×

«៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិ​សាស្ត្រ» ព្រឹត្តិការណ៍​ថ្មី​មួយ​ដែល​យុវជន​គ្រប់​រូប​គួរ​គប្បី​ចូល​រួម​ពុំ​ខាន​

NEWS 6 years ago
 
 

          នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ តុលា នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) បាន​រៀបចំ​ធ្វើ​សន្និសីទសារព័ត៌មាន​​ស្តី​អំពី​គម្រោង​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ក្រោម​ប្រធានបទ «៤០ គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ត្រ»​ ដោយ​មាន​ការ​ចូលរួម​ក្រោម​អធិបតីយ​ភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក  ឯកឧត្តម សុខ សប្បាយណា ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ កីឡា​ការិនី ពៅ សុខា ម្ចាស់​មេដាយ​មាស​ពិភពលោក​កីឡា វ៉ូវីណាម លោក សាយ សិល្បករ លោកស្រី កុសល សុវណ្ណមរកត ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍ និង​បណ្តា​អ្នក​សារព័ត៌មាន​កម្ពុជា​នានា​មក​ពី​គ្រប់​ស្ថាប័ន។

          ព្រឹត្តិការណ៍​ថ្មី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ផ្តល់​ជា​វេទិកា​ដល់​យុវជន​ឲ្យ​ចេះ​រួប​រួម​គ្នា​ក្នុង​គ្រា​លំបាក​ និង​គ្រា​សុខ​សាន្ត​ ស្វែង​យល់​កម្រិត​សមត្ថភាព​របស់​ខ្លួន ក៏​ដូច​ជា​កម្រិត​នៃ​ការ​តស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​ រួម​ជាមួយ​ការ​ស្វែង​យល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​តាម​រយៈ​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​រួម​គ្នា​នៅ​លើ​គន្លង​ផ្លូវ​ដែល​មាន​ចម្ងាយ​ ៤០ គីឡូម៉ែត្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ព្រឹត្តិការណ៍​នេះ ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើត​បរិយាកាស​ស្និទ្ធស្នាល និង​ប្រកប​ដោយ​ភាតរភាព ដែល​ក្នុង​នោះ​យុវជន​ទាំងអស់​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សកម្មភាព​កសាង​ក្រុម ( Team Building) ការ​ដើរ​រួម​គ្នា ច្រៀង​ចម្រៀង​រួម​គ្នា ការ​ចម្អិន​អាហារ​រួម​គ្នា ការ​បោះ​ជំរុំ ការ​ដុត​ភ្លើង​គប់​ ការ​និទាន​រឿង ​និង​ការ​បញ្ចេញ​សមត្ថភាព ទេពកោសល្យ​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ការ​ច្រៀង​រាំ​កម្សាន្ត​ផ្សេងៗ។

          ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ដែរ​ថា៖ «ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ក៏​ជា​ថ្នូរ​មួយ​ក្នុង​ការ​រំឭក​ខួប​ ៤០ ឆ្នាំ​នៃ​ការ​បង្កើត​ឡើង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ចង់​រំឭក​ទៅ​ដល់​វីរភាព ក៏​ដូច​ជា​ភាព​អង់អាច​ក្លាហាន​របស់​យុវជន​ជំនាន់​មុន​ ដែល​តស៊ូ​រើ​បម្រះ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម។ ចំពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៤០គីឡូម៉ែត្រ​នេះ​ដែរ គឺ​មិន​ត្រឹម​តែ​ចង់​ឲ្យ​យុវជន​ចេះ​រួមសាមគ្គី​គ្នា ​មាន​ភាព​អត់ធ្មត់ និង​មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​សម្រេច​នូវ​អ្វី​មួយ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ចង់​ឲ្យ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​ប្រទេសជាតិ​ផង​ដែរ»។   

​          គួរ​បញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​នេះ​នឹង​បើក​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​ ២​យប់​ ៣​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ២៩ ខែ វិច្ឆិកា ដល់​ថ្ងៃ​ទី ០១ ខែ​ធ្នូ ​ឆ្នាំ ២០១៨ នៅ​ក្នុង​បរិវេណ​ស្រុក​ស្នួល​នៃ​ខេត្ត​ក្រចេះ។ សម្រាប់​យុវជន​មាន​បំណង​ចូល​រួម​ត្រូវ​មាន​អាយុ​ចន្លោះ​ពី​ ១៨ ទៅ៤៥ឆ្នាំ  មាន​កាយសម្បទា​រឹង​មាំ មាន​សុខភាព​ផ្លូវ​ចិត្ត​ប្រក្រតី គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​ព្រឹត្តិការណ៍ ដោយ​ឆ្លង​កាត់​ការ​វិនិច្ឆ័យ ​និង​ការ​សម្ភាសន៍​ផ្ទាល់​មាត់​ពី​ក្រុម​ការងារ​រៀប​ចំ។ ​បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​នៃ​ការ​វិនិច្ឆ័យ ​និង​ការ​សម្ភាសន៍​រួច​រាល់ ​អ្នក​ចូល​រួម​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការ​បង់​វិភាគ​ទាន​ចូល​រួម​ចំនួន​ ៤០០០០ រៀល ដោយ​មាន​ប្រាក់​តម្កល់​ចំនួន ៣៦០០០០ រៀល​បន្ថែម។ ប្រាក់​តម្កល់​ ៣៦០០០០ រៀល​នេះ ​នឹង​ប្រគល់​ជូន​អ្នក​ចូលរួម​វិញ ក្រោយ​ចប់​កម្មវិធី ដរាប​ណា​អ្នក​ចូល​រួម​ទាំង​អស់​បាន​អនុវត្ត​ពេញ​លេញ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ និង​លក្ខន្តិកៈ​របស់​ព្រឹត្តិការណ៍​តាម​ការ​ព្រម​ព្រៀង​ជា​មុន។

          អ្នក​ដែល​មាន​បំណង​ក្នុង​ការ​ចូល​រួម​អាច​ទាញ​យក ពាក្យ​សុំ​ចូល​រួម និង​លក្ខន្តិកៈ​ផ្សេងៗ​តាម​រយៈ​តំណ​នេះ ​www.bit.ly/20sgjHW ឬ​ទាក់​ទង​ទៅ​កាន់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្នាក់​ការ​កណ្តាល ដែល​មាន​អាសយដ្ឋាន៖ ផ្ទះ​លេខ​ ២៤ ​ផ្លូវ ​២២៨ កែង ៥៥ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ​ទាក់ទង​តាម​លេខ​ទូរសព្ទ ០១០ ៥៥៥ ៩៨៧ ឬ ០១៥ ២៩ ៣៣ ៩៩ (សម្រាប់​ការ​ចូលរួម និង​ពាក្យ​សុំ​ចូលរួម) ​ឬ​ទៅ​កាន់​លេខ​ទូរសព្ទ ០៩៦ ៩៩៩ ៣៩៣៣ (សម្រាប់​ផ្នែក​ទំនាក់​ទំនង​សាធារណៈ ​និង​ផ្សព្វផ្សាយ)៕

Article by HEM SOKKHIM


SUGGESTIONS