×

​បើកប្រាក់ខែ​មិនដែល​សល់​?​ ​សាកល្បង​វិធី​សន្សំប្រាក់​ទាំងនេះ​ធានា​ថា​សល់​លុយ​ចាយ​ពេញដៃ​

FASHION & BEAUTY 1 month ago
 
 

​            «​បើកប្រាក់ខែ​មិនដែល​សល់​»​ ​នេះ​គឺជា​ពាក្យ​មួយ​ឃ្លា​ដែល​អ្នកធ្វើការ​មួយចំនួន​រមែង​ត្អូញត្អែរ​នៅពេល​ឈាន​ពាក់កណ្តាល​ខែ​ ​ឬ​ចុងខែ​ ​ដែល​វា​បណ្តាល​មក​ពី​ទម្លាប់​អាក្រក់​ធ្វើឡើង​ជា​រឿយ​ៗ​ដោយ​មិនដឹង​ខ្លួន​ដូចជា​ ​កំណត់​ខ្ទង់ចំណាយ​មិនបាន​ត្រឹមត្រូវ​ ​ចាយវាយ​តាម​អារម្មណ៍​ ​និង​ជ្រួលជ្រើម​តាម​សម្ភារ​និយម​ជាដើម​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​ខ្លួន​បាន​បង្កើត​នូវ​ទម្លាប់​ដែល​រៀបរាប់​ខាងលើ​នេះ​ ​អ្នក​គួរតែ​ដាក់ចិត្ត​ដាក់​កាយ​បញ្ឈប់​វា​ចាប់ពី​ឥឡូវនេះ​ ​ហើយ​ងាក​មក​ជ្រើសរើស​វិធីសាស្ត្រ​សន្សំ​លុយ​ដូច​ខាងក្រោម​ ​ធានា​ថា​អ្នក​នឹង​សល់​ប្រាក់ចាយ​ពេញដៃ​ ​ពិសេស​ឈប់​និយាយ​ពាក្យ​ថា​ ​«​បើកប្រាក់ខែ​មិនដែល​សល់​»​ទៀតហើយ​។​ ​

១​​.​ ​កំណត់​ប្រាក់​ដែល​អ្នក​គួរតែ​ចាយ​ប្រចាំថ្ងៃ​៖​ ​

            ការកំណត់​ប្រាក់​ដែល​អ្នក​ត្រូវ​ចាយ​នេះ​មិនមែន​ជា​ការគាបសង្កត់​មិន​ឲ្យ​អ្នក​ចាយប្រាក់​នោះ​ទេ​ ​ប៉ុន្តែ​អ្នក​គួរតែ​កំណត់​ទិសដៅ​របស់​អ្នក​ក្នុង​ការចាយវាយ​ដូចជា​ ​តើ​អ្នក​គួរតែ​ចាយប្រាក់​មួយថ្ងៃ​ប៉ុន្មាន​?​ ​ម៉្យាងវិញទៀត​អ្នក​គួរតែ​កាត់បន្ថយ​នូវ​ការចាយវាយ​ទៅលើ​របស់​ណា​ដែល​មិន​ចាំបាច់​ ​ឬ​មានតម្លៃ​ហួសពី​សមត្ថភាព​របស់​ខ្លួន​។​

​២​.​ ​ការរៀបចំ​កាលវិភាគ​៖​

​            មនុស្ស​ភាគច្រើន​បរាជ័យ​ជាមួយ​វិធីសាស្ត្រ​នេះ​ ​ដោយសារតែ​គេ​មិនបាន​អនុវត្ត​ទៅតាម​កាលវិភាគ​ដែល​បាន​រៀបចំ​នោះ​ទេ​។​ ​កាលវិភាគ​នេះ​អ្នក​គួរ​បែងចែក​តារាង​ដូចជា​ ​កាលវិភាគ​ដែល​អ្នក​បាន​សន្សំប្រាក់​ ​ចំនួន​ទឹកប្រាក់​ ​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិតជា​បាន​សន្សំប្រាក់​ពិតមែន​។​ ​ប៉ុន្តែ​អ្នក​មិន​ចាំបាច់​យក​តារាង​កាលវិភាគ​ ​និង​ប្រាក់សន្សំ​ទៅតាម​ខ្លួន​ទេ​ ​ព្រោះ​អ្នក​អាច​នឹង​ចាយវាយ​ទាំង​ប្រាក់​នោះ​ ​ដូច្នេះ​ដើម្បី​សន្សំប្រាក់​បាន​អ្នក​គួរតែ​រក្សា​របស់​អស់ទាំង​នោះ​នៅកន្លែង​ដែល​មាន​សុវត្ថិភាព​។

៣​.​ ​ការ​សន្សំប្រាក់​ក្នុង​កូនជ្រូក​៖​ ​

            អ្នក​ប្រហែល​គិតថា​វា​ជា​វិធីសាស្ត្រ​មួយ​ដ៏​ចាស់​គំ​រិល​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​វា​បាន​ជួយ​រក្សាទុក​ប្រាក់ចំណូល​បន្តិច​ម្តង​ៗ​រហូត​ធ្វើឲ្យ​អ្នក​សល់​ប្រាក់​ច្រើន​ដោយ​មិនដឹង​ខ្លួន​។​ ​ជា​រឿយ​ៗ​ ​ការ​ចំណាយ​របស់​អ្នកតែង​ច្រើនជាង​ប្រាក់ចំណូល​ ​ដូច្នេះ​នៅពេល​ដែល​អ្នកមាន​ប្រាក់​គួរសម​ ​ឧទាហរណ៏​អ្នកមាន​ប្រាក់កម្រៃ​ប្រមាណ​ជា​ ​៤០ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ​អ្នក​គួរតែ​ឆ្លៀតយក​មក​សន្សំ​ប្រចាំថ្ងៃ​នៅក្នុង​កូនជ្រូក​ឲ្យបាន​មួយថ្ងៃ​ ​៥០០០រៀល​ ​ព្យាយាម​ធ្វើបែប​នេះ​រហូតដល់​កូនជ្រូក​របស់​អ្នក​គ្មាន​កន្លែង​ដែល​នឹង​ដាក់​ប្រាក់​ចូល។​ ​ជា​លទ្ធផល​ ​អ្នក​អាច​សាក​គុណ​ទឹកប្រាក់​មើល​ថា​តើ​អ្នក​នឹង​សល់​ប្រាក់​ប៉ុន្មាន​ក្នុង​មួយឆ្នាំ​?​ ​ដូចនេះ​អ្នក​នឹង​ដឹង​ថា​ ​ការ​សន្សំប្រាក់​សម័យ​បុរាណ​របៀប​នេះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន​មួយ​កម្រិត​ផង​ដែរ​ដូចជា​ ​ដោះស្រាយ​នូវ​ការ​ចំណាយ​លើ​សេវា​ទឹក​ភ្លើង​ ​ទិញ​របស់​ដែល​ខ្លួន​ចង់បាន​ ​ទិញ​សម្លៀកបំពាក់​ ​និង​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ​ជាដើម​។​ ​

​៤​.​ ​កាត់បន្ថយ​នូវ​ការទិញ​សម្លៀកបំពាក់​៖​ ​

            ការទិញ​សម្លៀកបំពាក់​ ​គឺជា​ការ​ពេញនិយម​បំផុត​របស់​មិត្ត​ៗ​នារី​ ​ប៉ុន្តែ​ប្រសិនបើ​ទិញ​ហួសហេតុ​ពេក​ក៏អាច​មានផល​វិបាក​ដែរ​។​ ​អ្នក​គួរតែ​ទិញ​សម្លៀកបំពាក់​នៅ​រយៈពេល​ ​២ខែ​ម្តង​ឬ​លើស​ពីនេះ​ទើប​ប្រសើរ​ ​ដែល​វា​អាច​ជួយ​ដល់​ការ​សន្សំប្រាក់​ពី​ ​៥០​ ​ទៅ​ ​៦០​ ​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​អ្នក​។​​

​            ​ឃើញ​ទេ​ ​!​ ​គ្រាន់តែ​វិធី​សា​ស្រ្តសាម​ញ្ញៗ​ងាយ​ៗ​ទាំងនេះ​ ​ក៏អាច​ធ្វើឲ្យ​អ្នក​សល់​ប្រាក់​សម្រាប់​ទុក​ចាយវាយ​ពេញដៃ​បាត់​ទៅ​ហើយ​ ​ហើយ​កត្តា​ដែល​សំខាន់​ទៀត​នោះ​គួរ​រៀបចំ​ខ្ទង់ចំណាយ​ឲ្យបាន​ត្រឹមត្រូវ​ ​និង​គួរ​ចេះ​ទប់ចិត្ត​ទប់អារម្មណ៍​ខ្លះ​ ​បើ​ពុំ​ដូច្នោះ​ទេ​អ្នក​នឹង​គ្មាន​ថ្ងៃ​សល់​ប្រាក់​ឡើង​សូម្បីតែ​មួយ​រៀល​៕​ ​

​Article​ ​by​ ​PAN​ ​SIVLY​



SUGGESTIONS