×

ស្រួង ភាវី ជើង​ឯក​ស្នូកឃ័រ​នារី​កម្ពុជា​ដែល​ពិភពលោក​ទទួល​ស្គាល់!​

NEWS 2 weeks ago
 
 

          នៅទីបំផុត​កីឡាការិនី​ឆ្នើម​ ​ស្រួ​ង​ ​ភា​វី​ ​បាន​ដណ្ដើម​ជើងឯក​ ​ចំណាត់ថ្នាក់​លេខ១​ ​ជូន​ប្រទេស​កម្ពុជា​ ​នៅក្នុង​ការប្រកួត​កីឡា​ស្នូកឃ័រ​ ​និង​ប៊ីយ៉ា​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី១​ ​(​The​ ​1st​ ​Asian​ ​Championship​ ​Lalies​ ​3​-​Cushion​ ​2018​)​ ​កាលពី​ព្រឹក​ថ្ងៃទី២៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៨​ ​នៅ​ឯ​ប្រទេស​កូរ៉េ​។​ ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​លោកស្រី​ដណ្ដើម​មេដាយ​លើ​ឆាក​អន្ដរ​ជាតិ​ ​ក៏ប៉ុន្តែ​លោកស្រី​បាន​ទទួល​មេដាយមាស​ ​ប្រាក់​ ​និង​សំរឹទ្ធ​ ​ជាច្រើន​គ្រឿង​មក​ហើយ​ដែរ​។​ ​ដូច្នេះតើ​ហេតុអ្វីបានជា​ជ​ម្រុ​ញ​ឲ្យ​ ​លោក​ស្រី​ស្រួ​ង​ភា​វី​ក្លាយជា​ជើងឯក​នារី​ក្នុង​ប្រភេទ​កីឡា​ស្នូកឃ័រ​ខណៈ​ដែល​ ​កីឡា​ប្រភេទ​នេះ​ភាគច្រើន​សុទ្ធតែ​ជា​កីឡា​ក​រប្រុសៗ​យ៉ាងនេះ​?​ ​

​          មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ស្រួ​ង​ ​ភា​វី​ ​ឆ្នាំនេះ​មាន​អាយុ២៨ឆ្នាំ​គឺជា​កូន​កសិករ​មួយ​រូប​ក្នុងចំណោម​បងប្អូន​ចំនួន៥នាក់​។​ ​ភា​វី​ ​ដែល​ជា​កូនស្រី​ច្បង​គ្មាន​ជាប់​ខ្សែស្រឡាយ​ជា​អ្នកកីឡា​ក្នុង​ប្រភេទ​ណាមួយ​ឡើយ​ ​ប៉ុន្តែ​ភា​វី​ខ្លួនឯង​បែរជា​មាន​ទេពកោសល្យ​ដ៏​ពិសេស​ក្នុង​ប្រភេទ​កីឡា​មួយ​នេះ​ទៅវិញ​។​ ​«​ខ្ញុំ​បាន​ចាប់អារម្មណ៍​លើ​ប្រភេទ​កីឡា​នេះ​ ​នៅពេល​ខ្ញុំកំដរ​ស្វាមី​ទៅ​ញ៉ាំ​អី​ខាងក្រៅ​។​ ​ខណៈ​ពេល​ស្វាមី​របស់ខ្ញុំ​កំពុង​ជួប​មិត្តភក្តិ​ ​ខ្ញុំ​ក៏បាន​ទៅលេង​បុក​ប៊ីយ៉ា​នោះ​ទៅ​។​»​នេះ​គឺជា​ការ​លើកឡើង​របស់​ ​ភា​វី​។​ ​តាមរយៈ​សម្លេង​តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េ​ ​ភា​វី​ ​បន្ត​ដោយ​រីករាយ​ថា​ ​«​នាងខ្ញុំ​ចូលចិត្ត​កីឡា​ប្រភេទ​នេះ​ ​ដោយសារ​វា​ងាយ​លេង​ ​មិនសូវ​ប្រើ​កម្លាំង​ខ្លាំង​ងាយ​យល់​ ​មិនថា​ក្មេង​ឬ​ចាស់​ ​ប្រុស​ឬ​ស្រី​ ​គឺ​លេង​បាន​ ​ដោយ​មិនសូវ​រើស​វ័យ​នោះ​ឡើយ​ចាប់ពី​អាយុ០៨ឆ្នាំ​រហូតដល់១០០ឆ្នាំ​ ​ឱ្យ​តែ​នៅ​ឈរ​បាន​ ​ដើរ​បាន​ ​និង​មាន​កម្លាំង​បុក​កូន​គ្រាប់​ប៊ីយ៉ា​ ​គឺជា​ការ​ស្រេច។»

          ដោយ​មើលឃើញ​ពី​ទេពកោសល្យ​របស់​ខ្លួនឯង​ ​និង​មានការ​ជំរុញ​ពី​ស្វាមី​ផង​ ​ភា​វី​ក៏បាន​ចាប់ផ្តើម​ហាត់​លេង​ប្រភេទ​កីឡា​នេះ​ជាមួយ​គ្រូ​ជា​ជនជាតិ​កូរ៉េ​។​ ​ការ​ប្រឹងប្រែង​របស់​នាង​ពិតជា​មិន​ខកបំណង​ឡើយ​ ​ចាប់ផ្តើម​ពីឆ្នាំ២០១៣មក​ ​ភា​វី​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ប្រភេទ​នេះ​រហូត​ទទួល​បាន​ពានរង្វាន់​ស្ទើរគ្រប់​ប្រភេទ​ទាំង​នៅ​ប្រទេស​កូរ៉េ​ ​សហរដ្ឋអាមេរិក​ ​និង​តំបន់​អឺរ៉ុប​មួយចំនួន​។​ ​«​ខ្ញុំ​ទើបតែ​បាន​បញ្ចប់​ការប្រកួត​បុក​ប៊ីយ៉ា​ថ្នាក់​ជាតិ​របស់​កូរ៉េ​ ​ដោយ​ប្រើ​រយៈពេល​ប្រកួត២ថ្ងៃ​។​ ​ជា​លទ្ធផល​ ​ខ្ញុំ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១​។​ ​ខ្ញុំ​ឈ្នះ​បាន​មេដាយមាស​។​ ​ខ្ញុំ​សប្បាយចិត្ត​ណាស់​!​»​ ​ក្នុង១ឆ្នាំ​ ​នៅ​ប្រទេស​កូរ៉េ​មាន​រៀបចំ​ការប្រកួត​ពី៧ទៅ៨ដង​ ​ហើយ​រាល់​ព្រឹត្តិ​ការណ៍​ទាំងនោះ​ ​ភា​វី​ ​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ១ឬ​លេខ២ជានិច្ច​។​ ​ភា​វី​រៀបរាប់​ដោយ​អៀនប្រៀន​បន្តិច​ថា​ ​«​បើ​ឲ្យ​ខ្ញុំ​រៀបរាប់​ប័ណ្ណសរសើរ​ ​និង​ពានរង្វាន់​ ​គឺ​រាប់មិនអស់​នោះ​ទេ​ ​ហើយ​បើ​អ្នក​ទាំងអស់គ្នា​មិន​ជឿ​ខ្ញុំ​ទេ​ ​ចូល​តែYoutube​ ​ហើយ​វាយ​ឈ្មោះ​របស់ខ្ញុំ​ក្នុង​ប្រភេទ​កីឡា​បុក​ប៊ីយ៉ា​នេះ​ទៅ​នឹង​ឃើញ​របៀប​លេង​ ​និង​ប្រកួត​របស់ខ្ញុំ​មិនខាន​។​»​

​          ទន្ទឹម​នឹង​ជ័យជម្នះ​ដែល​ភា​វី​ទទួល​បាន​នា​ពេលនេះ​ ​ភា​វី​បាន​ជួបប្រទះ​ឧបសគ្គ​ចំនួន២​។​ ​ទី១​ ​ទាក់ទង​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ​ ​និង​ទី២ការ​ហ្វឹកហាត់​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​។​

          ​«​បង​ដឹង​ហើយ​ថា​ ​នៅ​កម្ពុជា​នារី​ដែល​លេង​កីឡា​នេះ​ត្រូវ​បាន​មនុស្សជា​ទូទៅ​គិតថា​គឺជា​ស្ត្រី​មិនល្អ​។​ ​ពួកគេ​មិនបាន​បែងចែក​ ​និង​គិតថា​នេះ​គឺជា​ប្រភេទ​កីឡា​ឡើយ​ ​ហើយ​ខ្ញុំ​ទើបតែ​ហ៊ាន​ជ​ម្រាប​ប៉ា​ម៉ាក់​របស់ខ្ញុំ​នា​ពេលនេះ​ប៉ុណ្ណោះ​។​ ​មួយវិញទៀត​ ​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ដើម្បី​ហ្វឹកហាត់​ខ្លួនឯង​។​ ​បើ​ចង់​ក្លាយជា​កីឡាការិនី​ឆ្នើម​ ​ត្រូវតែ​លះបង់​បន្តិច​ទើបបាន​។​»​ ​ការ​ប្រឹងប្រែង​ ​និង​លះបង់​របស់​ភា​វី​ពិតជា​មិន​ខកបំណង​ឡើយ​ ​ពានរង្វាន់​ទាំងនោះ​បាន​ធ្វើឲ្យ​ភា​វី​និយាយ​ដោយ​ជឿជាក់​ថា​ ​មិនមែន​សម្រាប់​តែខ្លួន​ភា​វី​ផ្ទាល់​ទេ​ ​តែ​ក៏​ដើម្បីឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា​តាមរយៈ​កីឡា​ប្រភេទ​នេះ​។​ ​ម្យ៉ាងទៀត​ ​ពួកគេ​នឹង​ដឹង​ថា​កម្ពុជា​ក៏​មាន​កីឡា​ការីនី​ឆ្នើម​បំផុត​លំដាប់​ពិភពលោក​ម្នាក់​ ​ដែល​មិន​គួរ​មើល​រំលង​ដូចជា​ភា​វី​ម្នាក់​នេះ​។

          ​«​ស្ត្រី​កម្ពុជា​ក៏អាច​លេង​កីឡា​ប្រភេទ​នេះ​បាន​ដូចជា​បុរស​កម្ពុជា​ដែរ​។​”​ ​ភា​វី​បង្ហាញ​បន្ថែម​ ​“​ទស្សនៈ​អន់ថយ​ដែល​កម្រិត​ក្តី​ស្រមៃ​យើង​ ​ត្រូវតែ​បំភ្លេច​ចោល​ ​ហើយ​ជម្នះ​វា​ឲ្យបាន​!​»​ ​ឆ្លងកាត់​ឧបសគ្គ​នានា​ ​និង​ការជំរុញ​ទឹកចិត្ត​ពី​ស្វាមី​ ​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​ ​ព្រមទាំង​មិត្តភក្តិ​កូរ៉េ​ ​និង​កម្ពុជា​ទាំងអស់​ ​សព្វថ្ងៃ​ ​ភា​វី​គឺជា​កីឡាការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​សញ្ជាតិ​កម្ពុជា​ដែល​ប្រទេស​កូរ៉េ​កំពុង​ត្រូវការ​បំផុត​។​ ​គ្រូ​ជនជាតិ​កូរ៉េ​តែងតែ​និយាយលេង​ជាមួយ​ភា​វី​អំពី​បំណង​ដែល​ចង់​ឲ្យ​ភា​វី​លេង​តំណាង​ប្រទេស​កូរ៉េ​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នានា​ ​ប៉ុន្តែ​ភា​វី​តែងតែមាន​គោលការណ៍​ប្រចាំ​ខ្លួនឯង​ ​និង​ទស្សន​ជាតិនិយម​ក្នុងចិត្ត​ជានិច្ច​ថា​ ​«​ស្រួ​ង​ ​ភា​វី​ ​ត្រូវតែ​លេង​កីឡា​ស្នូកឃ័រ​តំណាង​ជាតិ​កម្ពុជា​ ​ទោះបីជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​!​»​ ​ជា​ទស្សនវិស័យ​នា​ពេល​ខាងមុខ​ ​ភា​វី​បាន​បង្ហាញ​ពី​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ខ្លួនឯង​ចំនួន២​។​ ​បំណង​ទី១​ ​គឺ​ចង់​ប្រកួត​ជា​ផ្លូវការ​តំណាង​ជាតិ​ ​កម្ពុជា​ក្នុង​ប្រភេទ​កីឡា​ស្នូកឃ័រ​នេះ​។​ ​បំណង​ទី២​ ​បើក​កន្លែង​បង្ហាត់បង្រៀន​កីឡា​ប្រភេទ​នេះ​នៅ​កម្ពុជា​(​លើកទឹកចិត្ត​ជាពិសេស​ដល់​យុវតី​)​ព្រោះ​តាមរយៈ​ការសង្កេត​ ​និង​បទពិសោធន៍​ប្រកួត​កីឡា​ស្នូកឃ័រ​ងាយ​ហាត់​ ​ហើយ​ក្នុងចំណោម​សិស្ស១០នាក់​ ​អាច​ហាត់​ចេះ​ដល់ទៅ៨នាក់​។​ ​ម្យ៉ាងទៀត​នាង​ចង់​ផ្លាស់​ ​ប្តូរ​ការ​គិត​បែប​អគតិ​មួយចំនួន​របស់​ប្រជាជន​កម្ពុជា​ ​ដែល​គិតថា​មនុស្ស​ស្រី​ដែល​លេង​កីឡា​នេះ​គឺជា​ប្រភេទ​នារី​មិនល្អ​ផង​ដែរ​។​

​          ក្នុងនាម​ជានា​រី​កម្ពុជា​ម្នាក់​ដែល​បាន​មក​ផ្ញើខ្លួន​លើទឹក​ដី​ប្រទេស​កូរ៉េ​ ​ភា​វី​បាន​ខិតខំ​ធ្វើការងារ​កសាង​ជំនឿ​ចិត្ត​ ​និង​ស្វែងរក​ក្តី​ស្រមៃ​ខ្លួនឯង​ ​ដោយ​មោះមុត​ ​និង​ស្វាហាប់​បំផុត​៕

Article​ ​by​ ​Svay​ ​Leemeng​ ​



SUGGESTIONS