ម៉ាកដ៏ល្បី LV បញ្ចេញលក់ទានក្រអូបដំបូងបំផុតតម្លៃដល់ទៅខ្ទង់រយដុល្លារ
NEWS 5 years ago នរណាៗក៏ដឹងដែរថា Louis Vuitton គឺជាម៉ាកល្បីល្បាញជួរមុខលំដាប់ថ្នាក់ពិភពលោក ដែលតែងតែនាំយកនូវខូលិកហ្សិនសម្លៀកបំពាក់ប្រណីតៗក៏ដូចជា គ្រឿងអាសេសឺរីមកអង្រួងឧស្សាហកម្មហ្វេហ្សិនយ៉ាងគគ្រឹកគគ្រេងរៀងរាល់រដូវកាល ហើយបើនិយាយពីតម្លៃវិញ ឈុតខ្លះសឹងតែមានតម្លៃថ្លៃរហូតដល់អាចទិញរថយន្តបានមួយគ្រឿងទៀតផង។ យ៉ាងណាមិញ ខណៈទើបតែបញ្ចេញខូឡិកហ្សិនសម្លៀកបំពាក់សម្រាប់រដូវកាលនិទាឃរដូវឆ្នាំ ២០១៩ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ ម៉ាក LV បានបង្កើនសក្តានុពលរបស់ខ្លួនកាន់តែខ្លាំងក្លា ដោយបញ្ចេញនូវខូឡិកហ្សិនទានក្រអូបលើកដំបូងមានតម្លៃខ្ពស់ និងប្រណីតបំផុតមកកាន់ទីផ្សារហ្វេហ្សិនរបស់ខ្លួនដែលកំពុងទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់។
ទានក្រអូបម៉ាក Louis Vuitton ថ្មីសន្លាងនេះ ត្រូវបានធ្វើការរចនារូបរាងឡើងដោយលោក Marc Newson ជាកំពូលអ្នកឌីហ្សាញដ៏មានឥទ្ធិពលនៅក្នុងឧហ្សាហកម្មហ្វេហ្សិន ដោយលោកបានរចនាកែវទានឡើងពីសេរ៉ាមិច គ្របដោយគម្របមាស និងខ្សែយួរធ្វើឡើងពីស្បែកសុទ្ធតែម្តង។ យ៉ាងណាមិញ ក្លិនពិសេសរបស់ទានត្រូវបានសម្រិតសម្រាំងដោយលោក Jacques Cavallier Belletrud ជាអ្នកបង្កើតទឹកអប់ប្រចាំម៉ាក Louis Vuitton ហើយក្នុងនោះមានចំនួន ៤ក្លិន ដែលខូឡិកហ្សិន L’Air du Jardin គឺជាក្លិនចម្រាញ់ចេញពីផ្កាកុលាប ចំណែក Île Blanche ក្លិនបែបស្រាលស្រទន់ រីឯ Feuilles d’Or ក្រអូបបែបក្លិនឈើ និង Dehors Il Neige ក្រអូបស្រស់ស្រាយបែបរដូវត្រជាក់។
គួរឲ្យដឹងដែរថា ខូឡិកហ្សិនទានក្រអូបដំបូងរបស់ម៉ាក Louis Vuitton ត្រូវបានធ្វើការផ្សព្វផ្សាយកាលពីខែកញ្ញា ហើយទើបតែដាក់លក់ចាប់ពីថ្ងៃទី ០៥ ខែវិច្ឆិកាឆ្នាំ ២០១៨ នេះជាមួយតម្លៃដល់ទៅ ១៧៥ អឺរ៉ូ ឬស្មើនឹង ១៩៨ដុល្លារក្នុងមួយកែវ។ ទានម៉ាកល្បីនេះមិនត្រឹមតែមានភាពប្រណីត និងស្រស់ស្អាតទាន់សម័យនោះទេ តែថែមទាំងក្លាយជាវត្ថុអនុស្សាវរីយ៍ដែលកំពុងពេញនិយមនៅទីក្រុងប៉ារីសក៏ដូចជាអ្នកស្នេហាវិស័យហ្វេហ្សិនលំដាប់កំពូលទូទាំងពិភពលោកផងដែរ៕
Article by HEM SOKKHM