×

បវរ​កញ្ញា​កែវ សេងលីហួរ ត្រៀម​បង្ហាញ​អត្ត​សញ្ញាណជាតិ​ខ្មែរ​​លើ​ទឹក​ដី​ហ្វីលីពីន ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ផែនដី លើក​ទី ១៨

NEWS 6 years ago
 
 

            ជិត​ដល់​ដំណាច់​ឆ្នាំ​ ២០១៨​នេះ​ ការ​ប្រកួត​ប្រជែង​ជម្រើស​បវរកញ្ញា​ប្រចាំ​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​។​ កញ្ញា កែវ សេងលីហួរ ដែល​ត្រូវ​បាន​គ្រង​ម្កុដ​ជា​បវរកញ្ញា​ផែនដី​ប្រចាំ​ប្រទេស​កម្ពុជា​នោះ​ បានផ្តល់​បទ​សម្ភាសន៍​ដល់​សូវរីន​ ទាំង​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​។ ជា​មួយ​នឹង​ជ័យ​លាភី​ បវរកញ្ញា​ផែនដី​នេះដែរ​ នា​ដើម​ខែ​តុលា ​កញ្ញា​ ត្រូវបានជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ថ្នាក់​អន្តរជាតិ​ដែល​មាន​បវរកញ្ញា​មក​ពី​ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ មក​បង្អួត​សម្រស់​គ្នា​ក៏​ដូច​ជា​បង្ហាញ​ពី​សមត្ថភាព​រៀងៗ​ខ្លួន​។ ថ្ងៃទី ០៦ ខែតុលា ជា​ថ្ងៃ​ដែល​ លីហួរ ធ្វើ​ដំណើរ​ចាកចេញ​ពី​មាតុប្រទេស​ ទៅ​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ផែនដី​ពិភពលោក​ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​ ដោយ​បាន​ពាំនាំ​យក​នូវ​ ក្តី​សង្ឃឹម​ និង​ភាព​ជឿជាក់​យ៉ាង​មោះមុត​បំផុត​។ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ សប្បាយ​ចិត្ត​ខ្លាំង​មែនទែន​ ភ័យផង​ អរផង តែ​យ៉ាង​ណា​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ពាំនាំ​មុខមាត់​កម្ពុជា​បង្ហាញ​លើ​ឆាក​អន្តរ​ជាតិ​ឲ្យបាន​» នេះ​ជា​សម្តី​ប៉ុន្មាន​ឃ្លា​​ដែល​ចេញ​ពី​បបូរ​មាត់​​ដ៏​មាន​មន្តស្នេហ៍​របស់​យុវតី​បវរកញ្ញា​ផែនដី​ ក្នុង​ទឹក​មុខ​ ស្រស់ស្រាយ​ និង​កាយ​វិការ​ទន់ភ្លន់​ជា​នារីខ្មែរ​។ ក្នុង​ជម្រើស​យ៉ាង​តឹងរឹង​ ទៅ​លើ​បវរកញ្ញា​ផែនដីនេះ​ មិនមែន​គ្រាន់​តែគិត​ទៅ​លើ​រូប​សម្រស់​តែមួយ​មុខនោះ​ទេ​ ក្នុង​នោះ​​កញ្ញា បាន​រៀនសូត្រ​ខ្លះៗ​ពីចំណេះ​ដឹង​ទូទៅ​ទាក់ទង​នឹង​កម្មវិធី និង​ការ​សិក្សា​ពី​វប្បធម៌​ អរិយធម៌​ ប្រពៃណី ក៏​ដូច​ជា​ តថភាព​នៃសង្គម​ខ្មែរ​ ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យកាល​នា​ពេល​បច្ចុប្បន្ន។ មួយ​វិញទៀត ការរៀន​ដើរ​ម៉ូដ គឺជា​ចំណុច​មួយ​សំខាន់​ខ្លាំង​ ដែល​នេះត្រូវ​បាន​ការណែនាំ​ពី​សំណាក់​រៀមច្បង​ពី​មុនៗ​ និង​ភ្នាក់ងារ​ក្រុមហ៊ុន​របស់​កញ្ញា​ទៀតផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កញ្ញា​ត្រូវ​ហ្វឹកហាត់​ខ្លួន​ឲ្យ​ស្រប​ទៅ​នឹង​បរិយាកាស​​នៃ​ជាតិ​សាសន៍​ខាងក្រៅ ធ្វើ​យ៉ាង​ណាឲ្យ​ខ្លួន​មាន​ទំនាក់ទំនង​ល្អ​ផងដែរ។ ភ្ជាប់​ជា​មួយ​នឹង​សំនួរ​ថា តើ​កញ្ញា​មាន​អ្វី​ពិសេស​សម្រាប់​កម្ពុជា​ជុំវិញ​ការ​ឈានជើង​ចូល​ទៅ​លើ​ឆាក​អន្តរជាតិ​នៃ​ការ​ប្រឡង​បវរកញ្ញា​ផែនដី​មួយ​នេះទេ​? ដោយ​ត្រៀម​ខ្លួន​ជា​ស្រេច​ជា​មួយ​នឹង​សំនួរ​ចាក់​ដោត​របស់​សូវីរន​ លីហួរ បាន​ឆ្លើយ​ទាំង​ក្តី​ស្រឡាញ់​ដែរ​ថា​ ជា​ឱកាស​ដ៏​ល្អ​ដែល​យើង​អាច​នាំ​យក​អ្វី​ដែល​បញ្ជាក់​ពី​ភាព​ខ្ពង់ខ្ពស់​នៃ​ជាតិ​ខ្លួន​ គឺ​តាមរយៈ​ការ​ស្លៀក​សម្លៀកបំពាក់​នៃ​ ឈុត​តំណាង​ជាតិ​ ក្រោម​ប្រធាន​បទ​ «មាតាធម្មជាតិ» ដែល​មើល​ទៅ​ហាក់​ដូច​ជា​ឃើញ​ស្រី្តម្នាក់​​នៅ​ឈរ​សំកាំង​ការពារ​ព្រៃឈើ​ សត្វព្រៃ និង​សម្បត្តិ​ធម្មជាតិ​យ៉ាងដូច្នោះ​ដែរ​។ លើស​ពី​នេះ​ទៀត​ ដើម្បី​ជា​ភាព​ទាក់ទាញ​នៅ​ក្នុង​កម្មវិធី​នោះ​ទៀត​សោត​ លីហួរ បាន​ទិញ​ផលិតផល​ដែល​ធ្វើ​ពី​ស្នាដៃ​ខ្មែរ​ទៅ​ជា​មួយផង​ ដូច​ជា​កាបូប និងក្រមា ដែល​វត្ថុ​ទាំង​ពីរ​នេះ​ អាច​ឲ្យគេ​ស្គាល់​ពី​ជាតិ​សាសន៍​ខ្មែរ​បាន​យ៉ាង​ច្បាស់។ មួយ​វិញ​ទៀត​ អ្វីដែល​កាន់​តែ​អស្ចារ្យ​ទៀត​នោះ​ កញ្ញា បានប្រឹង​ប្រែង​ហាត់​របាំ​ប្រពៃណី​ខ្មែរ​មួយ​ប្រភេទ​​ឈ្មោះ« របាំតូណៃទីន» ជា​របាំ​តំណាង​ឲ្យ​ជនជាតិ​ខ្មែរ​ ជា​ពិសេស​តំណាង​ឲ្យ​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​រតគិរី​ និង​ខេត្ត​មណ្ឌលគិរី​ជា​ដើម​។ ជា​ចុង​ក្រោយ​ កញ្ញា ក៏​សូមថ្លែង​អំណរគុណ​ដល់​​អ្នកគាំទ្រ​ខ្មែរ​ទាំងអស់​ ដែល​​បាន​លើក​ទឹក​ចិត្ត​ឲ្យ​កញ្ញា​ មាន​កម្លាំង​ក្នុង​ការចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ និង​វិលត្រឡប់​មក​វិញ​ជា​មួយ​នឹង​ពាន​ ឬម្កុដ​បវរកញ្ញា​ផែនដី​ពិភពលោក​មក​ឲ្យ​កម្ពុជា​ នាថ្ងៃ​ទី០៣ នៃ​ដើម​ខែវិច្ឆិកា​ ដោយ​មោទនភាព​ដ៏​វិសេសវិសាល​ និង​ក្រៃលែង​បំផុត៕

Article by HEM SOKKHIM

Image Courtesy: Arise Agency


SUGGESTIONS