×

លោកតា​ម្នាក់​តស៊ូ​ជិះកង់​ពី​ខេត្ត​លក់​ស្បែកជើង​កង់ឡាន​រំឭក​អនុស្សាវរីយ៍​របប​ខ្មែរក្រហម​

NEWS 5 years ago
 
 

          ស្បែកជើង​កង់ឡាន​ជា​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដ៏​សំខាន់​មួយ​របស់​ពួក​កម្មាភិបាល​ក្នុង​សម័យ​ខ្មែរក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃ​ ​កាលពី​ជាង៤០ឆ្នាំមុន​។​ ​កូនខ្មែរ​ជំនាន់​ក្រោយដែល​កើត​ពុំ​ទាន់សម័យ​នោះ​ក៏​គង់នៅ​តែ​បានឮ​ពាក្យ​ដំណាល​ពី​ចាស់ទុំ​ក្នុង​ក្រុម​គ្រួសារ​ ​ឬ​ ​ដឹង​តាមរយៈ​វីដេអូ​-​ភាពយន្ត​ប្រវត្តិ​សា​ស្រ្​ត​ផ្សេង​ៗ​ ​ឬ​ ​បាន​ ​ឃើញ​រូបថត​ឯកសារ​នៅពេល​ទៅ​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​ឬ​ ​គុក​ ​ស២១​។​ ​អស់​រយៈ​ ​កាល​ជាច្រើន​ទសវត្សរ៍​កន្លងមក​ ​ស្បែកជើង​កង់ឡាន​នេះ​នៅតែ​ឈ្មោះ​ ​ប៉ុន្តែ​វា​បាន​រលាយ​បាត់​រូបរាង​លែង​ ​មាន​អ្នកប្រើ​ប្រាស់​ទៅ​ហើយ​។​ ​ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោកតា​ម្នាក់​មក​ពី​ខេត្តតាកែវ​បាន​ត្រាច់ចរ​ ​ផ្សងព្រេង​មកដល់​ទីក្រុង​ភ្នំពេញ​តែម្នាក់ឯង​ដើម្បី​បង្ហាញ​ស្នាដៃ​ហត្ថកម្ម​នៃ​ការផលិត​ស្បែកជើង​កង់ឡាន​ ​ដែល​ខ្មែរ​ធ្លាប់​បាន​ប្រើប្រាស់​ក្នុង​សម័យ​អតីតកាល​នោះ​ឡើងវិញ​ដើម្បីកុំឲ្យ​បាត់បង់​ស្លាកស្នាម​ប្រវត្តិ​សាស្រ្ត​។​

          ស្ថិត​ក្នុង​វ័យ៨៧ឆ្នាំ​ ​លោក​ព្រឹទ្ធា​ចារ្យ​ ​សំរិទ្ធ​ ​អ៊ុន​ ​បានសម្រេច​ចិត្ត​ជិះកង់​លក់​ស្បែកជើង​កង់ឡាន​ដែល​ ​ខ្លួន​គាត់​បាន​កែច្នៃ​ជា​ម៉ូដ​ផ្សេង​ៗ​មកដល់​ទីក្រុង​ភ្នំពេញ​ ​ព្រមទាំង​បណ្តា​ខេ​ត្ត​ផ្សេង​ៗ​មួយចំនួន​ផង​ដែរ​។​ ​លោក​ ​តា​ ​អ្នក​ខេត្តតាកែវ​រូប​នេះ​ ​បាន​រៀបរាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា​ ​ដោយសារ​ទឹកចិត្ត​ស្រលាញ់​ការងារ​ហត្ថកម្ម​ ​និង​ ​ចង់បាន​ចំណូល​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ផង​នោះ​ ​លោកតា​បាន​ប្រមូល​ទិញ​សម្បក​កង់​ឡាន​ចាស់​ៗ​ដែលគេ​ ​ឈប់​ប្រើប្រាស់​ហើយ​នោះ​មក​កាត់ដេរ​ជា​ស្បែកជើង​កង់ឡាន​យ៉ាង​ស្រស់​ស្អាត​ជាច្រើន​ម៉ូដ​តាម​ការ​ច្នៃ​ប្រតិដ្ឋ​។​ ​លោកតា​បញ្ជាក់​ថា​ ​បើ​ទោះបីជា​លោកតា​បាន​ហែល​ឆ្លង​របប​វាល​ពិឃាដ​ដ៏​សាហាវ​ព្រៃ​ផ្សែ​នេះ​ក៏​ពិតមែន​ ​ប៉ុន្តែ​លោកតា​ពុំ​បាន​ចេះ​ជំនាញ​ផលិត​ស្បែកជើង​កង់ឡាន​ពី​សម័យ​នោះ​ឡើយ​ ​ទើបតែ​ជំនាន់​ក្រោយមក​ ​លោកតា​បាន​ចេញដំណើរ​ពី​ស្រុកកំណើត​ទៅរៀន​សូត្រ​ពី​អ្នក​ដែល​ចេះ​ជំនាញ​នេះ​នៅ​ខេត្តបាត់ដំបង​ ​ហើយ​បន្ទាប់មក​លោកតា​ក៏​មក​ចាប់​អាជីព​នេះ​នៅ​ស្រុកកំណើត​វិញ​។     

         លោក​ ​រឿម​ ​ភារី​ ​រស់នៅ​សង្កាត់​ទឹកថ្លា​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​អ្នកទទួល​ទិញ​ស្បែកជើង​ ​កង់ឡាន​ពី​លោកតា​ ​សំរិទ្ធ​ ​អ៊ុន​ ​បាន​ប្រាប់​គេហទំព័រ​ទស្សនាវដ្តី​សូ​វរីន​ថា​ ​«​ស្បែកជើង​លោកតា​ទទួល​បានការ​ ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ពលរដ្ឋខ្មែរ​ ​ជាពិសេស​អ្នក​ដែល​ធ្លាប់​បាន​ហែល​ឆ្លង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ​កាលពី​ជាង៤ទសវត្សរ៍​មុន​។​ ​លោកអ្នក​អាច​ទិញ​ធ្វើជា​អនុស្សាវរីយ៍​មួយ​ដែល​កន្លងមក​។​ ​ស្បែកជើង​នេះ​ ​ហើយដែល​បាន​ជួយ​លោកអ្នក​ពី​ការ​មុត​បន្លា​ ​និង​ ​ការពារ​ជើង​របស់​លោកអ្នក​ ​ខណៈ​ពេល​ធ្វើ​កសិកម្ម​ ​និង​ ​ដើរចូល​ព្រៃ​។​»​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​«​ខ្ញុំ​បាន​ជួយ​ទិញ​គាត់​យក​មក​លក់​បន្ត​នៅក្នុង​តម្លៃ​សមរម្យ​បំផុត​ដើម្បី​ជួយ​រក​ទីផ្សារ​ឲ្យ​គាត់​។​ ​ខ្ញុំ​មាន​ ​បំណង​តែមួយគត់​គឺ​ជួយ​គាត់​ឲ្យ​គាត់​ឈប់​ជិះកង់​ដើរ​លក់​ ​តែ​ចាំតែ​ធ្វើ​នៅផ្ទះ​ ​ហើយ​ទុកឲ្យ​ខ្ញុំ​ជា​អ្នកលក់​ ​ជំនួស​វិញ​។​ ​ការ​ធ្វើបែប​នេះ​នឹង​ជួយ​គាត់​បាន​ច្រើន​ព្រោះ​បើ​គាត់​លក់រាយ​ ​យូរ​ៗ​មាន​អ្នកទិញ​ម្នាក់​ ​តែ​ត្រូវ​ ​ចំណាយពេល​ជិះកង់​ជាច្រើន​គីឡូម៉ែត្រ​ ​ពិតជា​មិន​ងាយ​ទេ​!​ ​ដូច្នេះ​ ​ខ្ញុំ​បាន​ទិញ​គាត់​ក្នុង​តម្លៃ​ខ្ពស់​ ​ដូច​គាត់​ ​លក់រាយ​ដូច្នោះ​ដែរ​ ​ហើយ​លក់​បន្ត​ក្នុង​តម្លៃ​សមរម្យ​ជូន​បងប្អូន​។​»​

          លក្ខណៈ​ពិសេស​របស់​ស្បែកជើង​កង់ឡាន​ ​ដែល​ជនបរទេស​ស្គាល់​ថា​ជា​ ​«​ស្បែកជើង​ប៉ុ​លព​ត​»​ ​នោះ​ ​គឺ​វា​ជា​ប្រភេទ​ស្បែកជើង​ដែល​មាន​ក្រឡា​ស្អាត​ ​ជាប់​ស្វិត​រឹងមាំ​បាន​យូរអង្វែង​មិន​ងាយ​ខូច​។​ ​មិន​ត្រឹមតែ​ ​ប៉ុណ្ណោះ​ ​អ្នកប្រើ​ប្រាស់​គ្រប់រូប​អាច​ពាក់​វា​បាន​យ៉ាង​ងាយស្រួល​ ​មិនថា​ប្រុសស្រី​ក្មេង​ចាស់​នោះ​ទេ​។​ ​លើស​ ​ពីនេះ​ទៅទៀត​ ​អ្នក​ថត​ខ្សែភាពយន្ត​ ​ឬ​ ​វីដេអូ​បែប​ប្រវត្តិ​សាស្រ្ត​ក៏អាច​ជាវ​វា​ ​យក​ទៅ​ថត​ស្របតាម​លំនាំ​ ​តថភាព​នៃ​សម័យកាល​ប្រល័យ​ពូជសាសន៍​ ​រី​ឯ​ម្ចាស់ហាង​កាហ្វេ​ ​ឬ​ ​វិចិត្រសាល​នានា​ក៏អាច​ដាក់​តាំង​ស្បែក​ ​ជើង​ប្រភេទ​នេះ​ជា​វត្ថុ​លម្អ​ដើម្បី​ឆ្លុះបញ្ចាំង​ពីរ​បត់​ប្រវត្តិ​សាស្រ្ត​ដ៏​ធំ​មួយ​មិន​អាច​បំភ្លេច​បាន​របស់​ប្រទេស​កម្ពុជា​ ​ព្រមទាំង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ​។​ ​

          ប្រសិនបើ​លោកអ្នក​ចាប់អារម្មណ៍​ ​លោកអ្នក​អាច​ធ្វើការ​ទាក់ទង​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុ​ក​ ​«​ហាង​លក់​ស្បែកជើង​កង់ឡាន​អនុស្សាវរីយ៍​សម័យ​ខ្មែរក្រហម​»​ ​ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម​ ​ឬ​ ​ដើម្បី​ ​ទំនាក់ទំនង​ជួយ​ឧប​ត្ថ​ម្ភ​ផ្សេង​ៗ​ចំពោះ​លោកតា​ ​សំរិទ្ធ​ ​អ៊ុន​ ​ដែល​ជា​ចាស់ទុំ​ម្នាក់​មានការ​តស៊ូ​ខ្ពស់​និង​មាន​បទ​ ​ពិសោធន៍​គួរ​ជាទី​គោរព​រាប់អាន​បំផុត​ ​ព្រោះ​លោក​ចេះ​បង្កើត​ការងារ​ដោយខ្លួនឯង​ ​មិន​លាដៃ​សុំទាន​អ្នក​ ​ដទៃ​ដើម្បី​ក្រពះ​ឡើយ​៕

Article by SRIN SOKMEAN  


SUGGESTIONS