×

Barcamp ASEAN 2018 ពិសេស​ជាង​ឆ្នាំ​មុនៗ និង​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះករ

NEWS 1 month ago
 
 

            បារខែមអាស៊ាន គឺ​ជា​ព្រឹត្តិការណ៍​សន្និបាត​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​ដែល​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ទទួល​បាន​ការ​ចែក​រំលែក​នូវ​បទពិសោធន៍​ពី​វាគ្មិន​ល្អៗ​មក​ពី​គ្រប់​មជ្ឈដ្ឋាន និង​សមាគម​នានា។ នៅ​ឆ្នាំ២០១៨​នេះ​ជា​លើក​ទី១១ ហើយ​ដែល​បារខែម​បាន​បង្កើត​ឡើង តាំង​ពី​ឆ្នាំ២០០៨​មក។ ដោយ​ឡែក បារខែមអាស៊ាន​ឆ្នាំ២០១៨​នេះ​គឺ​ជា​ឆ្នាំ​ដែល​ពិសេស​ជាង​ឆ្នាំ​មុនៗ និង​រំពឹង​ថា​អាច​នឹង​មាន​អ្នក​ចូលរួម​ប្រមាណជា បួនពាន់នាក់​ឯណោះ។ ចុះ​តើ​នៅ​ឆ្នាំ២០១៨​នេះ​នឹង​មាន​អ្វី​ពិសេស និង​ប្លែក​ជាង​ឆ្នាំ​មុនៗ​នោះ? ជំនួប​ជា​មួយ​នឹង​លោក បេ ចន្ត្រា ដែល​ជា​ស្ថាបនិក​នៃ​ព្រឹត្តិការណ៍​បារខែម​នេះ ទស្សនាវដ្តី សូវរីន សូម​សង្ខេប​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​គួរ​តែ​ដឹង។

            «នៅ​ឆ្នាំ​នេះ​យើង​មាន​វាគ្មិន​ជាតិ និង​អន្តរជាតិ​រហូត​ដល់​ទៅ ៨៥រូប​ដែល​នឹង​មក​ចែក​រំលែក​នូវ​បទពិសោធន៍​ជោគជ័យ​របស់​គាត់» នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក បេ ចន្ត្រា។ វាគ្មិន​ទាំង​អស់​សុទ្ធ​តែ​ជា ស្ថាបនិក និង​សហស្ថាបនិក ក៏​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន និង​បុគ្គល​ជោគជ័យ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​មិន​ថា​តែ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះ​ទេ។ លោក បេ ចន្ត្រា ក៏​បាន​បន្ថែម​ទៀត​ថា «នៅ​ឆ្នាំ២០១៨ នេះ បារខែម​ទទួល​បាន​អគារ​ថ្មី​ដែល​មាន​បន្ទប់​ស្អាតៗ​ជាង​ឆ្នាំ​មុនៗ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដើម្បី​ឲ្យ​វាគ្មិន​នីមួយៗ​បាន​ចែក​រំលែក​នូវ​ប្រធានបទ​របស់​ខ្លួន»។

            នៅ​ក្នុង​ឱកាស​នោះ​ដែរ កុំព្យូទ័រ​យួរដៃ​ដំបូង​របស់​កម្ពុជា​ម៉ាក «គម្ពី» ក៏​នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាខែមអាស៊ាន​ឆ្នាំ២០១៨ នេះ​ទៀត​ផង។ កុំព្យូទ័រ​ដែល​ផលិត​ដោយ​កូនខ្មែរ​ដំបូង​បង្អស់​នឹង​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលា​ម៉ោង ៣:៣០នាទីរសៀល​ក្នុង​កម្មវិធី​បារខែម​អាស៊ីអាគ្នេយ៍ ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលាតិចណូ) នេះ​ផង​ដែរ។

            នេះ​ក៏​ជា​ឱកាស​ពិសេស​មួយ​សម្រាប់​មិត្ត​យុវវ័យ​យើង​បាន​ជួប​ជា​មួយ​នឹង idol ដែល​ជា Content Creator និង YouTuber នៅ​កម្ពុជា​យើង​នេះ។ Frost ZK, រៀនថត, Heng Visal, Noobie GMK, Raven Blaze និង YouTuber ជា​ច្រើន​រូប​ទៀត​ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ដែរ។

            ដោយឡែក​ស្តង់​សម្រាប់​ដាក់​តាំង​បង្ហាញ​នូវ​ស្នាដៃ និង​ផលិតផល​នីមួយៗ​ក៏​នឹង​ត្រូវ​បន្ថែម​រហូត​ដល់​ទៅ ៦០ស្តង់ និង​មាន​រៀបចំ​តុបតែង​ស្អាត​ជាង​ឆ្នាំមុន​ទៀត​ផង។ នៅ​ឆ្នាំនេះ លោក បេ ចន្ត្រា បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្តង់​ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​ចែកចេញ​ជា​បីប្រភេទ​ដោយ​ក្នុង​នោះ​រួម​មាន៖ 24 Booth, 24 Desk និង តុ​បង្ហាញ​សម្រាប់​សិស្សនិស្សិត​ចំនួន ៨ ផងដែរ។ ជា​មួយ​នឹង​ស្តង់​ទាំង​នោះ អ្នក​ចូលរួម​ក៏​មាន​ឱកាស​បាន​ស្វែង​យល់​នូវ​គំនិត​អាជីវកម្ម​របស់​យុវជន​ជំនាន់​ក្រោយ​ដូច​ជា​ការ​បង្កើត​កម្មវិធី​ទូរសព្ទ​ថ្មីៗ​ជា​ច្រើន​ទៀត​ផង។

            គួរ​ជម្រាប​ផង​ដែរ​ថា​ បារខែមអាស៊ាន ២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​ប្រធាន​បទ «Powering the future in digital era» ក្នុង​រយៈ​ពេល​ពីរថ្ងៃ ចាប់ពី​ថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា វេលា​ម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច និង​បើក​ឲ្យ​សាធារណៈជន​ចូល​រួម​ដោយ​ឥត​គិតថ្លៃ៕

Article by KEO SONG



SUGGESTIONS