គាស់កកាយជីវប្រវត្តិតស៊ូតារាចម្រៀងជើងចាស់បីជំនាន់ ឈុន វណ្ណា ម្ចាស់បទ “អូនស្រឡាញ់តែបងម្នាក់”
NEWS 5 years ago “អូនស្រឡាញ់តែបងម្នាក់ ស្មោះស្ម័គ្រអស់ពីដួងហឫទ័យ តែអូនចង់ដឹងចិត្ត ដឹងចិត្តប្រុសថ្លៃ...” ជាមន្តស្នេហ៍សំនៀងដែលនៅតែលាន់ឮរងំតាមប្រព័ន្ធយូធូប ពិធីលៀងភោជនាហារអាពាហ៍ពិពាហ៍ និង នៅ លើឆាកប្រគំតន្រ្តីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ នេះហើយជា បទចម្រៀងដ៏ល្បីមួយក្នុងចំណោមមត៌កចម្រៀងជាច្រើនបទរបស់លោកស្រី ឈុន វណ្ណា តារាចម្រៀងតន្រ្តី សម័យតាំងពីដើមជំនាន់សង្គមរាស្រ្តនិយមម្នាក់ដែលបានបាត់មុខពីប្រទេសកម្ពុជាអស់រយៈពេល៤០ឆ្នាំទៅហើយ តែកេរ្តិ៍ឈ្មោះនិងចម្រៀងលោកស្រីនៅមិនទាន់រលាយសាបសូន្យទៀត។ ជាអកុសល អតីតតារាចម្រៀង ខ្មែរដើមកំណើតកម្ពុជាក្រោមរូបនេះបានទទួលអនិច្ចកម្មទៅហើយកាលពីថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ វេលាម៉ោង៦ល្ងាច នៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយ ជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ។
លោកស្រី ឈុន វណ្ណា បានប្តូរឈ្មោះទៅជា វណ្ណា សេម ក្រោយពេលដែលលោកស្រីឃ្លាតចាកពី មាតុភូមិទៅរស់នៅសហរដ្ឋអាមេរិកជាមួយកូនបង្កើតចំនួនបីនាក់កាលពីជិត៤០ឆ្នាំមុន ក្រោយរបបខ្មែរ ក្រហមដួលរលំបន្តិច ហើយលោកស្រីបានបន្តរស់នៅទីនោះរហូតដល់ពេលដែលលោកស្រីទទួលកាលមរណភាពក្នុងវ័យចំណាស់ទៅហើយ។ រំឭកទៅដល់អតីតកាលដ៏រុងរឿងរបស់សិល្បការិនីរៀមច្បង រូបនេះ យើងបានស្រាវជ្រាវរកឃើញថា លោកស្រីបានចូលប្រឡូកច្រៀងចម្រៀងតាមរង្គសាលមួយនៅ ទីក្រុងភ្នំពេញតាំងពីនៅជាកុមារីវ័យ១០ឆ្នាំមកម្ល៉េះ ដោយសារស្រឡាញ់វិស័យសិល្បៈចម្រៀងខ្លាំងពេក ទោះបី ជាទទួលការជំទាស់យ៉ាងដាច់ខាតពីក្រុមគ្រួសារយ៉ាងណាក៏ដោយ។ ថ្វីត្បិតតែកុមារីខ្មែរកម្ពុជាក្រោមរូប នេះពុំធ្លាប់បានទទួលការអប់រំផ្នែកអក្សរ លេខនព្វន្ត ដោយសារតែកត្តាប្រពៃណីរបស់ចាស់ជំនាន់មុនក៏ពិត មែន តែគាត់តស៊ូខិតខំរៀនច្រៀងតាមវិទ្យុរហូតចេះស្ទាត់ប្រើការបាន ហើយក៏សម្រេចចិត្តចូលទៅច្រៀង ផ្សាយតាមវិទ្យុជាតិរបស់ក្រសួងឃោសនាការជំនាន់នោះដោយមានការបង្ហាត់ដឹកនាំច្រៀងដោយកវីនិពន្ធ ល្បីឈ្មោះជំនាន់នោះដូចជា លោក វ៉ោយ ហូរ និង លោក ម៉ី ធីរិទ្ធ ជាដើម។
លោកស្រីបានបន្តបម្រើការជាតារាចម្រៀងរដ្ឋក្នុងក្របខណ្ឌក្រសួងឃោសនាការជាប់រហូតដល់ ឆ្នាំ១៩៧០។ ក្រោយព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ លោកស្រីបានផ្លាស់មកចូលច្រៀងក្នុងក្រុមតន្រ្តីយោធា ភិរម្យទី២វិញ ហើយបានថតថាសចម្រៀងឲ្យផលិតកម្មនានាជាច្រើន។ គិតមកដល់ឆ្នាំ១៩៧៥ លោកស្រីបានថតបទចម្រៀងល្បីៗជាច្រើនបទ ប៉ុន្តែបទដែលនៅសេសសល់ពីសម័យនោះដល់សព្វថ្ងៃ មានជាអាទិ៍ បទ«អូនស្រឡាញ់តែបងម្នាក់» «ទន្លេសូឡូ (បឹងហ្គាវ៉ាន់សូឡូ)» «លាហើយរាជធានី (នាវាលាផែ)» «ខក ចិត្តត្បិតវាចា» «ស្ទើរតែឆ្កួតវង្វេងទៅហើយ» ជាដើម។ រីឯបទចម្រៀងប្រជាប្រិយល្បីៗ ជាពិសេសចង្វាក់រាំវង់ និង ឡាំលាវ មានដូចជា «ទទាយំឆ្លង» «ឱ!ផ្ការំចេក» «ស្រីណាប្រចណ្ឌប្តី (ផ្ទះប៉ិតវាមានហោណាំង)» « ទេ!ទេ!ទេ! (ប្រុសនេះខូចណាស់)» «វាលធំ (វាលអើយវាលធំ)» «កុកហើរតែឯង» «យក្ខិនី» «ឡាំលាវ» «ជំងឺស្នេហា» «ផ្គរដើមឆ្នាំ» «នែ!ឈប់សិន!» «ស្វាយចន្ទី» «ដើរលេងក្នុងសួន» «ប្តីគេ ទេអូន»-ល-។ ក្នុងអាជីពជាតារាចម្រៀងលេចធ្លោមួយរូបក្នុងសម័យសង្គមរាស្រ្តនិយម លោកស្រីធ្លាប់ត្រូវបាន មហាជនខ្មែរប្រសិទ្ធនាមឲ្យថាជា “តារាចម្រៀងសំនៀងតាវៅ” ខណៈដែលមិត្តរួមអាជីពដទៃទៀតទទួល រហស្សនាមផ្សេងៗផងដែរ ដូចជា តារាចម្រៀងសម្លេងរៃកណ្តឹង សូ សាវឿន និង តារាចម្រៀងសម្លេងសារិកា កែវ សេដ្ឋា ជាដើម។
ក្នុងរបបខ្មែរក្រហម អតីតតារាចម្រៀង ឈុន វណ្ណា ត្រូវបានពួកខ្មែរក្រហមជម្លៀសទៅរស់នៅតំបន់ ជីភូ (បាវិត) ខេត្តស្វាយរៀង។ កាលនៅរស់ លោកស្រីបានអះអាងប្រាប់ទូរទស្សន៍ខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិកថា នៅទីនោះ លោកស្រីត្រូវបានយោធាខ្មែរក្រហមប្រើហិង្សាធ្វើបាបធ្ងន់ធ្ងររហូតបាក់ធ្មេញ អស់ និង មានស្លាកស្នាមទារុណកម្មចៀរកជាប់រហូតថែមទៀតផង ក្នុងគោលបំណងបង្ខំឲ្យលោកស្រីសារភាពថាជាតារាចម្រៀងល្បីឈ្មោះ ឈុន វណ្ណា តែលោកស្រីនៅតែព្យាយាមឆ្លើយបដិសេធរហូតទាល់រស់រាន ជីវិតផុតរបបខ្មៅងងឹតនោះទៅ។
នៅឆ្នាំ ១៩៧៩ លោកស្រីបានប្រមូលកូនដែលនៅរស់រត់ភៀសខ្លួនតាមសាច់ញាតិម្នាក់ទៅនៅ ជំរំខាវអ៊ីដាង ប្រទេសថៃ ហើយបានច្រៀងជាថ្នូរនឹងកម្រៃខ្លះៗគ្រាន់នឹងដោះស្រាយ ជីវភាពក្រុមគ្រួសារ។ នៅឆ្នាំ១៩៨១ លោកស្រីបានចេញទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈស្រាវជ្រាវស្វែងរករបស់កវីសេក មាស ម៉ា ឡៅពី ដែលជាមិត្តរួមថ្នាលសិល្បៈដូចគ្នាពីសង្គមចាស់ ហើយបានរួចជីវិតពី របបប៉ុលពតដូចគ្នា។ ក្នុងឆ្នាំ១៩៨២ លោកស្រីបានតស៊ូជិះរថយន្តក្រុងឆ្លងពីរដ្ឋដែលគាត់រស់នៅទៅកាន់រដ្ឋផ្សេងដែលមានក្រុម តន្រ្តីករខ្មែរនៅទីនោះដើម្បីរៀបចំថតបទចម្រៀងខ្មែរចាស់ៗមួយកាស្សែតឡើងវិញរួមជាមួយបទថ្មីៗខ្លះ របស់លោកស្រីដែលល្បីល្បាញខ្លាំងក្នុងជំរំខាវអ៊ីដាង ជាពិសេសជាងគេនោះគឺ បទ «ខាវអ៊ីដាង» និង បទ «ប៉ាវានៅអាមេរិក» ដែលឆ្លុះបញ្ចាំងពីជីវិតពិតកម្សត់ព្រាត់ប្រាស់ផ្សងព្រេងរបស់គ្រួសារខ្មែរដែលបានភៀស ខ្លួនទៅរស់នៅប្រទេសទីបី ហើយដែលបានដក់ជាប់ក្នុងការចងចាំរបស់ខ្មែរអាណិកជនដល់សព្វថ្ងៃ។
ជាចុងក្រោយ សូវរីន និង ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាវិស័យសិល្បៈជាតិទាំងអស់ទាំងក្នុងស្រុក និង ក្រៅស្រុក សូមបួងសួងឲ្យដួងវិញ្ញាណក្ខ័ន្ធសពវរសិល្បការិនី ឈុន វណ្ណា បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ការបាត់បង់រូបលោកស្រីមិនត្រឹមតែជាភាពសោកសៅសម្រាប់គ្រួសាររបស់លោកស្រី ប៉ុននោះទេ ថែមទាំងជាសោកនាដកម្មដ៏ធំធេងមួយសម្រាប់ប្រវត្តិសាស្រ្តវិស័យសិល្បៈតូរ្យតន្រ្តីរបស់កម្ពុជា ថែមទៀតផង៕
Article by SRIN SOKMEAN