ​ងាយស្រួល​រៀបចំ​កម្មវិធី​បុណ្យទាន​ជួបជុំ​នានា​  និង​មាន​ដាំដើម​ឈើ​លម្អ​រៀបចំ​ជា​សួនច្បារ​ មើលទៅ​ខៀវស្រងាត់​គួរ​ជាទី​មនោរម្យ​។ លោក​អ្នក​ក៏អាច​ឆៀង​ចូល​ទៅ​វត្តផ្សេងៗ​ទៀត​ដែល​ស្ថិត​នៅជិតៗ​ នោះបាន​ដែរ​ តួយ៉ាង វត្ត​កៀនស្វាយក្រៅ​ វត្តកៀនស្វាយក្នុង វត្តកោះប្រាក់ និង វត្តវិចិត្តារាម ជាដើម ឬ សល់ពេល​ទៅ​ទស្សនា​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ ដើរ​ទិញ​ចំណី​អាហារថ្មីៗ​ស្រស់ៗ​របស់​អ្នក​ស្រុក​ និង​ អង្គុយ​ទទួល​ទានអាហារ​ក្នុង​ខ្ចុះមាត់​ទឹក​ ឬ ជិះ​ទូក​លេង​កំសាន្ត​តាម​ដង​ទន្លេ​បាន​ថែម​ទៀត​ផង​។

៤ វត្តស្វាយអណ្តែតៈ ស្ថិត​ក្នុង​ភូមិ​តាស្គរ​ ឃុំ​សារិកាកែវ​ ស្រុកល្វាឯម ខេត្តកណ្តាល ​មាន​ចម្ងាយ​ត្រឹម​ជាង​១០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពីភ្នំពេញ​។ ដើម្បី​ទៅ​ដល់​វត្តនេះ​ លោក​អ្នក​ត្រូវ​ឆ្លង​ដអរិយក្សត្រ​ម្តុំគល់ស្ពាន​កោះពេជ្រ​ (អតីតឌ្រីមលែន)។​លុះ​ទៅ​ដល់​ត្រើយម្ខាង​ ត្រូវ​ជិះទៅ​ត្រង់​ដល់​ចំណុច​វត្ត​ពេជ្រម្កុដ​ បត់ស្តាំ​កាត់​តាម​ភូមិ​ ទួលមាស​រហូត​ដល់​ភូមិតាស្គរ​។ វត្តនេះ​ជា​ទីតាំង​វត្តបុរាណ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីរន្ទឺ​តាំង​ពីដើម​រៀង​មក ​ដោយ​សារ​ទីនេះ​ជា​ប្រភព​កំណើត​និង​ជា​ថ្នាល​បណ្តុះ​សិល្បៈ​ល្ខោនខោល​ដ៏ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។​ រោង ល្ខោនខោល​ដ៏ថ្មី​ប្រណិត​មួយ​ទើប​នឹង​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ លោកជំទាវ​ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​លោក​ជំទាវ​ អាន​ ឡឺមេស តំណាង​អង្គការ​យូនេស្កូ​ នៅ​កម្ពុជា​ ដែល​នឹង​រឹតតែ​បន្ថែម​មុខមាត់​និង​ប្រជាប្រិយភាព​វត្ត​នេះ​ទ្វេដង​។ ស្រប​ជា​មួយ​គ្នា​នេះដែរ​ វត្តក៏​បាន​ ខ្នះខ្នែង​រៀបចំ​ដាក់​តាំង​រទេះ​សាឡី​បុរាណខ្មែរ​តម្កល់​ក្នុង​ទីធ្លា​វត្ត​សម្រាប់​ឲ្យកូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

៥ វត្តឥន្ទលីបូណ៌ ហៅវត្តពុកប្ញស្សីៈ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល ចម្ងាយ​ជាង​៧គីឡូម៉ែត្រ​ពី​ស្ពានព្រែកតាមាក់​ ឬ ប្រមាណ១៧គីឡូម៉ែត្រ​ពី​កំពង់​ចម្លង​អរិយក្សត្រ​តាមផ្លូវ​ លេខ៣៨០ កាត់តាមវត្តស្វាយជ្រុំ​ និង វត្តព្រែកបង្កង ឆ្ពោះ​ទៅ​ទិសខាង​ជើង។ ដោយ​សារ​វត្ត​ពុក​ប្ញស្សី​ស្ថិត​ នៅ​ជាប់មាត់​ទន្លេ​មេគង្គ​ ធ្វើ​ឲ្យវត្ត​នេះ​ហាក់​មាន​បរិយាកាស​ស្រស់ស្រាយ​មិន​សូវ​អួអាប់​ដូចវត្ត​ក្នុង​ទីក្រុង​។​ លក្ខណៈ​ពិសេសៗ​សំខាន់ៗ​របស់​វត្ត​នេះ​គឺ​ មាន​ព្រះ​វិហារ​បុរាណ​ដែល​កសាង​តាំង​ពីឆ្នាំ​១៩៣៦​ រជ្ជកាល ព្រះបាទ​ស៊ីសុវត្ថិមុនីវង្ស​។ ក្នុង​ព្រះវិហារ​មាន​គំនូរ​ពុទ្ធប្បវត្តិ​ចំនួន​ពីរ​ផ្ទាំង​ដែល​នៅ​សេសសល់​ពី​របបខ្មែរ​ ក្រហម​ហើយ​នៅ​មាន​សភាពល្អ​ច្បាស់​នៅឡើយ​។​ ក្រៅពី​ព្រះវិហារ​ វត្តនេះ​មាន​សមិទ្ធ​ផល​ពុទ្ធសាសនា​ថ្មី​ជា​ ច្រើន​ដែល​ទើប​ធ្វើ​ពិធី​ឆ្លង​កាល​ពី​ខែមីនា​កន្លងទៅ​។ ក្រោយ​ពីធ្វើ​បុណ្យទាន​រួច​ លោកអ្នក​ដើរ​លេង​កំសាន្ត​នៅ​ បរិវេណ​ខាង​ក្រោយ​វត្ត​ដែល​មាន​ព្រៃព្រឹក្សាធំៗ​ចោលម្លប់​ត្រឈឹង​ ព្រម​ទាំង​សាលាមាត់​ទឹក​ដែល​អាច​អង្គុយ​ លេង​ស្រូប​យក​ខ្យល់​ជំនោរ​មាត់​ទន្លេ​ធម្មជាតិ​ពិតៗ​ ជា​ពិសេស​លោក​អ្នក​អាច​ឃើញ​ខ្លោងទ្វារ​កំផែង​ដែល​មាន​ រចនា​បថប្លែក​កម្រមាន​ដែល​មាន​ចារឹក​ “ព.ស.២៥០៥” ពោលគឺ ជា​សមិទ្ធផល​សម័យ​សង្គម​រាស្រ្ត​និយម​។

Article by SRIN SOKMEAN


SUGGESTIONS