×

ផល​អាក្រក់​នៃ​ការ​ចង​សក់ និង​កត្តា​គួរ​ជៀស​វាង​មួយ​ចំនួន​ដែល​ស្រ្តី​គួរ​គប្បី​យល់​ដឹង​

FASHION & BEAUTY 3 weeks ago
 
 

          ការ​ទម្លាក់​សក់​រមែង​ជួយ​លើក​ទម្រង់​មុខ​ឲ្យ​មើលទៅ​ស្រស់​ស្អាត សិច​ស៊ី  មាន​មន្ត​ស្នេហ៍​ជាជាង​ការ​ចងសក់ ហើយ​អ្វី​ដែល​ជា​អត្ថ​ប្រយោជន៍​លើស​ពី​ការ​រំពឹង​ទុក​នោះ ការ​ទម្លាក់​សក់​គឺជា​វិធី​តែមួយគត់​ដែល​ធ្វើឲ្យ​សក់​ជៀស​ផុត​ពី​ការបំផ្លាញ ការ​ដាច់ និង​ការ​ជ្រុះ​ផង​ដែរ។ ទោះ​ការ​ទម្លាក់​សក់​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាងនេះ​ក្តី ប៉ុន្តែ​ស្ត្រី​មួយចំនួន​បាន​ងាក​មក​ជ្រើសរើស​ការ​ចងសក់​ជំនួស​វិញ ដោយសារតែ​វា​បង្ក​ផល​រំ​ខាន​ផ្សេងៗ​ដូចជា បាំង​ភ្នែក ចូល​មាត់ រញ៉េរញ៉ៃ​ពេល​ទទួលទាន​អាហារ ពិសេស​មាន​ភាព​ស្អុះស្អាប់​ពេល​ស្ថិតនៅ​ក្នុង​បរិយាកាស​ក្តៅ​ជាដើម។ ដ្បិត​ការ​ចងសក់​ធ្វើ​ឲ្យ​មិត្តៗ​នារី​មាន​អារម្មណ៍​ស្រឡះ​មុខមាត់ ឬ​បង្កើត​ជា​ស្ទីល​ប្លែក​ខុស​សព្វមួយដង ប៉ុន្តែ​សកម្មភាព​បែបនេះ​រាល់ថ្ងៃ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​សក់​បន្តិច​ម្តងៗ​រហូត​ធ្វើ​ឲ្យ​មិត្តៗ​នារី​ស្តាយក្រោយ​ដោយ​មិនដឹង​ខ្លួន។ ដូចនេះ​ដើម្បី​រក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ និង​នៅតែ​ស្រស់​ស្អាត ស្ត្រី​គ្រប់រូប​គួរ​យល់ដឹង​នូវ​ផល​អាក្រក់​នៃ​ការ​ចង​ចក់ និង​កត្តា​គួរគប្បី​ជៀសវាង​ដូច​ខាងក្រោម៖

ផល​អាក្រក់
          ​គុណវិបត្តិ​ចម្បង​នៃ​ការ​ចងសក់ គឺ​អាច​ធ្វើឲ្យ​សក់​ជ្រុះ​ដែល​បង្ក​មក​ពី​ការ​ចង​កៅស៊ូរឹត​បន្តឹង​ខ្លាំង ដូចដែល​ឃើញ​ជាក់ស្តែង រាល់ពេល​ស្រាយ​កៅស៊ូ​ចេញ យ៉ាងហោចណាស់​ក៏​មាន​សក់​ចាប់ពី ៣ ទៅ ៥សរសៃ​ដែរ​ដែល​ជាប់ជំពាក់​នៅនឹង​កៅស៊ូ ហើយ​នេះ​ក៏​ជា​ករណី​បង្ក​ឲ្យ​ដាច់​សក់​នៅពេល​ទាញ​កៅស៊ូ​ចេញពី​សក់​ផង​ដែរ។ លើស​ពីនេះ ការ​ចងសក់​ញឹកញាប់ និង​រឹត​បន្តឹង​ខ្លាំងពេក​អាច​បណ្តាល​ឲ្យ​សក់​បាក់​ភ្លី ជាប់​ផ្នត់ មិន​រលាស់​ត្រង់​ដូចមុន។

កត្តា​គួរ​ជៀសវាង  
          ​ការ​ការពារ​ប្រសើរ​ជាង​ព្យាបាល ប្រសិន​បើ​មិត្តៗ​នារី​មិន​ចង់​បង្ក​ហានិភ័យ​ដល់​សក់​របស់​ខ្លួន គួរ​ជៀសវាង​ធ្វើ​នូវ​ចំណុច​ទាំងនេះ៖

​•​    ​ប្រើ​ខ្សែចង​មិន​ត្រឹមត្រូវ៖ កៅស៊ូ និង​ដង្កៀប​គឺជា​អាវុធ​ចម្បង​នៃ​ការ​ធ្វើឲ្យ​ដាច់​សក់ និង​ជ្រុះ ដូចនេះ​អ្នក​គួរ​ជំនួស​ប្រើ​របស់​ទាំងពីរ​នេះ ដោយ​ងាក​មក​ប្រើ​ក្រណាត់​ឬ​ខ្សែចង​បែប​យឺតៗ​វិញ​ទើប​ប្រសើរ។

​•​    ​ចង​រឹត​ខ្លាំង៖ ដូច​បាន​រៀបរាប់​នៅ​ខាងលើ ការ​ចងសក់​រឹត​តឹង​ខ្លាំង​អាច​ធ្វើឲ្យ​សក់​ជ្រុះ ពិសេស​បំផុត​សម្រាប់​អ្នកមាន​សក់​ស្ងួត សក់​ខូច សក់សំពោង និង​បែក​ចុង​ជាដើម។

​•​    ​ចង​ពេល​សក់​សើម៖ នៅពេល​សក់​សើម ស្ថានភាព​សក់​នឹង​មាន​សភាព​ខ្សោយ​បំផុត ដែល​នៅពេល​ចង​ជាមួយ​កៅស៊ូ វា​នឹង​ធ្វើឲ្យ​ដាច់ ឬ​ជំពាក់​ជាប់​កៅស៊ូ​នៅពេល​ស្រាយ​ចេញ​វិញ។

​•​    ​ចង​ដដែលៗ៖ ជៀសវាង​ការ​ចងសក់​លើកឡើង​លើ​ម៉ូដ​ដដែលៗ ដោយ​ងាក​មក​ចងសក់​បែប​ស្រាលៗ​វិញ​ដូចជា ចង​ត្រឹម​កញ្ចឹងក ចង​ទម្លាក់​ទៅ​ចំហៀង ឬ​ក្រង​បែប​ធូរៗ​ជាដើម។

          សរុប​មក ការ​លើកឡើង​អំពី​គុណវិបត្តិ​នៃ​ការ​ចងសក់​មិនមែន​ជា​ការ​ហាមឃាត់​ស្ត្រី​គ្រប់រូប​ឲ្យ​បញ្ឈប់​ការ​ចងសក់​នោះ​ទេ ប៉ុន្តែ​វា​ជា​ចំណេះដឹង​ក៏ដូចជា​ចំណុច​សំខាន់​មួយ​ដែល​ស្ត្រី​គ្រប់រូប​គួរ​យល់ដឹង​ដើម្បី​រក្សា​សក់​ឲ្យ​នៅតែ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ។ ក្រៅពី​ការ​រៀបរាប់​នៅ​ខាងលើ​អាច​សបញ្ជាក់​ឲ្យ​ឃើញថា ការ​ទម្លាក់​សក់​គឺ​ប្រសើរ​ជាង​ការ​ចងសក់ ដូចនេះ​គួរ​ទម្លាក់​សក់​ឲ្យបាន​ច្រើនជាង​ការ​ចងសក់​ទើប​ប្រសើរ ពិសេស​ទម្លាក់​នៅពេល​ចូលគេង ហើយ​ប្រសិនបើ​ដាច់ខាត​ទម្លាក់​សក់​មិនបាន​គួរ​ប្រើ​ប្រេងលាបសក់​មុន​ពេល​ចងសក់​ដើម្បីកុំឲ្យ​កៅស៊ូ​ជំពាក់៕

Article by HEM SOKKHIM



SUGGESTIONS