×

ទម្លាប់សាមញ្ញ ១២យ៉ាង ធ្វើឲ្យអ្នក​ប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

TRAVEL & LIVING 5 years ago
 
 

          មនុស្ស​ទូទៅ​តែង​គិតថា​ ​គ្មាន​ជំងឺ​អ្វី​កាច​សាហាវ​ជាង​ជំងឺអេដស៍​ ​និង​ជំងឺថ្លើម​នោះ​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ ​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​វាយលុក​ ​និង​គួរឲ្យ​ខ្លាចរអា​ជាជាង​ជំ​ងឺ​ផ្សេង​ៗ​ដែល​បាន​រៀបរាប់​នៅ​ខាងលើ​ទៅទៀត​។​ ​ការពិត​ណាស់​ ​មកទល់​ពេលនេះ​ជំងឺ​ទឹកនោមផ្អែម​នៅ​មិនទាន់​មាន​ឱសថ​ឬ​វិធីសាស្ត្រ​ណាមួយ​ព្យាបាល​នៅឡើយ​ ​ខណៈ​ចំនួន​អ្នក​កើតជំងឺ​ទឹកនោមផ្អែម​មានការ​កើនឡើង​ជាលំដាប់​ ​ដោយសារ​មនុស្ស​ភាគច្រើន​មានការ​ធ្វេសប្រហែស​ទៅលើ​របប​អាហារ​ ​និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​។​ ​ដូចដែល​បានឃើញ​ជាក់ស្តែង​ជំងឺ​ទឹកនោមផ្អែម​ប្រសិនបើ​កើត​ហើយ​គឺ​មានតែ​វិវត្ត​ទៅមុខ​ជានិច្ច​ ​ពិសេស​ចំពោះ​អ្នក​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែរក្សា​សុខភាព​ត្រឹមត្រូវ​អាច​នឹង​ធ្វើឲ្យ​ជំងឺ​វាយប្រហារ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ធ្វើការ​ព្យា​បាល​រុំា​រ៉ៃ​រហូតដល់​កាត់​ដៃ​កាត់​ជើង​ក៏​មាន​។​ ​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ជាទូទៅ​មាន​ដូចជា​ ​ឃ្លាន​ញឹកញាប់​ ​តែងតែ​អស់កម្លាំង​ ​ស្រេកទឹក​ខ្លាំង​ ​នោម​ញឹកញាប់​ ​ស្ងួត​មាត់​ ​ឡើង​រមាស់​លើ​ស្បែក​ ​កម្រិត​មើលឃើញ​ធ្លាក់ចុះ​ ​ឡើង​ទម្ងន់​ខុសធម្មតា​ ​និង​ឈឺ​ឬ​ស្ពឹក​ស្រពន់​នៅ​លើ​ប្រអប់ជើង​ ​និង​ជើង​ជាដើម​។​ ​យ៉ាងណាមិញ​ ​ដើម្បី​បង្ការ​ខ្លួន​ពី​ជំងឺ​ទឹកនោមផ្អែម​ ​យើង​គ្រប់​គ្នា​គួរ​ឧហ្សាហ៍​កត់សម្គាល់​ ​និង​គួរ​ជៀសវាង​នូវ​ទម្លាប់​សាមញ្ញ​ទាំង១២យ៉ាង​ខាងក្រោម​ដែល​អាច​រុញច្រាន​យើង​ឲ្យ​កើតជំងឺ​ទឹកនោមផ្អែម​ដោយ​មិនដឹង​ខ្លួន​។​

​1​.ទម្លាប់​នៅកន្លែង​ធ្វើការ​ :ដឹង​ហើយ​តែ​នៅតែ​ធ្វើ​ ​ឬ​អាច​និយាយ​បាន​ថា​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​អ្នកធ្វើការ​ការិយាល័យ​ដែល​ភាគច្រើន​ចូលចិត្ត​ទទួលទាន​អាហារ​ពេលព្រឹក​ដោយ​ជ្រើសរើស​កាហ្វេ​មក​ចម្អែត​ក្រពះ​ជាមួយ​នំប៉័ង​ផ្អែម​។​ ​អ្នកដឹង​ថា​របប​អាហារ​នេះ​មិនល្អ​ចំពោះ​សុខភាព​ ​ប៉ុន្តែ​អ្នក​នៅតែ​អត់​វា​មិនបាន​មែនទេ​?​។​ ​ទោះ​យ៉ាងណា​មុន​ពេល​ចាប់កាន់​អាហារ​ទាំងនេះ​ ​អ្នក​គួរ​គិតទៅ​លើ​គុណវិបត្តិ​ទាំងនេះ​ជាមុន​សិន​។​ ​តាមរយៈ​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស​បាន​រក​ឃើញថា​មនុស្ស​ជិត​ ​៤០០០នាក់​ ​ដែល​ទម្លាប់​ទទួលទាន​អាហារ​ពេលព្រឹក​មាន​ជាតិ​ផ្អែម​កំពុង​ប្រឈម​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ​និង​ធ្វើឲ្យ​ប្រព័ន្ធ​មេ​តា​ប៉ូលី​ស​ចុះ​ខ្សោយ​ដែល​ជា​ករណី​ឆ្ពោះទៅ​រក​ជំងឺ​ទឹកនោមផ្អែម​ទាំង​ប្រភេទ​ទី១​ ​និង​ទី២​។​ ​ដូចនេះ​ប្រសិនបើ​អ្នក​មិន​ចង់​ស្តាយក្រោយ​គួរ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ឡូវ​នេះ​។​

 

​2​.គេង​យប់ជ្រៅ​: បច្ចុប្បន្ន​មនុស្សជា​ច្រើន​មានការ​ញៀន​នឹង​លេង​ទូរសព្ទ​រហូតដល់​យប់ជ្រៅ​ឬ​រហូត​ទាប​ភ្លឺ​ ​ដែល​ទម្លាប់​ដដែល​ប្រចាំថ្ងៃ​នេះ​នឹង​ធ្វើឲ្យ​អ្នកប្រឈម​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ងាយ​។​ ​ជាក់ស្តែង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​កូរ៉េ​បាន​រក​ឃើញថា​អ្នក​ទម្លាប់​ចូលគេង​ហួស​ម៉ោង​ ​១២យប់​ងាយ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ជាង​អ្នក​ដែល​ចូលគេង​មុន​ម៉ោង​ ​១២​ ​បើ​ទោះ​ពួកគេ​បាន​គេង​ដល់ទៅ​ ​៧ឬ៨ម៉ោង​ក៏ដោយ​។​ ​លើស​ពីនេះ​ ​អ្នកចូលចិត្ត​មើល​ទូរទស្សន៍​ឬ​ទូរសព្ទ​រហូត​ទាប​ភ្លឺ​ក៏​បង្ក​ជា​ករណី​ធ្វើឲ្យ​អ័ង​សុ​យ​លីន​ថយ​ចុះ​ ​និង​កម្រិត​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាមធ្លាក់​ចុះ​ផង​ដែរ​ ​ពិសេស​ការ​គេង​យប់ជ្រៅ​គឺជា​កត្តា​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​ដែល​អាច​បង្អាក់​ដល់​ដំណើរការ​ប្រព័ន្ធ​មេ​តា​ប៉ូលី​ស​។​ ​ទម្លាប់​ដ៏​ល្អ​បំផុត​គួរ​ចូលគេងពីព្រលប់​ឬ​មុន​ម៉ោង១២​ ​និង​គេង​ឲ្យបាន​យ៉ាងហោចណាស់​ពី​ ​៧ទៅ​ ​៨ម៉ោង​។​

 

3​.អង្គុយ​ច្រើន​ ​:មិនថា​អ្នក​អង្គុយ​នៅកន្លែង​ធ្វើការ​ ​ឬ​ចំណាយពេល​អង្គុយ​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​នៅផ្ទះ​ថ្ងៃ​ចុង​សប្តាហ៍​ ​គឺ​សុទ្ធតែ​បង្កើន​ការ​ប្រឈម​កើតជំងឺ​ទឹកនោមផ្អែម​រហូតដល់​ទៅ​ ​៣,៤ភាគរយ​។​ ​ការ​អង្គុយ​ច្រើន​ក៏អាច​ធ្វើឲ្យ​ជាតិ​ខ្លាញ់កក​ផ្តុំ​នៅក្នុង​រាងកាយ​ ​ពិសេស​បង្កើន​ទំហំ​ចង្កេះ​កាន់តែ​ធំ​ ​ព្រមទាំង​ធ្វើឲ្យ​ឡើង​ក្បាលពោះ​ដែល​ជា​ករណី​ប្រឈម​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ងាយ​បំផុត​ ​ដោយសារតែ​អ័ង​សុ​យ​លី​ននៅ​ក្នុង​រាងកាយ​ត្រូវ​បាន​កាត់បន្ថយ​។

 

​ ​​4​.​​ចូលចិត្ត​នៅ​ម្នាក់ឯង​ ​:បើ​ទោះ​មិនទាន់​មាន​នរណា​ច្បាស់លាស់​ទាំងស្រុង​នូវ​ចំណុច​មួយ​នេះ​ ​ប៉ុន្តែ​ការសិក្សា​ថ្មីថ្មោង​មួយ​បាន​លើកឡើង​ថា​ការ​ចូលចិត្ត​នៅ​ម្នាក់ឯង​ឬ​សម្ងំ​តែ​ក្នុង​បន្ទប់​រវល់​តែ​ជាមួយ​ទូរសព្ទ​ ​និង​លេង​បណ្តាញ​សង្គម​ ​អាច​ធ្វើឲ្យ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។​ ​អ្នកជំនាញ​បាន​ផ្តល់​ដំបូន្មាន​ឲ្យ​មនុស្ស​គ្រប់រូប​គួរតែ​ចំណាយពេល​ចេញទៅ​ខាងក្រៅ​ធ្វើលំ​ហាត់ប្រាណ​ ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ឬ​ធ្វើដំណើរ​កម្សាន្ត​អារម្មណ៍​ដើម្បី​ជំរុញ​ឲ្យ​ប្រព័ន្ធ​រាងកាយ​មាន​ថាមពល​ខ្លាំងក្លា​ ​និង​ស្មារតី​ល្អ​ប្រសើរ​ជាជាង​សម្ងំ​នៅ​មួយ​កន្លែង​តែម្នាក់ឯង​។

 

​ ​​​5​.​បរិភោគ​អាហារ​ផ្ទុក​ជាតិកា​ឡូរី​ច្រើន​នៅពេល​យប់​ ​:​គ្រប់​អាហារ​ទាំងអស់​ដែល​មាន​ផ្ទុក​ជាតិកា​ឡូរី​ធ្វើឲ្យ​ធាត់​ ​ប្រសិនបើ​អ្នក​បរិភោគ​នៅពេល​យប់​គឺ​ងាយ​ប្រឈម​នឹង​កើតជំងឺ​ទឹកនោមផ្អែម​បំផុត​។​ ​ជាក់ស្តែង​ ​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញថា​ ​អ្នក​ដែល​បរិភោគ​អាហារ​មាន​ផ្ទុក​ជាតិកា​ឡូរី​នៅពេល​ពាក់កណ្តាល​យប់​អាច​បង្ក​ករណី​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ​ហើយ​អ័ង​សុ​យ​លី​នក៏​ធ្លាក់ចុះ​ដែល​ជា​ករណី​ឆ្ពោះទៅ​រក​ជំងឺទំ​នោម​ផ្អែម​ប្រភេទ​ទី២​។

 

​ ​​6​.​​បោះបង់​អាហារ​ពេលព្រឹក​ :​អ្នក​សិក្សា​ស្រាវជ្រាវ​ទៅលើ​ជំងឺ​ទឹកនោមផ្អែម​បាន​លើកឡើង​ថា​ ​នៅពេល​ដែល​យើង​បង្អត់អាហារ​រាងកាយ​ ​នោះ​នឹង​ធ្វើឲ្យ​អ័ង​សុ​យ​លី​នដែ​លការ​ពារ​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​បាន​ចុះ​ខ្សោយ​ ​ហើយ​ធ្វើឲ្យ​កម្រិត​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់តែ​យ៉ាប់យ៉ឺន​។​ ​ការពិត​ណាស់​ ​អ្នកចូលចិត្ត​តម​អាហារ​ពេលព្រឹក​ ​ពិសេស​ស្ត្រី​ ​គឺ​មិន​ត្រឹមតែ​ជា​ការវាយប្រហារ​ចំពោះ​សុខភាព​ ​និង​ធ្វើឲ្យ​ឃ្លាន​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​បង្កើន​ផល​ប្រឈម​កើតជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២បាន​យ៉ាង​ងាយ​ផង​ដែរ​។​

 

7​.​កង្វះ​ទទួលយក​សារធាតុ​ប្រូ​បាយ​អូ​ទិ​ក​ ​(​Probiotics​)​:​ការ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​នឹង​កើនឡើង​នៅពេល​ដែល​អ្នកមាន​បាក់តេរី​មិនល្អ​នៅក្នុង​ពោះវៀន​ច្រើនជាង​បាក់តេរី​ល្អ​។​ ​ជា​ការពិត​ក្រពះ​ពិតជា​ត្រូវការ​បាក់តេរី​ល្អ​ដែល​ហៅថា​ ​ប្រូ​បាយ​អូ​ទិ​ក​ ​ដើម្បី​ជំនួយការ​រំលាយអាហារ​បាន​ត្រឹមត្រូវ​។​ ​ការ​កង្វះ​ប្រូ​បាយ​អូ​ទិ​ក​នឹង​បង្ក​ឲ្យ​មានការ​ហើម​រលាក​អាច​ឆ្ពោះទៅ​រក​អ័ង​សុ​យ​លីន​ចុះ​ខ្សោយ​ដែល​ជា​អាវុធ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​។​ ​ដើម្បី​បង្កើន​អ័ង​សុ​យ​លីន​ ​គួរ​ទទួលទាន​អាហារ​ដូចជា​ ​ទឹកដោះគោ​ជូរ​ ​ស្ពៃ​ក្តោប​ ​និង​ឈី​ស​ខ្លះ​ៗ​ជាការស្រេច​។

 

​ ​​8​.​ទម្លាប់​ញុំា​ប្រៃ​ ​:​អ្ន​ក​ទម្លាប់​ញុំា​អាហារ​រសជាតិ​ប្រៃ​ខ្លាំង​ ​គួរតែ​កាត់បន្ថយ​ចាប់ពី​ឥឡូវនេះ​ ​ដោយសារតែ​ជាតិ​សូដ្យូម​ច្រើន​នឹង​បង្ក​ឲ្យ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​។​ ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​មួយ​ ​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​មាន​រសជាតិ​ប្រៃ​ខ្លាំង​អាច​ប្រឈម​កើតជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ ​២រហូតដល់​ទៅ​ ​៥៨​ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​អ្នក​បរិភោគ​កម្រិត​ជាតិ​ប្រៃ​ទាប​។​ ​ពិតប្រាកដ​ណាស់​ការ​ទទួលយក​សូដ្យូម​ខ្ពស់​ក៏​ជា​ឱកាស​រុញច្រាន​ឲ្យ​អ្នក​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ ​និង​ឡើង​ទម្ងន់​ផង​ដែរ​។

 

​ ​​​9​.​ផឹក​គ្រឿងស្រវឹង​ច្រើន​:​បើ​ទោះ​ការសិក្សា​មួយចំនួន​លើកឡើង​ថា​ការ​ផឹក​សុ​រ៉ា​អាច​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម​ ​ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ៗ​ទៀត​ក៏​ចេញ​ជា​លទ្ធផលជាក់​ស្តែង​ថា​ ​អ្នកចូលចិត្ត​ផឹក​សុ​រ៉ា​ច្រើន​អាច​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​ពិតប្រាកដ​ ​ជាពិសេស​មនុស្ស​ស្រី​ដែល​ធាត់​។​ ​ហេតុ​ដូចនេះ​បរិមាណ​ទទួលទាន​សមស្រប​បំផុត​គឺ​សម្រាប់​បុរស​ ​២កែវ​ក្នុង​មួយថ្ងៃ​ ​រី​ឯ​ស្ត្រី​ ​១កែវ​ក្នុង​មួយថ្ងៃ​។​

 

10​.​​ផឹកទឹក​តិច​ :​តាមរយៈ​ការសិក្សា​មួយ​បាន​ស្រាវជ្រាវ​អំពី​បរិមាណ​នៃ​ការ​ផឹកទឹក​ដែល​រក​ឃើញថា​ ​អ្នក​ដែល​ផឹកទឹក​តិច​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ដោយសារតែ​បាន​ទទួលយក​ជាតិទឹក​មិន​គ្រប់គ្រាន់​ទៅ​លាង​សម្អាត​ជាតិ​ស្ករ​ដែល​ឡើង​ខ្ពស់​នៅក្នុង​ឈាម​។​ ​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យដឹង​ដែរ​ថា​ ​ជាតិ​ស្ករ​នៅក្នុង​ឈាម​នឹង​ឡើង​ខ្ពស់​នៅពេល​ដែល​តម្រងនោម​ ​និង​ថ្លើម​ទទួលយក​ជាតិទឹក​មិន​គ្រប់គ្រាន់​ ​ហើយ​សម្រាប់​អ្នកផឹក​ទឹក​តិចតែ​បរិភោគ​អាហារ​ច្រើន​ក៏​នឹង​ធ្វើឲ្យ​ថាមពល​រាងកាយ​ចុះ​ខ្សោយ​រួម​ទាំង​គ្មាន​ភាព​សកម្មភាព​ផង​ដែរ​។​ ​ដូច្នេះ​គួរ​ផឹកទឹក​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​យ៉ាងហោចណាស់​ក៏២លីត្រ​ដែរ​ក្នុង​មួយថ្ងៃ​ ​ម្យ៉ាង​ទឹក​មាន​សារៈសំខាន់​បំផុត​ចំពោះ​សុខភាព​រាងកាយ​ ​និង​សម្រស់​ដែល​មិន​ត្រឹមតែ​ផ្តល់​ថាមពល​រាងកាយ​ ​និង​ធ្វើឲ្យ​ខួរក្បាល​ល្អ​ប្រសើរ​នោះ​ទេ​ ​តែ​ថែមទាំង​ផ្តល់​ឲ្យ​សម្រស់​ស្បែក​ភ្លឺ​ថ្លា​ ​ការពារ​ឡើង​ទម្ងន់​ ​ពិសេស​ការពារ​ពី​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។​

 

11​.​​កង្វះ​សារធាតុ​កា​បូន​អ៊ី​ដ្រា​ត​ :គ្រូពេទ្យ​ជំនាញ​ផ្នែក​របប​អាហារ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​រក​ឃើញថា​ ​មនុស្ស​ដែល​ទទួលទាន​អាហារ​កង្វះ​សារធាតុ​កា​បូន​អ៊ី​ដ្រា​ត​មានការ​ប្រឈម​ខ្ពស់​នឹង​កើតជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​ ​ខណៈ​គ្រាប់ធញ្ញជាតិ​គឺជា​របប​អាហារ​ជួយ​បង្កើន​ទៅដល់​អ័ង​សុ​យ​លី​នដែ​លការ​ពារ​ពី​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​មានប្រសិទ្ធភាព​។​ ​ដូចនេះ​ដើម្បី​ទទួល​បាន​សារធាតុ​កា​បូន​អ៊ី​ដ្រា​ត​គ្រប់គ្រាន់​ ​អ្នក​គួរ​ទទួលទាន​អាហារ​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​ ​និង​សារធាតុ​កា​បូន​អី​ដ្រា​ត​ដូចជា​ពពួក​ ​ទឹកដោះគោ​ជូរ​ ​ផ្លែ​ប័រ​រី​ ​គ្រាប់ធញ្ញជាតិ​ ​សណ្តែក​ខ្មៅ​ ​និង​ជៀសវាង​ពពួក​អាហារ​រហ័ស​ ​និង​ប្រភេទ​នំ​ឡើង​ដូចជា​នំប៉័ង​ជាដើម​។​ ​យ៉ាងណាមិញ​ ​បន្លែ​ក៏​ជាផ្នែក​ដ៏​មាន​សារៈសំខាន់​ចំពោះ​របប​អាហារ​ប្រចាំថ្ងៃ​ ​ហើយ​បន្លែ​ដែល​មាន​ផ្ទុក​សារធាតុ​កា​បូន​អ៊ី​ដ្រា​ត​ច្រើន​បំផុត​គឺ​ពោត​ ​និង​ ​សណ្តែក​បារាំង​។​ ​ដូច្នេះ​គួរ​បញ្ចូល​អាហារ​ធម្មជាតិ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ទឹកនោមផ្អែម​។

 

​ ​12​.ស្ត្​រេស​ខ្លាំង​ ​:​ការ​បណ្តោយ​ខ្លួន​ឲ្យ​ ​ស្ត្​រេស​ ​ឬ​តប់ប្រមល់​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ​។​ ​ជាក់ស្តែង​ ​ស្ត្​រេស​អាច​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ ​ចលនា​បេះដូង​ដើរ​មិន​ប្រក្រតី​ ​ឡើង​សម្ពាធ​ឈាម​ ​និង​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​។​ ​យើង​អាច​សម្គាល់​ឃើញថា​ ​អ្នកមាន​អា​រម្ម​ណ៍​ស្ត្​រេស​រមែង​ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ​ ​និង​មិន​ធ្វើលំ​ហាត់ប្រាណ​ ​ដែល​កត្តា​ទាំងនេះ​បាន​បង្ក​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​ងាយ​។

​          ​សរុប​មក​ ​ការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​ ​ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​មួយ​ប្រភេទ​ដ៏​កាច​សាហាវ​ដែល​មនុស្ស​គ្រប់រូប​គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែរក្សា​ការពារ​ខ្លួន​ ​ពិសេស​ប្រសិនបើ​មានទម្លាប់​ដូច​បាន​រៀបរាប់​ខាងលើ​គួរតែ​កាត់បន្ថយ​ចាប់ពី​ថ្ងៃនេះ​តទៅ​ដើម្បីកុំឲ្យ​មាន​ពាក្យ​ស្តាយក្រោយ​នៅពេល​ជំងឺ​ព្យាបាល​មិនជា​នេះ​កើតឡើង​។​ ​អូ​!​ ​ជាមួយគ្នា​នេះ​ដែរ​ ​សូ​វរីន​ ​សូម​បង្ហើប​នូវ​វិធីការ​ពារ​ខ្លួន​ពី​ជំងឺ​ទឹកនោមផ្អែម​បន្ថែម​ទៀត​ដូចជា​៖​ ​កាត់បន្ថយ​ទទួលទាន​អាហារ​មាន​ជាតិកា​ឡូរី​ ​ជៀសវាង​អាហារ​រហ័ស​ឬ​អាហារ​ឡើង​ ​បរិភោគ​អាហារ​ពេលព្រឹក​ជាប្រចាំ​ ​កុំ​ទម្លាប់​បង្អត់អាហារ​យូរ​ ​រក្សា​ទម្ងន់​ឲ្យ​ថេរ​ ​ដើរ​ច្រើន​អង្គុយ​តិច​ ​កាត់បន្ថយ​មើល​ទូរសព្ទ​ ​ធ្វើលំ​ហាត់ប្រាណ​ណាមួយ​យ៉ាងហោចណាស់​ ​២០នាទី​ក្នុង​មួយថ្ងៃ​ ​គេង​ឲ្យ​គ្រប់គ្រាន់​ ​និង​ចំណាយពេល​ចេញទៅ​ក្រៅ​កម្សាន្ត​បន្ធូរ​អារម្មណ៍​ទើប​ជា​ការ​ប្រសើរ​៕

​Article​ ​by​ ​HEM​ ​SOKKHM​


SUGGESTIONS