×

មជ្ឈ​មណ្ឌល​របក​គំហើញ​ធម្មជាតិ​ដំបូង​បង្អស់​នៅ​កម្ពុជា

NEWS 5 years ago
 
 

          ក្នុង​វីឡា​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​តុបតែង​សម្បូរទៅដោយ​ដើម​រុក្ខជាតិ​ជាច្រើន​ប្រភេទ​ ​សត្វព្រៃ​សិប្បនិម្មិត​ ​គ្រោងឆ្អឹង​សត្វ​ ​និង​របកគំហើញ​ធម្មជាតិ​ជាច្រើន​ ​ក្នុង​ទីធ្លា​និង​បរិវេណ​ដ៏​ធំ​ទូលាយ​ ​និង​ផ្នែក​ខាងក្នុង​វីឡា​មួយ​កន្លែងនៅ​កណ្តាល​ក្រុង​សៀមរាប​ ​ត្រូវ​បាន​អង្គការ​ ​Fauna​ ​in​ ​Focus​ ​ដែល​ជា​អង្គការ​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ស្រលាញ់​ធម្មជាតិ​និង​អ្នក​យល់ដឹង​ពី​ធម្មជាតិ​ទាំង​ខ្មែរ​និង​បរទេស​បាន​កែ​ក្លាយជា​មជ្ឈមណ្ឌល​របកគំហើញ​ធម្មជាតិ​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​។​ ​មជ្ឈមណ្ឌល​របកគំហើញ​ធម្មជាតិ​នេះ​នឹង​ចាប់ផ្តើម​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ ​ថ្ងៃទី​ ​១៩​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២០១៩​ ​ខាងមុខនេះ​ ​ហើយនឹង​ចាប់ផ្តើម​បើកទ្វារ​ទទួលស្វាគមន៍​អ្នក​ស្រលាញ់​ធម្មជាតិ​ ​អ្នក​ចង់​យល់ដឹង​ពី​ធម្មជាតិ​ ​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​ចាប់ពី​ម៉ោង​ ​ប្រាំបួន​ព្រឹក​ ​រហូតដល់​ម៉ោង​ ​ប្រាំ​ ​ល្ងាច​ពី​ថ្ងៃ​ចន្ទ​ ​ដល់​ ​ថ្ងៃសុក្រ​។​ ​គម្រោង​របកគំហើញ​ធម្មជាតិ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​រវាង​ ​មនុស្ស​និង​ធម្មជាតិ​និង​ជា​ការ​ផ្សព្វផ្សាយ​អំពី​ជីវចម្រុះ​ ​សត្វព្រៃ​និង​ធម្មជាតិ​ដ៏​ផូរផង់​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

Image Courtesy:  Nature Discovery Center

          ​ ​មជ្ឈមណ្ឌល​នេះ​ក៏​ជាទី​កន្លែង​សម្រាប់​បង្ហាត់បង្រៀន​និង​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​អត្ថ​ប្រយោជន៍​នៃ​ធម្មជាតិ​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​ស្ថានភាព​រស់នៅ​របស់​មនុស្ស​បច្ចុប្បន្ន​។​ ​ទៀតសោត​ក៏​ជាទី​កន្លែង​ដែល​អនុញ្ញាតិ​ឲ្យ​យើង​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ស្ថាន​ប្រព័ន្ធ​នៃ​ធម្មជាតិ​និង​ជីវចម្រុះ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​និង​ ​រូបភាព​សិប្បនិម្មិត​ ​(​AR​)​ ​ផង​ដែរ​។​ ​រោងកុន​តូច​មួយ​ដែល​នឹង​ចាក់​ផ្សាយ​អំពី​ជីវិត​សត្វព្រៃ​និង​ធម្មជាតិ​ ​ក៏​នឹង​មាន​វត្តមាន​នៅក្នុង​មជ្ឈមណ្ឌល​នេះ​ទៀតផង​។​ ​នៅ​ទីធ្លា​ខាងមុខ​គឺជា​សួនច្បារ​ធម្មជាតិ​ដែលគេ​បាន​រៀបចំ​លម្អ​ទៅ​ដោយ​ដើម​រុក្ខជាតិ​ជាច្រើន​ប្រភេទ​ ​ដែល​បង្ហាញ​អំពី​ភាព​ឆើតឆាយ​នៃ​ធម្មជាតិ​និង​រួមបញ្ចូល​ជាមួយនឹង​សួន​ផ្កា​តូច​ៗ​ ​និង​សួន​បន្លែ​ខ្លះ​ៗ​ជាច្រើន​ទៀតផង​។​ ​របកគំហើញ​ ​ផូស៊ីល​សត្វ​ ​វិចិត្រសាល​រូបភាព​ជាច្រើន​ទៀត​ក៏​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ខាងក្នុង​មជ្ឈមណ្ឌល​ជាមួយនឹង​ការ​តុបតែង​បែប​ធម្មជាតិ​ពិ​តៗ​ទៀតផង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​Fauna​ ​in​ ​Focus​ ​នឹង​បើកឱកាសឲ្យ​សិស្ស​និស្សិត​ចុះ​ធ្វើ​កម្មសិក្សា​ ​និង​ស្វែងយល់​អំពី​ធម្មជាតិ​ជាមួយនឹង​អ្នកជំនាញ​នៅ​មជ្ឈមណ្ឌល​របកគំហើញ​ធម្មជាតិ​នេះ​ថែមទៀត​ផង​។​

Image Courtesy:  Nature Discovery Center

​ដើម្បី​ចង់​ដឹងពី​ទីតាំង​មជ្ឈមណ្ឌល​របកគំហើញ​ធម្មជាតិ​ ​សូម​ចុច​នូវ​តំណរ​លីង​នេះ ​៖ ​https://goo.gl/maps/gxqqpyE61F22

​          គួរ​បន្ថែម​ផង​ដែរ​ថា​ ​អង្គការ​ ​Fauna​ ​in​ ​Focus​ ​ចាប់ផ្តើម​ដំណើ​ការ​នៅ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​ ​២០១៥​ ​ក្នុង​បេសកកម្ម​មួយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ជីវិត​សត្វព្រៃ​ ​និង​ធម្មជាតិ​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ជ្រាប​កាន់តែ​ច្បាស់​អំពី​ស្ថាន​ប្រព័ន្ធ​ ​និង​ជីវចម្រុះ​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​និង​ដើម្បី​ផ្សព្វផ្សាយ​ចំ​នេះ​ដឹង​អំពី​ធម្មជាតិ​ទៅដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ស្រលាញ់​ធម្មជាតិ​ ​ដើម្បី​ការពារ​ភពផែន​ដី​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕​

​Article​ ​by​ ​KEO​ ​SONG


SUGGESTIONS