Barcamp ASEAN 2018 ពិសេសជាងឆ្នាំមុនៗ និងរំពឹងថានឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ
NEWS 6 years agoបារខែមអាស៊ាន គឺជាព្រឹត្តិការណ៍សន្និបាតបច្ចេកវិទ្យាដ៏ធំមួយដែលរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជា ជាពិសេសយុវវ័យជំនាន់ក្រោយបានស្គាល់ និងទទួលបានការចែករំលែកនូវបទពិសោធន៍ពីវាគ្មិនល្អៗមកពីគ្រប់មជ្ឈដ្ឋាន និងសមាគមនានា។ នៅឆ្នាំ២០១៨នេះជាលើកទី១១ ហើយដែលបារខែមបានបង្កើតឡើង តាំងពីឆ្នាំ២០០៨មក។ ដោយឡែក បារខែមអាស៊ានឆ្នាំ២០១៨នេះគឺជាឆ្នាំដែលពិសេសជាងឆ្នាំមុនៗ និងរំពឹងថាអាចនឹងមានអ្នកចូលរួមប្រមាណជា បួនពាន់នាក់ឯណោះ។ ចុះតើនៅឆ្នាំ២០១៨នេះនឹងមានអ្វីពិសេស និងប្លែកជាងឆ្នាំមុនៗនោះ? ជំនួបជាមួយនឹងលោក បេ ចន្ត្រា ដែលជាស្ថាបនិកនៃព្រឹត្តិការណ៍បារខែមនេះ ទស្សនាវដ្តី សូវរីន សូមសង្ខេបព័ត៌មានសំខាន់ៗមួយចំនួនដែលអ្នកគួរតែដឹង។
«នៅឆ្នាំនេះយើងមានវាគ្មិនជាតិ និងអន្តរជាតិរហូតដល់ទៅ ៨៥រូបដែលនឹងមកចែករំលែកនូវបទពិសោធន៍ជោគជ័យរបស់គាត់» នេះបើតាមការប្រាប់ឲ្យដឹងពីលោក បេ ចន្ត្រា។ វាគ្មិនទាំងអស់សុទ្ធតែជា ស្ថាបនិក និងសហស្ថាបនិក ក៏ដូចជាម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យ មកពីគ្រប់មជ្ឈដ្ឋានទាំងអស់មិនថាតែនៅក្នុងវិស័យបច្ចេកវិទ្យានោះទេ។ លោក បេ ចន្ត្រា ក៏បានបន្ថែមទៀតថា «នៅឆ្នាំ២០១៨ នេះ បារខែមទទួលបានអគារថ្មីដែលមានបន្ទប់ស្អាតៗជាងឆ្នាំមុនៗ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើម្បីឲ្យវាគ្មិននីមួយៗបានចែករំលែកនូវប្រធានបទរបស់ខ្លួន»។
នៅក្នុងឱកាសនោះដែរ កុំព្យូទ័រយួរដៃដំបូងរបស់កម្ពុជាម៉ាក «គម្ពី» ក៏នឹងត្រូវសម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍បាខែមអាស៊ានឆ្នាំ២០១៨ នេះទៀតផង។ កុំព្យូទ័រដែលផលិតដោយកូនខ្មែរដំបូងបង្អស់នឹងប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០នាទីរសៀលក្នុងកម្មវិធីបារខែមអាស៊ីអាគ្នេយ៍ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នេះផងដែរ។
នេះក៏ជាឱកាសពិសេសមួយសម្រាប់មិត្តយុវវ័យយើងបានជួបជាមួយនឹង idol ដែលជា Content Creator និង YouTuber នៅកម្ពុជាយើងនេះ។ Frost ZK, រៀនថត, Heng Visal, Noobie GMK, Raven Blaze និង YouTuber ជាច្រើនរូបទៀតក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ។
ដោយឡែកស្តង់សម្រាប់ដាក់តាំងបង្ហាញនូវស្នាដៃ និងផលិតផលនីមួយៗក៏នឹងត្រូវបន្ថែមរហូតដល់ទៅ ៦០ស្តង់ និងមានរៀបចំតុបតែងស្អាតជាងឆ្នាំមុនទៀតផង។ នៅឆ្នាំនេះ លោក បេ ចន្ត្រា បានប្រាប់ឲ្យដឹងថា ស្តង់ដែលត្រូវដាក់តាំងបង្ហាញចែកចេញជាបីប្រភេទដោយក្នុងនោះរួមមាន៖ 24 Booth, 24 Desk និង តុបង្ហាញសម្រាប់សិស្សនិស្សិតចំនួន ៨ ផងដែរ។ ជាមួយនឹងស្តង់ទាំងនោះ អ្នកចូលរួមក៏មានឱកាសបានស្វែងយល់នូវគំនិតអាជីវកម្មរបស់យុវជនជំនាន់ក្រោយដូចជាការបង្កើតកម្មវិធីទូរសព្ទថ្មីៗជាច្រើនទៀតផង។
គួរជម្រាបផងដែរថា បារខែមអាស៊ាន ២០១៨ នឹងប្រព្រឹត្តិទៅក្រោមប្រធានបទ «Powering the future in digital era» ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច និងបើកឲ្យសាធារណៈជនចូលរួមដោយឥតគិតថ្លៃ៕
Article by KEO SONG