ទួន សុជាតិ គាស់កកាយឡើងវិញអំពីសាស្រ្ដាវុធខ្មែរសម័យបុរាណក្នុងគោលបំណងរក្សាកេរដំណែលដូនតាកុំឲ្យបាត់បង់
NEWS 6 years agoតាមជំនឿពីបរមបុរាណដូនតារៀងមកដោយយើងអាចដឹងខ្លះៗ តាមរយៈ ផ្ទាំងសិលាចារឹក និងរចនាបថជាច្រើនស្ទើតែគ្រប់ប្រាសាទបុរាណថា ខ្មែរយើងមានក្បួនគម្ពីរ អក្សរសាស្រ្ត ក្បាច់ប្រយុទ្ធដាវ លំពែង កាំបិត ធ្នូ រាប់មិនអស់បូកផ្សំនឹងមន្តអាគមន៍ផ្សំអាយុ។ ទោះបីជាវាបានសាបរលាបពីសង្គមខ្មែរយើងនាពេលបច្ចុប្បន្នខ្លះៗក៏ពិតមែន ប៉ុន្តែនៅតែមានអ្នកជឿជាក់លើក្បួនច្បាប់ទាំងអស់នេះរហូតដល់បច្ចុប្បន្នផងដែរ។ ឯអ្នកខ្លះក៏មិនបានដឹងពីវត្តមាននូវមរតកដ៏ថ្លៃថ្លានោះទេ ព្រោះតែការបាត់បង់រូបរាងទៅតាមសម័យកាលជាដើម។ ក្នុងនោះផងដែរ ដាវត្រូវបានបង្ហាញវត្តមានក្នុងប្រទេសខ្មែរតាំងពីការកកើតទឹកដីដំបូង គឺតាំងពីសម័យមនុស្សចេះប្រើដែកគឺគេចាប់ផ្ដើមធ្វើដាវជាអាវុធសម្រាប់ការពារខ្លួននៅពេលចូលព្រៃ ឬមានសង្រ្គាមជាដើម។ ដោយសារតែចិត្តស្រឡាញ់គ្រឿងសព្វាវុធបុរាណបែបនេះហើយបានធ្វើឱ្យអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកមន្ទីរពិសោធន៍មួយរូបបានបោះបង់ជំនាញរបស់ខ្លួនឯង មកចាប់ផ្តើមដើរស្រាវជ្រាវអំពីក្បួនខ្នាតនៃការផលិតដាវតាមប្រាង្គប្រាសាទ និងស្វះស្វែងរកគ្រូបាធ្យាយដែលនៅចេះចាំពីក្បួនផលិតដាវបស់ខ្មែរយើងពីបុរាណកាលដើម្បីសិក្សារៀនសូត្រ។
ដោយមានដើមកំណើតជាអ្នកខេត្តបន្ទាយមានជ័យ ហើយដោយមានជីដូនជីតា(ជំនាន់តាទួត) គាត់ជាអ្នកគុនដាវតាំងពីបរមបុរាណផងនោះ ជាហេតុធ្វើឱ្យយុវជន ទួន សុជាតិ មានចិត្តស្រឡាញ់វត្ថុទាំងនោះ(ដាវ)តាំងពីកើតដឹងក្ដីមក។ សុជាតិបានបន្តទាំងទឹកមុខញញឹមថា “បន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមហាត់រៀនគុណដាវខ្មែរជាមួយក្លើរបស់ជីតាខ្ញុំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ហើយមុខវិជ្ជាដែលគាត់បង្រៀនខ្ញុំទាំងអស់មានដូចជា គុណដៃទទេ គុណដាវ គុណដំបង គុណលំពែង គុណកាំបិត ជាដើម។ ហើយក្នុងចំណោមនោះ មុខវិជ្ជាដែលខ្ញុំចាប់បានលឿនជាងគេគឺគុណដាវ ហើយខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាខ្ញុំស្រឡាញ់អាវុធហ្នឹងជាងគេដែរ(ដាវ)។ ក្រោយមក គាត់ក៏បានបង្រៀនខ្ញុំអំពីក្បួនខ្នាតនៃរបៀបធ្វើដាវ រៀនអំពីសម្លោកដាវ រៀនអំពីការប្រើប្រាស់ដាវ និងអំពីប្រភេទដាវជាដើម”។ គួរបញ្ជាក់ផងដែរ សុជាតិ បានចាប់ផ្ដើមរៀនអំពីវិជ្ជាគុណទាំងនេះតាំងពីខ្លួនមានអាយុ៧ឆ្នាំមកម្ល៉េះរហូតដល់ធំដឹងក្ដីបន្ទាប់ពីលោកគ្រូដើមស្លាប់ សុជាតិក៏ចាប់ផ្ដើមរៀនជាមួយលោកគ្រូ សាន គឹមសៀន ក្នុងឆ្នាំ២០០៧នៅរាជធានីភ្នំពេញវិញ។
អំឡុងពេលកំពុងសិក្សាវិជ្ជាគុណបន្តនៅរាជធានីភ្នំពេញ សុជាតិ ក៏បាននឹកឃើញថាស្រឡាញ់ដាវចង់ធ្វើទុកសម្រាប់តាំងក្នុងផ្ទះខ្លួនឯង ហើយនៅពេលដែលធ្វើហ្នឹង សុជាតិក៏មិនបានគិតថាវាជាអាវុធខុសច្បាប់អ្វីនោះដែរ ព្រោះនៅពេលដែលធ្វើដាវរួច សុជាតិ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកលេងតែប៉ុណ្ណោះ ហើយស្របពេលនោះដែរមិត្តភក្តិនៅក្នុងហ្វេសបុកឃើញក៏ស្រឡាញ់ហើយក៏សុំជាវ ប៉ុន្តែពីដំបូង សុជាតិ មិនហ៊ានលក់ទេ។ ក្រោយមក សុជាតិ ក៏គិតថាប្រសិនបើលក់ហើយយើងយកលុយដែលចំណេញនោះមកធ្វើបន្ថែមទៀតវាប្រាកដជាបានច្រើន ហើយគេនឹងស្គាល់ច្រើនអំពីដាវខ្មែរ ហើយបរទេសក៏លែងច្រឡំថាវារបស់ថៃឬជារបស់ប្រទេសណាមួយ។ ចាប់តាំងពីពេលនោះមក សុជាតិ ក៏ចាប់ផ្ដើមធ្វើដាវទៅតាមការកុម៉្មង់របស់ភ្ញៀវ បើគិតមកដល់បច្ចុប្បន្ននេះដាវដែល សុជាតិ បានធ្វើមានចំនួនមិនក្រោម២០០ដាវនោះទេ ដែលការលក់មានទាំងក្នុងនិងក្រៅប្រទេស។ ចំពោះប្រភេទមនុស្សដែលជាវយកទៅភាគច្រើនជាអ្នកហាត់គុណដូចគ្នា ឬបងប្អូនដែលគាត់មានអសៈនៈហើយជាវទៅដាក់ថ្វាយគ្រូ។ សុជាតិ ក៏បានបន្ថែមទៀតផងដែរថា ដោយសារតែខ្លួនមិនមានទុនច្រើនក្នុងការធ្វើដាវ ហេតុដូច្នេះសុជាតិធ្វើនៅពេលដែលមានកុម៉្មង់ពីភ្ញៀវតែប៉ុណ្ណោះ។ ក្នុងរយៈពេល៣ឆ្នាំនៃការធ្វើដាវលក់នេះ សុជាតិ លក់បានប្រមាណជាង២០០ដាវមកហើយ ដោយដាវមួយមានតម្លៃចាប់ពី២០០ដុល្លាររហូតដល់៤០០ដុល្លារក្នុងមួយដើម។
ដោយឡែកចំពោះការធ្វើដាវនីមួយៗ មិនមែនចេះតែធ្វើទៅតាមចិត្តនឹកឃើញនោះទេ គឺគេធ្វើទៅតាមក្បូនខ្នាតច្បាប់បុរាណខ្មែរ ហើយមុននឹងគេធ្វើដាវមួយគេត្រូវរៀបចំពិធីក្រុងពាលីដើម្បីសុំការអនុញ្ញាតអំពីមេទ័ពមុននឹងយើងចាប់ផ្ដើមផលិត ឧទាហរណ៍បុគ្គលម្នាក់គាត់ចង់បានដាវមេទ័ព ចឹងគឺត្រូវវាស់ប្រវែង(កម្ពស់)គាត់សិនថាគាត់ត្រូវនឹងខ្នាតដាវទំហំណាមួយ! សុជាតិ បានបន្តថា “បើតាមការដំណាលប្រាប់ពីជីដូនជីតាខ្ញុំមកគាត់បានប្រាប់ថា ដាវ នៅពេលដែលធ្វើគឺទី១ក្បួនគេធ្វើពីណាមុន ហើយប្រវែងយើងធ្វើប្រវែងយ៉ាងម៉េចឱ្យត្រូវនឹងមនុស្ស ហើយចំពោះការរចនាក្បាច់នៅលើដងដាវ ស្រោមដាវអីហ្នឹង គឺវាស្រេចតែលើយើងទេ យើងចង់ធ្វើម៉ូដបែបណាក៏បានដែរ អ្វីដែលសំខាន់គឺប្រវែង ទម្ងន់(គិតចាប់ពី៥ខាំទៅដល់៩ខាំ) កម្រាស ជាដើម”។ សុជាតិបានឱ្យដឹងបន្ថែមថាចំពោះរបស់អស់នេះ(ដាវ) ប្រសិនបើទិញហើយទុកដាក់ ឬប្រើប្រាស់ក្នុងផ្លូវមិនល្អ វាអាចនាំទុក្ខទោសដល់ខ្លួនយើងឬអាចធ្វើឱ្យរាសីយើងស្រុតដាប។ គួរបញ្ជាក់ផងដែរថា នៅពេលដែលធ្វើដាវរួចហើយ គេត្រូវធ្វើពិធីក្រុងពាលីលាគ្នាម្ដងទៀត ដើម្បីបញ្ជាក់ថាដាវហ្នឹងបានពេញលក្ខណៈជាដាវហើយ អីចឹងពេលទៅនៅជាមួយម្ចាស់គឺនឹងបានសុខសប្បាយ។
ចំពោះការដំដាវ ជាងស្មិតរូបនេះ បានរៀបរាប់យ៉ាងក្បោះក្បាយថា ជាដំបូងលោកត្រូវដំផ្លែដាវ និងកាំបិតដោយខ្លួនឯង ប៉ុន្តែពេលខ្លះក៏មានការចូលរួមជួយធ្វើពីជាងស្មិតផ្សេងៗមួយចំនួនខ្លះទៀតផងដែរ។ ចំណែកឯទីកន្លែងដែលលោកផលិតផ្លែដាវនេះ មានច្រើនកន្លែងណាស់ ពោលគឺនៅតាមបណ្តាខេត្តតែម្តង រួមមានខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងបាត់ដំបងជាដើម។ ក្នុងនោះដាវមួយដើមគេត្រូវចំណាយពេលជិត១ខែក្នុងការធ្វើវា ហើយត្រូវចំណាយមនុស្សជិត២០នាក់ក្នុងការធ្វើដាវមួយ ដោយសារតែត្រូវឆ្លងកាត់ជាងផ្សេងៗគ្នាដូចជា ជាងដំដែក ជាងក្រឡឹងដងដាវ ជាងក្រឡឹងដែកដងដាវ ជាងឆ្លាក់ក្បាច់ ជាងតម្លើងផ្សេងៗទៀត។ ចំពោះក្បាច់នៅលើស្រោម ដង និងការបាញ់ពណ៌ នៅតែមានស្លាកស្នាមពីបុរាណដូចដើម តែស្ថិតនៅក្នុងសិល្បៈកែច្នៃ តាមនិមិ្មតកម្មបែបថ្មី ដើម្បីធ្វើឲ្យរូបរាងកាន់តែមានភាពស្រស់ស្អាត ទាក់ទាញទៅតាមសម័យកាលបច្ចុប្បន្ន។
ជានិច្ចកាល សុជាតិ តែងតែស្រាវជ្រាវប្រភេទដាវ ពីរឿងព្រេងបុរាណខ្មែរ តាមជញ្ជាំងប្រាសាទបុរាណ សៀវភៅប្រវត្តិសាស្រ្ត និងតាមការសួរដោយផ្ទាល់ពីចាស់ៗដែលគាត់បានដឹងពីរឿងទាំងនេះ។ បើតាមការបញ្ជាក់របស់យុវជន ទុន សុជាតិ បានឱ្យដឹងថាប្រភេទដាវដែលគាត់បានស្រាវជ្រាវរកឃើញមានប្រមាណជាង២០ប្រភេទដូចជាដាវ៖ ដាវកន្ទុយអន្ទង ដាវកន្ទុយអន្ទង់កាត់ ដាវស្លឹក ដាវស្លាប ដាវប៉ិត ដាវអន្ទង់វែង ដាវអន្ទង់ខ្លី ដាវស្លឹកស្រូវ ដាវគ្រាប់ស្រូវ ដាវកួរស្រូវ ដាវកាត់ឆិតលើ ដាវកាត់ឆិតក្រោម ដាវកន្ទុយត្រី ដាវតម្ពក់ ជាដើម។ ដាវប្រភេទនីមួយគឺគេប្រើទៅតាមសម័យកាលដូចជាសម័យកាលនគរភ្នំ សម័យចេនឡា សម័យលង្វែក សម័យឧដុង្គ ហើយក្នុងនោះសម័យដែលសម្បូរម៉ូដជាងគេនោះគឺសម័យអង្គរ។
ដោយឡែកចំពោះការលក់ដាវជូនភ្ញៀវ សុជាតិ មិនមែនចេះតែលក់ឱ្យនោះទេគឺគាត់ត្រូវដឹងថាអ្នកដែលចង់ជាវនឹងមានមុខរបរអ្វី ហើយទិញក្នុងគោលបំណងអ្វី ហើយអ្វីដែលសំខាន់គឺត្រូវមានវ័យចាប់ពី១៨ឆ្នាំឡើងទៅទើបបានអាចជាវបាន។ សុជាតិ បានឱ្យដឹងបន្តថា “ថ្វីត្បិតតែដាវជាអាវុធក៏ពិតមែន ប៉ុន្តែតាំងពីលោកធ្វើវាលក់ជាង៣ឆ្នាំនេះ លោកមិនដែលមានបញ្ហាឡើយ ព្រោះលោកធ្វើឡើងក្នុងគោលបំណងរក្សាសាស្រ្តាវុធដែលជាកេរដំណែលដូនតាយើងកុំឱ្យបាត់បង់ មួយវិញទៀតអ្នកដែលជាវយកទៅក៏មិនមែនយកប្រើប្រាស់ក្នុងអំពើអបាយមុខណាមួយឡើយហើយភាគច្រើនភ្ញៀវដែលមកទិញគឺសុទ្ធតែប៉ូលីសឬទាហានដែលពួកគាត់ទិញយកទៅតាំងលម្អក្នុងគេហដ្ឋានរបស់ពួកគាត់តែប៉ុណ្ណោះ។
ទាក់ទងជាមួយការចារបាលីលើដាវ សុជាតិបានប្រាប់ឱ្យដឹងថា “ប្រសិនបើដាវនោះជាទម្រង់ដាវសឹក( ដាវចម្បាំងរបស់មេទ័ព) ត្រូវតែមានចារបាលី ឬ អថ័ន្ត ដាច់ខាត ហើយជាទូទៅខ្ញុំចារអថ័ន្តបង្ក្រាបពពួកអមនុស្សអាគមន៍ខ្មៅ និង អថ័ន្តបើកស្បែក សម្រាប់ទប់ទល់និងអ្នកស្បែកគង់ តែបើអ្នកនោះមិនមានពាក់ព័ន្ធ និង អាគមន៍ខ្មៅ ឬ ជាមនុស្សស្លូតត្រង់ ដាវនោះក៏ធ្វើស្អីគេមិនបានដែរ។ ប៉ុន្តែក៏អាស្រ័យទៅលើអ្នកប្រើហ្នឹងគាត់មានគុណធម៌ក្នុងខ្លួនឬមួយក៏អត់សក្តិសមសម្រាប់ប្រើឬមួយក៏អត់ ប្រសិនបើមិនគ្រប់លក្ខខណ្ឌទាំងអស់នេះទេក៏ប្រើមិនកើតដែរ”។
ក្រៅពីកិច្ចការងារខាងលើសុជាតិ ក៏បានប្រឡូកចូលក្នុងវិស័យសិល្បៈផងដែរ ហើយមូលហេតុដែលធ្វើឱ្យគាត់ប្រឡូកចូលក្នុងវិស័យនេះគឺតាមរយៈការហាត់ក្បាច់គុណល្បុក្កតោជាមួយលោកគ្រូ សាន គឹមសៀន ហើយក៏មានមិត្តភក្តិរបស់លោកម្នាក់ចាប់អារម្មណ៍ទៅលើការផលិតគុនដែលមានឈុតឆាកវៃតប់គ្នា។ ដោយសារតែលោកចេះក្បាច់គុណស្រាប់ផង រួមផ្សំមានរូបរាងកាយសម្បទាសក្តិសមជាមួយនឹងការដើរតួក្នុងសាច់រឿងនោះផង លោកក៏ត្រូវបានជ្រើសរើសឲ្យចូលសម្ដែងក្នុងខ្សែភាពយន្តនោះតែម្ដង។ រឿងដែលលោកបានចូលរួមសម្ដែងមានដូចជារឿង៖ ហនុមាន កំណប់ឪខ្ញុំ មេកប់សារី ស្ដេចកន ផ្ទះខ្មោចចិញ្ចឹម ហើយរឿងចុងក្រោយដែលគាត់កំពុងសម្ដែងគឺរឿង The Prey៕
Article by HENG CHANMAKARA