ជាទូទៅ នៅពេលដែលមានកម្មវិធីសប្បាយម្តងៗដូចជាបើកសម្ពោធហាង ឬសម្ពោធនូវសមិទ្ធិផលអ្វីមួយ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនចិននៅទូទាំងពិភពលោកគេមិនដែលភ្លេចឡើយនូវការសម្តែងឡកម៉ុងសាយ ដែលគេនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃថាជាការនាំលាភនាំសំណាងចូលដល់ពួកគេ។ ឡកម៉ុងសាយអាចនិយាយបានថាជាការសម្តែងសិល្បៈមួយបែបដែលមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងស្ថានភាពរស់នៅរបស់ប្រជាជនចិន។ តើហេតុអ្វីបានជាគេមានជំនឿពីភាពនាំសំណាងរបស់ម៉ុងសាយបែបនេះ? ដើម្បីឲ្យយល់បានស៊ីជម្រៅ យើងសូមរៀបរាប់ពីផ្នែកពីរផ្សេងគ្នារវាងបុគ្គលិកលក្ខណៈរបស់ម៉ុងសាយ និងប្រវត្តិនៃការករកើតរបស់សត្វនេះ។ បើគេសង្កេតជាទូទៅ ឬហៅជាភាសាអង់គ្លេស (The Lion Dance) គេប្រហែលជាគិតថាវាគ្រាន់តែជារូបរាងតំណាងសត្វតោតែប៉ុណ្ណោះ តែការពិតម៉ុងសាយគឺមានលក្ខណៈពិសេសខុសពីតោត្រង់ថា ម៉ុងសាយមានស្នែងដ៏ស្រួចមួយពយមកមុខបន្តិចដូចជាសេះដុះស្នែង គឺជាឧបករណ៍ម្យ៉ាងដែលប្រជាជនចិនជឿថាជាវត្ថុសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងបិសាចនិងវិញ្ញាណអាក្រក់ៗជាដើម។ បើពិនិត្យឲ្យបានដិតដល់បន្តិចគេនឹងឃើញមានកញ្ចក់មួយដែលនៅក្រោមស្នែងស្ថិតនៅចំកណ្តាលថ្ងាសម៉ុងសាយ ដែលគេជឿជាក់ថាវាជាកញ្ចក់ទិព្វសម្រាប់ប្រឆាំងនឹងវិញ្ញាណអាក្រក់ផងដែរ។ ដូច្នេះហើយនៅពេលដែលមានម៉ុងសាយថ្មីម្តងៗគេតែងតែធ្វើពិធីមួយដើម្បីគូសយ័ន្តនៅលើកញ្ចក់នោះមុននឹងចេញទៅសម្តែង ហើយនេះគេហៅថា «ពិធីបើកភ្នែកម៉ុងសាយ»។ ដោយសារតែវត្ថុស័ក្តិសិទ្ធិទាំងពីរដ៏មានតម្លៃនេះហើយ ទើបធ្វើឲ្យអ្នកឡកម៉ុងសាយនិងអ្នកមានជំនឿលើម៉ុងសាយនេះគេប្រកាន់ដាច់ខាតហាមមិនឲ្យប៉ះពាល់ស្នែងនិងកញ្ចក់នោះឡើយ ព្រោះគេគិតថាជាការមើលងាយនិងមិនឲ្យតម្លៃលើវត្ថុទិព្វជាដើម។
ការដែលលេចរូបរាងម៉ុងសាយបែបនេះគឺមិនមែនជាការចៃដន្យឬគ្រាន់តែជាសិល្បៈនៃអបិយជំនឿធម្មតាទេ តែវាមានចំណងចាក់ស្រេះជាមួយនឹងប្រវត្តិសាស្ត្រចិនដែលគេតែងតែនិយាយតៗគ្នារហូតមក។ មានរឿងរ៉ាវជាច្រើនដែលគេតែងនិទានអំពីប្រវត្តិនៃម៉ុងសាយ ក៏ប៉ុន្តែមានរឿងពីរដែលគេគិតថាអាចយកជាទឡ្ហិករបាននោះគឺរឿងសុបិនរបស់ព្រះមហាក្សត្រ។ រជ្ជកាលនៃរាជវង្សថាង នៅឆ្នាំ (618-907) ដែលព្រះមហាក្សត្រទ្រង់មានសុបិននិម្មិតឃើញវិញ្ញាណអាក្រក់មកយាយី បន្ទាប់មកក៏ស្រាប់តែមានសត្វចម្លែកមួយរាងដូចតោ មកចូលការពារដេញវិញ្ញាណអាក្រក់ទាំងនោះឲ្យរត់ខ្ចាត់ខ្ចាយអស់។ វេលាព្រឹកឡើងទ្រង់ក៏កោះហៅមន្ត្រីរាជការដើម្បីប្រឹក្សាពីសុបិននោះ។ ដោយមិនឃើញផ្ទាល់នូវរូបរាងសត្វនោះ ដូច្នេះហើយទើបក្រុមមន្ត្រីក៏បានបង្កើតនូវទម្រង់រូបរាងពីឫស្សី បិតក្រដាសទៅតាមការពិព័រណ៍នារបស់ស្តេចនិងតាមការស្រមើលស្រមៃរបស់ខ្លួន រហូតបានក្លាយជាម៉ុងសាយដែលមានរូបរាងរហូតមកដល់សព្វថ្ងៃ។ ដោយហេតុតែម៉ុងសាយធ្លាប់មានវត្តមាននៅក្នុងសុបិនរបស់ស្តេច និងតាមថែរក្សាស្តេចទៀតនោះដូច្នេះហើយទើបគេចាត់ទុកថាសត្វនេះគឺជាសត្វសំណាងតាមថែរក្សាមនុស្សលោកជាដើម។
ចំណែកឯរឿងមួយទៀតដែលមានតំណាលថា មានសត្វតោមួយក្បាលដែលតែងតែមកធ្វើបាបប្រជាជននៅក្នុងភូមិមួយ ក្រោយមកក៏មានព្រះសង្ឃចេះក្បាច់គុនមួយអង្គស្ម័គ្រចិត្តដើម្បីទៅបង្រ្កាបតោនោះ តែបង្ក្រាបមិនឈ្នះសោះ ហើយព្រះសង្ឃអង្គនោះក៏បានឲ្យប្រជាជនហាត់ក្បាច់គុនដើម្បីបង្ក្រាបតោ លុះបង្ក្រាបបានហើយតោនោះក៏ស្តាប់តាមបញ្ជាព្រះសង្ឃនោះហើយបែរជាតាមថែរក្សាអ្នកភូមិទៅវិញ។ អីចឹងហើយទើបនៅពេលគេឡកម៉ុងសាយម្តងៗគេតែងតែឃើញមានគេតែងខ្លួនជាមនុស្សដុះក្បាលពោះ ស្លៀកពាក់ដូចសង្ឃចិន និងពាក់របាំងមុខមនុស្សញញឹមអត់សក់កាន់ផ្លិតនៅពីមុខម៉ុងសាយ ដែលគេហៅជាភាសាទូទៅថា “អ៊ុងឌៀរ” ។
ម៉ុងសាយជាសត្វនាំសំណាង ដូច្នេះនៅពេលគេឡកម្តងៗគេតែងសម្តែងម៉ុងសាយឲ្យស៊ីស្ពៃ រួចស្តោះព្រួសចេញមកវិញ ដើម្បីឲ្យលាភសំណាងដែលចេញពីមាត់ម៉ុងសាយអាចសាយភាយជុំវិញកន្លែងដែលម៉ុងសាយកំពុងតែឡក។ ប្រសិនបើម៉ុងសាយចូលផ្ទះ ឬហាងគេត្រូវសម្តែងម៉ុងសាយនោះត្រូវតែលិទ្ធមាត់ទ្វារពេលចូលឬចេញពីផ្ទះឬហាងនោះ ដើម្បីឲ្យលាភសំណាងនៅដានជាប់មាត់ទ្វារដែលជាកន្លែងមនុស្សតែងតែឆ្លងកាត់ ហើយប្រជាជនចិនតែងនាំគ្នាតែងជាពាក្យស្លោកមួយថា “ចេញចូលសំណាងល្អ” ទៀតផង។ គេមិនដែលសម្តែងម៉ុងសាយដោយគ្មានឧបករណ៍ភ្លេងនោះឡើយ ផ្ទុយទៅវិញស្គរ ឆាបនិងជួងដែលប្រគំជាមួយម៉ុងសាយសុទ្ធតែមានអត្ថន័យនិងអត្ថរសរបស់វាទាំងអស់។ ស្គរត្រូវបានគេតំណាងឲ្យចង្វាក់បេះដូងនិងចរន្តនៃដំណើររបស់ម៉ុងសាយ ហើយជាភាសាមួយដែលបង្ហាញពីអារម្មណ៍របស់ម៉ុងសាយ នៅពេលដែលវាកើតទុក្ខ ភ័យ សប្បាយចិត្ត និងពុះកញ្ជ្រោល ខណៈដែល ឆាបនិងជួងប្រដេញអមតាមស្ករជាការបញ្ចេញមហិទ្ធិឫទ្ធិ ក្នុងការបណ្តេញគ្រោះចង្រៃទៀតផង។
តាមធម្មតាម៉ុងសាយមួយមានមនុស្សពីរនាក់ដើម្បីសម្តែងដោយម្នាក់ជាអ្នកកាន់ក្បាលនិងម្នាក់ទៀតនៅឯផ្នែកកន្ទុយ ហក់លោត ជាន់ពីលើគ្នាឬលោតឡើងបង្គោលដែលនេះមិនមែនជាការងាយស្រួលនោះឡើយហើយអ្នកឡកម៉ុងសាយតម្រូវឲ្យចេះមូលដ្ឋានក្បាច់គុនខ្លះទើបអាចសម្តែងឡកម៉ុងសាយនេះបាន។ ដូច្នេះហើយទើបកាលពីមុននៅពេលដែលមានការសម្តែងម៉ុងសាយ គេក៏មានការសម្តែងជាក្បាច់គុនទៅជាមួយគ្នាផងដែរ។
ដូច្នេះសម្រាប់បងប្អូនដែលមានសែស្រឡាយចិនសូមកុំភ្លេចហៅក្រុមម៉ុងសាយឡកចូលផ្ទះនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខណា! កុំភ្លេចត្រៀមក្រូចឃ្វិចដែលគេតំណាងឲ្យភាពផ្អែមល្ហែមឲ្យម៉ុងសាយបក ត្រៀមស្ពៃឲ្យម៉ុងសាយព្រួស និងស្លឹកទទឹមជាមួយនឹងទឹកមួយថូដើម្បីឲ្យម៉ុងសាយប្រោះព្រំសេចក្តីសុខសប្បាយ ហេងហេងក្នុងឆ្នាំថ្មីទាំងអស់គ្នា៕
Article by KEO SONG