×

«នំទ្រាប» បង្អែម​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

TRAVEL & LIVING 2 weeks ago
 
 

          ជា​រៀងរាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ម្តងៗ ​ប្រជាជន​ខ្មែរ​ទាំង​ប្រុស ​ទាំង​ស្រី​តែងតែ​ធ្វើ​ចង្ហាន់​ដើម្បី​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិសកុសល​ទៅ​ដល់​ញាតិ​សន្ដាន​ដែល​បាន​ចែក​ឋាន។ ក្នុង​នោះ​ផង​ដែរ​គេ​សង្កេត​ឃើញ​ថា រាល់​ចង្ហាន់​នីមួយៗ​គឺ​មាន​ម្ហូប និង​បង្អែម​ស្រដៀង​គ្នា ខ្លះ​ទៀត​ក៏​ដូច​គ្នា​គ្រាន់​តែ​ការ​រៀប​ចំ​ខុស​គ្នាៗ​តែ​បន្តិច​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​នេះ សូវរីន សូម​ណែនាំ​លោក​អ្នក​មក​សាកល្បង​ធ្វើ​បង្អែម​ម៉្យាង​ដែល​ចំណាយ​ប្រាក់​តិច ចំណេញ​ពេលវេលា ហើយ​សកិ្តសម​បំផុត​សម្រាប់​ធ្វើ​ចង្ហាន់​ក្នុង​ឱកាស​នៃ​ព្រះរាជពិធី​ភ្ជុំ​បិណ្ឌ​និង​កាន់​បិណ្ឌ​នេះ។

          «នំ​ទ្រាប ឬ​នំ​ទ្រាប​បាយ» គឺ​ជា​នំ​ម៉្យាង​ដែល​មាន​ពណ៌លឿង ឬ​ពណ៌ត្នោត រួម​ជាមួយ​នឹង​រសជាតិ​ផ្អែម​ល្មម ឬ​ផ្អែម​មុត​ដែល​ធ្វើ​ពី​បាយ​ដំណើប​ជាមួយ​នឹង​ស្ករ​ត្នោត។ ជាទូទៅ​នំ​ទ្រាប​នេះ តែង​តែ​បង្ហាញ​ខ្លួន​គ្រប់​កាលៈទេសៈ ព្រោះ​រយៈពេល​ដែល​ធ្វើ​នំ​ទ្រាប​នេះ​​ប្រើ​រយៈពេល​ខ្លី ហើយ​វា​អាច​ជួយ​សន្សំ​នូវ​ថវិការ​របស់​អ្នក​បាន​មួយ​កម្រិត​ធំទៀត​ផង។ ដើម្បី​ធ្វើ​នំ​ទ្រាប​ដ៏​ឆ្ងាញ់​នេះ​បាន​ អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​មាន​ដូច​ជា៖ ស្ករត្នោត ឬ​ស្ករ​ស ខ្ទិះ​ដូង អង្ករ​ដំណើប និង​ល្ង​ខ្មៅ ប៉ុន្តែ​ជា​ទូទៅ​គេ​និយម​ប្រើ​ស្ករ​ត្នោត​ជាង​ស្ករស ព្រោះ​ស្ករត្នោត​មាន​រសជាតិ​ផ្អែម​មុត​ជាង​ស្ករស ម៉្យាង​វិញ​ទៀត​ស្ករ​ត្នោត​មាន​ពណ៌​អង្ក្រង ដែល​ធ្វើ​ឲ្យ​នំ​រឹត​តែ​មាន​សោភ័ណភាព​បន្ថែម​ទៀត។ ដំបូង​គេ​យក​អង្ករ​ដំណើប​ទៅ​ដាំ​ឲ្យ​ឆ្អិន​ល្អ​ហើយ​ទុក​ឲ្យ​ត្រជាក់​ បន្ទាប់​មក​គេ​ចាប់​ផ្តើម​កូរ​ស្ករ​ត្នោត​ជាមួយ​នឹង​ខ្ទិះ​ដូង​ឲ្យ​ឡើង​ពណ៌​អង្ក្រង រួច​គេ​យក​បាយ​ដំណើប​ដែល​បាន​ដាំ​នោះ​មក​ចាក់​បញ្ចូល​គ្នា ហើយ​គេ​ចាប់​ផ្តើម​កូរ រហូត​ទាល់​តែ​ដាច់​ទឹក។ ជាក់​ស្តែង​គេ​ប្រើ​រយៈ​ពេល​ត្រឹម​តែ​២ម៉ោង៣០​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​នំ​ទ្រាប​នេះ ក្រោយ​ពី​ធ្វើ​នំ​នេះ​រួច​គេ​ដួស​នំ​នោះ​មក​ដាក់​លើ​ថាស​ ឬ​លើ​ស្លឹក​ចេក​ដើម្បី​ទុក​ឲ្យ​ត្រជាក់​ទើប​គេ​រោយ​ល្ង​ខ្មៅ​ពី​លើ​នំ បន្ទាប់​មក​គេ​ក៏​ចាប់​ផ្តើម​កាត់​ជា​បំណែក​តូចៗ ឬ​ល្មម​សម្រាប់​បែងចែក​ឲ្យ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​បរិភោគ ​ឬ​យក​ធ្វើ​ជា​បង្អែម​​ប្រគេន​ព្រះសង្ឃ​ជា​ដើម។ គួរ​បញ្ជាក់​ផង​ដែរ​ថា​នំ​ទ្រាប​នេះ​អាច​រក្សា​ទុក​បាន​ចំនួន​១ថ្ងៃ ឬ១​ថ្ងៃ​កន្លះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​រក្សា​នំ​ទ្រាប​នេះ​ឲ្យ​បាន​យូរ​ជាង​នេះ​ទៀត​នោះ អ្នក​គួរ​តែ​រក្សា​នៅ​ក្នុង​កន្លែង​ដែល​ត្រជាក់ ឬ​កម្តៅ​នំ​ទ្រាបនោះ​ដោយ​ចំហុយ​ក្នុង​១ថ្ងៃ​ឲ្យ​បាន​២​ដង នោះ​អ្នក​នឹង​ឃើញ​ថា​លក្ខណៈ និង​រសជាតិ​របស់​នំ​ទ្រាប​គឺ​នៅ​ដដែល​។ លើស​ពី​នេះ​ទៅ​ទៀត នំ​ទ្រាប​មិន​ត្រឹម​តែ​អាច​បរិភោគ​ក្នុង​រង្វង់​គ្រួសារ ឬ​ធ្វើ​ជា​បង្អែម​សម្រាប់​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជា​ផ្នែក​មួយ​ដែល​ងាយស្រួល​ក្នុង​ការ​រក​ប្រាក់​កម្រៃ​សម្រាប់​គ្រួសារ​ណា​ដែល​មាន​ជីវភាព​លំបាក។ 

          យ៉ាង​ណា​មិញ​អ្នក​គួរ​តែ​សាក​ល្បង​ធ្វើ​នំទ្រាប​នេះ​ដោយ​ផ្ទាល់ ដើម្បី​ទទួល​បាន​នូវ​រសជាតិ និង​បទ​ពិសោធន៍​ថ្មី​ពី​នំទ្រាប​នេះ ជា​ពិសេស​នោះ​ការ​ធ្វើ​នំ​ទ្រាប​ជា​បង្អែម​សម្រាប់​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​ភ្ជុំនេះ ហាក់​បី​ដូច​ជា​កំពុង​តែ​ឆ្លុះ​បញ្ចាំង​ថា​អ្នក​មាន​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ផ្លាស់​ប្តូរ​បង្អែម​ផ្សេងៗ​ឲ្យ​ខុស​ពី​អ្នក​ដទៃ ដូច្នេះ​កុំ​ភ្លេច​សាកល្បង​ធ្វើ​ទាំង​អស់​គ្នា​ណា៕

Article by PAN SIVLY



SUGGESTIONS