×

ចំណុចខ្លីៗ​ពី​ការ​តែង​និពន្ធ​របស់​អ្នកស្រី ម៉ៅ សំណាង ​និង​អ្នក​បន្តវេន​

NEWS 1 month ago
 
 

          អ្នក​ស្រី​ម៉ៅ​សំណាង ហៅ​ទន្សាយ​ ​ដែល​ជា​អ្នក​និពន្ធ​ប្រលោមលោក​ជើង​ចាស់​មួយ​រូប​ កំពុង​លាក់​ខ្លួន​​សំលៀង​អាជីព​ជា​អ្នក​សរសេរ​សេណារីយ៉ូ​កុន ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ​ពេល​វែង​ពី​ការ​និពន្ធ​ប្រលោមលោក។ បន្ថែម​ពី​ដំណឹង​ដ៏​ល្អ​នេះ អ្នក​ស្រី​ក៏​បាន​បណ្តុះ​បណ្តាល​កូន​ស្រី​ទោល​​ ឲ្យ​ស្នង​ការងារ​ជា​អ្នក​និពន្ធ​សេណារីយ៉ូកុន​ដូច​គ្នា​ដែរ​ ហើយ​ធ្វើ​ឲ្យ​ផលិតភាព​នៃ​​ការងារ​​កាន់​តែ​រឹងមាំ​ជាង​មុន។ ​ត្បិត​តែ​មាន​សម្ព័ន្ធ​ភាព​ជា​ម្ដាយ​និង​កូន​ក្តី​ ប៉ុន្តែ​អ្នក​និពន្ធ​សេណារីយ៉ូកុន​ទាំង​ពីរ​រូប​នេះ​ មាន​រសនិយម​និង​វិធីសាស្រ្ត​​​ផ្សេង​គ្នា​ក្នុង​ការ​តែង​និពន្ធ​ ​ដែល​​​បង្កើត​បាន​ជា​​សាច់រឿង​បាន​គ្រប់​រសជាតិ​ដើម្បី​​​​ប្រណាំង​នឹង​តម្រូវ​ការ​ភាពយន្ត​នៅ​លើ​ទីផ្សារ។ តើ​អ្នក​ចង់​ដឹង​ទេ​ថា ម្តាយ​កូន​ទាំង​គូ​នេះ​ មាន​ចំណង់ចំណូល​ចិត្ត​យ៉ាង​ណា​ខ្លះ​លើ​ការ​តែង​និពន្ធ​របស់​ខ្លួន​?

          អ្នក​ស្រី​ម៉ៅ​សំណាង​ ជា​អ្នក​និពន្ធ​​ដែល​ផ្តើម​ការងារ​ពី​ការ​និពន្ធ​ប្រលោមលោក ក្រោយ​មក​ក៏​ចាប់​យក​ការងារ​ជា​អ្នក​និពន្ធ​សេណារីយ៉ូ​កុន​បន្ថែម។ អ្នក​និពន្ធ​ រហ័សនាម «ទន្សាយ»​ មិន​​សូវ​ចេញ​ឆ្ងាយ​ពី​គេហដ្ឋាន​របស់​ខ្លួន​នោះ​ឡើយ ត្បិត​មាន​ជំងឺ​ក្រពះ​ប្រចាំ​កាយ​ តម្រូវ​ឲ្យ​ថែទាំ​សុខភាពជាចាំបាច់។ ឆ្ងល់​ទេ​ថា​ ហេតុអ្វី​អ្នក​ស្រី​អាច​ប្រមូល​គំនិត​ច្នៃ​ចេញ​​ជា​សាច់​រឿង​ប្លែកៗ​ លាយ​ឡំ​នឹង​ពាក្យ​សម្តី​អប់រំ​យ៉ាង​ល្អ​ដូច្នេះ​?  អ្នក​ស្រី​បាន​បង្ហើប​ពី​គន្លឹះ​និពន្ធ​របស់​ខ្លួន​ថា ការ​មើល​ភាពយន្ត​ និង​ការ​អាន​សៀវភៅ​ជា​ច្រើន​ បាន​នាំ​គំនិត​​​​ដ៏​សំបូរបែប​ដល់​ការ​និពន្ធ​របស់​អ្នក​ស្រី។ អ្នក​ស្រីក៏បានបន្ថែមទៀតថា «កាល​ពី​ពេល​នៅ​រៀន​ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​បែប​ទស្សនវិជ្ជា និង​ប្រលោមលោក។»

          អ្នក​ស្រី​​​ចូលចិត្ត​សរសេរ​រឿង​​ក្នុង​កាល​​មនុស្ស​សម័យ​ថ្មី បែប​ស៊ើប​អង្កេត អាថ៌កំបាំង​ និង​មនោសញ្ចេតនា បញ្ចូល​គ្នា​ទាំងអស់​ក្នុង​រឿង​តែ​មួយ​​។ អ្នក​ស្រី​និយាយ​ថា «រឿង​នីមួយៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​​អាថ៌កំបាំង​ក្នុង​គ្រួសារ​ និង​មនោសញ្ចេតនា ដែល​សុទ្ធ​តែ​បង្កប់​ការ​តាមដាន។» ទោះបី​ជា​មមាញឹកនឹង​ការងារ​និពន្ធ​សេណារីយ៉ូ​កុន​ក្តី​ ក៏​អ្នក​ស្រី​នៅ​តែ​ស្រលាញ់​ការ​និពន្ធ​ប្រលោមលោកច្រើន​​ជាង ដោយ​​លើក​ឡើង​ថា​ «ការ​និពន្ធ​ប្រលោមលោក​គឺ​ជា​ការ​សរសេរ​ដែល​យើង​អាច​បញ្ចេញ​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង​ជាង​ ហើយ​ជា​ការ​និពន្ធ​​តែ​ម្នាក់​ឯង​។» អ្នក​ស្រី​​បន្ថែម​ថា​ ចំណូលចិត្ត​ក្នុង​ការ​​សរសេរ​​ប្រលោមលោក​របស់​អ្នក​ស្រី គឺ​នៅ​តែ​ផ្អែក​តាម​រចនាបថ​នៃ​ការ​និពន្ធ​សម័យ​ ១៩៧០ ដែលមាន​ការ​សរសេរ​រៀបរាប់​ពី​សាច់​រឿង​ដែល​អ្នក​និពន្ធ​​បាន​ដឹង​ស្តី​ពី​សកម្មភាព​និង​ដំណើរ​រឿង​​របស់​តួអង្គ​។ ​​

          ​​​រី​ឯ​កញ្ញា​ ម៉ៅ ចន្ទរស្មី ដែល​បាន​បន្ត​វេន​ជា​អ្នក​និពន្ធ​សេណារីយ៉ូកុន​ដោយ​ចៃដន្យ​ខណៈ​ដែល​​អ្នក​ម្តាយមានវ័យចំណាស់​ មិន​អាច​សរសេរ​សេណារីយ៉ូ​ទៀត​បាន​គឺ​ជា​ និស្សិត​បញ្ចប់​​បរិញ្ញាបត្រ​ផ្នែក ពាណិជ្ជកម្ម​អន្តរជាតិ (International Business)។  អ្នក​និពន្ធ​​​វ័យ​ ២៣​ឆ្នាំ​ រូប​នេះ​ បាន​ឲ្យ​ដឹង​​ថា​ដំបូង​នាង​មិន​បាន​ដឹង​ថា​​នាង​មាន​ទេពកោសល្យ​ផ្នែក​តែងនិពន្ធ​ភាពយន្ត​ឡើយ ហើយ​ក៏​មិន​ចូលចិត្ត​ការងារ​និពន្ធ​ដែល​ត្រូវ​ចំណាយ​ពេល​សរសេរ​នៅ​មួយ​កន្លែង​ដូច្នេះ​ដែរ។ ប៉ុន្តែ​ក្រោយ​ពី​​ចម្លង​អត្ថបទ​កុន​ តាម​ខ្សែ​អាទិ៍​ដែល​អ្នក​ស្រី ម៉ៅ សំណាង ​បាន​ថត​ទុក​ជា​រឿយៗ​ ធ្វើ​ឲ្យ​​អ្នក​និពន្ធ​វ័យ​ក្មេង​រូប​នេះ យល់​បាន​យ៉ាង​រហ័ស ហើយ​អាច​ទទួល​ការងារ​បន្ត​បន្ទាប់​មក​ទៀត​រហូត​ដល់​បច្ចុប្បន្ន។​

          ដើម្បី​ប្រមូល​គំនិត​ក្នុង​ការ​សរសេរ​ភាពយន្ត​ កញ្ញា​និយាយ​ថា​ នាង​ចូលចិត្ត​សង្កេត​មើល​តថភាព​​ក្នុង​សង្គម ដើម្បី​​បំបែក​គំនិត​យក​មក​ច្នៃ​ជា​សាច់រឿង។ ចំណែក​ប្រភេទ​រឿង​ដែល​កញ្ញា​រស្មី ចូលចិត្ត​ជាង​គេ​ គឺ​ជា​សាច់​រឿង​​ដែល​មាន​ភាពអាថ៌កំបាំង លាយឡំ​និង​ការ​ស៊ើបអង្កេត ​ក្នុង​កាល​មនុស្ស​សម័យ​ថ្មី​ ប្រហាក់ប្រហែល​នឹង​អ្នក​ម្តាយ​ដែរ​។ ខុស​ពី​អ្នក​ម្តាយ កញ្ញា​មិន​ធ្លាប់​ប្រឡូក​ក្នុង​ការ​តែង​និពន្ធ​ប្រលោមលោក​ទេ​ ដោយ​សារ​ពេល​វេលា​​តម្រូវ​ឲ្យ​កញ្ញា​ចាប់​ឱកាស​លើ​ការ​សរសេរ​សេណារីយ៉ូ​កុន​ច្រើន​ជាង។ បើ​ទោះ​យ៉ាង​នេះ​ក្តី ​​​បច្ចុប្បន្ន​នេះ​កញ្ញា​កំពុង​ចាប់​យក​ឱកាស​ជា​អ្នក​ដឹក​នាំ​រឿង​បន្ថែម​ទៀត ដោយ​រំពឹង​ថា​​នឹង​អាច​ពង្រឹង​​សមត្ថភាព​​និង​កេរ្តិ៍​ឈ្មោះ​ឲ្យ​កាន់​តែ​ប្រសើរ​នៅ​ក្នុង​វិស័យ​ភាពយន្ត​៕​​​​

Article by VA SONYKA



SUGGESTIONS