×

ចំណាយ​ពេល​ត្រឹមតែ​២នាទី​ប៉ុណ្ណោះ​ ធានា​ថា​អ្នក​នឹង​គេង​លក់​យ៉ាង​ងាយ​ស្រួល​

TRAVEL & LIVING 5 years ago
 
 

          ដំណេក​ ​គឺជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​រាងកាយ​ទាំងមូល​។​ ​ជាទូទៅ​រយៈពេល​ទទួលទានដំណេក​គ្រប់គ្រាន់​គឺ​យ៉ាងហោចណាស់​ក៏៨ម៉ោង​ដែរ​ក្នុង​មួយថ្ងៃ​ ​ហើយ​ការ​គេង​គ្រប់គ្រាន់​នឹង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ដូចជា​ ​ជួយ​ពង្រឹង​ដល់​សុខភាព​ខួរក្បាល​ ​ការ​ចងចាំ​ ​និង​ធ្វើឲ្យ​ស្មារតី​ល្អ​ប្រសើរ​ផង​ដែរ​។​ ​បច្ចុប្បន្ន​ ​មនុស្ស​ភាគច្រើន​ចូលចិត្ត​ចំណាយពេល​វេលា​ជាមួយនឹង​គ្រឿង​អេ​ឡិច​ត្រូ​និច​ផ្សេង​ៗ​ ​ដែល​នេះ​ជា​កត្តា​មួយ​បង្ក​ផល​រំខាន​ដល់​ដំណេក​ ​ក៏ដូចជា​ជះឥទ្ធិពល​អាក្រក់​ចំពោះ​សុខភាព​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។​ ​ជាក់ស្តែង​ប្រសិនបើ​អ្នកទទួល​ទាន​ដំណេក​មិន​គ្រប់គ្រាន់​ ​នោះ​វា​អាច​បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ​អាយុជីវិត​ដូចជា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​ ​និង​សតិអារម្មណ៍​ជា​ខ្លាំង​ ​ហើយ​ថែមទាំង​ធ្វើឲ្យ​អារម្មណ៍​ឆាប់​តានតឹង​ផង​ដែរ​។​ ​ដូចនេះ​ ​ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ទាំងអស់​នេះ​ ​សូ​វរីន​ ​សូម​ណែនាំ​លោកអ្នក​នូវ​វិធី​សា​ស្ត្រសាម​ញ្ញៗ​ដែល​ធ្វើឲ្យ​លង់លក់​ជាមួយ​ដំណេក​បាន​យ៉ាង​ងាយស្រួល​ ​ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ២នាទី​ប៉ុណ្ណោះ​។​

១​.​ ​សម្រួល​អារម្មណ៍​ : ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​មនុស្ស​គ្រប់រូប​រមែង​មមាញឹក​ជាមួយ​ការ​ប្រកបការងារ​ ​និង​របររកស៊ី​ស្ទើរតែ​រក​ពេលសម្រាក​គ្មាន​ ​ហើយ​ពេលខ្លះ​អាច​នឹង​ជួប​បញ្ហា​ស្មុគស្មាញ​បណ្តាល​ឲ្យ​អារម្មណ៍​តានតឹង​ផង​ដែរ​។​ ​ដូចនេះ​ដើម្បី​ទទួល​បាន​ដំណេក​លង់លក់​ស្រួល​ ​មុន​ពេល​ចូលគេង​អ្នក​អាច​សម្រួល​អារម្មណ៍​តានតឹង​ឲ្យ​រសាយ​ ​ដោយធ្វើ​ការ​អង្គុយ​បិទ​ភ្នែក​ដកដង្ហើម​ចេញចូល​ឲ្យ​បា​នវែងៗ​រយៈពេល១នាទី​។​ ​

​២​.​ ​ទម្រេត​ខ្លួន​ : ​ក្រោយពី​អ្នក​បាន​សម្រួល​អារម្មណ៍​តាមរយៈ​ការដកដង្ហើម​រួចមក​ ​អ្នក​អាច​ចាប់ផ្តើម​ទម្រេត​ខ្លួន​ ​ដោយ​លាតសន្ធឹង​ស្មា​របស់​អ្នកឲ្យ​ស្រប​ទៅ​នឹង​ដងខ្លួន​។​ ​បន្ទាប់មក​ ​ដាក់ដៃ​របស់​អ្នក​ស្របតាម​ដង​ខ្លួន​សន្សឹម​ៗ​ ​រួចហើយ​ចាប់ផ្តើម​ដាក់​ជើង​ឲ្យ​ស្រប​ទៅ​នឹង​ដងខ្លួន​ជាមួយ​ការ​ដក​ដង្ហើម​វែង​ៗ​។​ ​

​៣​.​ ​បង្កើន​អារម្មណ៍ល្អ​ : បន្ទាប់ពី​បាន​ទម្រេត​ខ្លួន​ប្រមាណ​ជា​ ​១០វិនាទី​រួចមក​ ​ដល់ពេល​ដែល​អ្នក​ងាក​មក​ស្រមើល​ស្រមៃ​គិត​រឿង​ល្អ​ៗ​ដាក់​ក្នុង​ខួរក្បាល​ដូច​ខាងក្រោម​៖​ ​

​•​        ​សាក​ស្រមើល​ស្រមៃ​ថា​អ្នក​កំពុងតែ​គេង​បណ្តែត​អារម្មណ៍​នៅ​លើ​ទូក​ដ៏​ធំ​មួយ​ពោរពេញ​ទៅ​ដោយ​ទេសភាព​បៃតង​ខៀវខ្ចី​លាយឡំ​ជាមួយនឹង​ក្លិន​ផ្កា​ដ៏​ក្រអូបសាយ​អម​ដោយ​បរិយាកាស​ដ៏​ស្រទន់​។​

​•​        ​បន្ទាប់មក​ ​បង្វែរ​អារម្មណ៍​របស់​អ្នក​មករ​ក​ភាព​ស្ងប់ស្ងាត់​ដែល​មាន​ភាព​កក់ក្តៅ​ ​រួច​ចាប់ផ្តើម​បិទ​ភ្នែក​បន្តិច​ម្តង​ៗ​រហូតដល់​លង់លក់​នឹង​ការ​ស្រមើល​ស្រមៃ​នោះ​។​

​                ​ជា​ការពិត​ណាស់​គ្រាន់តែ​វិធីសាស្ត្រ​ដ៏​សាមញ្ញ​ៗ​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ​នឹង​ធ្វើឲ្យ​អ្នក​គេងលក់​យ៉ាង​ឆាប់រហ័ស​ ​ហើយ​ការ​គេង​បាន​គ្រប់គ្រាន់​ ​ក៏​ប្រៀបបានទៅ​នឹង​ឱសថ​ទិព្វ​ដែល​អាច​ព្យាបាល​ជំងឺ​ ​១០០មុខ​ផង​ដែរ​។​ ​លើស​ពីនេះ​ដើម្បី​គេងលក់​ស្រួល​ ​ជៀសវាង​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូវ​និច​ ​និង​ទុក​វា​នៅ​ឆ្ងាយ​ពី​ខ្លួន​យ៉ាងហោចណាស់​ ​២​ ​ទៅ៣ម៉ោង​ ​មុន​ពេល​ចូលដំណេក​ ​បើ​ពុំ​នោះ​ទេ​អ្នក​នឹង​ត្រូវ​ចំណាយពេល​វេលា​យ៉ាងច្រើន​ជាមួយ​វា​ដែល​នេះ​ជា​កត្តា​មួយ​បង្អាក់​ដល់​ការ​ទទួលទានដំណេក​របស់​អ្នក​៕​ ​

Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS