×

ម្ចាស់​ពាន​រង្វាន់​ណូបែល​ទ្វីប​អាស៊ី តំណាង​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៨

NEWS 6 years ago
 
 

            យោង​តាម​គេហទំព័រ​ជា​ផ្លូវ​ការ​របស់​មូលនិធិ​ពានរង្វាន់ Ramon Magsaysay  (រ៉ាម៉ន មេកសេសេ) ចុះផ្សាយ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ជនជាតិ​ខ្មែរ​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ជា​ជ័យលាភី​ពានរង្វាន់​ប្រចាំ​ឆ្នាំ២០១៨ នេះ​គឺ លោក ឆាំង យុ ក្នុង​ចំណោម​បេក្ខជន​ជ័យលាភី​ចំនួន​០៦រូប​មក​ពី​ប្រទេស​នានា​ក្នុង​ទ្វីប​អាស៊ី រួម​មាន​ប្រទេស​កម្ពុជាមួយរូប ប្រទេស​ឥណ្ឌា​ពីររូប ប្រទេស​ទីម័រ​ខាង​កើត​មួយរូប ប្រទេស​ហ្វីលីពីន​មួយរូប និង ប្រទេស​វៀតណាម​មួយរូប។ នេះ​ជា​មោទនភាព​ដ៏​ធំ​ក្រៃលែង​សម្រាប់​រូប​លោក​ក៏​ដូច​ជា​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​ផង​ដែរ ដែល​មាន​វាសនាទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ដ៏​ល្បីល្បាញ​យ៉ាង​ដូច​នេះ។ លោក​ទទួល​បាន​ពានរង្វាន់​លើ​ផ្នែក​កិច្ចការ​អភិរក្ស​ការចង​ចាំ​ប្រវត្តិសាស្រ្ត​សម្រាប់​ការ​ផ្សះផ្សារ និង​យុត្តិធម៌។ តើ ឆាំង យុ ជា​នរណា? គាត់​មាន​ប្រវត្តិ និង​ស្នាដៃ​ដឹកនាំ​ការងារបែប​ណា​ខ្លះ​ទម្រាំ​ទទួល​បាន​ពានរង្វាន់​ខាង​លើ​នេះ?

Image Courtesy: CHHANG YOUK

            លោក ឆាំង យុ ជា​ជន​រងគ្រោះ និង​សាក្សី​រស់​ដែល​នៅ​សេស​សល់​រស់រាន​មាន​ជីវិត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​៣​​ឆ្នាំ​៨​​ខែ​២០​ថ្ងៃ ឬ ហៅ​ថា​ របបកម្ពុជា​ប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩) ​ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​បុគ្គល​មួយ​រូប​ដែល​បាន​លះបង់​ពេល​វេលា​នៃ​ជីវិត​យ៉ាង​ច្រើន​ក្នុង​បេសកកម្ម​ស្វែង​រក​ឯកសារ​និង​បណ្តុះ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ក្នុង​គោល​បំណង​ស្វែង​រក​យុត្តិធម៌ការ​ផ្សះផ្សារ​សង្គម​ជាតិ​ និង​ការ​ព្យាបាល​ជា​សមូហភាព។​ ក្នុង​របប​ខ្មែរ​ក្រហម លោក ឆាំង យុ បាន​រង​វិបត្តិ​ដោយសារ​ការ​បាត់បង់​លោក​ឪពុក​ជាទី​ស្រលាញ់​​ និងបង​ប្អូន​បង្កើត​ចំនួន​០៥​នាក់​ ព្រម​ទាំង​សាច់​ញាតិ​ជិត​៦០​នាក់​ផ្សេង​ទៀត។ ជា​សំណាង​ល្អ ​លោក​បាន​ភៀស​ខ្លួន​រួច​ទៅ​កាន់​ព្រំដែន​ថៃ​នៅ​ពេល​លោក​មាន​អាយុ​១៧​ឆ្នាំ មុន​ពេល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋ អាមេរិក​ក្នុង​នាម​ជា​ជនភៀស​ខ្លួន។ ក្រោយ​មកលោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​​នយោបាយ ​និង​សម្រេច​ចិត្ត​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេសកម្ពុជា​វិញ​ដើម្បី​ទទួល​បន្ទុក​ដឹកនាំ​គម្រោង​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​របស់​សាកលវិទ្យាល័យ យែល (Yale) សហរដ្ឋ​អាមេរិក។

            ក្នុង​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ឆាំង យុ នៅ​ឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិត​នៅ ​ជិត​វិមាន​ឯករាជ្យ លោក​បាន​រំ​ឭក​អំពី​ការ​ចូល​ប្រឡូក​ក្នុង​ការងារ​នេះ​ដំបូង​កាល​ពី​ជាង​២០​ឆ្នាំ​មុន​ថា “វា​កើត​ចេញ​ពី​សេចក្តី​សម្រេច​របស់​សភា​របស់​សហរដ្ឋ​អាមេរិក​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី ប៊ីល គ្លីន​តុន​ ឆ្នាំ១៩៩៤ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល និងក្រសួង​ការ​បរទេស​អាមេរិក​ធ្វើ​ការ​អង្កេត​បទ​ឧក្រិដ្ឋ​នៃ​របប​ខ្មែរ​ក្រហម […] ការ​ស៊ើបអង្កេតនេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ជាន់​ខ្ពស់​និង​ឯករាជ្យ។ ពេល​នោះ​ខ្ញុំ​​នៅ​សាកលវិទ្យាល័យ​យ៉េល​​​ខ្ញុំ​បាន​ដីកា​នេះ​មក​អនុវត្ត​នៅ​ស្រុក​យើង។”

            លោក​បាន​បន្ត​ទៀត​ថា “ខ្ញុំ​ដឹង​ថា​ខ្ញុំ​អត់​ពេញ​ចិត្ត​នឹង​ខ្មែរ​ក្រហម​ ព្រោះ​ខ្ញុំ​ធ្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ខ្ញុំ​ដឹង​ពី​ការ​លំបាក​វេទនា​ដែល​យើង​បាន​ជួប​ប្រទះ។ ‘[...] ដំបូង​ឡើយ​ ខ្ញុំ​គិត​ថា​ការ​ស៊ើប​អង្កេត​នេះ​ស្ទើរ​តែ​មិន​អាច​ទៅ​រួច​ផង ដោយ​សារ​បញ្ហា​នយោបាយ និងបញ្ហា​ស្ថានភាព​សង្គម​នៅ​ពេល​ហ្នឹង! មួយ​ទៀត​គឺ​បញ្ហា​ធន​ធាន ហើយ​ម្យ៉ាង​ទៀត ពេល​នោះ​ខ្មែរ​ក្រហម​មិន​ទាន់​ចុះ​ចូល​ទេ​​ គឺ​នៅ​ក្នុង​ព្រៃ​នៅ​ឡើយ! ដំបូង​គឺ​ជា​ការ​ជម្នះ​មួយ​បើ​ទោះ​បី​ជា​យើង​មើល​ឃើញបញ្ហា​ជាក់​ស្តែង​ច្រើន​ក៏​ដោយក៏​យើង​ជម្នះ​ថា​ត្រូវ​តែ​ធ្វើ! ”

            ក្រោយ​ការ​ឈាន​ជើង​ចូល​ប្រឡូក​វិស័យ​ការងារ​មួយ​នេះ​អស់​រយៈ​​ពេល​ពីរ​ឆ្នាំ​ដំបូង​ លោក​ឆាំង​ យុ ​បាន​ប្រមើល​ ឃើញ​ថា គោល​ដៅ​យុទ្ធសាស្រ្ត​ដែល​លោក​បាន​អនុវត្ត​នា​ពេល​កន្លង​មក​នោះ​ក្នុង​ការ​ស្វែង​រក​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​ ថ្កោល​ទោស​ទៅ​លើ​មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ​មិន​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​ឡើយ​ ដោយសារ​ភាព​ពុំ​អំណោយ​ផល​ល្អ​នៃ​បរិបទ​សង្គម​ក្នុង​សម័យកាល​នោះ ​ទើប​លោក​បាន​សម្រេច​ចិត្ត​បង្វែរ​ទិស​ដៅ​ជា​ការ​បង្កើត​ឯកសារ​កម្ពុជា​ដើម្បី​ចង​ក្រង​ប្រវត្តិសាស្រ្ត​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ស្ថាប័ន​នេះ​ចេះ​តែ​រីក​ចម្រើន​មាន​ដំណើរ​ការ​ទៅ​មុខ​ជា​ប្រក្រតី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ក្រោម​ការ​គាំទ្រ​និង​ជំនួយ​ឧបត្ថម្ភ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​បណ្តា​ប្រទេស​នានា​លើ​សកលលោក ជា​អាទិ៍​សហរដ្ឋអាមេរិក ប្រទេស​ហូឡង់ ប្រទេស​ស៊ុយ​អ៊ែត ប្រទេស​ដា​ណឺម៉ាក ​ប្រទេស​កាណាដា និង​ប្រទេស​ស្វីស​ជា​ដើម។

            តើ​អ្វី​ខ្លះ​ជា​ស្នា​ដៃ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​និង​គាំទ្រ​ស្ថាប័ន​ខាង​លើ​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​? ចាប់​តាំង​ពី​ពេល​បង្កើត​ដំបូង​រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ (អាយុ​កាល​ ២៣​ ឆ្នាំ) មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ចុះ​ទៅ​ធ្វើ​បទ​សម្ភាសន៍​អ្នក​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​យក​មក​ចង​ក្រង​ជា​ឯកសារ​បាន​​ចំនួន​រហូត​៥០០០​ភូមិ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ហើយ​ក្រោយ​មក​ក៏​មាន​ការ​ផ្តួច​ផ្តើម​បោះ​ពុម្ពផ្សាយ​ទស្សនាវដ្តី​មួយ​ ដែល​មាន​ឈ្មោះ​ថា​  “ទស្សនាវដ្តី​ស្វែង​រក​ការ​ពិត” ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ប្រវត្តិ​រឿង​រ៉ាវ​ របស់​ជន​រង​គ្រោះ​ទៅ​ដល់​ជន​រងគ្រោះ​វិញ​ឲ្យ​ពួក​គាត់​បាន​អាន​ និង ចែក​ចាយ​តាម​រយៈ​ក្រសួង​មហា​ផ្ទៃ​ទៅ​កាន់​ឃុំ ​ចំនួន​ប្រមាណ​១៧០០​ទី​តាំង​ទូទាំង​ប្រទេស​ជា​រៀងរាល់​ខែ​ដើម្បី​ជា​ចំណេះ​ដឹង​ពី​របប​ខ្មែរ​ក្រហម​ដល់​សាធារណ​ជន។ ​បុគ្គលិក​ជំនាញ​ត្រូវ​បាន​ហ្វឹក​ហាត់​ដើម្បី​ចុះ​ទៅ​សម្ភាសន៍​សាក្សី​រស់​ពី​របប​នោះ​នៅ​ទី​តាំង​ផ្ទាល់​ដោយ​មាន​កម្រង​សំនួរ​ត្រឹម​ត្រូវ​ច្បាស់​លាស់ ជា​ពិសេស​ពួក​គេ​ត្រូវ​បាន​ហ្វឹកហាត់​ផ្នែក​ចិត្ត​សាស្រ្ត​ផងដែរ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ ​ប្រជា​ពលរដ្ឋ។ ក្រុម​ការងារ​ត្រូវ​ស្នាក់​នៅ​ចន្លោះ​ពី​មួយ​ខែ​ទៅ​បី​ខែ​នៅ​ក្នុង​ភូមិ​មួយ​ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​កាន់​ តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន​មូលដ្ឋាន​។ ពួកគេ​ត្រូវ​សម្ភាស​មនុស្ស​ឲ្យ​បាន​ចំនួន​បីនាក់​ក្នុង​មួយ​ថ្ងៃ​ជា​កំហិត​ ហើយ​ប្រភេទ​មនុស្ស​ដែល​ត្រូវ​សម្ភាសន៍​គឺ​ជា​បុគ្គល​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឯកសារ​សម័យ​ខ្មែរ​ក្រហម​ក្នុង​នោះ​ត្រូវ​បាន​បែង​ចែក​ជា​ក្រុម​ផ្សេងៗរួម​មាន​​​ ក្រុម​ជនជាតិ​ចាម ជន​ជាតិ​ចិន ក្រុម​ជន​ជាតិ​ភាគ​តិច និង ក្រុម​យុវជន ជា​ដើម។

Image Courtesy: CHHANG YOUK

            ក្រៅ​ពី​ទស្សនាវដ្តី​ស្វែង​រក​ការ​ពិតមជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ក៏​បាន​បោះ​ពុម្ព​ផ្សាយ​ស្នាដៃ​សៀវភៅ​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រមាណ​៣០​ក្បាល (៥០​ក្បាល​បើ​គិត​ទាំង​ស្នាដៃ​បក​ប្រែ​និង​កែ​សម្រួល)​។ ទន្ទឹម​នឹង​នេះ​ មជ្ឈមណ្ឌល​ក៏​បាន​ប្រមូល​បាន​រូប​ថត​អនុស្សាវរីយ៍ សៀវភៅ​កំណត់​ហេតុ និង សម្ភារៈ​ប្រើប្រាស់​នានា​ដែល​បាន​ បន្សល់​ទុក​ពី​របប​ខ្មែរ​ក្រហម​ពី​ប្រជាពល​រដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ប្រគល់​ជូន​ទុក​ជា​សក្ខីភាព​ប្រវត្តិសាស្រ្ត​ដើម្បី​ឲ្យ​កូន​ខ្មែរជំនាន់​ក្រោយ​បាន​ដឹង​តួ​យ៉ាង ដែក​កេះ ប៉ុយ និង ដង្កៀប​ដក​ពុក​មាត់​ច្នៃពី​ស័ង្កសី ជា​ដើម។

            គួរ​បញ្ជាក់​ផង​ដែរ​ថា ការងារ​ស្នូល​របស់​ស្ថាប័ន​នេះ​មាន​ចំនួន​៥​ធំៗគឺ ​ការ​ចង​ចាំ ​ការ​ស្វែង​រក​យុត្តិធម៌​ ការ​ផ្សះផ្សារ សន្តិភាព និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ថ្មី​។ ដោយ​ឡែកចំពោះ​បេសកកម្ម​ការងារ​នា​ពេល​បច្ចុប្បន្ន គឺ​ស្ថាប័ន​កំពុង​ផ្តោត​ទៅ​លើ​បី​ចំណុច​សំខាន់ៗគឺ កេរ​ដំណែល​នៃ​ការ​ចង​ចាំ កេរ​ដំណែល​នៃ​យុត្តិធម៌​ និង កេរ​ដំណែល​នៃ​ការផ្សះ​ផ្សារ។ ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន​នេះ​បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា “កាល​ណា​យើង​បំភ្លេច​ (ប្រវត្តិ​សាស្រ្ត​) វា​ជាសោកនាដកម្ម ហើយ​ការ​ចង​ចាំវា​ជា​ការ​ផ្សះផ្សារ​។” ​ដែល​នេះ​មាន​ន័យ​ថា​ មិន​ត្រឹម​តែ​ប្រទេស​កម្ពុជា​ប៉ុន​នោះ​ទេ​ ប្រទេស​ក្នុង​អាស៊ី ​និងពិភព​លោក​ទាំង​មូល​គប្បី​ស្វែង​យល់​អំពី​ការ​ពិត​នៃ​ប្រវត្តិសាស្រ្ត​របប​ខ្មែរ​ក្រហម​ដែល​យើង​មិន​អាច​បំភ្លេច​បាន​។​

Image Courtesy: CHHANG YOUK

            ជា​ចុង​ក្រោយ  លោក​មាន​បំណង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​វិទ្យាស្ថាន​ស្លឹក​រឹត​ដែល​នឹង​ក្លាយ​ជា​ទីតាំង​កេរ​ដំណែល​រូប​វ័ន្ត​អចិន្រ្តៃយ៍​នៃ​ប្រវត្តិសាស្រ្ត និងកន្លែង​រំឭក​វិញ្ញាណក្ខ័ន្ធ​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​របប​ប្រល័យ​ពូជសាសន៍​ក្នុង​រូបភាព​ដ៏​អស្ចារ្យ​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ពោរពេញ​ដោយ​កិត្តិយស​មិនមែន​នៅ​ជា​គំនរ​ឆ្អឹង​ក្នុង​រណ្តៅសាក​សព​ដូច​ដែល​មាន​នាពេល​កន្លង​មក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ ​លោក​បាន​អំពាវ​នាវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយៗខិត​ខំ​រៀន​សូត្រ​ស្វែង​យល់​អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​នេះ​កុំ​ឲ្យ​បាត់បង់​ក្នុង​ជំនាន់​ណា​មួយ​ព្រោះ​ថា ​នៅ​ពេល​បាត់​១ជំនាន់វា​ប្រៀប​ដូច​ជា​អ្វីៗ​ដែល​បាត់បង់​ក្នុង​ជំនាន់​របប​ខ្មែរ​ក្រហម​ដូច្នេះ​ដែរ​៕

Article by SRIN SOKMEAN


SUGGESTIONS