×

កិច្ចពិភាក្សា​តម្រង់​ទិស​ព្រឹត្តិ​ការណ៍​ ​40km​ ​ទៅកាន់​ប្រវត្តិសាស្ត្រ

NEWS 5 years ago
 
 

​ ​            នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិ​ការណ៍​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​«​៤០​ ​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​ ​ដែល​ជា​បេសកកម្ម​ដើរ​លើ​ផ្លូវ​ចម្ងាយ​៤០គីឡូម៉ែត្រ​ ​ដែល​នឹង​ប្រពឹ​ត្តិ​ទៅ​នៅ​ថ្ងៃទី​ ​២៩​ ​ខែ​ ​វិច្ឆិកា​ ​ដល់​ថ្ងៃទី​ ​០១​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៨​ ​នៅក្នុង​បរិវេណ​ស្រុក​ស្នួល​នៃ​ខេត្តក្រចេះ​នឹង​ឈាន​ចូល​មកដល់​។​ ​ក្នុង​នោះ​យើង​សង្កេតឃើញ​ថា​ព្រឹត្តិ​ការណ៍​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​យុវជន​យុវនារី​ខ្មែរ​ ​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី៩​ ​ខែវិច្ឆិកា​នេះ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស.យ.ក​)​ ​បាន​រៀបចំ​នូវ​ការ​ជួបជុំ​ពិភាក្សា​គ្នា​អំពី​គម្រោង​រៀបចំ​កម្មវិធី​ ​និង​បាន​បង្ហើប​ពី​ចំនួន​បេក្ខជន​ចូលរួម​មាន​រហូតដល់​ទៅ​ ​១០០០ពាន់​នាក់​។​

​            នៅក្នុង​ជំនួប​ពិភាក្សា​នេះ​ផង​ដែរ​ ​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ា​នី​ ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​រួម​ទាំង​ក្រុមការងារ​ ​បាន​ចូលរួម​ជ​ម្រុ​ញ​ ​និង​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ឲ្យ​ចេះ​តស៊ូ​ក៏ដូចជា​រួម​សាមគ្គី​គ្នា​ជា​ក្រុម​ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ក្រុ​មរៀងៗ​ខ្លួន​។​ ​លើស​ពីនេះ​ ​មានការ​ចូលរួម​ត្រួសត្រាយ​បង្ហាញ​ទិស​ពី​គ្រូបង្វឹក​ ​ពិសេស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​បាន​ពន្យល់​ណែនាំ​យ៉ាង​ក្បោះក្បាយ​អំពី​ការ​ថែរក្សា​សុខភាព​ ​និង​ការ​ជ្រើសរើស​សម្ភារ​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើដំណើរ​ផង​ដែរ​។​

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​បេក្ខជន​ចូលរួម​ទាំងអស់​នឹង​ត្រូវ​បែងចែក​ជា​ក្រុម​ ​ដោយ​ក្នុង​ក្រុម​នី​មួយ​ៗ​មាន​គ្នា​ ​៤០នាក់​ ​ក្នុង​នោះ​រាប់​បញ្ចូល​ទំាង​ ​ប្រធាន​ក្រុម​ ​១នាក់​ ​អនុប្រធាន​ ​១នាក់​ ​ជំនួយការ​ ​១នាក់​ ​ប្រជា​ការពារ​មូលដ្ឋាន១នាក់​ ​ក្រុមការងារ​សន្តិសុខ​ ​២នាក់​ ​និង​ក្រុមការងារ​ពេទ្យ​ ​២នាក់​។​ ​ដើម្បីឲ្យ​បេក្ខជន​មាន​សមត្ថភាព​គ្រប់គ្រាន់​ ​គ្រូបង្វឹក​នឹង​ចាប់ផ្តើម​ហ្វឹកហាត់​បេក្ខជន​ទាំងអស់​ដើរ​សម​ចាប់ពី​ថ្ងៃទី​ ​១០ខែវិច្ឆិកា​នេះ​តទៅ​។​ ​

​            គួរ​រំឭក​ផង​ដែរ​ថា​ ​ព្រឹត្តិ​ការណ៍​ ​«​៤០​ ​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​»​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​យុវជន​ ​និង​យុវនារី​ ​ទាំងអស់​ចេះ​មាន​សាមគ្គីភាព​ជួយគ្នា​ទៅវិញទៅមក​ក្នុង​គ្រាលំបាក​ ​ស្វែងយល់​ពី​សមត្ថភាព​របស់​ខ្លួន​ ​ក៏ដូចជា​កម្រិត​នៃ​ការ​តស៊ូ​ ​ភាព​អត់ធ្មត់​ ​និង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ដែល​មាន​ចំពោះមុខ​៕​ ​

​​Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS