×

តិចនិច​ជ្រើសរើស​ស្បែកជើង​ឲ្យ​ស័ក្តិសម​នឹង​ប្រភេទ​ដំណើរ​កម្សាន្ត

FASHION & BEAUTY 5 years ago
 
 

          មុន​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​កន្លែងណា​មួយ​ ​ស្ត្រី​គឺជា​មនុស្សម្នាក់​ដែល​ចូលចិត្ត​រៀបចំ​គ្រប់ជ្រុងជ្រោយ​ទុកជាមុន​ ​ជាពិសេស​គឺ​ការរៀបចំ​ខ្លួន​ឲ្យ​ស័ក្តិសម​ទៅ​នឹង​កន្លែង​ដែល​ត្រូវ​ទៅ​តែ​ម្តង។​ ​ក្នុង​នោះ​ក្រៅពី​ការរៀបចំ​សម្លៀកបំពាក់​ឲ្យ​ស៊ីមេទ្រី​ទៅ​នឹង​បរិយាកាស​ទីកន្លែង​ ​ការ​ជ្រើសរើស​ស្បែកជើង​ក៏​ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​លើក​សម្រស់​ក៏ដូចជា​ផ្តល់​ឲ្យ​ការ​ធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ស្រប​ពេល​រដូវ​កាល​ចុងឆ្នាំ​គឺជា​វេលា​អំណោយផល​សម្រាប់​ដំណើរ​កម្សាន្ត​ទៅកាន់​គ្រប់ទិសទី​ ​សូ​វរីន​ ​សូម​លើកយក​នូវ​តិច​និច​ក្នុង​ការ​ជ្រើសរើស​ស្បែកជើង​ឲ្យ​ស័ក្តិសម​ទៅ​នឹង​ដំណើរ​កម្សាន្ត​ ​ដែល​មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ស្រស់​ស្អាត​ ​និង​ផាសុកភាព​ក្នុង​ការ​ធ្វើដំណើរ​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​ផ្តល់​មកវិញ​នូវ​ស្ទីល​ហ្វេ​ហ្សិ​នដ៏​ស៊ីវិល័យ​ដែល​បត់បែន​ទៅតាម​កន្លែង​កម្សាន្ត​នី​មួយ​ៗ​ផង​ដែរ​។​

​          ជា​ការពិត​ណាស់​ ​ស្បែកជើង​មាន​ច្រើន​ប្រភេទ​សម្រាប់​ជ្រើសរើស​ ​ប៉ុន្តែ​ក្នុង​នោះ​ស្បែកជើង​ស័ក្តិសម​បំផុត​ចំពោះ​ដំណើរ​កម្សាន្ត​មាន​ចំនួន​ ​៣ប្រភេទ​ដូចជា​ ​ស្បែកជើងផ្ទាត់​ឬ​ស្បែកជើងសង្រែក​ ​ស្បែក​ជើង​ប៉ាតា​ ​និង​ស្បែកជើង​ឃ្លុប​មុខរាបស្មើ​។​ ​ចុះ​តើ​ស្បែកជើង​ប្រភេទ​នី​មួយ​ៗ​មាន​លក្ខណៈ​ពិសេស​យ៉ាងដូច​ម្តេច​ ​ហើយ​តើ​វា​ស័ក្តិសម​នឹង​ប្រភេទ​ដំណើរ​កម្សាន្ត​បែប​ណាខ្លះ​?​ ​តោះ​!​ ​យើង​ទៅ​ទស្សនា​ទាំងអស់គ្នា​ដូច​ខាងក្រោម​៖​ ​

1​.​ស្បែកជើងផ្ទាត់​ឬ​សង្រែក​ ​ប្រសិន​បើ​មិត្ត​ៗ​នារី​មាន​គម្រោង​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​សមុទ្រ​ ​ឬ​ទីកន្លែង​កម្សាន្ត​ណា​ដែល​មាន​ទឹក​ ​ស្បែកជើងផ្ទាត់​ ​និង​ស្បែកជើងសង្រែក​គឺជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​។​ ​ត្រូវ​នឹង​បរិយាកាស​ ​ត្រូវ​នឹង​ស្ថានភាព​ទីកន្លែង​ ​ហើយ​ថែមទាំង​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៀតផង​។​ ​សុភាពនារី​អាច​ជ្រើសរើស​ស្បែកជើងផ្ទាត់​ពណ៌​លេច​ៗ​ ​ឬ​មាន​បន្ថែម​ម៉ូដ​ផ្កា​រំលេច​ពិតជា​ផ្តល់​នូវ​ភាព​ទាក់ទាញ​បំផុត​ ​ចំណែក​ស្បែកជើងសង្រែក​ក៏​ដូចគ្នា​ផង​ដែរ​ ​អាច​ជ្រើសរើស​ពណ៌​ឲ្យ​ស៊ីគ្នា​នឹង​ឈុត​ ​ជា​ប្រភេទ​ធ្វើ​ពី​ខ្សែ​ ​ជ័រ​ ​ឬ​ក្រណាត់​ ​ដែល​បំពាក់​ទៅ​នឹង​ឃើញ​រាង​ជើង​ស្រលូន​ស្អាត​ ​និង​សមសួន​នឹង​បរិយាកាស​លើ​ឆ្នេរខ្សាច់​។​

2​.​​ស្បែក​ជើង​ប៉ាតា​ ​(​Sneaker​)​ ​ ​បច្ចុប្បន្ន​ស្បែក​ជើង​ប៉ាតា​ជា​ប្រភេទ​ស្បែកជើង​ពេញនិយម​បំផុត​សម្រាប់​ការ​ធ្វើដំណើរ​វែងឆ្ងាយ​ ​ហើយ​វា​ក៏​ស័ក្តិសម​បំផុត​ចំពោះ​ការ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ភ្នំ​ ​ទេសចរ​ក្នុង​ទីក្រុង​ ​ឬ​ធ្វើដំណើរ​ថ្មើរជើង​គ្រប់​ទីកន្លែង​ដែល​គ្មាន​ទឹក​ ​និង​ដើរ​រយៈពេល​យូរ​។​ ​ដើម្បី​បន្ថែម​ភាព​ស្រស់​សង្ហា​ចំពោះ​ដំណើរ​កម្សាន្ត​របស់​អ្នក​ជម្រើស​ពណ៌​លេច​ៗ​គឺ​ពិតជា​ទាន់សម័យ​បំផុត​ ​និង​មើលទៅ​មាន​ភាព​ទាក់ទាញ​រាល់ពេល​បោះជំហាន​ផង​ដែរ​ ​រី​ឯ​ការ​ជ្រើសរើស​ស្បែក​ជើង​ប៉ាតា​ដែល​ផ្តល់​នូវ​ផាសុកភាព​ក្នុង​ការ​ធ្វើដំណើរ​បាន​ពេញមួយថ្ងៃ​ ​គឺ​ស្បែកជើង​ដែល​មាន​សភាព​ទន់​ ​ស្រាល​ ​មាន​ខ្យល់​ចេញចូល​ល្អ​ ​បើ​អាច​ជ្រើសរើស​ប្រភេទ​ស្រោប​ក្រណាត់​យឺត​ព្រោះ​មិន​ងាយ​បែកញើស​។​

3​.​ស្បែកជើង​ឃ្លុប​មុខរាបស្មើ​ ​ ស្បែកជើង​ប្រភេទ​នេះ​ផ្តល់​នូវ​ភាព​ទាន់សម័យ​មួយ​បែប​ ​និង​ស៊ីគ្នា​ជាមួយ​ការ​ស្លៀកពាក់​បែប​ស្ទីល​រៀបចំខ្លួន​ប្រចាំថ្ងៃ​ ​ហើយក៏​ស័ក្តិសម​ចំពោះ​ដំណើរ​កម្សាន្ត​លក្ខណៈ​ជិ​តៗ​ដូចជា​ដើរ​ផ្សារ​ ​ទៅ​ទទួលទាន​អាហារ​ពេលល្ងាច​ ​និង​ដើរកម្សាន្ត​ទី​ជិ​តៗ​ជាមួយ​មិត្តភក្តិ​ ​និង​ក្រុម​គ្រួសារ​ជាដើម​។​

​          ​និយាយរួម​មក​ ​ការ​ជ្រើសរើស​ស្បែកជើង​ទៅតាម​ដំណើរ​កម្សាន្ត​គឺ​ពិតជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​ហើយ​ប្រសិនបើ​អាច​រាល់​ដំណើរ​កម្សាន្ត​ច្រើនថ្ងៃ​សុភាពនារី​គួរតែ​មាន​ស្បែកជើង​ទាំង​បី​ប្រភេទ​នេះ​ទៅតាម​ខ្លួន​ ​ដើម្បី​ពាក់​ឲ្យ​សមស្រប​គ្រប់​កាលៈទេសៈ​។​ ​ថែម​លើស​ពីនេះ​ ​រាល់​ដំណើរ​កម្សាន្ត​ក្រោម​កំ​ដៅ​ថ្ងៃ​ ​សុភាពនារី​គ្រប់រូប​គួរគប្បី​ថែរក្សា​សម្រស់​ឲ្យខ្ជាប់​ខ្ជួន​ដោយ​លាប​ឡេ​ការពារ​កំ​ដៅ​ថ្ងៃ​ទាំង​មុខ​ ​និង​ដងខ្លួន​ ​ព្រមទាំង​ពាក់​មួ​ក​ធំៗ​ ​និង​ពាក់អាវ​ដៃ​វែង​ដើម្បី​ការពារ​សម្រស់​ក៏ដូចជា​ការ​លេង​ស្ទីល​ប្លែក​មួយ​បែប​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ផង​ដែរ​៕

Article by​ ​HEM​ ​SOKKHIM​ ​


SUGGESTIONS