×

ម្ចាស់​ជ័យ​លាភី​លេខ១ បក​ស្រាយ​ពី​អត្ថន័យ​បង្កប់​នៃ​ក្បាច់​រចនា​របារ​កាត់​ទទឹង​ផ្លូវ​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក

NEWS 1 month ago
 
 

​            ខ្លោង​របារ​ដែល​បាន​រចនា​យ៉ាង​យកចិត្ត​ទុកដាក់​ ​មាន​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ជាតិ​ដែល​មាន​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​នៅអម​សងខាង​យ៉ាង​ស្រស់​ស្អាត​ ​រួម​នឹង​រូបតំណាង​នៃ​ការ​ប្រណាំងទូក​នៅ​លើកំពូល​របារ​ ​បង្ហាញ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ខ្លឹមសារ​អបអរសាទរ​ពិធីបុណ្យ​អុំទូក​។​ ​ខ្លោង​របារ​ដែល​កំពុងតែ​ឈរ​យ៉ាងសង្ហា​នៅ​ទីតាំង​មហាវិថី​នរោត្តម​ចំណុច​វិមានឯករាជ្យ​នោះ​ជា​ការរចនា​ដោយ​លោក​ ​ប៊ិន​ ​សុ​បញ្ញា​ ​ជា​និស្សិត​ជំនាញ​ស្ថាបត្យកម្ម​ ​និង​នគរ​រូ​បនីយ​វិទ្យា​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​សាងសង់​មួយ​កន្លែង​ ​ហើយក៏​ជា​ជ័យលាភី​លេខមួយ​ក្នុង​ការប្រកួត​ខ្លោង​របារ​ដែល​ស្អាត​ជាងគេ​របស់​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​បន្ទាប់ពី​បាន​ទទួល​ជ័យលាភី​ ​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កែតម្រូវ​បន្តិចបន្តួច​ ​ដើម្បីឲ្យ​សមនឹង​កម្មវិធី​។​ ​បង្គោល​ទាំង២សងខាង​ ​ជា​រូប​ទង់ជាតិ​ ​គឺ​តំណាង​ឲ្យ​សសរទ្រូង​នៃជា​តិ​ខ្មែរ​ ​ទិដ្ឋភាព​នៃ​ការ​ប្រណាំងទូក​នៅ​ខាងលើ​របារ​ ​តំណាង​ឲ្យ​ការប្រកួត​ប្រជែង​យ៉ាង​រឹងមាំ​ ​និង​ជំនឿ​ក្នុង​ពិធី​បណ្តែត​ប្រទីប​ ​អកអំបុក​ ​សំពះព្រះខែ​ ​ចំណែក​នៅ​ចំ​កណ្តាល​នៃ​របារ​ ​បាន​ដកស្រង់​ចេញពី​ទង់​ព្រះមហាក្សត្រ​កម្ពុជា​ ​អម​ដោយ​ក្បាច់​អង្គរ​ ​ដើម្បី​លើក​សរសើរ​ដល់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់​។​

​            លោក​ ​បញ្ញា​ ​បាន​បកស្រាយ​ប្រាប់​ សូវ​រី​ន ប​ន្ថែម​ថា​៖​ ​«​អត្ថន័យ​និង​គំនិត​ក្នុង​ការរចនា​នេះ​គឺ​ផ្តោត​ទៅលើ​ថា​តើ​នេះ​ជា​ប្រភេទ​បុណ្យជាតិ​អ្វី​?​ ​ហើយ​របារ​នោះ​យក​ទៅ​តាំងនៅ​កន្លែងណា​ ​ក្នុង​បរិបថ​បែប​ណា​?​ ​ដូច្នេះហើយ​ទើប​ខ្ញុំ​រក​គន្លឹះ​ក្នុង​ការរចនា​ឃើញ​ ​ហើយក៏​ជា​មូលហេតុ​មួយ​ដែល​ខ្ញុំ​គួរ​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ជាតិសាសន៍​ខ្មែរយើង​ឲ្យ​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ច្បាស់​។​ ​ក្នុង​នោះ​ក៏​មាន​បង្ហាញ​ពី​ការប្រកួត​ប្រណាំងទូក​យ៉ាង​រឹងមាំ​ ​និង​ការប្រើ​ប្រាស់​ពណ៌​ដើម្បី​បន្ស៉ី​ទៅ​នឹង​បរិបថ​ជុំវិញ​ ​ដូចជា​ ​វិមានឯករាជ្យ​ ​ព្រះ​ទីនាំង​ចន្រ្ទ​ឆាយា​ ​សារមន្ទីរ​ជាតិ​ជាដើម​។​»​

​            លោក​បន្ថែម​ថា​ ​ដើម្បី​រចនា​របារ​នេះ​លោក​ត្រូវ​ចំណាយពេល៤ថ្ងៃ​ ​ដើម្បី​ស្វែងរក​ឯកសារ​ ​ដូចជា​ប្រវត្តិ​បុណ្យជាតិ​ ​ហើយ​យក​មក​គូរ​ព្រាង​លើ​ក្រដាស​ ​មុននឹង​ធ្វើការ​រៀបចំ​បច្ចេកទេស​ក្នុង​កម្មវិធី​កុំព្យូទ័រ​។​ ​បន្ទាប់មក​ចំណាយពេល​ ​២ថ្ងៃ​ទៀត​ ​ដើម្បី​កាត់ត​យក​ជា​លទ្ធផល​សម្រេច​។​ ​បើ​តាម​សម្តី​លោក​បញ្ញា​ ​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ទាំងអស់​មាន​ ​២៩រូប​ ​សរុប​ ​៤៥ស្នាដៃ​។​ ​ក្រោយពេល​ជម្រុះ​យក​អ្នក​ខ្លាំង​រួច​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ជ្រើស៥ស្នាដៃ​ចុងក្រោយ​ ​សម្រាប់​ជូន​មហាជន​ធ្វើការ​បោះឆ្នោត​។​ ​ទំព័រ​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​ ​ស្នាដៃ​ដែល​ទទួល​បាន​ជ័យលាភី​លេខ១នឹង​ត្រូវ​យក​មក​សាងសង់​ជារ​បារ​ដាក់​បង្ហាញ​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​ ​ចំណុច​វិមានឯករាជ្យ​ ​និង​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ​៣លាន​រៀល​។​ ​

​            ចោទសួរ​ពី​មូលហេតុ​ជំរុញ​ឲ្យ​លោក​ចូលរួម​ប្រកួត​ ​លោក​បញ្ញា​និយាយ​ថា​ ​ក្រៅពី​ចូលចិត្ត​ការងារ​រចនា​ ​គូរគំនូរ​ក្បាច់​ខ្មែរ​ ​លោក​ក៏​ចង់​ចូលរួម​បញ្ចេញស្នាដៃ​លើ​គម្រោង​ពិធីបុណ្យ​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ផង​ដែរ​។​ ​ទោះ​មិនធ្លាប់​ពឹង​ខ្ពស់​លើ​តំណែង​ជ័យលាភី​ ​លោក​បញ្ញា​នៅតែ​ព្យាយាម​ចូលរួម​ប្រកួតប្រជែង​ ​ដើម្បី​ស្វែងរក​បទពិសោធន៍​បន្ថែម​ក្នុង​ការប្រកួត​ប្រជែង​ការរចនា​បែបនេះ​។​ ​បេក្ខជន​ជ័យលាភី​រូប​នេះ​ ​និយាយ​ថា​៖​ ​«​ខ្ញុំ​គិតថា​ ​ទោះបី​ជាប់​ឬមិន​ជាប់ក្តី​ក៏​វា​ជា​បទពិសោធន៍​មួយ​សម្រាប់​ខ្លួន​យើង​ផ្ទាល់​ ​ហើយ​បើ​ជាប់​ជ័យលាភី​នោះ​ ​ស្នាដៃ​របស់​យើង​ថែមទាំង​បាន​ដាក់​តំឡើង​បង្ហាញ​ឲ្យ​មហាជន​បានឃើញ​ ​និង​គាំទ្រ​ឲ្យ​ធ្វើ​ចេញ​ជារូបរាង​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​ថែមទៀត​»​។​ ​

​            ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ធ្វើឡើង​ដើម្បី​រំឭក​ដល់​គុណបំណាច់​ ​និង​វីរភាព​របស់​កងទ័ពជើងទឹក​ជា​បុព្វបុរស​ខ្មែរ​ ​ដែល​បាន​ច្បាំង​ឈ្នះ​អស់​មារ​សត្រូវ​។​ ​បច្ចុប្បន្ន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​អកអំបុក​ ​សំពះព្រះខែ​ ​លយប្រទីប​ ​ជា​កម្មវិធី​បុណ្យ​ធំ​ប្រចាំឆ្នាំ​ ​ដែល​តែង​ប្រព្រឹត្តិ​ឡើងជា​ប្រចាំ​នៅ​ដងទន្លេ​ខាងមុខ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ​ ​ដោយមាន​ការ​ប្រណាំង​ទូកង​ ​ទូកចែវ​រយៈពេល៣ថ្ងៃ​។​ ​រាល់ពេល​បុណ្យអុំទូក​ ​មនុស្សម្នា​ពី​គ្រប់​ខេត្ត​ក្រុង​ ​តែង​មក​ផ្តុំគ្នា​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​រយៈពេល៣ថ្ងៃ​។​ ​ក្រៅពី​កម្មវិធី​ប្រណាំងទូក​ថ្នាក់​ជាតិ​ ​ក៏​មានការ​លយប្រទីប​យ៉ាង​ស្រស់​សង្ហារ​ ​ដែល​រចនា​ប្រដេញ​គ្នា​ដោយ​ស្ថាប័ន​ក្រ​សួង​ធំៗ​ជាច្រើន​។​ ​ខណៈ​ដែល​មនុស្សម្នាក់​នឹង​មក​កំសាន្ត​នៅ​ទី​សាធារណៈ​អម​បណ្តោយ​មាត់ទន្លេ​ ​សាលា​រាជធានី​តែង​រៀបចំ​ភ្លើងពណ៌​និង​ការ​តុបតែង​ពិ​សេស​ៗ​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដើម្បី​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​។​ ​ទេសភាព​ពេល​រាត្រី​នឹង​មាន​អម​ដោយ​តន្ត្រី​ ​ប្រៀប​ដូចជា​កម្មវិធី​ជប់លៀង​ដ៏​ធំ​ប្រចាំឆ្នាំ​ ​ដែល​មាន​អ្នកចូលរួម​មក​ពី​គ្រប់​ទីកន្លែង​។​ ​ហើយ​ជាមួយគ្នា​នោះ​ផង​ដែរ​ ​ខ្លោង​របារ​ ​សម្រាប់​ស្វាគមន៍​ពិធីបុណ្យ​អុំទូក​ ​បាន​ដើរតួ​យ៉ាង​សំខាន់​ ​ដើម្បី​ទាក់ទាញ​ចំណី​អារម្មណ៍​អ្នកទេសចរ​ ​ដែល​ជំរុញ​ឲ្យ​មានការ​រចនា​យ៉ាង​យកចិត្ត​ទុកដាក់​ជាប្រចាំ​។​

            នេះ​ជាលើកដំបូង​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ជា​សាធារណៈ​ ​ដែល​ញ៉ាំង​ឲ្យ​មានការ​ចូលរួម​និង​ការ​សាទរ​ពេញទំហឹង​ពីសំណាក់​សិល្បករ​ទាំងឡាយ​ ​ដែល​ចង់​ចូលរួម​បង្កើន​សោភ័ណភាព​ទីក្រុង​ស្រស់បំព្រង​នៅក្នុង​ព្រឹត្តិ​ការណ៍​បុណ្យជាតិ​ដ៏​ធំ​ប្រចាំឆ្នាំ​៕​ ​

​Article​ ​by​ ​VA​ ​SONYKA​



SUGGESTIONS