×

​ចង់​ចាប់​អាជីព​ដើរ​ម៉ូដ​ ​ពិតជា​ចាំបាច់​ត្រូវ​ឆ្លងកាត់​សាលា​ហ្វឹកហាត់​ឬ​?​ ​

FASHION & BEAUTY 5 months ago
 
 

​​            ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​យើង​សង្កេតឃើញ​ថា​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា​ ​ហាក់​មានសន្ទុះ​កើនឡើង​គួរឲ្យ​កត់សម្គាល់​ ​ខ​ណៈឧស្សាហក​ម្ម​ហ្វេ​ហ្សិ​ននៅ​កម្ពុជា​ក៏​ចាប់ផ្តើម​រីកមុខ​រីក​មាត់​រហូត​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ​ ​និង​អន្តរជាតិ​។​ ជា​ការពិត​ណាស់​ ​ម៉ូដែល​ឬ​អាជីព​ដើរ​ម៉ូដ​ ​គឺជា​វិស័យ​មួយ​ដ៏​ស៊ីវិល័យ​ ​ដែល​ស្ថិតនៅ​ក្នុង​ក្តី​ប្រាថ្នា​របស់​យុវវ័យ​សម័យថ្មី​ស្ទើរតែ​គ្រប់រូប​ ​ដោយសារតែ​វិស័យ​នេះ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ដល់​យុវជន​យុវនារី​បាន​បង្ហាញ​ពី​សម្រស់​ ​ក៏ដូចជា​ទេព​កោសល្យ​របស់​ខ្លួន​ប៉ុណ្ណោះទេ​ ​តែ​ថែ​មទាំង​មានឱកាស​បាន​បោះជំហាន​ទៅកាន់​ឆាក​អន្តរជាតិ​ ​បាន​ស្គាល់​មនុស្សជា​ច្រើន​នៅក្នុង​សង្គម​ ​និង​អាច​រក​ប្រាក់ចំណូល​បាន​គួរសម​ផង​ដែរ​។​ ​ខុសពី​ជំ​នាន់​មុន​ៗ​ ​ម៉ូដែល​នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​សុទ្ធតែ​ត្រូវ​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​ ​និង​ចូល​សិក្សា​ជំនាញ​ត្រឹមត្រូវ​នៅក្នុង​សាលារៀន​ ​ចុះ​ហេតុអ្វីបានជា​ម៉ូដែល​គ្រប់រូប​ចាំបាច់​ចូល​បណ្តុះបណ្តាល​ជំនាញ​ដើរ​ម៉ូដ​នៅ​សាលាបង្រៀន​មុន​ពេល​ចេញទៅ​បម្រើ​លើ​វិស័យ​របស់​ខ្លួន​?​ ​ហើយ​ដើម្បី​ជោគជ័យ​លើ​អាជីព​មួយ​នេះ​ ​តើ​ម៉ូដែល​គ្រប់រូប​គួរ​ត្រៀមខ្លួន​ដូចម្តេច​ខ្លះ​ ​និង​មាន​ចំណុច​ពិសេស​អ្វីខ្លះ​?​។​ ​ ​ឆ្លើយតបទៅនឹង​ការ​លើកឡើង​ខាងលើ​ ​សូ​វរីន​ ​បាន​អញ្ជើញ​ ​កញ្ញា​ ​ធឿន​ ​វល​ក្ខ​ណ៍​ ​ដែល​ជា​អ្នកដើរ​ម៉ូដ​អាជីព​ ​និង​ជា​គ្រូបង្រៀន​ដើរ​ម៉ូដ​មួយ​រូប​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​ចូលខ្លួន​មក​បកស្រាយ​លម្អិត​ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍​ដូច​ខាងក្រោម​។​ ​

​            ផ្អែកលើ​បទពិសោធន៍​ប្រលូក​ក្នុង​វិស័យ​ដើរ​ម៉ូដ​ប្រមាណ​ជិត​ ​១០ឆ្នាំ​ ​កញ្ញា​ ​ធឿន​ ​វល​ក្ខ​ណ៍​ ​បាន​លើកឡើង​ថា​ ​ចំណង់​ចំណូលចិត្ត​ ​និង​ឆន្ទៈ​ ​គឺជា​ចំណុច​សំខាន់​ចម្បង​ក្នុង​ការសម្រេច​ចិត្ត​បោះជំហាន​ចូល​មក​ក្នុង​វិស័យ​ដើរ​ម៉ូដ​នេះ​ ​ដែល​សំខាន់​ត្រូវ​សួរ​ខ្លួនឯង​ជាមុន​ថា​តើ​ពិតជា​ស្រឡាញ់​ផ្នែក​ហ្នឹង​ពិតមែន​ឬ​អត់​?​ ​ឬ​គ្រាន់តែ​ស្រឡាញ់​បែប​លេង​ៗ​ ​ឬ​គ្រាន់តែ​ឃើញ​គេ​ធ្វើ​ក៏​ធ្វើតាម​គេ​?​​ ​ជា​ការពិត​អ្វីក៏ដោយ​ប្រសិនបើ​យើង​ស្រឡាញ់​ហើយ​ ​យើង​នឹង​ដាក់ចិត្ត​ធ្វើ​វា​អស់ទាំង​កម្លាំងកាយ​ចិត្ត​ ​និង​ខិតខំ​ពុះពារ​រហូត​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ ​ដូចជា​អាជីព​ដើរ​ម៉ូដ​នេះឯង​ ​ថ្វី​ដ្បិត​គ្រាន់តែ​ជា​ការ​ដើរ​បង្ហាញ​រាង​នៅ​លើ​ឆាក​ ​ប៉ុន្តែ​ក្នុង​នោះ​ទាមទារ​ការ​ពុះពារ​ច្រើន​ដំណាក់កាល​ទម្រាំ​អាច​បង្ហាញខ្លួន​នៅ​លើ​ឆាក​ប្រកបដោយ​ភាព​ជឿជាក់​ ​និង​ជំនាញ​ច្បាស់លាស់​។​ ​យ៉ាងណាមិញ​ ​ការ​ចាប់​យក​ជំនាញ​មួយ​ច្បាស់លាស់​រមែង​ត្រូវ​មានការ​ហ្វឹកហាត់​រៀនសូត្រ​ត្រឹមត្រូវ​ពី​គ្រូ​ជំនាញ​ ​ជាក់ស្តែង​ ​គ្រូបង្វឹក​ម៉ូដែល​ដ៏​ជំនាញ​ម្នាក់​នេះ​បាន​រៀបរាប់​បន្ត​ថា​ ​វា​ពិតជា​ចាំបាច់​ណាស់​ដែល​អ្នក​ចង់​ចាប់​អាជីព​ដើរ​ម៉ូដ​គួរគប្បី​ចូល​សិក្សា​រៀនសូត្រ​ ​និង​ហ្វឹកហាត់​នៅ​សាលារៀន​ដើម្បី​ទទួល​បាន​នូវ​ជំនាញ​ពិតប្រាកដ​យក​ទៅ​បម្រើ​លើ​វិស័យ​របស់​ខ្លួន​ប្រកបដោយ​ភាព​ជោគជ័យ​។​ ​ការ​ចូល​សិក្សា​ជំនាញ​នៅ​សាលា​ដើរ​ម៉ូដ​ ​សិស្ស​នឹង​បាន​យល់ដឹង​អំពីអ្វី​ទៅជា​ការ​ដើរ​បង្ហាញ​ម៉ូដ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ ​ការ​កែ​ដំណើរ​ ​ការរៀបចំ​ឥរិយាបថ​ ​សុជីវធម៌​ការងារ​ ​ការ​ទំនាក់ទំនង​ ​និង​ការ​កែប្រែ​នូវ​ចំណុច​ខ្វះខាត​ ​រួម​ទាំង​ការ​ថែរក្សា​សម្រស់​ ​និង​សុខភាព​ផង​ដែរ​ ​ដែល​ទាំងនេះ​សុទ្ធសឹង​ជា​គ្រឹះ​សំខាន់​ក្នុង​ការ​បោះជំហាន​ចូល​ប្រឡូក​វិស័យ​នៃ​ពិ​ភព​ហ្វេ​ហ្សិ​ននេះ​។​ ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ​កន្លងមក​មាន​ម៉ូដែល​ដើរ​ម៉ូដ​មួយចំនួន​ដែល​មិនធ្លាប់​ឆ្លងកាត់​ការ​ហ្វឹកហាត់​ក៏បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ដើរ​ម៉ូដ​ផង​ដែរ​ ​ទទួលស្គាល់​ថា​គាត់​ពិតជា​អាច​ដើរ​បាន​ ​ក៏ប៉ុន្តែ​គ្រាន់តែ​ការ​ដើរ​របស់​គាត់​គឺ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ ​ពិសេស​គាត់​មិនដឹង​ច្បាស់​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​។​ ​

​            ក្រៅពី​ការ​ចូល​ហ្វឹកហាត់​នៅ​សាលារៀន​ជា​កត្តាចាំបាច់​ ​ជាង​នេះ​ទៀតសោត​ ​គ្រូបង្វឹក​រូប​ស្រស់​ ​ធឿន​ ​វល​ក្ខ​ណ៍​ ​ក៏បាន​បង្ហើប​អំពី​ការ​ត្រៀមខ្លួន​ ​និង​ចំណុច​សំ​ខាន់​ៗ​នៅពេល​ចាប់ផ្តើម​ការងារ​ផង​ដែរ​ថា​ ​ក្នុងនាម​ជា​អ្នកដើរ​ម៉ូដ​អាជីព​ម្នាក់​ ​យើង​ត្រូវ​មាន​ភាព​សកម្ម​ក្នុង​ការស្វែងរក​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗ​ ​គំ​និ​ត​ថ្មី​ៗ​ ​តាមរយៈ​ការ​មើលរូប​ភាព​ហ្វេ​ហ្សិន​តាម​ប្រព័ន្ធ​អន​ឡាញ​ ​តាមដាន​វីដេអូ​ការ​ដើរ​ម៉ូដ​លក្ខណៈ​ជាតិ​ ​និង​អន្តរជាតិ​គ្រប់​រដូវ​កាល​ ​ស្វែងយល់​ពី​ស្ទីល​លេងខ្លួន​ ​និង​ការ​កាច់​ស្ទីល​ ​ដែល​សុទ្ធតែ​ជា​ស្នូល​ដ៏​សំខាន់​ដើម្បី​យក​មក​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​លើស​ពីនេះ​ការ​ថែរក្សា​សម្រស់​ ​និង​សុខភាព​គឺជា​ផ្នែក​មួយ​សំខាន់​ដែល​តែងតែ​ដើរ​ទន្ទឹមគ្នា​ផង​ដែរ​ ​យើង​ត្រូវ​ថែរក្សា​សម្រស់​ស្បែក​ ​និង​ក្រឹត្យក្រម​របប​អាហារ​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​រក្សា​រាង​ឲ្យ​ស្លី​ម​ថេរ​ ​ពិសេស​គេង​ឲ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់​ ​៨ម៉ោង​ក្នុង​មួយថ្ងៃ​ ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​និង​គួរ​ចំណាយពេល​ធ្វើលំ​ហាត់ប្រាណ​ជាប្រចាំ​ដែល​សំខាន់​លំហាត់​ប្រាណ​សម្រាប់​ស្ត្រី​រាង​ស្អាត​គឺ​យូ​ហ្គា​។​ ​កាន់តែ​ខានមិនបាន​ទៀត​នោះ​ ​ធ្វើជា​ម៉ូដែល​គឺ​ត្រូវ​បោះបង់​ភាព​ខ្មាសអៀន​ចោល​ឲ្យអស់​ ​ដោយ​ប្រមូល​មកវិញ​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​ដើម្បី​ធ្វើឲ្យ​ការ​បោះជំហាន​នៅ​លើ​ឆាក​ប្រកបដោយ​ទំនុកចិត្ត​ ​និង​ពោរពេញ​ដោយ​ថាមពល​។​ ​

​ ​           ជាចុងក្រោយ​ ​តារា​បង្ហាញ​ម៉ូដ​ ​និង​ជា​គ្រូបង្វឹក​ដើរ​ម៉ូដ​ ​កញ្ញា​ ​ធឿន​ ​វល​ក្ខ​ណ៍​ ​បាន​មាន​មតិ​ផ្តាំផ្ញើ​ដល់​មិត្ត​ៗ​នារី​គ្រប់រូប​ដែល​មានបំណង​ចង់​ក្លាយទៅជា​អ្នកដើរ​ម៉ូដ​អាជីព​ថា​ ​ប្រសិន​បើ​មិត្ត​ៗ​នារី​ស្រឡាញ់​អាជីព​ដើរ​ម៉ូដ​ ​ត្រូវ​ប្រាកដ​ចិត្ត​ឲ្យ​ច្បាស់​ហើយ​ដាក់ចិត្ត​ធ្វើឲ្យ​អស់ពី​សមត្ថភាព​ ​ពីព្រោះ​បើ​យើង​ប្រឹងប្រែង​កាលណា​ភាព​ជោគជ័យ​នឹង​រត់​មករ​ក​យើង​កាលនោះ​ដែរ​ ​អ្វី​កាន់តែ​សំខាន់​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​រក្សា​សម្រស់​ ​និង​សុខភាព​រួម​ទាំង​ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ជាចម្បង​។​ ​

​​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កញ្ញា​ ​ធឿន​ ​វល​ក្ខ​ណ៍​ ​គឺជា​តារា​បង្ហាញ​ម៉ូដ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​និង​ជា​គ្រូបង្រៀន​ដើរ​ម៉ូដ​ដ៏​ឆ្នើម​នៅក្នុង​ក្រុមហ៊ុន​ ​Agency​ ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ ​ដែល​បច្ចុប្បន្ន​កញ្ញា​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​នៅក្នុង​វិស័យ​ដើរ​ម៉ូដ​របស់​ខ្លួន​ ​ហើយ​កន្លងមក​កញ្ញា​ក៏​ធ្លាប់​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​ដើរ​ម៉ូដ​ធំៗ​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​ ​និង​រមែង​លេចមុខ​មាត់​នៅក្នុង​ការ​ថ​ត​ស្ព​ត​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ពិសេស​ក្នុង​វិ​ស័យ​ហ្វេ​ហ្សិន​តែម្តង​៕​ ​

Article​ ​by​ HEM SOKKHIM



SUGGESTIONS