×

វិធី​សាស្ត្រ​រៀបចំ​បន្ទប់​តូច​ឲ្យ​មើល​ទៅ​ទូលាយ​ ស្រស់ស្អាត និង​ទាន់​សម័យ​បំផុត

TRAVEL & LIVING 3 weeks ago
 
 

          បន្ទប់​គឺជា​កន្លែង​និទ្រា  និង​ជា​កន្លែង​ផ្តល់​នូវ​សេចក្តី​សុខ​ក្នុង​ការសម្រាក​កាយ បន្ទាប់ពី​បំពេញការងារ​នឿយហត់​ស្ទើរ​ពេញមួយថ្ងៃ។ យ៉ាងណាមិញ ការរៀបចំ​បន្ទប់​ឲ្យ​មាន​សណ្តាប់​ធ្នាប់  លាយឡំ​ទៅ​ដោយ​ការ​តុបតែង​លម្អ​បង្កើន​ភាព​ស្រស់​ស្អាត ក៏​ជាផ្នែក​មួយ​ជួយ​ឲ្យ​បរិយាកាស​ទទួលទានដំណេក​មាន​ផាសុកភាព និង​ប្រកបដោយ​ការ​លង់លក់​ស្រួល​ផង​ដែរ។ កន្លងមក អ្នក​ដែល​មាន​បន្ទប់គេង​ទំហំ​តូច​រមែងតែងតែ​មាន​កង្វល់​ចំពោះ​ការរៀបចំ ដោយ​មិនដឹង​ថា​តើ​គួរ​ដេ​គ័រ​បន្ទប់​បែប​ណា​ដើម្បីឲ្យ​មើលទៅ​ស្រស់​ស្អាត និង​មាន​លក្ខណៈ​ទូលាយ ហើយ​វា​កាន់តែ​ស្មុគស្មាញ​ថែមទៀត​សម្រាប់​អ្នក​ដែល​មាន​របស់របរ​ច្រើន។  ជា​ការពិត​ណាស់ គ្រឿង​អេ​ឡិច​ត្រូ​និច​គឺជា​ឧបករណ៍​រំខាន​ចម្បង​ដល់​ដំណេក ហើយ​បន្ទប់​ដែល​ស្រស់​ស្អាត ក៏​មិន​ចាំបាច់​ទាល់តែ​មាន​សម្ភារ​ទំនើបៗ ឬ​តុបតែង​គ្រប់​ជ្រុង​ទើប​ល្អឥតខ្ចោះ​នោះ​ដែរ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ដឹងពី​គន្លឹះ​ក្នុង​ការរៀបចំ​ទៅតាម​ជ្រុង​នី​មួយៗ និង​ដឹងពី​របៀប​ទុកដាក់​របស់របរ​មិន​ចាំបាច់​មួយចំនួន​ជាការស្រេច ហេតុ​ដូចនេះ ដើម្បីឲ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​កាន់តែ​ប្រសើរ សូ​វរីន សូម​លើកយក​នូវ​វិធីសាស្ត្រ​ក្នុង​ការរៀបចំ​បន្ទប់​តូច​ឲ្យ​មើលទៅ​មាន​លក្ខណៈ​ទូលាយ មាន​ភាព​ស្រស់​ស្អាត និង​ទាន់សម័យ​បំផុត​ដូច​ខាងក្រោម។

​1​.​ជំហាន​ទី ១៖

​ពណ៌ស គឺជា​ពណ៌​ថាមពល​ពន្លឺ​មួយ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​បន្ទប់​តូច ដោយសារតែ​វា​ធ្វើឲ្យ​ទីតាំង​តូច​មិន​មាន​ភាព​ស្មុគ ឬ​ចង្អៀត​ភ្នែក។ ដូចនេះ​ដើម្បីឲ្យ​បន្ទប់​តូច​មើលទៅ​ទូលាយ គួរ​ប្រើ​ពណ៌ស ឬ​ពណ៌​លាយស​មាន​លក្ខណៈ​ខ្ចី​ហើយ​ស្រាល លាប​ទៅលើ​ជញ្ជាំង​ពេញ​បន្ទប់ រួម​ទាំង​បង្អួច​ផង​ដែរ (ប្រសិនបើ​មាន)។

  ​2​.ជំហាន​ទី ២៖

​ទីតាំង​គ្រែ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ហើយ​វា​ក៏​ទាមទារ​ទំហំ​បញ្ឈរ​ខ្លួន​គួរសម​ផង​ដែរ ជាក់ស្តែង​ប្រសិនបើ​យើង​ដាក់​គ្រែ​នៅ​ចំ​កណ្តាល ឬ​ស្ទើរ​ជាប់​ជញ្ជាំង នោះ​វា​ធ្វើឲ្យ​បន្ទប់​កាន់តែ​ចង្អៀត​ថែមទៀត  ដូច្នេះ​ទីតាំង​ដែល​ល្អ​បំផុត​ត្រូវ​រុញ​គ្រែ​ឲ្យ​ជាប់ទៅនឹង​ជញ្ជាំង​នៃ​ជ្រុង​ម្ខាង​ដើម្បីឲ្យ​ទីតាំង​ម្ខាងទៀត​មាន​សភាព​ទូលាយ​ក្នុង​ការ​ដើរ ពិសេស​ធ្វើឲ្យ​ការ​គេង​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ចំពោះ​អ្នក​គេង​រើ​បម្រាស់​ធ្លាក់​ពីលើ​គ្រែ​ញឹកញាប់។ សម្រាប់​បន្ទប់​គ្មាន​គ្រែ​មានតែ​ពូក​ក៏អាច​អនុវត្ត​ដាក់​ទៅតាម​ទីតាំង​ខាងលើ​ដែល​នឹង​ធ្វើឲ្យ​បន្ទប់​កាន់តែ​មាន​សភាព​ទូលាយ​ឡើង។

​3​.ជំហាន​ទី ៣៖

​ជឿ​ទេ​ថា គ្រាន់តែ​ក្បាច់​បន្ថែម​នៅ​ចុង​គ្រែ​មាន​កម្ពស់​ខ្ពស់​បន្តិច​ក៏​ជាផ្នែក​រំខាន​ក្នុង​ការរៀបចំ​បន្ទប់​តូច​? ពិតប្រាកដ​ណាស់ ដ្បិត​ក្បាច់​នៅ​ចុង​គ្រែ​លយ​ផុត​ពី​ពូក​បន្តិច ប៉ុន្តែ​វា​អាច​នឹង​ធ្វើឲ្យ​ទើសភ្នែក និង​បង្ក​ភាព​មិន​ស្រឡះ​នៅក្នុង​បន្ទប់​ផង​ដែរ។ ជំនួស​ការប្រើ​គ្រែ​មាន​បន្ថែម​ក្បាច់​នៅ​ចុងជើង មក​ជ្រើសរើស​គ្រែ​បែប​លា​តៗ​វិញ​ម្តង ដែល​មិន​ត្រឹមតែ​ធ្វើឲ្យ​មើលទៅ​មាន​សណ្តាប់​ធ្នាប់​ល្អ​ប៉ុណ្ណោះទេ តែ​ថែមទាំង​បង្កើន​ឲ្យ​បន្ទប់​មាន​ភាព​ទាន់សម័យ​មួយ​កម្រិត​ទៀត។ លើស​ពីនេះ ងាក​មក​ជ្រើសរើស​តែ​គ្រែ​ដែល​មាន​ក្បាល​លេង​ក្បាច់ចម្លាក់​វិញ​រឹតតែ​ពិសេស។

​4​.ជំហាន​ទី ៤៖

​បន្ថែម​សម្រស់​បន្ទប់​ដោយ​ជ្រើសរើស​ទូ​តាំង​ទំហំ​តូច​សម​ល្មម​មួយ​ដាក់​នៅ​ក្បែរ​ក្បាល​គ្រែ ទូ​តាំង​គួរតែ​ជា​ប្រភេទ​ទូ​ភ្ជាប់​មក​ជាមួយ​ធ្នើរ​ឬ​ប្រអប់​សម្រាប់​ដាក់​របស់របរ​មួយចំនួន​បាន វា​អាច​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ឈោង​យក​ភ្លាមៗ រួម​ទាំង​បង្កើន​ភាព​ទាន់សម័យ​ដល់​បន្ទប់​ផង​ដែរ។ បន្ថែម​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ  អាច​មាន​តាំង​លម្អ​ដើម​រុក្ខជាតិ​បៃតង​ឬ​ផ្កា​នៅ​លើ​ទូ​តាំង​ដើម្បី​ជា​ភាព​ស្រស់​ស្អាត និង​ធ្វើឲ្យ​អារម្មណ៍​ស្រស់ស្រាយ។

អាច​ជា​គំនិត​ដ៏​ឆ្លាតវៃ​ក្នុង​ការបង្កើត​ភាព​ទាក់ទាញ​នៅក្នុង​បន្ទប់​តូច ដោយមាន​តុ​បណ្តោយ​វែង​ឬ​ធ្វើ​ធ្នើរ​តូច​ដែល​មាន​ប្រវែង​លាតសន្ធឹង​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​នៃ​ក្បាល​គ្រែ។ នៅ​លើ​ធ្នើរ​ឬ​តុ​នេះ​យើង​អាច​ដាក់​តាំង​លម្អ​នូវ​វត្ថុ​ចម្រុះ​ពណ៌ ឬ​ស៊ុម​រូប​ភាព​តូចៗ​ផ្សេងៗ ដែល​ធ្វើឲ្យ​មើលទៅ​ស្រស់​ស្អាត​ទាក់ទាញ និង​ហាក់បីដូចជា​វត្ថុ​ទាំងនោះ​កំពុង​អណ្តែត​នៅ​លើ​ក្បាលដំណេក​របស់​យើង​ផង​ដែរ។

​5​.​ជំហាន​ទី ៥៖​

​កញ្ចក់ឆ្លុះ​អាច​ជួយ​ពង្រីក​ទំហំ​បន្ទប់​ឲ្យ​មើលទៅ​កាន់តែ​ធំ​ទូលាយ ដូចដែល​យើង​ធ្លាប់​ឃើញ​ជាក់ស្តែង​នៅកន្លែង​មាន​ទីតាំង​ចង្អៀត​ភាគច្រើន​រមែង​បិត​កញ្ចក់ឆ្លុះ​ស្ទើរតែ​ពាសពេញ​ជញ្ជាំង នេះ​ក៏ដោយ​សារ​រូបភាព​ឆ្លុះ​បាន​បន្ថែម​ពន្លឺ និង​បញ្ឆោត​ភ្នែក​ឲ្យ​ឃើញ​ទិដ្ឋភាព​ក្នុង​កន្លែង​តែមួយ​កាន់តែ​ធំ​ទូលាយ​ឡើង។ សម្រាប់​បន្ទប់គេង គួរ​បិត​កញ្ចក់ឆ្លុះ​មួយ​ជំហរ​ខ្លួន​នៅ​លើ​ជញ្ជាំង​ត្រង់​ទីតាំង​ម្ខាង​ទល់មុខ​បង្អួច ឬ​បិត​លាត​លើ​ផ្ទៃ​ជញ្ជាំង​ទាំងស្រុង​កាន់តែ​ប្រសើរ។  គួរ​ជ្រើសរើស​ការ​បិត​កញ្ចក់​ជាប់​ជញ្ជាំង​ប្រសើរ​ជាង​ដាក់​បញ្ឈរ ព្រោះ​ជួនកាល​អាច​រលំ​នាំ​បង្ក​គ្រោះថ្នាក់។

​6​.ជំហាន​ទី ៦៖​

​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​គ្រែ​សម្រាប់​បន្ទប់​តូច យល់​ល្អ​អ្នក​គួរ​ជ្រើសរើស​ទិញ​គ្រែ​ដែល​មាន​ប្រអប់​នៅ​ខាងក្រោម​គ្រែ​ដើម្បី​អាច​ជា​ប្រយោជន៍​ក្នុង​ការ​ទុកដាក់​របស់​របប​ឲ្យ​មាន​សណ្តាប់​ធ្នាប់​បាន​មួយ​កម្រិត​ធំ ឧទាហរណ៍​ដូចជា​ដាក់​សម្លៀកបំពាក់ ដាក់​ស្បែកជើង និង​សៀវភៅ​ជាដើម ឃើញ​ទេ! អ្នក​អាច​ចំណេញ​ច្រើន​ដោយ​មិន​ចាំបាច់​ទិញ​ទូសៀវភៅ ទូ​សម្លៀកបំពាក់ និង​ទូ​ដាក់​ស្បែកជើង​ទៀតផង ហើយ​កាន់តែ​ពិសេស ធ្វើឲ្យ​គ្រែ​មើលទៅ​ទាន់សម័យ​ក៏ដូចជា​បង្ហាញ​អំពី​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ការរៀបចំ​បន្ទប់គេង​ផង​ដែរ។

           ​ជំហាន​នី​មួយៗ​ខាងលើ​អាច​ជា​គន្លឹះ​គោល​ក្នុង​ការរៀបចំ​បន្ទប់​តូច​ឲ្យ​មើលទៅ​ធំ​ទូលាយ និង​ស្រស់​ស្អាត ហើយដែល​សំខាន់​ប្រិយមិត្ត​ក៏អាច​រៀបចំ​តុបតែង​បន្ថែម​ទៅតាម​ចំណង់​ចំណូលចិត្ត​ក៏ដូចជា​បែបបទ​នៃ​ការរស់នៅ​ផ្ទាល់ខ្លួន​ផង​ដែរ  កាន់តែ​សំខាន់​ទៀត​នោះ​បន្ទប់​ដែល​ស្អាត គួរតែ​ជា​បន្ទប់​មាន​ផាសុកភាព និង​អនាម័យ​ជាប្រចាំ៕

​Article by Hem Sokkhim



SUGGESTIONS