×

នៅពេល​ដែលគេ​ច្នៃ​ពោះវៀន​ម៉ូតូ​ជា​សម្ភារ​ប្រើប្រាស់​ហើយ​អាច​លក់​ចេញ​ទៅ​អ៊ឺ​រ៉ុ​បទៀ​ត​ផង​

NEWS 7 months ago
 
 

​          ពោះវៀនកង់​ ​ជាទូទៅ​ប្រជាជន​ខ្មែរយើង​តែង​ទម្លាប់​បោះចោល​ជា​រឿយ​ៗ​នៅពេល​ប្រើប្រាស់​អស់អាយុ​កាល​ ​ហើយក៏​មិន​រំពឹង​ប្រយោជន៍អ្វី​ច្រើន​ក្រៅពី​យក​មក​ធ្វើជា​ជ័រ​សម្រាប់​បង្កាត់ភ្លើង​ឬ​ធ្វើជា​ឧបករណ៍​កម្សាន្ត​លើ​ទឹ​ក​ផ្សេង​ៗ​។​ ​ថ្វី​ដ្បិត​ពោះវៀន​កង់​ចាស់​ៗ​ក្លាយជា​សំណល់​គ្មាន​តម្លៃ​ ​និង​ត្រូវ​បាន​គេ​មើល​រំ​លេង​ក្តី​ ​ប៉ុន្តែ​ ​អង្គការ​ ​មិត្តសម្លាញ់​កម្ពុជា​ ​បាន​ប្រមែប្រមូល​ស្ទើរតែ​គ្រប់​ច្រកល្ហក​យក​មក​ច្នៃ​ចេញ​ជា​សម្ភារ​ប្រើប្រាស់​មានប្រយោជន៍​ច្រើន​ម៉ូដ​ច្រើនបែប​ស្រស់​ស្អាត​ ​និង​ទាន់សម័យ​ឥត​ខ្ចោះ​ ​អ្វី​ដែល​ពិសេស​បំផុត​គឺ​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​ឯ​បណ្តា​ប្រទេស​ជាច្រើន​នា​ប៉ែក​អឺរ៉ុប​។​

​​          Friends​ ​‘​n​’​ ​Stuff​ ​គឺជា​ម៉ាក​ផលិតផល​ដែល​ផ្តោត​លើ​សម្ភារ​ច្នៃ​ឡើងវិញ​ ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​២០០៥​ ​ដោយ​អង្គការ​ ​មិត្តសម្លាញ់​ ​ឬហៅ​ថា​ ​Friends​-​International​ ​។​ ​ក្នុង​នោះ​សម្ភារ​ដូចជា​ ​កាបូបស្ពាយ​ ​កាបូប​លុយ​ ​កាបូប​ប៊ិក​ ​ប្រអប់​វ៉ែនតា​ ​ខ្សែក្រវាត់​ ​ក្របសៀវភៅ​ ​និង​បន្តោង​សោ​ជាដើម​ ​សុទ្ធតែ​ច្នៃ​ចេញពី​ពោះវៀនកង់​ម៉ូតូ​ឡាន​ចាស់​ ​ៗ​ដែលគេ​បោះចោល​នៅ​តាម​យានដ្ឋាន​ជួសជុល​នានា​។​ ​បើ​ក្រេ​ឡេ​កម​ក​មើល​ម៉ូដ​នី​មួយ​ៗ​វិញ​ ​គ្រប់គ្នា​សឹងតែ​មិន​ជឿ​នឹង​ភ្នែក​ទេ​ថា​ជា​សម្ភារ​ដែល​ច្នៃ​ចេញពី​ពោះវៀនកង់​ ​ដោយសារតែ​វា​មាន​លក្ខណៈ​ប្រណីត​ ​ស្រស់​ស្អាត​ ​ដែល​សំខាន់​ជា​ម៉ូដ​ទាន់សម័យ​ត្រូវ​នឹង​ចិត្ត​យុវវ័យ​។​ ​តាម​ការ​ឲ្យដឹង​ពី​អង្គការ​ផ្ទាល់​ ​ការ​ផ្តួចផ្តើម​គំនិត​ទៅលើ​ការផលិត​សម្ភារ​ពីពោះ​វៀន​កង់​នេះ​ ​ដោយសារ​អង្គការ​ប្រមើល​ឃើញថា​ពោះវៀន​កង់​ចាស់​ៗ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ ​រី​ឯ​តម្លៃ​ក៏​ធូរ​ថ្លៃ​ ​ជាពិសេស​អង្គការ​ចង់​ផ្តល់​ឱកាស​ដល់​ស្ត្រី​ដែល​មាន​ជីវភាព​ខ្វះខាត​អាច​រក​ប្រាក់ចំណូល​បន្ថែម​នៅផ្ទះ​ដោយខ្លួនឯង​ ​តាមរយៈ​ការ​ប្រមែប្រមូល​ពោះវៀនកង់​យក​មក​កាត់ដេរ​ធ្វើជា​សម្ភារ​ផ្សេង​ៗ​។​ ​ជាក់ស្តែង​ ​ស្ត្រី​អាច​ស្វែងរក​ពោះវៀនកង់​បាន​យ៉ាង​ងាយស្រួល​នៅក្នុង​សហគមន៍​ដែល​ពួកគាត់​រស់នៅ​ ​អង្គការ​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ទៅលើ​ជំនាញ​ច្នៃ​ម៉ូដ​ ​និង​កាត់ដេរ​ ​ព្រម​ទាំង​គំា​ទ្រ​ទៅលើ​ការ​លក់​ផលិតផល​ឲ្យ​មាន​ទីផ្សារ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ផង​ដែរ​។​ ​មកទល់​ពេល​បច្ចុប្បន្ន​ ​អ្នក​ផលិត​សម្ភារ​ធ្វើ​ពីពោះ​វៀន​កង់​ឲ្យ​អង្គការ​មាន​រហូតដល់​ទៅ​ ​៣០នាក់​ ​ចំណែក​ពោះវៀនកង់​ទាំងប៉ុន្មាន​ត្រូវ​បាន​ប្រមូល​មក​ពី​សហគមន៍​នានា​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​ដូចនេះ​មានន័យថា​ ​ក្រៅពី​អង្គការ​ជា​ចំណែក​មួយ​ជួយ​ដល់​បរិស្ថាន​ហើយ​នោះ​ ​ជាមួយគ្នា​នេះ​ដែរ​អង្គការ​ក៏បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំពារ​ដល់​ស្ត្រី​ក្រីក្រ​ឲ្យ​មានចំណេះ​ដឹង​ ​មាន​ជីវភាព​ល្អ​ប្រសើរ​ ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ក៏ដូចជា​ការសិក្សា​របស់​កូន​ៗ​។​

​​          យ៉ាងណាមិញ​ ​បើ​ទោះ​សម្ភារ​ទាំងនេះ​ធ្វើឡើង​ពីពោះ​វៀន​កង់​ចាស់​ៗ​ ​ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​គឺ​មិន​ឲ្យ​ចាញ់​ផលិតផល​ថ្មី​ឡើយ​ ​ពោល​មាន​សភាព​ស្វិត​ ​រឹងមាំ​ ​និង​ធន់​បំផុត​។​ ​ដោយសារតែ​មានគុណ​ភាព​ខ្ពស់​ផង​ ​ម៉ូដ​ពេញនិយម​ត្រូវចិត្ត​សម្រាប់​មនុស្ស​ទូទៅ​ផង​ ​ទើប​ផលិតផល​ធ្វើ​ពីពោះ​វៀន​កង់​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​ហើយក៏​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​ឯ​បរទេស​ដូចជា​នៅ​ ​អូស្ត្រាលី​ ​អាមេរិក​ខាងជើង​ ​និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ប៉ែក​អឺរ៉ុប​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រៅពី​ ​Friends​ ​‘​n​’​ ​Stuff​ ​មាន​ផលិតផល​ច្នៃ​ឡើងវិញ​ពីពោះ​វៀន​កង់​ហើយ​នោះ​ ​ក្នុង​នោះ​ក៏​មាន​ផលិតផល​ផ្សេងទៀត​ច្នៃ​ពី​ ​ក្រដាស​កាសែត​ ​ស្លាបព្រា​សម​ ​សំណល់​ក្រណាត់​ពី​រោងចក្រ​ ​និង​អាចម៍ដំរី​ផង​ដែរ​។​ ​ខ្មែរ​ជួយ​ខ្មែរ​តាមរយៈ​ការទិញ​ផលិតផល​ខ្មែរ​ ​ដូចនេះ​សម្រាប់​អ្នកមាន​បំណង​ចង់​ជាវ​អាច​ឆ្ពោះទៅ​កាន់​ហាង​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ផ្ទះលេខ​ ​២១៥​ ​ផ្លូវ​លេខ​ ​១៣​ ​ក្បែរ​សារមន្ទីរ​ជាតិ​ ​និង​មួយទៀត​នៅក្នុង​ភោជនីយដ្ឋាន​រំដេង​។​ ​លើស​ពីនេះ​ ​Friends​ ​‘​n​’​ ​Stuff​ ​ក៏​មាន​ទីតាំងនៅ​ក្នុង​ខេត្តសៀមរាប​ ​និង​ក្រុង​ព្រះសីហនុ​ផង​ដែរ​៕​

Article​ ​by​ ​HEM​ ​SOKKHIM





SUGGESTIONS