×

ទួន​ សុជាតិ គាស់​កកាយ​ឡើង​វិញ​អំពី​សាស្រ្ដា​វុធ​ខ្មែរ​សម័យ​បុរាណ​ក្នុង​គោល​បំណង​រក្សា​កេរដំណែល​ដូនតា​កុំ​ឲ្យ​បាត់បង់

NEWS 6 years ago
 
 

          ​តាម​ជំនឿ​ពី​បរម​បុរាណ​ដូនតា​រៀងមក​ដោយ​យើង​អាច​ដឹង​ខ្លះៗ តាមរយៈ ផ្ទាំងសិលា​ចារឹក និង​រចនាបថ​ជាច្រើន​ស្ទើ​តែ​គ្រប់​ប្រាសាទបុរាណ​ថា ខ្មែរយើង​មាន​ក្បួន​គម្ពីរ  អក្សរ​សាស្រ្ត ក្បាច់​ប្រយុទ្ធ​ដាវ លំពែង កាំបិត ធ្នូ រាប់មិនអស់​បូក​ផ្សំនឹង​មន្តអាគម​ន៍​ផ្សំ​អាយុ។ ទោះបីជា​វា​បាន​សាបរលាប​ពីសង្គម​ខ្មែរយើង​នា​ពេល​បច្ចុប្បន្ន​ខ្លះៗ​ក៏​ពិតមែន ប៉ុន្តែ​នៅតែ​មាន​អ្នកជឿ​ជាក់​លើ​ក្បួនច្បាប់​ទាំងអស់​នេះ​រហូតដល់​បច្ចុប្បន្ន​ផង​ដែរ។ ឯ​អ្នកខ្លះ​ក៏​មិនបាន​ដឹងពី​វត្តមាន​នូវ​មរតក​ដ៏​ថ្លៃថ្លា​នោះ​ទេ ព្រោះតែ​ការបាត់បង់​រូបរាង​ទៅតាម​សម័យកាល​ជាដើម។ ក្នុង​នោះ​ផង​ដែរ ដាវ​ត្រូវ​បាន​បង្ហាញ​វត្តមាន​ក្នុង​ប្រទេសខ្មែរ​តាំងពី​ការ​កកើត​ទឹកដី​ដំបូង គឺ​តាំងពី​សម័យ​មនុស្ស​ចេះ​ប្រើ​ដែក​គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ដាវ​ជា​អាវុធ​សម្រាប់​ការពារ​ខ្លួន​នៅពេល​ចូលព្រៃ ឬ​មាន​សង្រ្គាម​ជាដើម។ ដោយសារតែ​ចិត្តស្រឡាញ់​គ្រឿង​សព្វាវុធ​បុរាណ​បែបនេះ​ហើយ​បាន​ធ្វើ​ឱ្យ​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ផ្នែក​មន្ទីរពិសោធន៍​មួយ​រូប​បាន​បោះបង់​ជំនាញ​របស់​ខ្លួនឯង មក​ចាប់ផ្តើម​ដើរ​ស្រាវជ្រាវ​អំពី​ក្បួនខ្នាត​នៃ​ការផលិត​ដាវ​តាម​ប្រាង្គ​ប្រាសាទ និង​ស្វះស្វែង​រក​គ្រូបាធ្យាយ​ដែល​នៅ​ចេះចាំ​ពី​ក្បួន​ផ​លិ​ត​ដាវ​បស់​ខ្មែរយើង​ពី​បុរាណកាល​ដើម្បី​សិក្សា​រៀនសូត្រ។

          ​ដោយមាន​ដើមកំណើត​ជា​អ្នក​ខេត្ត​បន្ទាយមានជ័យ ហើយដោយ​មាន​ជីដូនជីតា​(ជំនាន់​តាទួត) គាត់​ជា​អ្នក​គុនដាវ​តាំងពី​បរម​បុរាណ​ផង​នោះ ជាហេតុ​ធ្វើ​ឱ្យ​យុវជន ទួន សុ​ជាតិ មានចិត្ត​ស្រឡាញ់​វត្ថុ​ទាំងនោះ​(ដាវ)​តាំងពី​កើត​ដឹងក្ដី​មក។ សុ​ជាតិ​បាន​បន្ត​ទាំង​ទឹកមុខ​ញញឹម​ថា “​បន្ទាប់មក​ខ្ញុំ​ក៏​ចាប់ផ្ដើម​ហាត់រៀន​គុណដាវ​ខ្មែរ​ជាមួយ​ក្លើ​របស់​ជីតា​ខ្ញុំ​នៅ​ស្រុក​មង្គលបូរី​ខេត្ត​បន្ទាយមានជ័យ ហើយ​មុខវិជ្ជា​ដែល​គាត់​បង្រៀន​ខ្ញុំ​ទាំងអស់​មាន​ដូចជា គុណ​ដៃទទេ គុណដាវ គុណ​ដំបង គុណ​លំពែង គុណ​កាំបិត ជាដើម។ ហើយ​ក្នុងចំណោម​នោះ មុខវិជ្ជា​ដែល​ខ្ញុំ​ចាប់បាន​លឿន​ជាងគេ​គឺ​គុណដាវ ហើយ​ខ្ញុំ​ក៏​មិនដឹង​ថា​ហេតុអ្វីបានជា​ខ្ញុំ​ស្រឡាញ់​អាវុធ​ហ្នឹង​ជាងគេ​ដែរ​(ដាវ)។ ក្រោយមក គាត់​ក៏បាន​បង្រៀន​ខ្ញុំ​អំពី​ក្បួនខ្នាត​នៃ​របៀប​ធ្វើ​ដាវ រៀន​អំពី​សម្លោក​ដាវ រៀន​អំពី​ការប្រើ​ប្រាស់​ដាវ និង​អំពី​ប្រភេទ​ដាវ​ជាដើម​”។ គួរ​បញ្ជាក់​ផង​ដែរ សុ​ជាតិ បាន​ចាប់ផ្ដើម​រៀន​អំពី​វិជ្ជា​គុណ​ទាំងនេះ​តាំងពី​ខ្លួន​មាន​អាយុ៧ឆ្នាំ​មក​ម្ល៉េះ​រហូតដល់​ធំដឹងក្ដី​បន្ទាប់ពី​លោកគ្រូ​ដើម​ស្លាប់ សុ​ជាតិ​ក៏​ចាប់ផ្ដើម​រៀន​ជាមួយ​លោកគ្រូ សាន គឹ​ម​សៀន ក្នុង​ឆ្នាំ២០០៧នៅ​រាជធានី​ភ្នំពេញ​វិញ។

          ​អំឡុង​ពេល​កំពុង​សិក្សា​វិជ្ជា​គុណ​បន្ត​នៅ​រាជធានី​ភ្នំពេញ សុ​ជាតិ ក៏បាន​នឹកឃើញ​ថា​ស្រឡាញ់​ដាវ​ចង់​ធ្វើ​ទុក​សម្រាប់​តាំង​ក្នុង​ផ្ទះ​ខ្លួនឯង ហើយ​នៅពេល​ដែល​ធ្វើ​ហ្នឹង សុ​ជាតិ​ក៏​មិនបាន​គិតថា​វា​ជា​អាវុធ​ខុសច្បាប់​អ្វី​នោះ​ដែរ ព្រោះ​នៅពេល​ដែល​ធ្វើ​ដាវ​រួច សុ​ជាតិ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សបុ​ក​លេង​តែប៉ុណ្ណោះ ហើយ​ស្រប​ពេលនោះ​ដែរ​មិត្តភក្តិ​នៅក្នុង​ហ្វេ​សបុ​ក​ឃើញ​ក៏​ស្រឡាញ់​ហើយក៏​សុំ​ជាវ ប៉ុន្តែ​ពី​ដំបូង សុ​ជាតិ មិន​ហ៊ាន​លក់​ទេ។ ក្រោយមក សុ​ជាតិ ក៏​គិតថា​ប្រសិនបើ​លក់​ហើយ​យើង​យក​លុយ​ដែល​ចំណេញ​នោះ​មក​ធ្វើ​បន្ថែម​ទៀត​វា​ប្រាកដជា​បាន​ច្រើន ហើយ​គេ​នឹង​ស្គាល់​ច្រើន​អំពី​ដាវ​ខ្មែរ ហើយ​បរទេស​ក៏​លែង​ច្រឡំ​ថា​វា​របស់​ថៃ​ឬ​ជា​របស់​ប្រទេស​ណាមួយ។ ចាប់តាំងពី​ពេលនោះ​មក សុ​ជាតិ ក៏​ចាប់ផ្ដើម​ធ្វើ​ដាវ​ទៅតាម​កា​រកុ​ម៉្មង់​របស់​ភ្ញៀវ បើ​គិត​មកដល់​បច្ចុប្បន្ន​នេះ​ដាវ​ដែល សុ​ជាតិ បាន​ធ្វើមាន​ចំនួន​មិន​ក្រោម២០០ដាវ​នោះ​ទេ ដែល​ការ​លក់​មាន​ទាំង​ក្នុង​និង​ក្រៅប្រទេស។ ចំពោះ​ប្រភេទ​មនុស្ស​ដែល​ជាវយក​ទៅ​ភាគច្រើន​ជា​អ្នក​ហាត់​គុណ​ដូចគ្នា ឬ​បងប្អូន​ដែល​គាត់​មាន​អ​សៈ​នៈ​ហើយ​ជាវ​ទៅ​ដាក់ថ្វាយ​គ្រូ។ សុ​ជាតិ ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា ដោយសារតែ​ខ្លួន​មិន​មាន​ទុន​ច្រើន​ក្នុង​ការ​ធ្វើ​ដាវ ហេតុដូច្នេះ​សុ​ជាតិ​ធ្វើ​នៅពេល​ដែល​មា​នកុ​ម៉្មង់​ពី​ភ្ញៀវ​តែប៉ុណ្ណោះ។ ក្នុងរយៈពេល៣ឆ្នាំ​នៃ​ការ​ធ្វើ​ដាវ​លក់​នេះ សុ​ជាតិ លក់​បាន​ប្រមាណ​ជាង២០០ដាវ​មក​ហើយ ដោយ​ដាវ​មួយ​មានតម្លៃ​ចាប់ពី២០០ដុល្លារ​រហូតដល់៤០០ដុល្លារ​ក្នុង​មួយ​ដើម។

          ​ដោយឡែក​ចំពោះ​ការ​ធ្វើ​ដាវ​នី​មួយៗ មិនមែន​ចេះតែ​ធ្វើ​ទៅតាម​ចិត្ត​នឹកឃើញ​នោះ​ទេ គឺ​គេ​ធ្វើ​ទៅតាម​ក្បូន​ខ្នាត​ច្បាប់​បុរាណ​ខ្មែរ ហើយ​មុននឹង​គេ​ធ្វើ​ដាវ​មួយ​គេ​ត្រូវ​រៀបចំ​ពិធី​ក្រុងពាលី​ដើម្បី​សុំ​ការអនុញ្ញាត​អំពី​មេទ័ព​មុននឹង​យើង​ចាប់ផ្ដើម​ផលិត ឧទាហរណ៍​បុគ្គល​ម្នាក់​គាត់​ចង់បាន​ដាវ​មេទ័ព ចឹង​គឺ​ត្រូវ​វាស់​ប្រវែង​(កម្ពស់)​គាត់​សិន​ថា​គាត់​ត្រូវ​នឹង​ខ្នាត​ដាវ​ទំហំ​ណាមួយ! សុ​ជាតិ បាន​បន្ត​ថា “​បើ​តាម​ការ​ដំណាល​ប្រាប់​ពី​ជីដូនជីតា​ខ្ញុំ​មក​គាត់​បាន​ប្រាប់​ថា ដាវ នៅពេល​ដែល​ធ្វើ​គឺទី១ក្បួន​គេ​ធ្វើ​ពីណា​មុន ហើយ​ប្រវែង​យើង​ធ្វើ​ប្រវែង​យ៉ាងម៉េច​ឱ្យ​ត្រូវ​នឹង​មនុស្ស ហើយ​ចំពោះ​ការរចនា​ក្បាច់​នៅ​លើ​ដង​ដាវ ស្រោមដាវ​អីហ្នឹង គឺ​វា​ស្រេចតែលើ​យើង​ទេ យើង​ចង់​ធ្វើ​ម៉ូដ​បែប​ណា​ក៏បាន​ដែរ អ្វី​ដែល​សំខាន់​គឺ​ប្រវែង ទម្ងន់​(គិត​ចាប់ពី៥ខាំ​ទៅដល់៩ខាំ) ក​ម្រា​ស ជាដើម​”។ សុ​ជាតិ​បានឱ្យ​ដឹង​បន្ថែម​ថា​ចំពោះ​របស់​អស់នេះ​(ដាវ) ប្រសិនបើ​ទិញ​ហើយ​ទុកដាក់ ឬ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិនល្អ វា​អាច​នាំទុក្ខ​ទោស​ដល់​ខ្លួន​យើង​ឬ​អាច​ធ្វើ​ឱ្យ​រាសី​យើង​ស្រុត​ដាប។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅពេល​ដែល​ធ្វើ​ដាវ​រួចហើយ គេ​ត្រូវ​ធ្វើពិធី​ក្រុងពាលី​លាគ្នា​ម្ដងទៀត ដើម្បី​បញ្ជាក់​ថា​ដាវ​ហ្នឹង​បាន​ពេញលក្ខណៈ​ជា​ដាវ​ហើយ អីចឹង​ពេល​ទៅ​នៅជា​មួយ​ម្ចាស់​គឺ​នឹង​បាន​សុខសប្បាយ។

          ចំពោះ​ការ​ដំ​ដាវ  ជាងស្មិត​រូប​នេះ បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ថា ជាដំបូង​លោក​ត្រូវ​ដំ​ផ្លែដាវ និង​កាំបិត​ដោយខ្លួនឯង ប៉ុន្តែ​ពេលខ្លះ​ក៏​មានការ​ចូលរួម​ជួយ​ធ្វើ​ពី​ជាង​ស្មិត​ផ្សេងៗ​មួយចំនួន​ខ្លះទៀត​ផង​ដែរ។ ចំណែក​ឯ​ទីកន្លែង​ដែល​លោក​ផលិត​ផ្លែដាវ​នេះ មាន​ច្រើន​កន្លែង​ណាស់ ពោល​គឺ​នៅ​តាម​បណ្តា​ខេត្ត​តែម្តង រួមមាន​ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និង​បាត់ដំបង​ជាដើម។ ក្នុង​នោះ​ដាវ​មួយ​ដើម​គេ​ត្រូវ​ចំណាយពេល​ជិត១ខែ​ក្នុង​ការ​ធ្វើ​វា ហើយ​ត្រូវ​ចំណាយ​មនុស្ស​ជិត២០នាក់​ក្នុង​ការ​ធ្វើ​ដាវ​មួយ ដោយសារតែ​ត្រូវ​ឆ្លងកាត់​ជាង​ផ្សេងៗ​គ្នា​ដូចជា ជាង​ដំដែក ជាងក្រឡឹង​ដង​ដាវ ជាងក្រឡឹង​ដែក​ដង​ដាវ ជាង​ឆ្លាក់ក្បាច់ ជាង​តម្លើង​ផ្សេងៗ​ទៀត។ ចំពោះ​ក្បាច់​នៅ​លើ​ស្រោម ដង និង​ការ​បាញ់​ពណ៌ នៅតែ​មាន​ស្លាកស្នាម​ពី​បុរាណ​ដូចដើម តែ​ស្ថិតនៅ​ក្នុង​សិល្បៈ​កែច្នៃ តាម​និមិ្មតកម្ម​បែប​ថ្មី ដើម្បី​ធ្វើឲ្យ​រូបរាង​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ទាក់ទាញ​ទៅតាម​សម័យកាល​បច្ចុប្បន្ន។

          ​ជានិច្ចកាល សុ​ជាតិ តែងតែ​ស្រាវជ្រាវ​ប្រភេទ​ដាវ ពី​រឿងព្រេង​បុរាណ​ខ្មែរ តាម​ជញ្ជាំង​ប្រាសាទបុរាណ សៀវភៅ​ប្រវត្តិ​សាស្រ្ត និង​តាម​ការ​សួរ​ដោយ​ផ្ទាល់​ពី​ចាស់ៗ​ដែល​គាត់​បានដឹង​ពី​រឿង​ទាំងនេះ។ បើ​តាម​ការ​បញ្ជាក់​របស់​យុវជន ទុន សុ​ជាតិ បានឱ្យ​ដឹង​ថា​ប្រភេទ​ដាវ​ដែល​គាត់​បាន​ស្រាវជ្រាវ​រក​ឃើញ​មាន​ប្រមាណ​ជាង២០ប្រភេទ​ដូចជា​ដាវ៖ ដាវ​កន្ទុយ​អន្ទង ដាវ​កន្ទុយ​អន្ទង់​កាត់ ដាវ​ស្លឹក ដាវ​ស្លាប ដាវ​ប៉ិត ដាវ​អន្ទង់​វែង ដាវ​អន្ទង់​ខ្លី ដាវ​ស្លឹក​ស្រូវ ដាវ​គ្រាប់ស្រូវ ដាវ​កួរស្រូវ ដាវ​កាត់​ឆិត​លើ ដាវ​កាត់​ឆិត​ក្រោម ដាវ​កន្ទុយត្រី ដាវ​តម្ពក់ ជាដើម។ ដាវ​ប្រភេទ​នីមួយ​គឺ​គេ​ប្រើ​ទៅតាម​សម័យកាល​ដូចជា​សម័យកាល​នគរភ្នំ សម័យ​ចេនឡា សម័យ​លង្វែក សម័យ​ឧដុង្គ ហើយ​ក្នុង​នោះ​សម័យ​ដែល​សម្បូរ​ម៉ូដ​ជាងគេ​នោះ​គឺ​សម័យ​អង្គរ។

          ​ដោយឡែក​ចំពោះ​ការ​លក់​ដាវ​ជូន​ភ្ញៀវ សុ​ជាតិ មិនមែន​ចេះតែ​លក់​ឱ្យ​នោះ​ទេ​គឺ​គាត់​ត្រូវ​ដឹង​ថា​អ្នក​ដែល​ចង់​ជាវ​នឹង​មានមុខ​របរ​អ្វី ហើយ​ទិញ​ក្នុង​គោលបំណង​អ្វី ហើយ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​មាន​វ័យ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ​ទើបបាន​អាច​ជាវ​បាន។ សុ​ជាតិ បានឱ្យ​ដឹង​បន្ត​ថា “​ថ្វីត្បិតតែ​ដាវ​ជា​អាវុធ​ក៏​ពិតមែន ប៉ុន្តែ​តាំងពី​លោក​ធ្វើ​វា​លក់​ជាង៣ឆ្នាំនេះ លោក​មិនដែល​មាន​បញ្ហា​ឡើយ ព្រោះ​លោក​ធ្វើឡើង​ក្នុង​គោលបំណង​រក្សា​សាស្រ្តាវុធ​ដែល​ជា​កេរដំណែល​ដូនតា​យើង​កុំឱ្យ​បាត់បង់ មួយវិញទៀត​អ្នក​ដែល​ជាវយក​ទៅ​ក៏​មិនមែន​យក​ប្រើប្រាស់​ក្នុង​អំពើ​អបាយមុខ​ណាមួយ​ឡើយ​ហើយ​ភាគច្រើន​ភ្ញៀវ​ដែល​មក​ទិញ​គឺ​សុទ្ធ​តែ​ប៉ូលី​ស​ឬ​ទាហាន​ដែល​ពួកគាត់​ទិញ​យក​ទៅ​តាំង​លម្អ​ក្នុង​គេហដ្ឋាន​របស់​ពួកគាត់​តែប៉ុណ្ណោះ។

          ​ទាក់ទង​ជាមួយ​ការ​ចារ​បាលី​លើ​ដាវ សុ​ជាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា “​ប្រសិនបើ​ដាវ​នោះ​ជា​ទម្រង់​ដាវ​សឹក​( ដាវ​ចម្បាំង​របស់​មេទ័ព) ត្រូវតែ​មាន​ចារ​បាលី ឬ អ​ថ័ន្ត ដាច់ខាត ហើយ​ជាទូទៅ​ខ្ញុំ​ចារ​អ​ថ័ន្ត​បង្ក្រាប​ពពួក​អមនុស្ស​អាគមន៍​ខ្មៅ និង អ​ថ័ន្ត​បើក​ស្បែក សម្រាប់​ទប់ទល់​និង​អ្នក​ស្បែក​គង់ តែបើ​អ្នកនោះ​មិន​មាន​ពាក់ព័ន្ធ និង អាគមន៍​ខ្មៅ ឬ ជា​មនុស្ស​ស្លូតត្រង់ ដាវ​នោះ​ក៏​ធ្វើ​ស្អី​គេ​មិនបាន​ដែរ។ ប៉ុន្តែ​ក៏​អាស្រ័យ​ទៅលើ​អ្នកប្រើ​ហ្នឹង​គាត់​មានគុណ​ធម៌​ក្នុង​ខ្លួន​ឬមួយ​ក៏​អត់​សក្តិ​សម​សម្រាប់​ប្រើ​ឬមួយ​ក៏​អត់ ប្រសិនបើ​មិន​គ្រប់​លក្ខខណ្ឌ​ទាំងអស់​នេះ​ទេ​ក៏​ប្រើ​មិនកើត​ដែរ​”។

          ​ក្រៅពី​កិច្ចការ​ងារ​ខាងលើ​សុ​ជាតិ ក៏បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​ផង​ដែរ ហើយ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់​ប្រឡូក​ចូលក្នុង​វិស័យ​នេះ​គឺ​តាមរយៈ​ការហាត់​ក្បាច់​គុណ​ល្បុក្កតោ​ជាមួយ​លោកគ្រូ សាន គឹ​ម​សៀន ហើយក៏​មាន​មិត្តភក្តិ​របស់​លោក​ម្នាក់​ចាប់អារម្មណ៍​ទៅលើ​ការផលិត​គុន​ដែល​មាន​ឈុត​ឆាក​វៃ​តប់​គ្នា។ ដោយសារតែ​លោក​ចេះ​ក្បាច់​គុណ​ស្រាប់​ផង រួមផ្សំ​មាន​រូបរាងកាយ​សម្បទា​សក្តិ​សមជា​មួយ​នឹង​ការ​ដើរតួ​ក្នុង​សាច់រឿង​នោះ​ផង លោក​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នោះ​តែម្ដង។ រឿង​ដែល​លោក​បាន​ចូលរួម​សម្ដែង​មាន​ដូចជា​រឿង៖ ហនុមាន កំណប់​ឪ​ខ្ញុំ មេ​កប់​សារី ស្ដេចកន ផ្ទះ​ខ្មោច​ចិញ្ចឹម ហើយរឿង​ចុងក្រោយ​ដែល​គាត់​កំពុង​សម្ដែង​គឺ​រឿង The Prey៕

Article by HENG CHANMAKARA​​


SUGGESTIONS