×

គំនិត​ដោះស្រាយ​បញ្ហា​សង្គម​ ​និង​អាជីវកម្ម​បង្កើត​ថ្មី​ដោយក្រុម​យុវជន​ឌីជីថល​កម្ពុជា​វ័យក្មេង​ទាំង​ដប់​

NEWS 5 years ago
 
 

            ​សេ​ណា​រី​យ៉ូ​ថ្មី​ក្នុង​យុគសម័យ​ឌីជីថល​ខណៈ​ដែល​ពិភពលោក​កំពុងតែ​នាំគ្នា​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឲ្យ​កាន់តែ​ទំនើប​ ​ប្រជាជាតិ​នៅ​លើ​ពិភពលោក​បែរ​ងាក​មក​ធ្វើ​នវានុវត្តន៍​ជំនួញ​ជាមួយនឹង​ប្រព័ន្ធ​ឌីជីថល​ ​និង​ផ្តោត​ខ្លាំង​ទៅលើ​បច្ចេកវិទ្យា​។​ ​នេះ​ក៏ដោយសារតែ​កំណើន​អ្នកប្រើ​ប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និច​ដូចជា​ ​ទូរសព្ទ​ដៃ​ឆ្លាតវៃ​ ​កុំព្យូទ័រ​ ​ថេប​ប្លេ​ត​ ​មានការ​កើនឡើង​កាន់តែ​ច្រើន​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​ដោយឡែក​ប្រទេស​កម្ពុជា​ក្នុង​សតវត្ស​ទី​ ​២១​ ​នេះ​ក៏​កំពុងតែ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាន់​ក្រោយ​ជាមួយនឹង​បច្ចេកវិទ្យា​ឌីជីថល​ ​ឲ្យ​ស្រប​ទៅតាម​បរិបទ​នៃ​ពិភពលោក​ផង​ដែរ​។​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គេ​បាន​សង្កេតឃើញ​ជា​ ​ទូទៅ​ថា​ ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ហាក់​មានការ​ចាប់អារម្មណ៍​ខ្លាំង​ ​ក្នុង​ការបង្កើត​គំ​និ​ត​ថ្មី​ៗ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​សង្គម​ជាច្រើន​តាមរយៈ​បច្ចេកវិទ្យា​នេះ​។​ ​ទស្សនាវដ្តី​ ​សូ​វរីន​ ​សូម​ប្រមូល​នូវ​គំនិត​ដោះស្រាយ​បញ្ហា​សង្គម​ ​ក៏ដូចជា​គំនិត​អាជីវកម្ម​បង្កើត​ថ្មី​ ​(​Start​-​Up​)​ ​ទាំង​ដប់​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៨នេះ​ដោយក្រុម​ ​យុវជន​ឌីជីថល​វ័យក្មេង​កម្ពុជា​ដែល​ពួកគេ​កំពុងតែ​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅឡើយ​៖​ ​

​1​.​ Malis Malis​ ​គឺជា​កម្មវិធី​ទូរសព្ទ​មួយ​បង្កើត​ឡើង​ដោយក្រុម​យុវ​និស្សិត​នៃ​សាកល​វិទ្យាល័យ​ ​ផា​រ៉ា​ហ្កន​អន្តរជាតិ​ ​(​អតីត​សាកល​វិទ្យាល័យ​ ​ហ្ស៉ា​ម៉ាន់​)​ បួន​នាក់​ ​ដែល​ជួយ​សម្រួល​ដល់​លោកអ្នក​ជា​ពិ​សេ​សមិត្តៗ​នារី​យើង​ក្នុង​ការស្វែងរក​សា​ឡន​ឬ​ហាងអ៊ុតសក់​ ​និង​អ្នកជំនាញ​ផាត់មុខ​ដោយ​មិន​ចាំបាច់​ចំណាយពេល​ធ្វើដំណើរ​ស្វែងរក​ឬ​ឆ្ពោះទៅ​កាន់​កន្លែង​ផ្ទាល់​។​ ​នៅក្នុង​កម្មវិធី​ទូរសព្ទ​ដៃ​ ​Malis​ ​លោកអ្នក​អាច​ស្វែងរក​នូវ​អ្នក​ផាត់មុខ​ជំនាញ​ណា​ម្នាក់​ដែល​អ្នក​ពេញចិត្ត​ ​រួច​ធ្វើការ​កក់​ទុក​ឬ​ណាត់ជួប​ក្នុង​ពេលណា​មួយ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​Malis​ ​ក៏អាច​ជួយ​ឲ្យ​អ្នក​ប្រកបមុខរបរ​ផាត់មុខ​ឯករាជ្យ​អាច​ស្វែងរក​ចំណូល​បន្ថែម​ទៀតផង​ដែរ​។​ ​សព្វថ្ងៃ​ ​កម្មវិធី​ទូរសព្ទ​ថ្មីនេះ​កំពុងតែ​ធ្វើការ​សាកល្បង​ប្រើប្រាស់​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​ ​ហើយ​ក្រុម​ ​Malis​ ​ក៏បាន​បង្ហើប​ប្រាប់​ សូ​វរីន ​ឲ្យដឹង​ថា​ ​ពួកគេ​គ្រោង​នឹង​សម្ពោធ​កម្មវិធី​នេះ​ជា​ផ្លូវការ​នៅដើម​ឆ្នាំ​ ​២០១៩ខាងមុខនេះ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​Malis​ ​ក៏​គ្រោង​នឹង​ដាក់ឲ្យ​មានការ​កក់​ទុក​នូវ​កន្លែង​ស្ប៉ា​ ​និង​ម៉ាស្សា​នៅ​ថ្ងៃ​អនាគត​ទៀតផង​។​ ​

​2​.​ ​Go​ ​Soccer​  ​ខណៈ​ដែល​យុវជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​កំពុង​ងាក​មក​គាំទ្រ​វិស័យ​បាល់ទាត់​យ៉ាង​គំហុក​ ​សន្ទុះ​នៃ​អ្នកលេង​កីឡាបាល់ទាត់​ ​និង​តារាង​បាល់ទាត់​ក៏​កើនឡើង​គួរឲ្យ​កត់សម្គាល់​។​ ​ប៉ុន្តែ​ ​ដោយសារតែ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​តារាង​បាល់ទាត់​មាន​ចំនួន​ច្រើន​ ​ការស្វែងរក​ទីតាំង​តារាង​បាល់​ទាល់​ដែល​ទំនេរ​ ​ហាក់ជា​ការ​លំបាក​មួយ​សម្រាប់​អ្នកលេង​កីឡា​នេះ​។​ ​ដូច្នេះ​ទើប​ធ្វើឲ្យ​ក្រុម​យុវជន​មួយ​ក្រុម​មានគំនិត​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​មួយ​សម្រាប់​កក់​កន្លែង​ទាត់បាល់​និង​ស្វែងរក​ទីលាន​បាល់ទាត់​ដើម្បីឲ្យ​មាន​ភាព​ងាយស្រួល​ ​និង​ចំណេញពេលវេលា​សម្រាប់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​។​ ​បង្កើត​ឡើង​ដោយក្រុម​យុវជន​ ​៥រូប​កាលពី​ឆ្នាំ​ ​២០១៧​ ​ឥឡូវនេះ​ ​កម្មវិធី​ ​Gosoccer​ ​បាន​ដាក់ឲ្យ​ទាញ​យក​មក​ប្រើប្រាស់​បាន​ហើយ​ទាំង​ក្នុង​ ​App​ ​store​ ​និង​ ​Google​ ​Playstore​។​ ​

​3​.​ ​Homex ដោយសារតែ​ជួប​បញ្ហា​ខ្លួន​ផ្ទាល់​ក្នុង​ការស្វែងរក​ជាង​ជួសជុល​គ្រឿងបរិក្ខារ​នៅក្នុង​ផ្ទះ​ផង​ ​ទើប​យុវជន​ប្រាំមួយ​នាក់​បាន​នាំគ្នា​បង្កើត​ជា​ក្រុម​ដើម្បី​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ឈ្មោះថា​ ​Homex​ ​ដែល​ជា​កម្មវិធី​មួយ​ជួយ​ឲ្យ​អ្នក​នៅក្នុង​ក្រុងភ្នំពេញ​អាច​ស្វែងរក​នូវ​ជាង​ជួសជុល​គ្រឿងបរិក្ខារ​នៅក្នុង​ផ្ទះ​ដូចជា​៖​ ​ម៉ាស៊ីន​ត្រជាក់​,​ ​ទូរ​ទឹកកក​,​ ​ជាង​ទឹក​ ​និង​ជាងភ្លើង​ជាដើម​។​ ​ដើម្បីឲ្យ​មាន​សុវត្ថិភាព​នោះ​ ​ក្រុមការងារ​របស់​ ​Homex​ ​ក៏បាន​ធ្វើ​កិច្ចសន្យា​មួយ​ជាមួយនឹង​ជាង​ទាំងអស់​ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ ​និង​ជៀសវាង​នូវ​ប្រការ​មិនល្អ​ណាមួយ​ដែល​អ្នកប្រើ​ប្រាស់​មិនបាន​ស្គាល់​ជាង​នោះ​ពីមុន​មក​។​ ​ម្យ៉ាងវិញទៀត​ ​កម្មវិធី​ទូរសព្ទ​នេះ​ក៏អាច​ជួយ​ឲ្យ​ជាង​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​ទៀតផង​។​ ​Homex​ ​នឹង​ដាក់ឲ្យ​ទាញ​យក​ពី​ ​Appstore​ ​និង​ ​Playstore​ ​នៅដើម​ឆ្នាំ​ ​២០១៩​ ​ហើយ​ក្រុមការងារ​ ​Homex​ ​ក៏​មាន​គម្រោង​នឹង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅកាន់​ខេត្តបាត់ដំបង​ ​និង​បណ្តា​ខេត្ត​នានា​ផង​ដែរ​។​ ​

​4​.​ Haystome ​​ដោយ​មើលឃើញ​ពី​ទុក​លំបាក​របស់​សិល្បករ​ខ្មែរ​ ​អ្នកចម្រៀង​បុរាណ​ ​អ្នករបាំ​ដែល​កំពុងតែ​ជួប​ផល​លំបាក​ ​និង​មាន​ជីវភាព​ទីទាល់​ក្រ​បាន​ជំរុញ​ឲ្យ​ក្រុម​យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ ​បួន​នាក់​បង្កើត​នូវ​គេហទំព័រ​មួយ​ដើម្បី​ស្វែងរក​ប្រភព​ចំណូល​មួយទៀត​ឲ្យ​សិល្បករ​ខ្មែរ​អាច​ស្វែងរក​ថវិកា​បន្ថែម​។​ ​Haystome​ ​ជា​ពាក្យ​ក្រឡាស់​ក្លាយមកពី​ពាក្យ​ ​Homestay​ ​គឺជា​គេហទំព័រ​មួយ​ដែល​អាច​ឲ្យ​ភ្ញៀវ​បរទេស​បាន​ណាត់ជួប​ជាមួយ​សិល្បករ​ដើម្បី​សិក្សា​រៀនសូត្រ​ ​និង​ស្វែងយល់​បន្ថែម​អំពី​សិល្បៈ​ ​វប្បធម៌​ ​អរិយធម៌​ខ្មែរ​។​ ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២០១៨នេះ​ ​គេហទំព័រ​ ​Haystome​ ​មាន​សិល្បករ​ចំនួន១២រូប​ហើយ​ ​ក្នុង​នោះ​មាន​អ្នករបាំ​ ​ពីរ​រូប​ ​វិចិត្រករ​ពីរ​រូប​ ​និង​សិល្បករ​ផ្សេងទៀត​ផង​។​ ​នៅ​ឆ្នាំ​ ​២០១៩​ ​ក្រុម​យុវជន​ ​Haystome​ ​នឹង​ធ្វើការ​ស្វែងរក​នូវ​សិល្បករ​បន្ថែម​ទៀត​នៅ​ខេត្តសៀមរាប​ផង​ដែរ​។​

​5​.​ Smart​ ​bin​ ខុសប្លែក​ពី​ក្រុម​យុវជន​ឌីជីថល​ផ្សេង​ដែល​បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ ​និង​វេ​ប​សាយ​ ​ក្រុម​និស្សិត​វិស្វករ​មួយ​ក្រុម​បាន​បង្កើត​នូវ​ធុងសំរាម​ឆ្លាតវៃ​មួយ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ដែល​អាច​កាត់បន្ថយ​សំរាម​បាន​មួយ​កម្រិត​ ​និង​អាច​ជំរុញ​ឲ្យ​ប្រជាជន​ឈប់​បោះចោល​សំរាម​ពាសវាលពាសកាល​ផង​ដែរ​។​ ​ធុងសំរាម​ឆ្លាតវៃ​នេះ​មានមុខ​ងារ​ជាច្រើន​ដូចជា​មុខងារ​គ្រប់គ្រង​បរិមាណ​សំរាម​អាច​ផ្តល់​ទិន្នន័យ​ដល់​អ្នកគ្រប់គ្រង​សំរាម​ច្បាស់លាស់​ ​ដែល​ធ្វើ​ឱ្យ​អ្នកធ្វើការ​ងារ​ប្រមូល​សំរាម​អាច​ដឹង​ច្បាស់​ថា​ ​ធុង​ណា​ពេញ​ ​ហើយ​ធុង​ណា​ជិត​ពេញ​។​ ​ធុងសំរាម​ឆ្លាតវៃ​នេះ​ក៏​មាន​ប្រព័ន្ធ​សម្រាប់​សន្សំ​ពិន្ទុ​ ​ដើម្បី​ប្តូរ​មកវិញ​ជា​វត្ថុ​អនុស្សាវរីយ៍​ ​និង​ការ​បញ្ចុះតម្លៃ​ពី​ហាង​នានា​ដែល​ជា​ដៃគូ​របស់​ ​Smart​ ​Bin​ ​ទៀតផង​។​ ​Smart​ ​Bin​ ​ក៏​កំពុងតែ​សិក្សា​និង​ពិភាក្សា​ដើម្បី​ដាក់ឲ្យ​ប្រើប្រាស់​ធុងសំរាម​ឆ្លាតវៃ​នេះ​ជាមួយនឹង​ក្រសួងទេសចរណ៍​ ​អាកាសយាន​ដ្ឋាន​ ​ផ្សារ​ទំនើប​ផង​ដែរ​។​

​6​.​ Somjot​ ​ដោយ​សម្លឹងឃើញ​ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ជួប​បញ្ហា​ជាមួយនឹង​ការ​បាត់​សំបុត្រ​ម៉ូតូ​ ​ឡាន​ ​នៅពេល​ដែល​ពួកគេ​ផ្ញើ​យានយន្ត​នៅកន្លែង​ណាមួយ​ ​ទើប​ធ្វើឲ្យ​និស្សិត​​បួន​រូប​បាន​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​មួយ​ដោយ​គ្រាន់តែ​ស្កេន​ ​QR​ ​CODE​ ​តែប៉ុណ្ណោះ​។​ ​ដូច្នេះ​មានន័យថា​នៅពេល​ដែល​អ្នកមាន​កម្មវិធី​ទូរសព្ទ​ដៃ​ ​Somjot​ ​នោះ​អ្នក​គ្រាន់តែ​បើក​ទូរសព្ទ​ដៃ​ ​រួច​ឲ្យ​អ្នក​ផ្ញើ​ម៉ូតូ​ឬ​ឡាន​នោះ​ស្កេន​នូវ​ ​QR​ ​CODE​ ​ក្នុង​កម្មវិធី​ ​Somjot​ ​ជាការស្រេច​។​ ​កម្មវិធី​ទូរសព្ទ​ដែល​ជំនួស​ឲ្យ​ការ​កិប​សំបុត្រ​ម៉ូតូ​នេះ​គ្រោង​នឹង​ដាក់ឲ្យ​ដំណើរការ​នៅ​ខែកុម្ភៈ​ឆ្នាំ២០១៩នេះ​ ​។​ ​

​7​.​ ​Tosrean  ​តាមរយៈ​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ជា​គ្រូបង្រៀន​គួរ​ ​លោក​ ​Horm​ ​Chhorleang​ ​និង​មិត្តភក្តិ​បី​រូប​ទៀត​បានសម្រេច​ចិត្ត​បង្កើត​នូវ​គេហទំព័រ​ ​Tos​ ​Rean​ ​ដែល​ជា​គេហទំព័រ​ដើម្បី​ស្វែងរក​គ្រូបង្រៀន​គួរ​តាម​ផ្ទះ​បាន​យ៉ាង​ងាយស្រួល​។​ ​រហូតមកដល់​ពេលនេះ​ ​គេហទំព័រ​ ​Tos​ ​Rean​ ​មាន​គ្រូបង្រៀន​គួរ​ចំនួន​ ​១៨​ ​នាក់​ ​ហើយ​ក្រុម​ ​Tosrean​ ​ក៏​កំពុងតែ​សិក្សា​និង​មាន​គម្រោង​ដើម្បី​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។​ ​

8​.​ Spareasia​ សព្វថ្ងៃ​នេះ​ការស្វែងរក​កន្លែង​ធ្វើការ​រួមគ្នា​សម្រាប់​អ្នកមាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ថ្មី​ ​ឬ​ការិយាល័យ​សម្រាប់​ជួល​ ​ក៏ដូចជា​ការស្វែងរក​កន្លែង​ដែល​ល្អ​និង​ស័ក្តិសម​ដើម្បី​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ​ហាក់​មានការ​លំបាក​ដោយសារតែ​ត្រូវ​ដើរ​ស្វែងរក​ ​និង​សាកសួរ​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​។​ ​ដោយ​មើល​ឃើញ​សក្តា​នុ​ពល​និង​តម្រូវការ​កាន់តែ​ច្រើនឡើង​ ​ទើប​ធ្វើឲ្យ​យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ ​៥នាក់​បានសម្រេច​ផ្តួចផ្តើម​គំនិត​ដើម្បី​បង្កើត​នូវ​គេហទំព័រ​មួយ​ ​(​spareasia.com​)​ ​ដែល​ប្រមូល​ផ្តុំ​នូវ​កន្លែង​ធ្វើការ​រយៈពេល​ខ្លី​ ​(​Co​-​working​ ​Space​)​,​ ​កន្លែង​ប្រជុំ​,​ ​កន្លែង​រៀបចំ​សិក្ខាសាលា​,​ ​កន្លែង​រៀបចំ​កម្មវិធី​ ​(​Event​)​ផ្សេង​ៗ​ ​និង​កន្លែងរាំ​ជាដើម​។​ ​ទើបតែ​បង្កើត​បាន​មួយឆ្នាំ​ប៉ុណ្ណោះ​ក៏ប៉ុន្តែ​ ​spareasia.com​ ​មាន​ទីតាំង​រហូតដល់​ជិត​ ​២០០​ ​កន្លែង​ជាមួយនឹង​តម្លៃ​និង​រូបភាព​នៃ​កន្លែង​នី​មួយ​ៗ​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​spareasia​ ​ក៏​កំពុងតែ​សិក្សា​ដើម្បី​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​ ​និង​ការស្វែងរក​នូវ​ទីតាំង​ជាច្រើន​កន្លែង​ទៀត​នៅ​តាម​សណ្ឋាគារ​ទៀតផង​។​

​9​.​ ​Tosjis​ ឧបមា​ថា​អ្នក​ចង់​ធ្វើដំណើរ​ពី​វិមានឯករាជ្យ​ទៅ​ផ្សារ​ទំនើប​ម៉ាក្រូ​តាមរយៈ​រថយន្តក្រុង​ ​ក៏ប៉ុន្តែ​អ្នក​មិនដឹង​ទេ​ថា​តើ​ខ្សែរថ​យន្ត​ក្រុង​មួយ​ណា​ដែល​អាច​ជូន​អ្នក​ទៅដល់​គោលដៅ​ ​ហើយ​មិនដឹង​ថា​តើ​គួរ​បន្តដំណើរ​តាមផ្លូវ​ណា​ឬ​របៀបណា​ទៀត​ដើម្បី​ទៅដល់​ផ្សារ​ទំនើប​ម៉ាក្រូ​នោះ​ឡើយ​។​ ​ដូច្នេះហើយ​ទើប​យុវជន​មួយ​ក្រុម​ដែល​មាន​គ្នា​ ​៨នាក់​សហការ​គ្នា​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ដោយ​បាន​បង្កើត​ ​កម្មវិធី​ទូរសព្ទ​មួយ​ដែល​មានឈ្មោះ​ថា​ ​«​Tosjis​»​។​ ​ជាមួយនឹង​កម្មវិធី​ទូរសព្ទ​នេះ​ក៏អាច​តាមដាន​នូវ​ដំណើរ​ឡានក្រុង​ដែល​អាច​អនុញ្ញាត​ឲ្យ​យើង​ដឹង​ថា​តើ​ឡានក្រុង​ទៅដល់​ទីណា​ ​និង​ចំណត​ឡាន​នៅកន្លែង​ណា​ ​ហើយ​ត្រូវ​ធ្វើដំណើរ​បន្ត​តាមរយៈ​អ្វី​ទៀតផង​។​ ​Tos​ ​Jis​ ​នឹង​ចាប់ផ្តើម​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅដើម​ឆ្នាំ​ ​២០១៩​ ​នេះ​ផង​ដែរ​។​

​10​.​ Siemreap​ ​Walk​ ​៖ ​គឺជា​កម្មវិធី​ទូរសព្ទ​សម្រាប់​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​តំបន់​អង្គរ​និង​ចង់​ស្វែងយល់​អំពី​ប្រាសាទ​នី​មួយ​ៗ​។​នៅក្នុង​កម្មវិធី​នោះ​ក៏បាន​បង្ហាញ​ភ្ញៀវ​ទេសចរ​ឲ្យបាន​ស្គាល់​នូវ​កន្លែង​ដែល​ទាក់ទាញ​ជាងគេ​បំផុត​នា​ឯ​ខេត្តសៀមរាប​ជាមួយនឹង​អត្ថបទ​ដែល​បង្កប់​ទៅ​ដោយ​ព័ត៌មាន​ជាច្រើន​ទៀតផង​។​ ​បង្កើត​ឡើង​ដោយ​និស្សិត​នៃ​ដេ​ប៉ា​ឌឺ​ម៉ង់​ប្រពន្ធ័​ផ្សព្វផ្សាយ​និង​សារ​គមនាគមន៍​ ​(​DMC​)​ ​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​នូវ​កន្លែង​កម្សាន្ត​នានា​និង​ដូចជា​ប្រាង្គ​ប្រាសាទ​ទាំងឡាយ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ស្គាល់​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​កម្សាន្ត​នៅ​ឯ​ខេត្តសៀមរាប​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS